សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

កម្ពុជា​ច្រាន​ចោលការរិះគន់របស់​អង្គការ​សហប្រជាជាតិ​ដែលថា «ដាក់ទណ្ឌកម្មធ្ងន់ធ្ងរ» លើ​សកម្ម​ជន​មាតាធម្មជាតិ

សមត្ថកិច្ចចាប់ខ្លួនកញ្ញា ភួន កែវរស្មី សកម្មជនមាតាធម្មជាតិ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញកាត់ទោសឲ្យកញ្ញាជាប់ពន្ធនាគារប្រាំមួយឆ្នាំកាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)
សមត្ថកិច្ចចាប់ខ្លួនកញ្ញា ភួន កែវរស្មី សកម្មជនមាតាធម្មជាតិ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញកាត់ទោសឲ្យកញ្ញាជាប់ពន្ធនាគារប្រាំមួយឆ្នាំកាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

តំណាង​អចិន្ត្រៃយ៍​របស់​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ​បាន​​ទាត់​ចោល​ការ​លើក​ឡើង​របស់​អ្នកនាំពាក្យផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ លោក Thameen Al-Kheetan ដែល​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​«​ពិនិត្យលើ​បទចោទឡើងវិញ» ចំពោះ​សកម្មជន​បរិស្ថាន​​ចលនា​មាតាធម្មជាតិ ដោយថា​វាគឺ​ជា «ការរើសអើងយ៉ាងខ្លាំង» ចំពោះ​ប្រព័ន្ធ​យុត្តិធម៌កម្ពុជា​។​

សកម្ម​ជន​ទាំង​នោះ រួម​មាន​ទាំង​លោក អាឡិច ជនជាតិអេស្ប៉ាញ​ផង ត្រូវ​បានសាលាដំបូងរាជធានីភ្នំពេញ​​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​ចន្លោះពី​ប្រាំមួយ​ឆ្នាំ​ទៅ​ប្រាំបី​ឆ្នាំ​ពី​បទ​ប្រមាថអង្គព្រះមហាក្សត្រ និង​រួម​គំនិត​ក្បត់​។​

ចំពោះ​លោក អាឡិច ក៏​ដូ​ចជា កញ្ញា ស៊ុន រដ្ឋា និង​លោក យីម លាងហ៊ី ត្រូវ​កាត់​ទោស​ឲ្យ​ជាប់ពន្ធនាគារ​ម្នាក់​ប្រាំបី​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​១០លាន​រៀល។​

តំណាង​អចិន្ត្រៃយ៍​របស់​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​កាលពី​ថ្ងៃពុធ ដោយ​បាន​លើក​ឡើង​ថា​ការ​សម្រេច​របស់​តុលាកា​គឺ​ផ្អែក​លើ​ភស្តុតាង​ច្បាស់​លាស់ និង​ត្រឹម​ត្រូវ​ស្របទៅ​តាម​នីតិវិធី និង​គោលការណ៍​ច្បាប់​។​

ក្នុង​សេចក្ដីប្រកាសព័ត៌មាន​សរសេរថា៖ «សកម្មជនបរិស្ថានទាំងនេះ ត្រូវបានផ្តន្ទាទោសពុំមែនដោយសារតែការអនុវត្តសិទ្ធិសេរីភាពរបស់ពួកគេនោះទេ ប៉ុន្តែដោយសារការរៀបចំសកម្មភាពប្រឆាំងរដ្ឋាភិបាល និងប្រមាថព្រះមហាក្សត្រ»​។​

ប្រភព​ដដែល​លើក​ឡើងថា ការណ៍​ដែល​និយាយ​ថា​នីតិវិធី​របស់​តុលាការ​មិន​អនុលោម​តាម​ស្តង់ដារ​សិទ្ធិ​មនុស្ស​អន្តរជាតិ​គឺ «គ្មានមូលដ្ឋានច្បាស់លាស់» ។ សេចក្ដីប្រកាសព័ត៌មាន​សរសេរទៀតថា ការ​អំពាវ​នាវឲ្យ«​ធ្វើវិសោធនកម្ម​»លើ​មាន​ត្រាមួយ​ចំនួននៃ​ក្រម​ព្រហ្មទណ្ឌគឺ​ជាការ «ភ័ន្តច្រលំ»។​

តំណាង​អចិន្ត្រៃយ៍​របស់កម្ពុជា​មានប្រសាសន៍ថា​បទ​ល្មើស​របស់​សកម្មជន​ទាំង​នោះ​ប្រព្រឹត្ត​នៅ​កម្ពុជា​ចន្លោះ​ឆ្នាំ​២០១២ និង​២០២១ ហើយ​ការ​ដាក់​ទោស​នេះ​ធ្វើ​ឡើង​តាម​មាត្រា​៤៣៧ និង​៤៥៣​នៃក្រមព្រហ្មទណ្ឌ​។​

កាលពី​ថ្ងៃទី​២ ខែកក្កដា អ្នកនាំពាក្យ​អង្គការ​សហប្រជាជាតិ​បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់ពី​បទ​ប្រមាថព្រះមហាក្សត្រ  និង«​ការកាត់ទោស​ធ្ងន់ធ្ងរ» លើ​សកម្មជន​​បរិស្ថាន​ដោយ​អាជ្ញាធរ​កម្ពុជា ដោយថា​ការ​ដាក់ទោស​ទណ្ឌលើ​សកម្មជនទាំងនោះ​ចំពោះ​ការ​អនុវត្តសិទ្ធិ​របស់​ពួកគេ​។​

លោក Thameen Al-Kheetan មាន​ប្រសាសន៍ថា៖ «​យើង​អំពាវនាវឲ្យ​​ពិនិត្យ​សំណុំ​រឿង​​នេះ​ឡើង​វិញ​នៅ​​បណ្តឹង​ឧទ្ធរណ៍​ឲ្យ​ស្រប​តាម​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ។ យើងក៏សូមជំរុញឲ្យ​អាជ្ញាធរពិនិត្យមើលឡើងវិញនូវការចោទប្រកាន់ដែលធ្វើឡើងប្រឆាំងនឹងសកម្មជនបរិស្ថានទាំងនេះ ជាពិសេសទាក់ទងនឹងសកម្មជនប្រាំមួយនាក់ដែលកាល​នោះនៅជាអនីតិជននៅឡើយចំពោះអ្វីដែល​ពួក​គេ​បាន​ធ្វើ និង​ត្រូវបានចោទប្រកាន់»។

​អង្គការ​សហប្រជាជាតិ​ជំរុញ​ឲ្យ​កម្ពុជា​​រៀប​ចំការប្រឹក្សាយោបល់ឲ្យ​បានទូលំទូលាយ​ដើម្បី​ធ្វើ​វិសោធនកម្ម​មាត្រា​ពាក់ព័ន្ធ​មួយ​ចំនួន​នៅក្នុង​ក្រម​ព្រហ្មទណ្ឌ​របស់​កម្ពុជា ដោយធ្វើ​យ៉ាងណា​ឲ្យ​សមស្រប​ទៅ​តាម​ច្បាប់​ស្ដីពី​សិទ្ធិ​មនុស្ស​អន្តរជាតិ​។​

សកម្មជនបរិស្ថាន​ប្រាំនាក់​របស់មាតាធម្មជាតិ​ត្រូវ​បាន​នាំខ្លួន​ទៅដាក់​នៅ​ពន្ធនាគារ​នៅ​ខេត្ត​ប្រាំ​ផ្សេង​គ្នា​ ដែល​បង្ក​ជា​កង្វល់​​ដល់​​គ្រួសារ​ទាក់ទង​និងសុវត្ថិភាព និង​សុខភាព​របស់​អ្នក​ទាំងនោះ​។​

ភរិយា​របស់​លោក ថុន រដ្ឋា គឺអ្នកស្រី ប៉ាត រស្មី បានប្រាប់​ខេមបូចា​ថា មេធាវីសកម្មជន​ទាំង​នោះ​កំពុង​រៀបចំ​ឯកសារ​ដាក់​បណ្ដឹង​ទៅ​សាលាឧទ្ធរណ៍​ប្រឆាំង​នឹង​សេចក្ដីសម្រេច​របស់​សាលាដំបូង​រាជធានីភ្នំពេញ ដែល​អ្នកស្រី​ថា​វាគឺ «ជារឿងអយុត្តិធម៌»។​

អ្នកស្រីឲ្យ​ដឹងថា៖ «​បើយើងពិនិត្យមើលតាមជាក់ស្តែង នៅពេលដែលដេញដោលសួរ ឬក៏ចាក់ភស្តុតាងដែលចោទប្រកាន់ពួកគាត់ទាំងប្រាំនាក់ហ្នឹង គឺវាអត់មានភស្តុតាងណាមួយជាក់លាក់ដែលថាពួកគាត់បានក្បត់ជាតិ ឬក៏រួមគំនិតក្បត់អីទេ»។ អ្នកស្រី​បន្ថែមថា ការនាំ​អ្នក​ទាំង​នោះទៅឃុំ​នៅ​ឆ្ងាយ​ពី​គ្រូសារ​គឺ​ធ្វើ​ឲ្យ​គ្រួសារ​មាន​បញ្ហា​ផ្លូវ​ចិត្ត​ និង​សកម្មជនក៏​ដូច​គ្នា​​។​

អ្នកស្រី រស្មី បច្ចុប្បន្នមានកូន​ពីរ​នាក់និង​កំពុង​រស់​នៅខេត្ត​កណ្ដាល ខណៈ​ដែល​ស្វាមី​កំពុង​ជាប់​ឃុំ​នៅ​ឯពន្ធនាគារ​ខេត្ត​ត្បូង​ឃ្មុំ​ដែល​តុលាការ​កាត់ទោសឲ្យជាប់ពន្ធនាគារ​ប្រាំមួយ​ឆ្នាំ​។ អ្នកស្រី​ថា អ្នកស្រី​​ត្រូវ​ចំណាយ​ថ្លៃធ្វើ​ដំណើរ​ចន្លោះពី​៣០​ម៉ឺន​រៀល ទៅ​៤០​ម៉ឺន​រៀល​ក្នុង​ការ​ធ្វើ​ដំណើរ​ម្ដង​ទៅសួរសុខទុក្ខ​ប្ដី ព្រម​ជា​មួយ​នឹង​ការ​ចំណាយ​លើការទិញ​សម្ភារៈ​មួយ​ចំនួន​ផង​។​

អ្នកស្រី​បាន​ព្យាយាម​ទៅ​ជួប​ស្វាមី​នៅពន្ធនាគារ​ត្រពាំង​ថ្លុង​កាលពី​ថ្ងៃទី​៤ ខែកក្កដា ប៉ុន្តែអាជ្ញាធរ​មិន​អនុញ្ញាត​នោះទេ ដោយថាអ្នកស្រី​មិន​បាន​យក​សៀវភៅគ្រួសារ និង​សំបុត្រអាពាហ៍ពិពាហ៍​ទៅ​ជាមួយ។ អ្នកស្រី​គ្រាន់តែ​បាន​បញ្ជូន​អាហារ​ខ្លះ​ទៅ​ឲ្យ​ប្ដី​តែ​ប៉ុណ្ណោះ​។​

អ្នកស្រី​ឲ្យ​ដឹងថា៖ «​ខ្ញុំធ្លាប់ពិបាកម្តងហើយគាត់កាលមុន [ធ្លាប់ជាប់គុក] ហើយឥឡូវហ្នឹងវាអាចថាពិបាកជាលើកទីពីរប៉ុន្តែធ្ងន់ជាងពីមុនទៀត ខ្ញុំមានបន្ទុកកូនប្រុសពីរហើយ កូនប្អូនត្រឹមតែអាយុប្រាំមួយខែទេ អ៊ីចឹងខ្ញុំត្រូវរ៉ាប់រងគ្រួសារផង»។​

ភរិយាលោក​ ថុន រដ្ឋា គឺ​អ្នកស្រី ផាត រស្មី កាលពី​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ បាន​អំពាវ​នាវ​ឲ្យ​ដោះលែង​ស្វាមី​ក្នុង​ឱកាស​ខួប​នៃប្រាំបី​ឆ្នាំ​នៃ​ការ​ស្លាប់​របស់​លោក​កែម ឡី ក្នុង​ទីក្រុង​ភ្នំពេញ​។ (ខេមបូចា/ព្រីង សំរាំង)​។​

អ្នកស្រី​ឲ្យ​ដឹង​ថា​កាលពី​លោក រដ្ឋា ​ជាប់ពន្ធនាគារ​លើក​ទី​មួយ​កាលពីខែកញ្ញា ឆ្នាំ២០២០ នៅពេលនោះ កូន​ប្រុស​ច្បងមាន​អាយុទើប​ប្រាំមួយខែ ហើយ​លើកនេះទៀត ប្ដី​អ្នកស្រីជាប់ពន្ធនាគារ​លើក​ទី​ពីរ​ពេលកូនប្រុសទីពីរ​មានអាយុ​ប្រាំមួយ​ខែ​ដែរ។​

កាលពី​ខែឧសភា ឆ្នាំ២០២១ លោក រដ្ឋា ត្រូវ​បាន​កាត់ទោស​​ពី​បទ​ញុះញង់ ដែល​កាល​នោះ​ត្រូវ​ជាប់ពន្ធនាគារ​២០​ខែ ជាមួយ​នឹង​សកម្ម​ជន​បួន​រូប​ផ្សេង​ទៀត ទាក់ទង​នឹង​ការ​សហការ​រៀបចំផែនការ​​យុទ្ធនាការ​ស្រ្តី​ម្នាក់​ ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​ផល​ប៉ះពាក់​នៃ​ការ​លុបបឹង​ក្នុង​រាជធានី​ភ្នំពេញ​។​

​អ្នកស្រី​បន្ថែម​ថា៖ «​ខ្ញុំសំណូមពរឲ្យអង្គការជាតិ ក៏ដូចជាអន្តរជាតិដែលគាំទ្រលើសិទ្ធិមនុស្សហ្នឹងសូមឲ្យតាមដាន និងឃ្លាំមើលចំពោះរឿងហ្នឹងផង ហើយជួយជម្រុញឲ្យរដ្ឋាភិបាលកម្ពុជាក៏ដូចជាតុលាការកម្ពុជាហ្នឹងច្រានចោលនូវការចោទប្រកាន់ដល់ពួកគាត់ដែលគាត់គ្មានកំហុសទេ»។​

លោក​ អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ មាន​ប្រសាសន៍ថា​វាជា​រឿង​ធម្មតា​ទៅ​ហើយ​ដែល​រដ្ឋាភិបាល​ច្រាន​ចោល​សេចក្ដី​ថ្លែង​ការណ៍​របស់អង្គការ​សហប្រជាជាតិ​​ទាក់​ទឹង​នឹង​ការរឹតត្បិត​លើ​សិទ្ធិមនុស្ស​។​

លោក​លើក​ឡើងថា៖​«​ជាធម្មតារដ្ឋនីមួយៗតែងតែមានការការពារខ្លួន ការឆ្លើយនឹងបញ្ហាទាំងអស់ហ្នឹង អាហ្នឹងវាជាសិទ្ធិរបស់រដ្ឋ»។​

យ៉ាងណា លោក​ថា អ្វី​ដែល​លោក​ចាប់​អារម្មណ៍​នោះគឺ​លោក​បាន​ឃើញ​ថា​ទាំង​អង្គការ​ជាតិ និង​អន្តជាតិ​ រួម​ទាំង​ប្រទេស​លោក​ខាង​លិច​មួយ​ចំនួន​ផង​បាន​បង្ហាញ​ពី​កង្វល់​របស់​ខ្លួន​ទាក់ទង​នឹង​ការ​ដែល​ថា​រដ្ឋាភិបាល​កម្ពុជាមាន​ការរឹតត្បិតលើសេរីភាព ជាពិសេស​សេរីភាព​នៃ​ការ​សម្ដែង​មតិ​។ លោក​ថា៖ «អ្នកជំនាញអង្គការសិទ្ធិមនុស្សគេមើលឃើញថា ការផ្តន្ទាទោសចាប់ខ្លួនហ្នឹងវាប៉ះពាល់ទៅលើសិទ្ធិ និងសេរីភាពរបស់ពលរដ្ឋយើង»​។

លោក​បញ្ជាក់​ថា​មេធាវីបាន​ជួប​ជាមួយ​សកម្ម​ជន​ទាំង​ប្រាំ និង​ថានឹង​ដាក់​បណ្ដឹង​ឧទ្ធរណ៍​នៅ​ពេល​ឆាប់ៗ​នេះ។​

មេធាវីការពារ​ក្ដី​លោក សំ ចំរើន និង​លោក លី  សុចិត្រា បដិសេធអត្ថាធិប្បាយ​លើ​បញ្ហា​នេះ។

(រាយការណ៍​នបន្ថែម​ដោយ៖ ឃួន ណារីម)

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia Rejects UN Human Rights Criticism Of “Harsh Penalty” of Mother Nature Activists

269 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម