សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សកម្មភាពសេដ្ឋកិច្ច​កម្ពុជា​កើនឡើង ប៉ុន្តែវិស័យអប់រំត្រូវ​ពង្រឹង​ជាចាំបាច់ដើម្បី​កំណើន​រយៈពេលវែង

ទិដ្ឋភាពអគារខ្ពស់ៗនៅរាជធានីភ្នំពេញ ថតនាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ ។ (ខេមបូចា/ព្រីង សំរាំង)
ទិដ្ឋភាពអគារខ្ពស់ៗនៅរាជធានីភ្នំពេញ ថតនាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ ។ (ខេមបូចា/ព្រីង សំរាំង)

សកម្មភាពសេដ្ឋកិច្ច​កម្ពុជា​បានកើនឡើង​ក្នុងអំឡុង​ត្រីមាស​ទីមួយ​នៃឆ្នាំ២០២៤ ប៉ុន្តែ វិស័យ​អប់រំ​ដែល​​ជា​ស្នូលដ៏សំខាន់​នៃការអភិវឌ្ឍ ត្រូវតែពង្រឹង​ជាចាំបាច់ ។

យោងតាម​របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ច​កម្ពុជា​ដែល​ចេញដោយ​ធនាគារ​ពិភព​លោក កំណើន​នៃសកម្មភាពសេដ្ឋកិច្ចនេះ​ត្រូវបានជំរុញ​ដោយ​ការរើបឡើងវិញ​នៅក្នុងវិស័យ​សេវាកម្ម​និងការនាំចេញ​ទំនិញ បើទោះបីជា​តម្រូវការក្នុងស្រុកមានភាពស្ងប់ស្ងាត់ក្ដី ។

ធនាគារពិភពលោក​បាន​ចេញផ្សាយ​របាយការណ៍នេះ​នៅរាជធានីភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងពិធីមួយដែលអមដោយ​កិច្ចពិភាក្សា​របស់វាគ្មិនជំនាញ ។ មន្ត្រីរដ្ឋាភិបាល អង្គការ​មិនមែន​រដ្ឋាភិបាល និង​អ្នកសារព័ត៌មាន ក៏បានចូលរួមនៅក្នុង​ព្រឹត្តិការណ៍នេះដែរ ។

កំណើន​សេដ្ឋកិច្ច​ត្រូវគេរំពឹងថានឹងប្រសើរឡើងជាមុនបន្តិច គឺកើន ៥,៨% នៅឆ្នាំ២០២៤ ខ្ពស់ជាងកំណើននៅឆ្នាំ២០២៣ ដែលសម្រេចបាន ៥,៦% ហើយកំណើននេះ​នឹង​កាន់តែរឹងមាំថែមទៀត ដោយនឹងកើនដល់ ៦,១% នៅឆ្នាំ២០២៥ និង ៦,៤% នៅឆ្នាំ២០២៦ ខណៈដែល​ការនាំចេញ​សម្លៀកបំពាក់​កាត់ដេរ ទំនិញធ្វើដំណើរ និង​ស្បែកជើង ព្រមទាំង​វិស័យ​ទេសចរណ៍​ ជាកត្តា​រុញច្រាន​ដំណើររើបឡើងវិញ​របស់​សេដ្ឋកិច្ចដែលកំពុងកើតមាន ។

សកម្មភាពសំណង់​នៅតែមានតិចតួច​ដដែល ដោយសារតែទីផ្សារវិស័យអចលនទ្រព្យនៅតែធ្លាក់ចុះជា​បន្ត ។ ជាលទ្ធផល​ កំណើនឥណទានក្នុងស្រុក​បានធ្លាក់ចុះខ្លាំង ដែល​បណ្ដាល​ឱ្យ​មានការកាត់បន្ថយ​ចំណាយ​​ឯកជន និងប៉ះពាល់​ដល់​ការប្រមូលចំណូលក្នុងស្រុក ។

កម្មករធ្វើការនៅការដ្ឋានសំណង់មួយកន្លែងក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣។ (ខេមបូចា/ព្រីង សំរាំង)
កម្មករធ្វើការនៅការដ្ឋានសំណង់មួយកន្លែងក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣។ (ខេមបូចា/ព្រីង សំរាំង)

អាស៊ានក្លាយជាទីផ្សារធំជាងគេបំផុតទីពីរ

លោក លី សូដេត សេដ្ឋកិច្ចវិទូជាន់ខ្ពស់​របស់​ធនាគារ​ពិភព​លោក បាននិយាយថា អាស៊ាន​បាន​ក្លាយជា​ទីផ្សារ​នាំចេញធំបំផុត​ទីពីរ ដោយមានចំណែក​កើន​​ពី ១៤,៧% នៅមុន​សម័យកូវីដ-១៩ ឡើងដល់ ២៨% នៅឆ្នាំ២០២៤ ប៉ុន្តែ ទោះជាយ៉ាងនេះក្ដី សហរដ្ឋ​អាមេរិក​នៅតែជាទីផ្សារនាំចេញ​ធំជាងគេបំផុត​ ដែលមានចំណែក​ដល់ទៅ ៣១,៤% ។ ទីផ្សារ​សហភាពអឺរ៉ុប​តំណាង​ឱ្យ ១៤,៣% នៃការនាំចេញ ដោយ​ធ្លាក់ចុះពី ១៨% នៅមុន​សម័យ​កូវីដ ។

លោក លី សូដេត បានបន្ថែមថា៖ «សេដ្ឋកិច្ច​កាន់តែ​រួមបញ្ចូលគ្នាទៅក្នុង​សេដ្ឋកិច្ច​តំបន់​ [ប៉ុន្តែ] សហរដ្ឋ​អាមេរិក​នៅតែជា​ទីផ្សារ​លេខ​១ដដែល ។ [ការនាំចេញ]ទៅអាស៊ាន​កើនឡើង​យ៉ាង​លឿន» ។

លោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) ប្រធានគ្រប់គ្រង​ធនាគារពិភព​លោក​ប្រចាំ​ប្រទេស​កម្ពុជា បាន​និយាយថា ដើម្បីរក្សាកំណើនសេដ្ឋកិច្ចបន្ត កម្ពុជាត្រូវរក្សាស្ថិរភាពម៉ាក្រូហិរញ្ញវត្ថុ ដោយការស្ដារឡើងវិញនូវលំហសារពើពន្ធ និងការការពារវិស័យហិរញ្ញវត្ថុរបស់ខ្លួន ។  

លោកស្រីបាន​បន្ថែមថា៖ «កម្ពុជាក៏​អាចពង្រឹងភាពប្រកួតប្រជែងរបស់ខ្លួនបាន​ផងដែរ តាមរយៈការកែលម្អបរិយាកាសធុរកិច្ច សម្រួលនីតិវិធីពាណិជ្ជកម្មនៅតាមព្រំដែន ធ្វើឱ្យការផ្គត់ផ្គង់ថាមពលកាន់តែអាចទុកចិត្តបាន និងពង្រឹងវិស័យអប់រំ» ។

គោលនយោបាយល្អត្រូវតែដឹកនាំឱ្យបានល្អ

អ្នកជំនាញ​ជាន់ខ្ពស់វិស័យ​អប់រំ​របស់ធនាគារ​ពិភពលោក​ Lauri Pynnonen បាន​និយាយថា វិស័យ​អប់រំ​​របស់​កម្ពុជា​ខ្សោយ ដែល​រឹតត្បិត​​ការអភិវឌ្ឍ​និង​កំណើន​សេដ្ឋកិច្ច​ ពីព្រោះ​ការអប់រំ​ដើរតួនាទីសំខាន់​នៅក្នុងការជំរុញកំណើន​សេដ្ឋកិច្ច​ក្នុង​រយៈពេលវែង ។

អ្នកជំនាញ Pynnonen បានបន្ថែមថា៖ «ទ្រព្យ​ដ៏សំខាន់បំផុត​របស់​កម្ពុជា​មិនមែន​ជាធនធានធម្មជាតិ​របស់​ប្រទេសនេះ​ទេ ហើយ​ក៏មិនមែន​ទីតាំង​ភូមិសាស្ត្រ​អ្វីដែរ គឺ​ប្រជាជន​របស់​ប្រទេសនេះ ។ ការ​អប់រំ​គឺជាគ្រឿងផ្សំ​ដ៏សំខាន់​មួយ​សម្រាប់​ចំណូល​ខ្ពស់ កំណើន និង​ការកាត់បន្ថយភាពក្រីក្រ» ។

លោក ឡេង ភិរម្យ អនុប្រធាន​កិច្ចការសិក្សា​របស់​សាកលវិទ្យាល័យ CamTech បាននិយាយថា ភាព​ជាអ្នកដឹកនាំនៅតាម​សាលារៀនរបស់រដ្ឋ​នៅតែជាបញ្ហា​ចោទដដែល ដោយសារតែគ្រូភាគច្រើន​បំផុត​មានការងារទីពីរ​នៅក្នុង​វិស័យ​ឯកជន ។ លោក​បានបន្ត​ថា៖ «នៅពេលពួកគាត់បំពេញការងារ​នៅ​ក្នុង​សាលារដ្ឋ​ ហាក់ដូចជាពួកគាត់​មិន​បានផ្ដល់​គុណភាពទេ ពួកគាត់​​បំពេញ​ការងារ​មិន​បាន​ពេញលេញ ។ នៅពេលពួកគាត់​ធ្វើការ​ឱ្យ​វិស័យ​ឯកជន ពួកគាត់​ធ្វើការបានប្រសើរជាង​ឆ្ងាយ» ។

គ្រូបង្រៀន​ប្រហែល ៨០ ឬ ៩០% ត្រូវបាន​បណ្ដុះបណ្ដាល​នៅក្នុងអំឡុងទសវត្សរ៍ ៨០ ហើយ​នៅមាន​ផ្នត់​គំនិត​បែបប្រពៃណី​នៅឡើយ រីឯគ្រូបង្រៀនជំនាន់ក្រោយៗវិញ គឺមានចំនួនតិចតួច ។

លោក​បាននិយាយថា៖ «ទីមួយ បណ្ដុះបណ្ដាល​ពួកគាត់ និងទីពីរ​ អ្នក​​ត្រូវរង់ចាំរហូតដល់​មាន​អ្នកដឹកនាំ​គ្រប់គ្រាន់ដើម្បី​បំពេញ​តួនាទីនេះ បើមិនដូច្នេះទេ អ្នកមាន​គោលនយោបាយដ៏ល្អ ប៉ុន្តែ នៅពេល​អនុវត្ត អ្នកនឹងឃើញបញ្ហាដដែលៗម្ដងហើយម្ដងទៀត» ។ ដោយលោកបន្ថែមថា៖ «គោលនយោបាយល្អ​ត្រូវការការដឹកនាំល្អ និង​ការ​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាពជាចាំបាច់» ។

សិស្សនៅសាលាឯកជនមួយ​នៅរាជធានីភ្នំពេញ​។ រូបភាពថតនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ ។ (ខេមបូចា/ព្រីង សំរាំង)

ដំឡើងប្រាក់ខែ កាត់បន្ថយ​ភាពតានតឹងចិត្ត

អ្នកស្រី អ៊ុក ឆាយាវី ប្រធាន​សមាគម​គ្រូបង្រៀនកម្ពុជា​​ឯករាជ្យ​ (CITA) បាននិយាយថា ក្រសួង​អប់រំ​ យុវជន និងកីឡា គួរផ្ដោត​ការយកចិត្តទុកដាក់​ថែមទៀត​ទៅលើ​បញ្ហា​ប្រាក់ខែ​របស់​គ្រូបង្រៀន មិនមែន​ធ្វើ​តែគោលនយោបាយមួយមុខនោះទេ ប្រសិនបើ​ក្រសួង​ចង់​ឱ្យ​វិស័យនេះ​ល្អប្រសើរ ។

លោកស្រីបាននិយាយថា គ្រូបង្រៀនធ្វើការនៅសាលាឯកជនដោយសារតែប្រាក់ខែ​នៅសាលារដ្ឋ​ទាបពេក ហើយពួកគាត់​ត្រូវការចំណូលបន្ថែម​ជាចាំបាច់ដើម្បី​ទ្រទ្រង់​គ្រួសាររបស់ពួកគាត់ ។

លោកស្រីបានបន្ត​ថា ការដំឡើងប្រាក់ខែ​នឹង​ធ្វើ​ឱ្យ​គ្រូ​បង្រៀន​លែងសូវ​បារម្ភ​ពីការរក​ការងារ​មួយទៀត​ធ្វើ ដូច្នេះវានឹង​រួមចំណែក​ដល់​ភាពប្រសើរឡើង​នៃវិស័យនេះ ។

លោកស្រី ឆាយាវី បានលើកឡើងថា សាលារៀនឯកជន​ផ្ដោត​ខ្លាំងទៅលើ​ការ​ធ្វើ​ឱ្យ​វិស័យអប់រំ​ប្រសើរឡើង​ និង​ផ្ដល់​ប្រាក់ខែ​ច្រើន​ដល់​គ្រូ​បង្រៀន ។

អភិវឌ្ឍ​ជំនាញ​បង្រៀន​ដើម្បីបំពេញតម្រូវការ

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួងអប់រំ បានប្រាប់​ ខេមបូចា ថា រដ្ឋាភិបាលតែងតែយកចិត្តទុកដាក់​ចំពោះគ្រូបង្រៀន ។ ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ប្រាក់ខែគ្រូ​គ្រប់​កម្រិត​ចាប់តាំងពី​កម្រិត​មហាវិទ្យាល័យ​ដល់​កម្រិត​បឋមសិក្សា ក៏បានកើនឡើងច្រើនដែរ ។

លោកស្រីអ្នកនាំពាក្យ​បានបន្ត​ថា៖ «ប្រសិនបើ​យើង​មើល​ប្រាក់ខែ​គ្រូ​បង្រៀនសព្វថ្ងៃ យើង​ឃើញថា ប្រាក់ខែ​ទាបបំផុត​របស់គ្រូ​បង្រៀន​ចាប់ពី[…]កម្រិត​បឋមសិក្សា គឺបាន ១,៤លាន​រៀល​ក្នុង​មួយ​ខែ» ។ លោកស្រីបានបន្ថែមថា ប្រាក់ខែ​នេះ​មិន​ទាន់បូកបញ្ចូល​ប្រាក់​ឧបត្ថម្ភផ្សេងៗពីរដ្ឋាភិបាលនៅឡើយទេ ។

សិស្សថ្នាក់ទី៣ នៅក្នុងថ្នាក់រៀននៅសាលាមួយក្នុងរាជធានីភ្នំពេញ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២៤។ (ខេមបូចា/ព្រីង សំរាំង)
សិស្សថ្នាក់ទី៣ នៅក្នុងថ្នាក់រៀននៅសាលាមួយក្នុងរាជធានីភ្នំពេញ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

គ្រូបង្រៀន​អភិវឌ្ឍ​ជំនាញបង្រៀនរបស់ពួកគាត់​ជាប់ជានិច្ច ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការបច្ចុប្បន្ន និង​បច្ចេកវិទ្យាដែលកាន់តែរីកចម្រើន ។ ពួកគាត់បានទទួលការបណ្ដុះបណ្ដាល​ផ្សេងៗជាច្រើន​ក្នុង​ពេល​កន្លងមក ។ អ្នកខ្លះ​បាន​ចាប់ផ្ដើម​ធ្វើការជាគ្រូ​បង្រៀន​តាំងពីថ្នាក់ទី៧ ដោយ​ក្រសួង​បាន​អភិវឌ្ឍ​និង​កែលម្អ​ស្តង់ដារ​សម្រាប់​គ្រូ​បង្រៀន ។

លោកស្រី វិច្ឆិកា បាននិយាយថា៖ «គ្រូបង្រៀននៅកម្រិត​បឋមសិក្សា​ យ៉ាងហោចណាស់ ត្រូវមាន​សញ្ញាបត្រ​បាក់ឌុប​ និង​ការបណ្ដុះបណ្ដាល​គរុកោសល្យ​ពីរឆ្នាំ ។ គ្រូ​វិទ្យាល័យ​ត្រូវមានបរិញ្ញាបត្រ​ បូកនឹង​ការបណ្ដុះបណ្ដាលគរុកោសល្យ ២ឆ្នាំ» ។

ក្រសួង​តែងតែ​លើកទឹកចិត្ត​ដល់លោកគ្រូ​អ្នកគ្រូ​ដែល​មិនទាន់​បានបំពេញ​លក្ខខណ្ឌ​តម្រូវនេះ ឱ្យ​ចូលរួម​វគ្គបណ្ដុះបណ្ដាល​បន្ថែម​ជានិច្ច ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia’s Economic Activity Up But Education Needs Strengthening For Long-Term Growth

362 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម