ធនាគារពិភពលោកបានអនុម័តផ្ដល់ហិរញ្ញប្បទាន៨០លានដុល្លារជួយដល់កិច្ចខិតខំរបស់កម្ពុជាក្នុងការពង្រឹងគុណភាពអប់រំ និងស្រាវជ្រាវកម្រិតឧត្តមសិក្សា ពិសេសផ្ដោតលើវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ឬហៅកាត់ថា STEM។
សេចក្ដីប្រកាសព័ត៌មានរបស់ធនាគារពិភពលោកចុះថ្ងៃទី២៣ ខែកញ្ញា បានឲ្យដឹងថាគម្រោងមានរយៈពេលប្រាំមួយឆ្នាំនេះនឹងគាំទ្រទៅដល់គ្រឹះស្ថានឧត្តមសិក្សាសាធារណៈចំនួនប្រាំបួននៅកម្ពុជាដើម្បីបណ្ដុះបណ្ដាល«និស្សិតឲ្យរៀនចប់ប្រកបដោយគុណភាព និងក្នុងការផលិតការស្រាវជ្រាវនានា» ដែល «រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស»។
ប្រភពដដែលបន្តថា តាមការរំពឹងទុកនិស្សិតប្រហែល ៣២ ០០០នាក់ ក្នុងនោះនិស្សិតនារីប្រហែល ១៣ ០០០នាក់នឹងបានទទួលអត្ថប្រយោជន៍ពីការអនុវត្តសកម្មភាពនានារបស់កម្មវិធីដែលរួមមានការធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សា បណ្ដុះបណ្ដាលគ្រូឧទ្ទេស និងធ្វើឌីជីថលកម្មនៃយន្តការផ្ដល់ការសិក្សាអប់រំ។
គម្រោងនេះក៏ផ្ដោតសំខាន់ទៅលើការលើកកម្ពស់គុណភាពសិក្សារបស់និស្សិតនារី និងនិស្សិតមានពិការភាព និងលើការជួយគាំទ្រដល់ស្រ្តីដែលជាគ្រូ ឬបុគ្គលិកនៅតាមមហាវិទ្យាល័យ ខណៈដែលគម្រោងនេះចាប់យកហេដ្ឋារចនាសម្ព័ន្ធដែលធននឹងអាកាសធាតុ និងផ្ដល់អាទិភាពដល់គម្រោងស្រាវជ្រាវទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។
មូលនិធិសម្រាប់គម្រោងនេះបានមកពីសមាគមអភិវឌ្ឍន៍អន្តរជាតិ(IDA) ដែលជាអង្គភាពផ្ដល់ប្រាក់កម្ចីសម្បទានរបស់ធនាគារពិភពលោកសម្រាប់បណ្ដាប្រទេសមានចំណូលទាប។
នេះមិនមែនជាលើកទីមួយទេដែលធនាគារពិភពលោកបានផ្ដល់ជំនួយដ៏សំខាន់មកកម្ពុជាសម្រាប់វិស័យសិក្សាធិការ ប៉ុន្តែវាជាការផ្ដល់មូលនិធិលើកដំបូងសម្រាប់ឆមាសទីពីរក្នុងឆ្នាំនេះ។
កាលពីខែឧសភា ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិបានអនុម័តផ្ដល់ថវិកាប្រមាណជា៧៩,៥លានដុល្លារសម្រាប់ពង្រឹងគុណភាពអប់រំ និងការទទួលបានការអប់រំនៅកម្ពុជា ព្រមជាមួយនឹងការផ្ដល់ថវិកាកាលពីខែមករា ឆ្នាំ២០២២ ចំនួន៦៩,២៥លានដុល្លារ។
បើតាមធនាគារពិភពលោក គម្រោងនេះកសាងបន្ថែម «លើភាពជោគជ័យ និងមេរៀនបទពិសោធន៍» របស់គម្រោងដែលកំពុងដំណើរការកន្លងមក។
លោក Feta No មន្ត្រីជំនាញខាងការសិក្សាអប់រំរបស់ធនាការពិភពលោកប្រចាំកម្ពុជាបានលើកឡើងថា មិនដូចគម្រោងមុនៗ កម្មវិធីបានរៀបចំជាមួយនឹងការគាំទ្រថ្មីបំផុតដែលនឹងផ្ដោតសំខាន់លើការសិក្សាទាក់ទងនឹងការអប់រំ STEM។ កម្មវិធីមានគោលបំណងបណ្ដុះសមត្ថភាពទេពកោសល្យនិស្សិតក្នុងការលើកកម្ពស់ការអភិវឌ្ឍ និងការប្រកួតប្រជែងក្នុងវិស័យឧស្សាហកម្មទំនើប។
កាលពីឆ្នាំ២០២០ និស្សិតកម្ពុជាភាគច្រើនបានចាប់យកជំនាញវិទ្យាសាស្រ្តសង្គម ហើយមានតែ30%ប៉ុណ្ណោះដែលចាប់យកជំនាញ STEM។
មិនមានការបញ្ជាក់ថា ហិរញ្ញប្បទានសម្រាប់គម្រោងនេះនឹងផ្ដល់ទៅរដ្ឋាភិបាលតាមរយៈកម្ចីសម្បទាន។
កញ្ញា សារិន សុណាផា និស្សិតឆ្នាំទីបីផ្នែកវិស្វកម្មចំណីអាហារនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងថាគម្រោងថ្មីរបស់ធនាគារពិភពលោកដែលជួយដល់ការសិក្សាផ្នែក STEM ដែលនាងជឿថា កំពុងខ្វះជំនាញបង្រៀនដល់និស្សិតដែលទីផ្សារកំពុងត្រូវការ។
កញ្ញាបន្តថា៖ «ខ្ញុំគិតថាគម្រោងនេះនឹងជួយពង្រឹងគុណភាពការសិក្សាអប់រំ STEM ពីព្រោះថាថវិកាដែលគេឲ្យ យើងអាចប្រើសម្រាប់ការស្រាវជ្រាវ យើងត្រូវការប្រាក់ដើម្បីទិញសម្ភារៈទំនើប»។
អ្នកនាំពាក្យក្រសួងអប់រំ អ្នកស្រី ឃួន វិច្ឆិកា ប្រាប់ ខេមបូចា ថា អ្នកស្រីជឿជាក់ថាតាមរយៈការរៀនសូត្រពីគម្រោងមុនៗ និងគម្រោងកំពុងមានជាមួយធនាការពិភពលោក ព្រមជាមួយគម្រោងថ្មីផ្ដោតលើការសិក្សាអប់រំ STEM នេះ លោកគ្រូ អ្នកគ្រូ និងសាស្រ្តាចារ្យកម្ពុជា «នឹងបានទទួលសមត្ថភាពប្រកបដោយគុណភាពឆាប់រហ័សទៅតាមតម្រូវការនៃវិស័យអប់រំក្នុងសតវត្សទី២១»។
ទន្ទឹមនឹងការបង្កើនថវិកាពីខាងធនាការពិភពលោកព្រមជាមួយនឹងក្ដីសង្ឃឹម ក៏មានសាស្រ្តាចារ្យមួយចំនួននៅខាងផ្នែក STEM លើកឡើងថា ថ្វីបើមូលនិធិអាចជួយពង្រឹងគុណភាពសិស្ស និងគ្រូ តែថាកម្ពុជានៅតែប្រឈមការប្រកួតប្រជែងខ្លាំងជាមួយប្រទេសក្នុងតំបន់លើការស្រាវជ្រាវ បើសិនជាមូលនិធិមិនបានបែងចែកច្រើនសម្រាប់ចំណាយលើសម្ភារៈ។
សាស្រ្តាចារ្យផ្នែកគីមីនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក ទៀង ស៊ីតេង មានប្រសាសន៍ថា៖ «វិស័យSTEM មានបញ្ហាធំ រដ្ឋាភិបាលមិនបានជួយដល់មន្ទីរពិសោធន៍ ហើយសិស្សរបស់យើងបានរៀនតែទ្រឹស្ដី មិនបានអនុវត្តជាក់ស្ដែង»។
លោកបន្ថែមថា បើសិនជាមិនមានការវិនិយោគលើមន្ទីរពិសោធន៍ ឬកន្លែងសម្រាប់ស្រាវជ្រាវ កម្ពុជានឹងដើរក្រោយប្រទេសផ្សេងទៀតក្នុងតំបន់លើវិស័យ STEM។
លោកបញ្ជាក់ថា សាកលវិទ្យាល័យត្រូវការថវិកាដើម្បីជួលគ្រូល្អៗ និងអញ្ជើញវាគ្មិនល្បីៗ ដែលអាចផ្ដល់ឲ្យសិស្សនូវការអនុវត្តជាក់ស្ដែង និងបង្ហាត់បង្រៀនបានល្អទៅតាមជំនាញរបស់ពួកគេ។
លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បង្ហាញជំនឿចិត្តចំពោះគម្រោងថ្មីរបស់ធនាគារពិភពលោក ទោះជាលោកសង្កត់ធ្ងន់ថា ការអនុវត្តត្រូវមានតម្លាភាពក្នុងការបែងចែកមូលនិធិ។
លោកបន្តថា៖ «ខ្ញុំជំរុញឲ្យក្រសួងអប់រំ និងអ្នកពាក់ព័ន្ធយកចិត្តទុកដាក់ក្នុងការបែងចែកថវិកាប្រកបដោយតម្លាភាព គណនីយភាព និងធានាប្រសិទ្ធភាពនៃការអនុវត្តគម្រោង ដោយប្រើកម្ចីសម្រាប់ជាប្រយោជន៍ជាតិ»។ លោកបន្ថែមថា របាយការណ៍ធនាគារពិភពលោកចេញដើមឆ្នាំនេះបានលើកឡើងថា «កម្ពុជាបានចំណាយថវិកាច្រើន ប៉ុន្តែមិនមានប្រសិទ្ធភាពក្នុងការបែងចែកថវិកាទៅវិស័យអប់រំ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ World bank Approves $80M to Boost STEM Education