ខណៈការបោះឆ្នោតជាតិនឹងចូលមកដល់នៅខែកក្តដា គណបក្សភ្លើងទៀនបានមើលឃើញពីការធ្វើទុក្ខបុកម្នេញកាន់តែខ្លាំង ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគំរាមប្តឹងគណបក្សនេះចំពោះការរិះគន់លើគណបក្សប្រជាជនកម្ពុជា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃព្រហស្បតិ៍បានគំរាមប្តឹងគណបក្សភ្លើងទៀន បន្ទាប់ពីបក្សនេះចេញសេចក្តីថ្លែងការណ៍ ដោយបានចាត់ទុកថា គណបក្សប្រជាជនកម្ពុជាបានធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ និងការគំរាមកំហែងមកលើខ្លួននៅមុនការបោះឆ្នោតជាតិនៅថ្ងៃទី២៣ ខែកក្កដាខាងមុខ។
បន្ទាប់ពីការចាប់ខ្លួនលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀនកាលពីថ្ងៃចន្ទ គណបក្សភ្លើងទៀនបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ ដោយអះអាងថាគណបក្សប្រជាជនកម្ពុជាកំពុងកំណត់គោលដៅលើប្រតិបត្តិការណ៍របស់បក្សខ្កួន។
សេចក្តីថ្លែងការណ៍បានសរសេរថា៖ «[យើង] ប្រឆាំងដាច់ខាតលើការគាបសង្កត់ ការគំរាមកំហែង និងការធ្វើទុកបុកម្នេញផ្នែកនយោបាយគ្រប់រូបភាពពីគណបក្សកាន់អំណាច ដោយទាមទារឱ្យបញ្ឈប់សកម្មភាពទាំងនេះជាបន្ទាន់»។
គណបក្សភ្លើងទៀនក៏បានអំពាវនាវឱ្យប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ២៣ ខែតុលា ឆ្នាំ១៩៩១ បំពេញកាតព្វកិច្ចរបស់ពួកគេក្នុងការជំរុញឱ្យមានការគោរពសិទ្ធិមនុស្ស និងការអនុវត្តលទ្ធិប្រជាធិបតេយ្យពហុបក្ស។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានច្រានចោលការលើកឡើងនេះហើយបានស្នើឱ្យមេធាវីគណបក្សប្រជាជនកម្ពុជាពិនិត្យមើលពីលទ្ធភាពនៃការប្ដឹងគណបក្សប្រឆាំងមួយនេះក្នុងពេលថ្លែងសុន្ទរកថា កាលពីថ្ងៃព្រហស្បតិ៍។ កាលពីដើមខែនេះ លោកធ្លាប់បានព្រមានថា ការរិះគន់ទៅលើអ្នកគណបក្សប្រជាជនកម្ពុជាថានឹងត្រូវប្រឈមមុខនឹងចំណាត់ការផ្លូវច្បាប់ ហើយលោកបានប្តេជ្ញាថានឹងកំទេចចោលក្រុមដែលលោកហៅថាជាក្រុមជ្រុលនិយម។
លោកហ៊ុន សែន បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា៖ «អ្នកមិនអាចចេញសេចក្តីថ្លែងការណ៍ដោយនិយាយថា គណបក្សប្រជាជនកម្ពុជាកំពុងគំរាមកំហែង និងគាបសង្កត់បានទេ។ ខ្ញុំបានស្នើឱ្យមេធាវីរបស់គណបក្សប្រជាជនកម្ពុជាពិនិត្យមើលសេចក្តីថ្លែងការណ៍នេះ»។
លោកបានចោទជាសំណួរថា៖«តើគណបក្សប្រជាជនកម្ពុជាគំរាមអ្នកនៅកន្លែងណា និងពេលណា? ប្រសិនបើអ្នកមិនដកពាក្យនេះ ឬសុំទោសទេ ត្រូវប្តឹងទៀត»។
លោក ហ៊ុន សែន បានឱ្យដឹងថា ចាប់ពីពេលនេះទៅនឹងមិនអនុញ្ញាតឱ្យនណាម្នាក់រិះគន់គណបក្សប្រជាជនកម្ពុជាឡើយ ហើយលោកនឹងប្រើប្រព័ន្ធតុលាការដើម្បីចាត់ការ។
លោកថ្លែងថា៖ «ពីថ្ងៃនេះទៅអត់មានអត់ឱន មិនលើកលែង មិនអត់ឱនតាំងពីក្រោមដល់លើ [មន្ត្រីបក្សប្រឆំាង] បើឯងត្រូវវៃខ្នោះវៃខ្នោះភ្លាមហ្មង អត់មានរញ៉េរញ៉ៃទេ»។
ទន្ទឹមនឹងការជាប់ពន្ធនាគាររបស់លោក សេដ្ឋា ក្នុងការឃុំខ្លួនបណ្តោះអាសន្ន ពីបទចេញសែកស្អុយក្នុងឆ្នាំ២០១៩ លោក សុន ឆ័យ អនុប្រធានម្នាក់ទៀតរបស់គណបក្សភ្លើងទៀន និងទីប្រឹក្សាជាន់ខ្ពស់គណបក្សនេះ លោក គង់ គាំ ត្រូវបានគណបក្សប្រជាជនកម្ពុជាប្តឹង និងប្រឈមមុខនឹងការរឹបអូសទ្រព្យសម្បត្តិដើម្បីសងការខូចខាតផងដែរ។
លោក គាំ ត្រូវបានគណបក្សប្រជាជនកម្ពុជាប្ដឹងកាលពីដើមខែនេះពីបទញុះញង់បន្ទាប់ពីលោកលើកឡើងថាគណបក្សប្រជាជនត្រូវបានបង្កើតនិងគាំទ្រដោយអំណាចបរទេស។
លោក ឆ័យ ធ្លាប់បានអះអាងថា ដំណើរការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២ គឺលម្អៀងទៅខាងគណបក្សប្រជាជន ហើយគណបក្សប្រជាជនបានប្តឹងទាមទារសំណង១លានដុល្លារពីបទបរិហារកេរ្តិ៍។
ប៉ុន្តែលោក ឆ័យ ហាក់ព្យាយាមសម្រាលនូវការគំរាមរបស់លោក ហ៊ុន សែន ដោយលោកបាននិយាយថាថ្នាក់ដឹកនាំរបស់គណបក្សភ្លើងទៀនកំពុងរៀបចំយន្តការពិភាក្សាជាមួយគណបក្សប្រជាជនដើម្បីបន្ធូរបន្ថយភាពតានតឹងនេះ។
លោកបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារថា ការបោះឆ្នោតឆ្នាំ២០២៣ជាឱកាសដ៏សំខាន់សម្រាប់កម្ពុជាក្នុងការស្តារមុខមាត់របស់ខ្លួនឡើងវិញ បន្ទាប់ពីតុលាការបានបញ្ជាឱ្យរំលាយគណបក្សប្រឆាំងដ៏ធំគឺគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៧ និងការបោះឆ្នោតជាតិឆ្នាំ២០១៨ ដែលគណបក្សប្រជាជនកម្ពុជាបានឈ្នះផ្តាច់មុខតែម្នាក់ឯង។ លោក សុន ឆ័យ បន្តថាគណបក្សភ្លើងទៀននឹងពិចារណាការធ្វើពហិការចូលរួមការបោះឆ្នោតឆ្នាំ ២០២៣ ប្រសិនបើស្ថានការណ៍នយោបាយមិនប្រសើរឡើង។
លោកបានបញ្ជាក់ថា៖ «យើងនឹងពិចារណាយ៉ាងប្រុងប្រយ័ត្ន ហើយយើងនឹងមិនសម្រេចចិត្តដោយផ្អែកលើអារម្មណ៍នោះទេ។ នោះហើយជាមូលហេតុដែលយើងបន្តការចរចាជាមួយគណបក្សកាន់អំណាចដើម្បីស្វែងរកដំណោះស្រាយ។ ប៉ុន្តែប្រសិនបើវាធ្លាក់ទៅក្នុងស្ថានភាពកាន់តែអាក្រក់ ហើយយើងមិនអាចធ្វើអ្វីបាន នោះត្រូវតែមានការសម្រេចចិត្តឱ្យបានច្បាស់លាស់មួយ»។
ប៉ុន្តែលោក ឆ័យ បដិសេធមិនឆ្លើយទេ ថាតើនេះជាសេនារីយោរបស់គណបក្សប្រជាជន ដែលបានប្រើប្រាស់ចំណាត់ការផ្លូវច្បាប់ក្នុងការបង្រ្កាបបក្សភ្លើងទៀនមុនការបោះឆ្នោតដែរឬយ៉ាងណានោះ។
លោកបានថ្លែងថា៖ «ទុកឱ្យសាធារណជនវិនិច្ឆ័យ ប៉ុន្តែយើងយល់ថាបញ្ហានេះបានធ្វើឱ្យយើងមានការលំបាកក្នុងការធ្វើការងារ ព្រោះថ្នាក់ដឹកនាំបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងគណបក្ស»។
ស្ថាបនិកគណបក្សកំណែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន មានប្រសាសន៍ថា វិធានការផ្លូវច្បាប់ចំពោះមេដឹកនាំគណបក្សភ្លើងទៀននៅមុនការបោះឆ្នោតអាចត្រូវបានគេមើលឃើញថាជាទង្វើនៃការគាបសង្កត់ផ្នែកនយោបាយ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំមានការព្រួយបារម្ភពីដំណើការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហើយនេះជាហេតុផលយោបាយ ដែលវាបានដាក់សម្ពាធលើគណបក្សប្រឆាំង ជាពិសេសគណបក្សភ្លើងទៀន។ វាហាក់ដូចជាគណបក្សកាន់អំណាចកំពុងប្រើវិធានការបែបនេះដើម្បីកាត់បន្ថយឥទ្ធិពលរបស់គូប្រជែង»។
លោក សេង សារី អ្នកស្រាវជ្រាវសង្គម ដែលកំពុងរស់នៅអូស្ត្រាលីបន្ទាប់ពីប្រឈមមុខនឹងការគំរាមកំហែងពីលោក ហ៊ុន សែន កន្លងមក បានឱ្យដឹងថា ចំណាត់ការផ្លូវច្បាប់ប្រឆាំងនឹងមេដឹកនាំគណបក្សភ្លើងទៀននឹងអនុញ្ញាតឱ្យមានការផ្ទេរអំណាចកាន់តែងាយស្រួលសម្រាប់អ្នកដឹកនាំជំនាន់ក្រោយរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសគឺលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងលោកនាយករដ្ឋមន្ត្រី។
កាលពីខែធ្នូ ឆ្នាំ២០២១ គណបក្សប្រជាជនកម្ពុជាបានសម្រេចឱ្យលោក ម៉ាណែត ជាបេក្ខភាពតែមួយគត់ដើម្បីស្នងតំណែងពីឪពុករបស់គាត់ ហើយគាត់ត្រូវបានគេរំពឹងថានឹងមានឈ្មោះក្នុងសន្លឹកឆ្នោតឆ្នាំ 2028 ។
លោក សារី មានប្រសាសន៍ថា៖ «វាគ្រាន់តែជាយុទ្ធសាស្ត្រមួយដើម្បីបោសំអាតសៃហ្វៀននយោបាយជំនាន់ចាស់ ដើម្បីបើកផ្លូវឱ្យអ្នកជំនាន់ក្រោយរបស់គណបក្សប្រជាជនកម្ពុជា ពីព្រោះគាត់ប្រហែលជាដឹងថាកូនប្រុសរបស់គាត់ [ហ៊ុន ម៉ាណែត] នឹងមិនអាចប្រកួតប្រជែងជាមួយអ្នកនយោបាយជំនាន់គាត់បានទេ។ ដូច្នេះអ្វីដែលលោក ហ៊ុន សែន កំពុងធ្វើនៅពេលនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រផ្ទេរអំណាចឱ្យកូនប្រុសរបស់គាត់»។
លោក ប៉ា ចាន់រឿន ប្រធានវិទ្យាស្ថានកម្ពុជាដើម្បីប្រជាធិបតេយ្យបានថ្លែងថា ការចោទប្រកាន់លើមេដឹកនាំគណភ្លើងទៀនគឺជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយយ៉ាងច្បាស់។
លោកថ្លែងថា៖ «ការធ្វើទុក្ខបុកម្នេញនេះនឹងប៉ះពាល់ដល់ដំណើរការបោះឆ្នោតនិងលទ្ធផលបោះឆ្នោត»។ លោកបានបន្ថែមថា គណបក្សភ្លើងទៀនបានលេចចេញជាគណបក្សប្រឆាំងនាំមុខគេ ហើយដូច្នេះជាការគំរាមកំហែងដ៏ធំនៅតែបន្តពីគណបក្សប្រជាជនកម្ពុជា។
លោកបន្តថា នៅពេលដែលដំណើរការលទ្ធិប្រជាធិបតេយ្យធ្លាក់ចុះ ការកើនឡើងនៃអំណាចផ្តាច់ការតែងតែមើលឃើញពីការធ្វើទុក្ខបុកម្នេញមកលើអ្នកនយោបាយប្រឆាំង។ លោកបន្តថា ការប្រើនយោបាយបំផ្លាញ ដើម្បីបើកផ្លូវឱ្យអ្នកជំនាន់ខ្លួន មិនមែនជារបបសេរីពហុបក្សទេ ហើយវានឹងបង្កើតនូវវប្បធម៌ «ទឹកឡើងត្រីស៊ីស្រមោច ទឹកហោច ស្រមោចស៊ីត្រី»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអំពាវនាវដល់អង្គការសង្គមស៊ីវិលចៀសចេញពីភាពលម្អៀង ហើយបន្ថែមថា រដ្ឋាភិបាលនឹងមិនចុះញ៉មនឹងសម្ពាធអន្តរជាតិឡើយ។
លោក ឥសាន មានប្រសាសន៍ថា៖ «មិនថាគណបក្សកាន់អំណាចធ្វើអ្វីតាមផ្លូវច្បាប់ទេ ពួកគេ [អ្នកវិភាគនយោបាយ និងអង្គការសង្គមស៊ីវិល] នឹងនិយាយថាខុសទាំងអស់។ ដូច្នេះវាជារឿងធម្មតាទេ ហើយយើងមិនគួរជឿក្រុមទាំងនោះពេកទេ ព្រោះអ្វីដែលពួកគេកំពុងនិយាយគឺមិនត្រឹមត្រូវ។ យើងគោរពច្បាប់កម្ពុជា មិនមែនច្បាប់បរទេសទេ»។
លោកបានបន្ថែមថា «គ្មានអ្វីដែលត្រូវបារម្ភទេ» ជុំវិញការដាក់ទណ្ឌកម្មបន្ថែមពីសហភាពអឺរ៉ុប ឬសហរដ្ឋអាមេរិក ដូចជាការដកប្រព័ន្ធអនុគ្រោះពន្ធជាដើម។
សហភាពអឺរ៉ុបបានដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធសម្រាប់កម្ពុជាក្នុងការនាំទំនិញចេញទៅទីផ្សារអឺរ៉ុបពោលគឺ២០% ដោយសារការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរ និងជាប្រព័ន្ធទាក់ទងនឹងការរំលោភសិទ្ធិមនុស្សបន្ទាប់ពីការរំលាយគណបក្សសង្រ្គោះជាតិកាលពីឆ្នាំ២០១៧ ។
លោក ហ៊ុន សែន និងមន្ត្រីកំពូលពីររូបរបស់គណបក្សកាន់អំណាច ក៏បានប្តឹងពីករណីបរិហារកេរ្តិ៍ដែលប្រព្រឹត្តដោយលោក សម រង្ស៊ី សហស្ថាបនិកគណបក្សសង្គ្រោះជាតិ ដែលឈានដល់ការរឹបអូសផ្ទះលោក សម រង្ស៊ី ដែលជាការរឹបអូសពីរដងព្រោះផ្ទះនោះក៏ជាទីស្នាក់ការរបស់គណបក្សសង្គ្រោះជាតិផងដែរ។ ផ្ទះនេះត្រូវបានគណបក្សប្រជាជនកម្ពុជាលក់ក្នុងតម្លៃ១,៦លានដុល្លារដើម្បីសងការខូចខាតដែលតុលាការបានផ្តល់ជូន។
លោក កន សាវាង្ស អ្នកសម្របសម្រួលនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា បានថ្លែងថា សកម្មភាពរបស់ប្រព័ន្ធតុលាការនឹងរារាំងមិនឱ្យមានទីលានប្រកួតស្មើគ្នាសម្រាប់គណបក្សនយោបាយទាំងអស់ក្នុងការបោះឆ្នោតនោះឡើយ។
លោកថ្លែងាថា៖ «ខ្ញុំមិនជំទាស់នឹងការអនុវត្តច្បាប់នេះទេ ប៉ុន្តែយើងឃើញថា វិធានការកំពុងត្រូវបានអនុវត្តនៅក្នុងដំណើរការបោះឆ្នោត ជាពិសេសទៅលើមេដឹកនាំ និងសកម្មជននយោបាយ ជាក្តីកង្វល់មួយ។ ដំណើរការបោះឆ្នោតដែលប្រព្រឹត្តទៅដោយមានការគំរាមកំហែង និងការភ័យខ្លាច មិនឆ្លុះបញ្ចាំងពីការចូលរួមដោយយុត្តិធម៌ទេ»៕
រាយការណ៍បន្ថែមដោយ ផុន សុទ្ធីរ័ត្ន
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Candlelight Leaders Decry Persecution as Hun Sen Threatens Another Lawsuit