សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ក្មេងៗជាកូនពលករខ្មែរធ្វើការនៅថៃមិនបានរៀនសូត្រ ខណៈ​ឳពុក​ម្តាយបារម្ភពីអនាគតពួកគេ

ក្មេងៗដែលជាកូនពលករខ្មែរនៅក្នុងតំបន់ណងខាម ស្រុកស៊ីរ៉ាឆា ខេត្តឈុនបុរី ប្រទេសថៃ កំពុងលេងជាមួយគ្នានៅមុខបន្ទប់ជួលរបស់ពួកគេ ខណៈឪពុកម្តាយរបស់ពួកគេទៅធ្វើការ។ រូបថតនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។ ខេមបូចា/ បញ្ញា ឆព័ណ្ណ
ក្មេងៗដែលជាកូនពលករខ្មែរនៅក្នុងតំបន់ណងខាម ស្រុកស៊ីរ៉ាឆា ខេត្តឈុនបុរី ប្រទេសថៃ កំពុងលេងជាមួយគ្នានៅមុខបន្ទប់ជួលរបស់ពួកគេ ខណៈឪពុកម្តាយរបស់ពួកគេទៅធ្វើការ។ រូបថតនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

ពលករខ្មែរជាឪពុកម្តាយដែលកំពុងធ្វើការងារនៅក្នុងប្រទេសថៃថ្លែងថា ពួកគាត់មានការ​ព្រួយ​បារម្ភពីអនាគតកូនៗ ដែលមិនបានចូលសាលារៀនសូត្រ ដូច្នេះជីវិតពួកគេនឹង​ជួបការលំបាក​ខ្លាំង​ទាំងស្វែងរកការងារធ្វើ និងមិនមានសមត្ថភាពដោះស្រាយបញ្ហាផ្សេងៗក្នុងជីវិត។​

លោក ហាក់ ស្លូ អាយុ៣៨ឆ្នាំ កំពុងធ្វើការងារសំណង់នៅខេត្តសាមុតសាខននៅ​ក្នុងប្រទេស​ប្រទេស​ថៃ ហើយកូនរបស់លោក​៣នាក់​​ក៏ទៅជាមួយដែរគឺកូនទី១អាយុ១២ឆ្នាំ​កូនទី២​អាយុ​៨ឆ្នាំ និងទី៣អាយុ៤ឆ្នាំ។  លោកឱ្យដឹងថា មូលហេតុដែលយកកូនទាំង​៣នាក់​ឱ្យ​នៅ​ជាមួយ​ក្នុងប្រទេសថៃនេះដោយសារតែនៅផ្ទះរបស់លោកនៅខេត្តបន្ទាយមានជ័យមិនមានអ្នកជួយមើលថែ។​

លោក ហាក់ ស្លូ ឱ្យដឹងថា៖ «កូន៣នាក់អត់បានចូលរៀនទេ។ និយាយទៅនៅផ្ទះអត់មាន​អ្នកមើល​ក៏យកមកថៃ ហើយយកមកថៃអត់បានចូលរៀនផង»។

លោក ហាក់ ស្លូ បន្តថា លោកបារម្ភពីអនាគតកូនៗរបស់លោកដែលអាចជួបការ​លំបាក​ដូច​រូបលោកឬលំបាកខ្លាំងជាងរូបលោកនៅថ្ងៃអនាគត  ប៉ុន្តែនៅចំពោះមុខលោកត្រូវធ្វើការងារ​ដើម្បីដោះបំណុលសិន ចាំគិតរកមធ្យោបាយឱ្យកូនរៀន។​

ពលករខ្មែរនៅថៃម្នាក់ទៀត អ្នកស្រី ប៉ែន ឡី អាយុ៤៣ឱ្យដឹងថា រូបគាត់មានស្រុកកំណើតនៅ​ខេត្តសៀមរាប ហើយបានទៅធ្វើការងារ​នៅក្នុងប្រទេសថៃ​ជាង២០ឆ្នាំហើយគឺពេល​មុនទៅ​ធ្វើ​ការងារនៅថៃហើយវិលមកស្រុកវិញញឹកញាប់ ប៉ុន្តែរយៈពេលប្រមាណ​១០ឆ្នាំចុងក្រោយនេះ​រូបគាត់មិនបានវិលមកស្រុកកំណើតទេ។​

អ្នកស្រីមានកូន៣នាក់គឺកូនទី១ អាយុ២៣ឆ្នាំ ទី២ អាយុ១៥ឆ្នាំ និងទី៣ អាយុ១១ឆ្នាំ។ អ្នកស្រី​ឱ្យដឹងទៀតថា កូនទាំង៣នេះ​មិនបានចូលសាលារៀនទេ ដោយសារគាត់យកពួកគេតាមខ្លួន​ហើយឆ្លងដែនរកការងារធ្វើនៅប្រទេសថៃញឹកញាប់។ បើទោះជារាល់ថ្ងៃបាន​លុយ​ពីការ​ស៊ី​ឈ្នួល​ដកដំឡូងបានលុយតិចតួចនៅក្នុងខេត្តរ៉ាកយ៉ងប្រទេសថៃ ដើម្បីចិញ្ចឹមជីវិត​ក៏ដោយ​ក៏​អ្នកស្រីចង់ឱ្យកូនបានរៀនសូត្រខ្លះទាំងរៀនជំនាញ និងចំណេះដឹងទូទៅ។​

អ្នកស្រី ប៉ែន ឡី លើកឡើងថា៖ «ស្នើសុំឱ្យស្ថានទូត និងអង្គការទាំងអស់ជួយកូនចៅទៅ​ណា​មួយមិនរួចឱ្យជួយកូនចៅឱ្យបានចូលរៀន។ ខ្ញុំចង់ឱ្យកូនរៀនដែរ សុទ្ធតែខ្វះខាតណាស់​បង​អើយ»។

ពលករម្នាក់ទៀត អ្នកស្រី អ៊ុង សារី អាយុ៣៩ឆ្នាំ មានកូន២នាក់នៅជាមួយកំពុងធ្វើការ​រោងចក្រ​នៅក្នុងខេត្តឈុនបុរី។ អ្នកស្រីថ្លែងថា រូបគាត់ចង់ឱ្យកូនបានរៀនសូត្រចេះដឹង ហើយ​ក៏​ធ្លាប់នាំកូនចុះឈ្មោះចូលរៀននៅសាលារៀនរបស់ថៃដែរ ប៉ុន្តែខាងថៃថា ខ្វះឯកសារ​ទើបគេ​មិនទទួល។​​

អ្នកស្រី អ៊ុង សារី បញ្ជាក់ថា៖ «ខ្ញុំធ្លាប់ដាក់បញ្ជូលដែរតែគេថា កូនខ្មែរអត់អាចចូលរៀនបានទេ គេអត់ទទួលដោយសារខ្វះឯកសារអត់គ្រប់គ្រាន់។​ ចឹងឱ្យវានៅផ្ទះ[អ៊ី]ចឹងទៅ»។​

អ្នកស្រីឱ្យដឹងទៀតថា កូនទាំង២របស់គាត់គឺកូនទី១អាយុ១១ឆ្នាំ និងកូនទី២អាយុ៩ឆ្នាំ។  អ្នកស្រី​ឱ្យដឹងទៀតថា រូបគាត់មិនបានរៀនសូត្រហើយបច្ចុប្បន្នជួបការលំបាក ធ្វើឱ្យ​គាត់​បារម្ភ​កូនជួបការលំបាកដូចរូបគាត់ដែរ។​

អ្នកស្រី អ៊ុង សារី បន្តថា៖«ធម្មតាអារម្មណ៍ម៉ែឪពិបាកចិត្តដូចតែគ្នា ព្រោះខ្ញុំធ្លាប់ល្ងិតល្ងង់​ខ្ញុំមិន​បានរៀនសូត្រចឹង។ ខ្ញុំពិបាកខ្ញុំចង់ដឹងរឿងអីមួយក៏ខ្ញុំមិនដឹង។ ខ្ញុំមិនដឹងធ្វើម៉េចនៅស្រុក​គេ​ចេះ​តែតាមគេចឹងទៅ។ ចង់ឱ្យកូនរៀនចេះដឹងនឹងគេដែរតែមិនដឹងធ្វើម៉េចបើវាទាល់»។​

​អ្នកស្រីឱ្យដឹងថា រូបគាត់រួមទាំងប្តី និងកូន២នាក់ទៀតរស់នៅក្នុងប្រទេសថៃ៦ឆ្នាំហើយ។ អ្នក​ស្រីឱ្យដឹងថា រូបគាត់មិនទាន់មានគម្រោង​ត្រលប់ចូលស្រុកកំណើតទេ​ដោយសារ​រក​លុយ​មិន​បាន។​

ប្រធាន​កម្មវិធី​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ទេសន្តរប្រវេសន៍ នៃ​អង្គការ​សង់ត្រាល់ លោក ឌីថេ ហូយ៉ា ថ្លែងថា ទាំងអង្គការរបស់លោក និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត​មិនបានសិក្សា​ពី​ទិន្នន័យកុមារកម្ពុជារស់នៅជាមួយឪពុកម្តាយនៅក្នុងប្រទេសថៃនោះទេ។ ប៉ុន្តែលោកថា តាម​លោកជួបជាក់ស្តែងកុមារនៅជាមួយឪពុកម្តាយជាពលករនៅថៃស្ទើរទាំងអស់មិនបានចូល​រឿនទេ។​

លោក ឌីថេ អូយ៉ា ថ្លែងថា៖ «បើតាមខ្ញុំជួបគឺ៩៩ភាគរយហើយមិនបានចូលរៀនទេ អ្នក​ចូល​រៀន​បាន​តិចតួចណាស់»។

បើតាមពលរដ្ឋដែលធ្វើការងារនៅកន្លែងជាក់លាក់ឬនៅកន្លែងទីប្រជុំជនហើយមានឯកសារ​គ្រប់គ្រាន់រួមទាំងឯកសារពីខាងកម្ពុជា និងខាងអាជ្ញាធរថៃនោះ កុមារអាចចូលរៀន​សាលាថៃ​បាន ប៉ុន្តែសម្រាប់ពលករដែលផ្លាស់ទីញឹកញាប់ដូចក្រុមអ្នកធ្វើការងារសំណង់ ឬស៊ី​ឈ្នួល​ក្នុង​វិស័យកសិកម្មពិបាកក្នុងការបញ្ជូនកូនទៅសាលារៀន។

​ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធលោក ឌិន ពុទ្ធី សង្កេតឃើញថា ពលរដ្ឋខ្មែរ​ដែល​ចំណាកស្រុកស្វែងរកការងារធ្វើនៅក្នុងប្រទេសថៃតែងតែយកកូនតូចៗទៅជាមួយដោយសារទុកនៅកម្ពុជាមិនមានអ្នកជួយមើលថែ។​ ករណីនេះលោកជំរុញ​ឱ្យស្ថានទូតកម្ពុជា​​ប្រចាំ​នៅ​ប្រទេសថៃបង្កើតក្រុមការងារប្រមូលទិន្នន័យកុមារដែលកំពុងរស់នៅជាមួយឪពុកម្តាយនៅថៃទាំងនោះហើយជួយសម្របសម្រួលឱ្យបានចូលរៀន។​

លោក ឌិន ពុទ្ធី៖«ជួយធ្វើឯកសាររត់ការខ្នះខ្នែង ធ្វើដូចថា យើងជាឪពុកម្តាយរបស់គេ ឪពុក​ម្តាយ​​របស់ក្មេងតែម្តងទៅ ធ្វើការក្នុងនាមតំណាងរដ្ឋាភិបាលជួយ​ឱ្យក្មេង​ទាំងនោះ​រៀន​បាន​គ្រប់គ្នាទៅ»

ខេមបូចាព្យាយាមទាក់ទងទាំងលេខទូរសព្ទ និងសារផ្ញើតាមហ្វេសប៊ុកផេកស្ថានទូតថៃ ដើម្បី​សាកសួររឿងនេះ ប៉ុន្តែមិនទទួលបានការឆ្លើយតបទេ។​

ទីប្រឹក្សាអង្គការហ្វា លោក ម៉ម ឃឿន មានប្រសាសន៍ថា ឯកសារដែលអាជ្ញាធរថៃ​តម្រូវ​ក្នុង​ការ​ចុះឈ្មោះចូលរៀនរួមមាន សំបុត្រកំណើតរបស់កុមារ ឯកសាររបស់​ឪពុកម្តាយ​មាន​លិខិត​ឆ្លងដែន លិខិតអនុញ្ញាតឱ្យធ្វើការ និងឯកសារបញ្ជាក់ពីការកន្លែងការ ឬមាន​ការធានា​ពីថៅកែ​ជាដើម។​

នាយកចាត់ការទូទៅ​នៃអង្គការ​ លីកាដូ​ លោក អំ សំអាត ពន្យល់ថា ការចូលរៀនគឺជាសិទ្ធិ​សកល​មួយ​ដែលកុមារត្រូវទទួលបាន។​ លោកបន្តថា ករណីកុមារមិនបានចូលរៀនប៉ះពាល់​ទាំងសិទ្ធិ​ហើយប៉ះពាល់ទាំងសង្គមនៅថ្ងៃអនាគត។​

លោក អំ សំអាត ថ្លែងថា៖ «បើសិនជាកូន​តាមឪពុកម្តាយទៅធ្វើការងារនៅក្នុងប្រទេសថៃ។​ ហើយគាត់អត់បានចូលរៀនមែនអាហ្នឹងវាប៉ះពាល់ដល់សិទ្ធិរបស់គាត់។​ ប៉ះពាល់សិទ្ធិ​នៃការ​សិក្សា ហើយយើងដឹងហើយថា កុមារជាទំពាំងស្នងឫស្សី។ បើកុមារអត់បានចូលរៀនអត់​បាន​សិក្សាទេ ធ្វើម៉េចក្លាយជាទំពាំងស្នងឫស្សីទៅថ្ងៃក្រោយ?»។​ 

របាយការណ៍របស់អង្គការសង់ត្រាល់ឱ្យដឹងថា ពលករខ្មែរកំពុងតែធ្វើការងារនៅ​ក្នុងប្រទេស​ថៃ​ជាង២លាននាក់ ក្នុងនោះពលករមួយចំនួនរស់នៅដោយខុសច្បាប់ហើយមិនមានការ​យល់​ដឹងពីការរៀបចំឯកសារតាមការតម្រូវរបស់អាជ្ញាធរថៃទេ។ ប៉ុន្តែរបាយការណ៍របស់រដ្ឋាភិបាល​កម្ពុជា​បង្ហាញថា ពលករកម្ពុជាកំពុងធ្វើការនៅក្រៅប្រទេសមានតែជាង១លាន៣សែននាក់​ប៉ុណ្ណោះ​ ក្នុងនោះ​ជាង​​១លាន២សែននាក់​កំពុងធ្វើការងារនៅក្នុងប្រទេសថៃក្នុងវិស័យកសិកម្ម សំណង់ នេសាទ និងជាកម្មករ​រោងចក្រ​នៅក្នុងប្រទេសថៃ។

អ្នកយកព័ត៌មានខេមបូចា បានព្យាយាមទាក់ទងអ្នកនាំពាក្យក្រសួងការបរទេសលោក អាន សុខឿន និងអ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ ប៉ុន្តែអ្នកទាំងពីរមិនឆ្លើយតប​តាម​ទូរសព្ទ តាមបណ្តាញសង្គមWhatApp និងតេឡេក្រាម៕

533 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម