អាជ្ញាធរសវនកម្មជាតិ (NAA) នឹងធ្វើសវនកម្ម លើអង្គការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស ហៅកាត់ សង់ត្រាល់ (CENTRAL) នៅថ្ងៃទី ១៥ ខែកក្កដាខាងមុខនេះ បន្ទាប់ពីមានការស្នើសុំរបស់ក្រសួងមហាផ្ទៃនៅថ្ងៃទី២៨ ខែមិថុនា កន្លងទៅ។
អាជ្ញាធរសវនកម្ម បានថ្លែងនៅក្នុងលិខិតរបស់ខ្លួនកាលពីថ្ងៃទី៥ ខែកក្កដាថា ពួកគេនឹងធ្វើការប្រមូលព័ត៌មានដើម្បីរៀបចំផែនការសវនកម្ម និងធ្វើសវនកម្មលើការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ របស់អង្គការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស សម្រាប់ឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៤ ។ សវនកម្មនេះ គឺស្របតាមស្តង់ដារសវនកម្មសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា និងស្តង់ដារសវនកម្មទូទៅ។
សវនកម្មនេះ ត្រូវបានធ្វើឡើងតាមសំណើរបស់ក្រសួងមហាផ្ទៃ បន្ទាប់ពីបានជូនដំណឹងដល់ អង្គការសង់ត្រាល់ ដើម្បីផ្តល់ព័ត៌មានអំពីគណនីធនាគារទាំងអស់របស់ពួកគេក្នុងរយៈពេល ៣០ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែមិថុនា មក។
ក្រសួងមហាផ្ទៃ អះអាងថាសេចក្តីជូនដំណឹងនេះ ធ្វើឡើងដោយសារពួកគេបានទទួលពាក្យបណ្តឹងចោទប្រកាន់ពីសំណាក់សហជីពនិងសហព័ន្ធនានា ទាក់ទងនឹងរបាយការណ៍របស់អង្គការសង់ត្រាល់ ដោយមានចំណងជើងថា «ឧបសគ្គរារាំងភាពជាតំណាង៖ សេរីភាពសហជីពក្នុងប្រទេសកម្ពុជា» ដែលត្រូវបានរិះគន់ថាមានភាពលម្អៀង និងអយុត្តិធម៌។
ពាក្យបណ្តឹងនោះបានសង្កត់ធ្ងន់ថា៖ «ការវាយតម្លៃទាបអំពីស្ថានភាពទាំងមូល (ដោយ សង់ត្រាល់) មិនបានឆ្លុះបញ្ចាំងពីការពិតនៃសេរីភាពសហជីពនៅកម្ពុជាទេ»។ របាយការណ៍នេះក៏បានចោទថា «បង្ខូចកិត្តិយសជាតិ» «ប៉ះពាល់ដល់ស្ថិរភាពការងារ» និងផលប្រយោជន៍រួមរបស់កម្មករនៅកម្ពុជា។
មន្ត្រីសម្របសម្រួលកម្មវីធីនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក ឃុន ថារ៉ូ បញ្ជាក់ថា បានទទួលលិខិតពីអាជ្ញាធរសវនកម្មជាតិ ហើយកំពុងសិក្សាតាមផ្លូវច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនានាដែលមានចែងនៅទីនោះ។
លោក ថារ៉ូ មានប្រសាសន៍ថា៖ «សង់ត្រាល់ នឹងធ្វើការទំនាក់ទំនងតាមបែបបទរដ្ឋបាល និងក្របខណ្ឌបច្ចេកទេស ដើម្បីចូលរួមកិច្ចសហការជាមួយស្ថាប័នមានសមត្ថកិច្ច ដោយផ្អែកលើគោលការណ៍វិជ្ជាជីវៈ និងក្នុងស្មារតីទទួលខុសត្រូវខ្ពស់»។
លោក ថារ៉ូ មិនបានឆ្លើយតបនឹងសំណួរបន្ថែមថាតើពួកគេបានបញ្ជូនរបាយការណ៍ព័ត៌មានធនាគារដែលស្នើដោយក្រសួងឬយ៉ាងណានោះទេ។ ខណៈនាយកប្រតិបត្តិអង្គការនេះ លោក មឿន តុលា ក៏មិនលើកទូរសព្ទ ឬឆ្លើយតបនឹងសំណួរតាមរយៈតេឡេក្រាមនោះដែរ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានប្រាប់ ខេមបូចា ថា ក្រសួងពិតជាបានស្នើសុំ អាជ្ញាធរសវនកម្មជាតិ ដើម្បីធ្វើសវនកម្មលើ អង្គការសង់ត្រាល់ ជាលើកដំបូងដោយផ្អែកលើច្បាប់ស្តីពីអង្គការមិនមែនរដ្ឋាភិបាល និងច្បាប់ស្តីពីសវនកម្មជាតិ។
លោកទូច សុឃៈមានប្រសាសន៍ថា៖ «យើងក៏ផ្អែកទៅលើបណ្តឹងរបស់ខាងសមាគម ឬក៏ខាងសហជីពដែលស្នើឱ្យក្រសួងមហាផ្ទៃពិនិត្យមើលអំពីសកម្មភាព ពិនិត្យមើលអំពីសាច់ប្រាក់ ពីអង្គការសង់ត្រាល់ដែរ»។ ដោយលោកបានបន្ថែមថា ពេលនិយាយដល់បញ្ហាយុត្តិធម៌ អ្វីៗត្រូវតែធ្វើទៅតាមច្បាប់។
កាលពីខែមុន អង្គការសង់ត្រាល់ បានចេញសេចក្តីថ្លែងការណ៍ស្រាយបំភ្លឺ អំពីរបាយការណ៍របស់ពួកគេ ដោយថ្លែងថា របាយការណ៍របស់ខ្លួនមានបំណងរំលេចឡើងនូវការវាយតម្លៃរបស់គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC) ដែលថា សេរីភាពសហជីពអាចបង្កើតឱ្យមានបរិយាកាសសម្រាប់សហជីពកម្ពុជាទាំងអស់អាចប្រតិបត្តិការកាន់តែមានសុវត្ថិភាពនិងប្រកបដោយការគោរព។
សេចក្តីស្រាយបំភ្លឺនេះ បានធ្វើឡើងបន្ទាប់ពី សមាជិករបស់សហព័ន្ធសហជីព និងសហជីពរាប់សិបនាក់បានតវ៉ាប្រឆាំងនឹងរបាយការណ៍របស់ខ្លួនដែលចោទថាមិនបានឆ្លុះបញ្ចាំងពីស្ថានភាពនៃសេរីភាពសហជីព និងការជួបជុំនៅកម្ពុជា។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា ចាត់ទុកសវនកម្មនេះថាជារឿងមិនប្រក្រតី ដោយសារសវនកររដ្ឋាភិបាលជាទូទៅមិនធ្វើសវនកម្មលើអង្គការសង្គមស៊ីវិលនោះទេ។ ដោយលោកមានការងឿងឆ្ងល់ថា ប្រហែលជាមានបញ្ហាអ្វីមួយនៅពីក្រោយហើយទើបត្រូវធ្វើសវនកម្មបែបនេះ។
ជាក់ស្តែង អង្គការអាដហុករបស់លោក «មិនដែលតម្រូវឱ្យធ្វើសវនកម្មនោះទេ»។
លោក សុខា មានប្រសាសន៍ថា៖ «សង្គមស៊ីវិលមួយ ទៅប្តឹងសង្គមស៊ីវិលមួយទៀត ហើយបើក្រសួងមហាផ្ទៃ យកការប្តឹងរបស់សង្គមស៊ីវិលមួយទៅធ្វើចំណាត់ការ នោះវាបង្ហាញឱ្យឃើញថាសង្គមស៊ីវិលទៅថ្ងៃអនាគត់កំពុងតែជួបប្រទះនូវហានិភ័យ»។
ទោះបីជាលោកបានយល់ស្របថា វាជាសិទ្ធិរបស់សហជីព ឬអង្គការក្រៅរដ្ឋាភិបាលក្នុងការមិនពេញចិត្តនឹងរបាយការណ៍របស់ អង្គការសង់ត្រាល់ ក៏ដោយ ពួកគេគួរតែសិក្សារបាយការណ៍របស់ខ្លួនជាមុនសិន ហើយប្រៀបធៀបវាជាមួយនឹងរបាយការណ៍ចុងក្រោយរបស់អង្គការសង់ត្រាល់។ លោកក៏បានស្នើឲ្យសង្គមស៊ីវិលបញ្ឈប់ការប្រើប្រាស់ផ្លូវច្បាប់ដើម្បីប្តឹងផ្តល់គ្នាទៅវិញទៅមក៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ CENTRAL To Be Audited on July 15, National Audit Authority Collects Bank Information