ធនាគារពិភពលោកបានអនុម័តឥណទាន ១៤៥លានដុល្លារពីសមាគមអភិវឌ្ឍន៍អន្តរជាតិ ដើម្បីផ្ដល់មូលនិធិដល់គម្រោងកែលម្អសន្តិសុខទឹក ដែលនឹងជួយសង្គ្រោះការខ្វះខាតទឹកក្នុងអំឡុងរដូវប្រាំងនិងការធ្វើស្រែប្រាំង ។ គម្រោងនេះក៏មានគោលបំណងលើកកម្ពស់ផលិតភាពកសិកម្មនិងកសាងភាពធន់នឹងហានិភ័យអាកាសធាតុផងដែរ ។
គម្រោងដែលនឹងផ្ដល់ផលប្រយោជន៍ដល់ប្រជាជនជាង ១១៣.០០០នាក់ នឹងអនុវត្តក្នុងរយៈពេល ៥ឆ្នាំ ដោយក្រសួងធនធានទឹកនិងឧតុនិយម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) ។
កញ្ចប់ឥណទានថ្មីបំផុតនេះកើតឡើងនៅក្រោយកម្ចី ២៧៥លានដុល្លារដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចនិងភាពធន់រយៈពេលវែងរបស់កម្ពុជា កម្ចី ៤០លានដុល្លារសម្រាប់ការបណ្ដុះបណ្ដាលជំនាញ និង ៧៩,៥លានដុល្លារសម្រាប់ការលើកកម្ពស់ការទទួលបានការអប់រំនិងគុណភាពអប់រំនៅកម្ពុជា ។
នាយិកាគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា លោកស្រី ម៉ារីយ៉ាម សាលីម បានមានប្រសាសន៍ថា ប្រទេសកម្ពុជានឹងអាចបោះជំហានឆ្ពោះទៅរកសន្តិសុខទឹកប្រកបដោយចីរភាពនិងផលិតភាពកសិកម្មកាន់តែប្រសើរឡើងដោយសារគម្រោងនេះ ។ លោកស្រីបានបន្តថា៖ «ការវិនិយោគពេលនេះទៅលើភាពធន់នឹងអាកាសធាតុ ការធ្វើផែនការ និងការៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែប្រសើរជាងមុន មិនត្រឹមតែអាចឆ្លើយតបបានភ្លាមៗទៅនឹងតម្រូវការទឹករបស់កសិករ និងគ្រួសារកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើជាមូលដ្ឋានគ្រឹះសម្រាប់ការផ្គត់ផ្គង់សេវាទឹករយៈពេលវែង ផងដែរ »។
ការគ្រប់គ្រងធនធានទឹកដោយពង្រីកស្ថានីយជលសាស្ត្រ ធ្វើបច្ចុប្បន្នភាពគោលនយោបាយនិងបទប្បញ្ញត្តិ រៀបចំផែនការគ្រប់គ្រងអាងទន្លេដោយផ្អែកលើការយល់ដឹងពីអាកាសធាតុ និងពង្រឹងការអនុវត្តការងាររបស់អាជ្ញាធរទឹកនៅថ្នាក់ជាតិនិងថ្នាក់ខេត្ត នឹងត្រូវអនុវត្តនៅក្នុងគម្រោងនេះ ។
ធនាគារពិភពលោកបាននិយាយថា ទោះបីកម្ពុជាជាប្រទេសសម្បូរទឹកក្ដី ភាពខុសគ្នានៃកម្រិតទឹកភ្លៀងតាមរដូវកាលនិងនៅក្នុងតំបន់ ជះឥទ្ធិពលទៅលើការផ្គត់ផ្គង់ទឹកនៅទីក្រុងនិងនៅជនបទ ។
ការព្យាករណ៍អាកាសធាតុបង្ហាញថា បាតុភូតទឹកជំនន់និងគ្រោះរាំងស្ងួតនឹងកាន់តែ«មានភាពញឹកញាប់ និងធ្ងន់ធរជាងមុន» ដែលដាក់សម្ពាធធ្ងន់ធ្ងរថែមទៀតទៅលើសមត្ថភាពរបស់ប្រទេសក្នុងការគ្រប់គ្រងធនធានទឹកសាបរបស់ខ្លួន ។ ប្រការនេះនឹងជះឥទ្ធិពលទៅលើផលិតកម្មស្បៀងនិងកំណើនសេដ្ឋកិច្ច ។
ធនាគារពិភពលោកបាននិយាយថា ជាផ្នែកនៃគម្រោង ប្រព័ន្ធផ្គត់ផ្គង់ទឹកសម្រាប់គ្រួសារនិងប្រព័ន្ធធារាសាស្ត្រនឹងត្រូវស្ដារនិងធ្វើឱ្យប្រសើរឡើងវិញ ដោយក្នុងនោះ«សហគមន៍កសិករដែលប្រើប្រាស់ទឹក» នឹងត្រូវបានបណ្ដុះបណ្ដាលនិងផ្ដល់ជំនួយបច្ចេកទេសដើម្បីធ្វើឱ្យការដំណើរការនិងការថែទាំហេដ្ឋារចនាសម្ព័ន្ធកាន់តែល្អប្រសើរជាងមុន ។
លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម បានបដិសេធផ្ដល់អត្ថាធិប្បាយ និងបានណែនាំឱ្យសួរសំណួរទៅក្រសួងធនធានទឹកនិងឧតុនិយម (MoWRAM) ។
លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក មិនបានឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មានទេ ។
កាលពីដើមឆ្នាំនេះ កសិករជាច្រើនបានជួបប្រទះបញ្ហាកង្វះទឹកក្នុងការស្រោចស្រពស្រែប្រាំងរបស់ពួកគេ ។ ស្រូវប្រាំងចំនួនដល់ទៅ ៧៦០.០០០ហិកតាត្រូវបានកសិករដាំដុះនៅក្នុងខេត្តជាច្រើន ប៉ុន្តែ ការស្រោចស្រពស្រែប្រាំងទាំងនេះបានក្លាយជាបញ្ហា ។
កាលពីខែមុន ក្រសួងកសិកម្ម ក្រសួងធនធានទឹក និងក្រសួងអភិវឌ្ឍន៍ជនបទ បានពិភាក្សាពីបញ្ហានិងដំណោះស្រាយនៅចំពេលនៃវិបត្តិទឹក ។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំនោះ ក្រសួងធនធានទឹក បាននិយាយថា ក្រសួងនឹងធ្វើការជាមួយ ក្រសួងកសិកម្ម ដើម្បីដោះស្រាយបញ្ហាទឹករបស់កសិករ ដោយអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រនៅក្នុងតំបន់ភូមិសាស្ត្រដែលខ្វះទឹកនិងមានទឹកជំនន់ ។
លោក ហៀម ឃួន អភិបាលរងខេត្តពោធិ៍សាត់ បានប្រាប់ ខេមបូចា ថា លោកមិនទាន់ទទួលបានព័ត៌មានណាមួយជុំវិញការវិនិយោគថ្មីសម្រាប់គម្រោងសន្តិសុខទឹកនេះនៅឡើយទេ ។ ប៉ុន្តែ លោករំពឹងថា គម្រោងនេះនឹងដោះស្រាយបញ្ហាកង្វះទឹកនៅក្នុងខេត្តពោធិ៍សាត់បាន ។
លោក ឃួន បាននិយាយថា៖ «មន្ទីរ[ធនធានទឹក]បានដាក់សំណើទៅកាន់ ក្រសួងធនធានទឹក ដើម្បីពិនិត្យថវិកាជាតិ[ដើម្បីដោះស្រាយបញ្ហាកង្វះទឹក] ដូច្នេះ ខ្ញុំរំពឹងថា ថវិកានេះនឹងជួយដោះស្រាយបញ្ហាទឹកឱ្យកសិករបានកាន់តែច្រើននាក់ថែមទៀត »។
លោកអភិបាលរងខេត្តដដែលបានបន្តថា កាលពីពេលកន្លងមក បញ្ហាកង្វះទឹកមានភាពធ្ងន់ធ្ងរខ្លាំង ។ លោកមានប្រសាសន៍ថា៖ «កាលពីឆ្នាំមុន មានបញ្ហាធ្ងន់ធ្ងរខ្លាំង ហើយវាបានអូសបន្លាយរហូតដល់ខែឧសភា ទើបបានមានភ្លៀងធ្លាក់» ។
ដោយសារតែរដ្ឋបាលខេត្តបានធ្វើផែនការរួចហើយដើម្បីកសាងអាងស្តុកទឹកដ៏ធំមួយ ហើយប្រសិនបើរដ្ឋបាលខេត្តទទួលបានថវិកាគាំទ្រ ខ្លួននឹងកសាងប្រឡាយទឹកច្រើនថែមទៀតដើម្បីចែកចាយទឹកទៅដល់កសិករ ។
លោក សែម ចំណាន ដែលជាតំណាងសហគមន៍ស្រែប្រាំង បាននិយាយថា លោក«សប្បាយចិត្ត»ដែលឮដំណឹងអំពីគម្រោងនេះ ពីព្រោះវានឹងជួយដល់កសិករដែលជា«ជនរងគ្រោះ» ។
លោកបាននិយាយថា «ក្នុងអំឡុងរដូវប្រាំង កសិករដាំដំឡូងនិងធ្វើស្រែ ប៉ុន្តែដាំមិនដុះទេ ។ ពួកគេត្រូវដាំម្ដងទៀតជាលើកទីពីរ ឬច្រើនលើកទៀត» ។ លោកបន្តថា ក្នុងអំឡុងរដូវប្រាំង ពិបាកធ្វើស្រែចម្ការណាស់ដោយសារតែខ្វះទឹក ។
សហគមន៍របស់លោកពឹងពាក់អាស្រ័យជាខ្លាំងទៅលើទឹក ក្នុងនោះរាប់ទាំងទឹកអណ្ដូង សម្រាប់ការធ្វើស្រែចម្ការរៀងរាល់រដូវប្រាំង ។ ប៉ុន្តែ ឆ្នាំកន្លងទៅមិញគឺជាឆ្នាំដែលលំបាកបំផុត ដោយសារតែមើមដំឡូងរលួយអស់ ហើយទិន្នផលស្វាយចន្ទីរទទួលបានតិចតួចបំផុត ។ លោកបាននិយាយថា៖ «ឧទាហរណ៍ ស្វាយចន្ទីរជាធម្មតា យើងប្រមូលផលបាន ៨០% ឬ ៩០% ប៉ុន្តែ ឆ្នាំទៅមិញ យើងប្រមូលផលបានតែ ៥០% ទៅ ៦០% ប៉ុណ្ណោះ ។ បើស្រូវវិញដីមួយហិកតា កសិករអាចទទួលបានទិន្នផល ១ ឬ ២តោន ប៉ុន្តែ ឆ្នាំទៅ យើងខាតបង់អស់ប្រហែលពាក់កណ្ដាល» ។»
លោក ចំណាន ពុំរំពឹងថានឹងទទួលបានជំនួយអ្វីទេ ប៉ុន្តែ លោកនឹងសប្បាយចិត្តប្រសិនបើសហគមន៍របស់លោកបានទទួលជំនួយ ។ លោកបន្តថា៖ «ចំពោះគម្រោងពាក់ព័ន្ធនឹងការផ្គត់ផ្គង់ទឹកដល់កសិករនៅតាមមូលដ្ឋាន ពួកគេត្រូវការគ្រូបង្គោលដើម្បីចែករំលែកព័ត៌មាន ទើបពួកគេអាចទទួលបានផលប្រយោជន៍ ។ ពេលនោះ ខ្ញុំគិតថាវាល្អហើយ »។
លោក ចំណាន់ បានកត់សម្គាល់ថា កាលពីពេលកន្លងមក រដ្ឋាភិបាលបានជួយដល់ជនរងគ្រោះដោយសារទឹកជំនន់ ដោយផ្ដល់ពូជដំណាំ ប៉ុន្តែ ពួកគេមិនបានផ្ដល់ដល់អ្នកដែលមានដីពាក់ព័ន្ធទេ ។ ផ្ទុយទៅវិញ ពួកគេចែកឱ្យអ្នកណាដែលពួកគេចង់ចែកឱ្យប៉ុណ្ណោះ ។ លោកថា៖ «ដូច្នេះ ខ្ញុំមិនរំពឹងថាសហគមន៍ខ្ញុំនឹងទទួលបានជំនួយទេ ប៉ុន្តែ ប្រសិនបើរដ្ឋាភិបាលផ្លាស់ប្ដូរគំនិត ខ្ញុំនឹងសប្បាយចិត្តខ្លាំងណាស់» ។
កសិករមួយរូបទៀត ឈ្មោះ ថា លីដា ដែលជាសមាជិកគណៈកម្មាធិការខេត្តរបស់សហគមន៍ស្រែប្រាំង បាននិយាយថា ជារឿយៗ កសិករតែងតែជួបបញ្ហាកង្វះទឹក និងបញ្ហាសត្វល្អិតចង្រៃបំផ្លាញដំណាំ ។
លីដាថា កង្វះទឹកតែងតែបំផ្លិចបំផ្លាញដំណាំរបស់កសិករគ្រប់ពេលវេលា ដូច្នេះហើយទើបកសិករមិនទទួលបានទិន្នផលច្រើនដូចការដែលរំពឹងទុក ។ បន្ថែមពីលើនេះទៀត គឺសត្វល្អិតចង្រៃដែលបង្កការខូចខាតដល់ដំណាំ បណ្ដាលឱ្យកសិករងាកទៅរកពឹងពាក់ការខ្ចីបំណុលពីស្ថាប័នមីក្រូហិរញ្ញវត្ថុ និងធនាគារឯកជន ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ World Bank Approves $145 Million To Relieve Water Crisis For Farmers in Cambodia