សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ បានទទួលមរណភាព បន្ទាប់ពីលោកចំណាយ​ពេលមួយជីវិតដើម្បីលើកស្ទួយសិល្បៈចាប៉ី

ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃលេងចាប៉ីដងវែងក្នុងកម្មវិធីមួយនៅភ្នំពេញ ក្នុងខែកុម្ភៈ ឆ្នាំ២០២២។ (រូបភាព៖ ហ្វេសប៊ុក លោក គង់ ណៃ)
ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃលេងចាប៉ីដងវែងក្នុងកម្មវិធីមួយនៅភ្នំពេញ ក្នុងខែកុម្ភៈ ឆ្នាំ២០២២។ (រូបភាព៖ ហ្វេសប៊ុក លោក គង់ ណៃ)

ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ដែល​ជាមរតកមនុស្ស​រស់​បានទទួលមរណភាព​​​​កាលពីវេលាម៉ោង ១២:​៤០​នាទី​រសៀល ថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០២៤ ក្នុងជន្មា​យុ៨០ឆ្នាំ ដោយជរាពាធ នា​ស្រុកកំណើត​របស់​លោកក្នុង​ខេត្តកំពត ​ក្រោយពី​លោក​​បាន​ចំណាយពេលពេញមួយ​ជីវិត​​ដើម្បី​លើកស្ទួយសិល្បៈចាប៉ីដងវែង។

​បន្ទាប់​ពីដំណឹង​មរណភាពដ៏ក្រៀមក្រំបំផុតនេះ លោក ហ៊ុន សែន ​ប្រធានព្រឹទ្ធសភា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក ហង់ ជួន​ណារ៉ុន រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ​លោក នេត្រ ភក្រ្តា ព្រមទាំងក្រសួ​ង ​ស្ថាប័ន និង​មជ្ឈដ្ឋាន​សង្គមជាច្រើន​បាន​ចេញសារ​ចូលរួមរំលែក​ទុក្ខ ​ដោយ​បាន​​សម្តែងការ​សោកស្តាយ​ជាទីបំផុត​ចំពោះ​ការបាត់បង់ធនធាន​មនុស្ស​ផ្នែក​សិល្បៈចាប៉ីដងវែងដ៏​មាន​​ទេពកោសល្យ​​​​ឆ្នើម​រូប​នេះ។

លោកព្រឹទ្ធាចារ្យ គង់ ណៃ ត្រូវ​បាន​​សិស្ស​គណរបស់លោក​អធិប្បាយ​ថា ជាមនុស្ស​ដែល​មាន​ឫកពារ​ស្លូតបូត ​និង​តែង​តែញញឹម គឺ​មានជំនាញ​ដេញចាប៉ី និង​ច្រៀងរៀប​រាប់​ដែល​មាន​សំឡេងធ្ងន់​ដោយ​ប្រើវោហាសព្ទ​ចុងជួន​ណែង​ណង​​យ៉ាងចំណាន ខណៈ​ចាប៉ី​ដងវែង​ខ្មែរ ត្រូវ​បាន​ចុះ​​​ជា​សម្បត្តិ​វប្បធម៌​អរូបី​​របស់​អង្គការ​យូណេស្កូ​ ​កាល​​ពី​ឆ្នាំ​២០១៦។

ជីវប្រវត្តិ​សង្ខេបលោកព្រឹទ្ធាចារ្យ គង់ ណៃ

ព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ កើតនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៤៤ នៅភូមិដូង ឃុំស្វាយ​ទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។ ស្ថិតក្នុងវ័យប្រមាណ​ជា​៤ឆ្នាំ កុមារា គង់ ណៃ បាន​ធ្លាក់ខ្លួន​ពិការ​​ភ្នែក​ទាំង​២ បន្ទាប់​ពី​កើត​​ជំងឺ​អុតធំ​។

បើ​ទោះ​បីជាធ្លាក់​ខ្លួន​ពិការក្តីក៏កុមារារូប​នេះ បានចាប់ផ្តើមការសិក្សា​អំពីចាប៉ីដងវែងនៅ​អាយុ១៣ឆ្នាំ ខណៈ​ដែល​ជារឿយៗកុមារា គង់ ណៃ បាន​ប្រឈមមុខនឹងការសើចចំអកពី​សំណាក់មិត្តភក្តិ និងមនុស្សជុំវិញខ្លួន ដោយ​សារ​តែភាព​ពិការ​របស់​ខ្លួន។ កុមារា គង់ ណៃ បានចាប់ផ្តើមរៀនចាប៉ីដងវែង​ជាលើក​ដំបូង​​ពីឪពុកមា​របស់​លោក​ឈ្មោះ​ គង់ ទិត នៅក្នុង​អំឡុង​ឆ្នាំ១៩៥៧។

២ឆ្នាំក្រោយមក គឺនៅក្នុង​ឆ្នាំ១៩៥៩ កុមារា គង់ ណៃ ដែល​នៅពេល​នោះ​មាន​វ័យ​ប្រមាណ​ជា១៥ឆ្នាំ បានចេញសម្តែងជាលើកដំបូងនៅក្នុង​កម្មវិធីបុណ្យប្រចាំភូមិមួយ​នៅ​ក្នុង​ស្រុក​កំណើត​របស់​លោក​ ហើយចាប់តាំងពីពេលនោះមក លោកក៏​បាន​ក្លាយជាអ្នកចម្រៀង​ចាប៉ីប្រចាំ​ភូមិ។

នៅពេល​នោះ​យុវជន ​គង់ ណៃ បានចាប់ផ្តើមធ្វើ​ជាអ្នក​ចម្រៀង​ចាប៉ី  ហើយបាន​កសាង​កេរ្តិ៍ឈ្មោះល្បីសុសសាយយ៉ាងឆាប់រហ័ស ហើយ​មិនយូរប៉ុន្មាន​យុវជន​រូប​នេះ​ក៏បានទទួល​រហសនាមថា «សង្ហា» ណៃ។

យុវជន គង់ ណៃ បានរៀបអាពាហ៍ពិពាហ៍ក្នុង​វ័យ​១៨​ឆ្នាំ ជាមួយអ្នកស្រីតាត ឆេន ដែល​កាលនោះមានអាយុ២០ឆ្នាំ ដែល​ជាអ្នកស្រុកកំពង់ត្រាច ​ជាមួយ​គ្នា​។ អ្នក​ទាំង​២​​​ទទួល​បាន​ចំណង​ដៃ​កូន១០នាក់(ប្រុស៦នាក់) នៅ​ក្នុង​អំឡុងឆ្នាំ១៩៧៥បុរស​ពិការភ្នែក​ទាំង​គូ​រូប​នេះ ត្រូវបាន​អង្គការខ្មែរក្រហម ចាត់តាំង​ឱ្យច្រៀងឃោសនាពីរបបកម្ពុជាប្រជាធិបតេយ្យ។

បើ​យោង​តាម​ឯកសារ​នានា​លោក គង់ ណៃ ​បានរួចរស់ជីវិតដោយប្រផុតប្រផើយ ពីរបបវាល​ពិឃាដខ្មែរក្រហម។ ក្នុង​ឆ្នាំ១៩៧៩ លោកបានបន្ត​រស់នៅក្នុង​ស្រុកកំណើតធ្វើស្រែចំការ និង​ចាប់អាជីពជាសិល្បករចាប៉ីដងវែង​ឡើងវិញ។

លោកក៏​ទទួលបានភាពជោគជ័យជាបន្តបន្ទាប់លើ​វិស័យសិល្បៈ​ចាប៉ីដង​វែង។​ នៅឆ្នាំ ១៩៨២ លោកទទួលបានជយលាភីលេខ១ ផ្នែកចម្រៀងចាប៉ីប្រចាំខេត្តកំពត​។ ក្នុង​ឆ្នាំ១៩៩១ លោកបានប្រឡងជាប់ជយលាភីលេខ១ ផ្នែកចម្រៀងចាប៉ីដងវែង​ទូទាំង​ប្រទេសនៅរាជធានីភ្នំពេញ​។

ឆ្នាំ២០០១ លោកទទួលបានវិញ្ញាបនបត្រព្រឹទ្ធាចារ្យវប្បធម៌សិល្បៈខ្មែរ ពី​រាជបណ្ឌិត្យ​សភាកម្ពុជា និងគ្រឿងឥស្សរិយយសថ្នាក់មុនីសារាភ័ណ្ឌពីរដ្ឋាភិបាល។ ក្នុង​ឆ្នាំ២០០២ លោកទទួលបានវិញ្ញាបនបត្រកិត្តិយសវីរៈសិល្បៈពីក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ។

លោក គង់ ណៃ ជាសិល្បករចាប៉ីដងវែងនៅនាយកដ្ឋានសិល្បៈ​ទស្សនីយ​ភាព​នៃ​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយក្នុងឆ្នាំ២០២៣ លោកព្រឹទ្ធាចារ្យក៏ធ្វើជាគ្រូបង្រៀនចាប៉ីដងវែងដល់សិស្សជាច្រើនជំនាន់នៅអង្គការខ្មែរអមតៈ រហូតដល់ឆ្នាំ២០០៧លោកបានចូលនិវត្តន៍។

ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ និងសិស្សគណរបស់លោក ដែលថតក្នុងខែវិច្ឆិកា ឆ្នាំ២០១៩។ (រូបភាព៖ ពេជ សារ៉ាត)

យោង​តាម​ការ​ចុះផ្សាយ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​ព្រះបរមរាជវាំង-Royal Palace បាន​​ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ២០០៧ លោក គង់ ណៃ ​បាន​ទទួលគ្រឿងឥស្សរិយយ​សម្ដែងទៀត​ពីរដ្ឋា​ភិបាល និងឆ្នាំ២០១២ ត្រូវបាន​ព្រះមហាក្សត្រចេញ​ព្រះរាជក្រឹត្យ​ផ្ដល់គោរមងារថ្នាក់​ជាតិ​ជាមត៌កមនុស្សរស់ដែលមាននាមថា «កោសល្យវោហារ គង់ ណៃ»

ដោយសារមានស្នាដៃលេចធ្លោ ក្នុងការថែរក្សាវប្បធម៌​ខ្មែរ​នៅក្នុង​ឆ្នាំ២០១៧ លោក គង់ ណៃ​ ទទួលបានពានរង្វាន់សិល្បៈ និងវប្បធម៌ ហ្វូគុ​អុកា (Fukuoka Prize) ជាពានរង្វាន់​ដែលបានបង្កើតឡើងចាប់តាំងពីឆ្នាំ១៩៩០ នៅទីក្រុង​ហ្វូគុអុកា ប្រទេសជប៉ុន សម្រាប់ផ្តល់​ជូនបុគ្គលដែលមានស្នាដៃឆ្នើមក្នុងតំបន់អាស៊ី ពាក់ព័ន្ធ​ផ្នែកអប់រំ សិល្បៈ និងវប្បធម៌។

សូមបញ្ជាក់​ថា លោក​ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង គង់ ណៃ គឺ​ជា​បុគ្គល​ទី​៣​ ហើយ​​ដែល​បាន​ទទួល​​ពាន​រង្វាន់​ហ្វូគុ​អុកា នេះ បន្ទាប់​ពី​លោក ឆេង ផុន ជា​​អ្នក​និពន្ធ​រឿង​ល្ខោន​ដែល​ទទួល​ក្នុង​ឆ្នាំ​១៩៩៧ និងលោក អាំង​ ជូលាន ជា​អ្នក​ស្រាវជ្រាវ​​ខេមរ​​សិក្សា​​បាន​ទទួល​នៅ​ក្នុង​ឆ្នាំ ​២០១១​​ សម្រាប់​ជន​ជាតិ​ខ្មែរ។

ព្រឹទ្ធាចារ្យ គង់ ណៃ ជាសិល្បករប្រពៃណីបុរាណដ៏អស្ចារ្យម្នាក់​ក្នុង​ចំណោមសិល្បករខ្មែរ ដែលត្រូវបានគេស្គាល់ច្បាស់ និងល្បីល្បាញបំផុតនៅកម្ពុជា និង​លើឆាកអន្តរជាតិ។

ថ្នាក់ដឹកនាំ​សិស្សគណ ​និងមជ្ឈដ្ឋានសង្គមនានាចូលរួមសម្តែងមរណទុក្ខ

​បន្ទាប់​ពី​មរណភាព​នេះ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាន​បង្ហោះ​សារ ​និង​ចេញលិខិត​ចូលរួមរំលែក​ទុក្ខយ៉ាងក្រៀមក្រំ​បំផុត ចំពោះក្រុមគ្រួសារ លោកព្រឹទ្ធាចារ្យ​កោសល្យវោហារ គង់ ណៃ មត៌កមនុស្សរស់ចាប៉ី​ដងវែង ដែលបានទទួល​មរណភាព​ដោយរោគាពាធ ក្នុងជន្មាយុ៨០ឆ្នាំ ​។​

លោក ​ហ៊ុន ម៉ាណែត ​ថ្លែង​ថា៖ «មរណភាពរបស់លោកព្រឹទ្ធាចារ្យ គង់ ណៃ គឺជា​ការ​​បាត់បង់នូវមត៌កមនុស្សរស់នៃសិល្បៈចាប៉ី​ដងវែង ដែលជាមត៌កសិល្បៈដូនតាខ្មែរ​បន្សល់​ទុក​យូរលង់រៀងមក ជាពិសេស ក្រោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ដ៏​ឃោរឃៅ លោក​ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ បានខិតខំប្រឹងប្រែង​អស់កម្លាំង​កាយ​ចិត្ត ថែ​រក្សា ការពារ ផ្ទេរបន្ដនូវចំណេះដឹង និងបន្សល់សា្នដៃទុកសម្រាប់​កុលបុត្រ​កុល​ធីតាខ្មែរ​​ជំនាន់ក្រោយ»

លោក ពេជ សារ៉ាត ប្រធាន​ក្រុម​សហគមន៍​ចាប៉ី​​​អមតៈ និង​ជាគ្រូ​បង្រៀន​ផ្នែក​សិល្បៈ​នៅ​​វិទ្យាល័យ​ជាស៊ីម​ឈូកវ៉ា​ ក្នុងនាមជាសិស្ស​គណមួយរូប​បាន​សម្តែង​ការតក់ស្លុត ​និង​រំជួលចិត្ត​ជាពន់ពេកស្តាយ​ស្រណោះ​អាឡោះ​អាល័យ​ដែល​លោកព្រឹទ្ធាចារ្យ ​គង់ ណៃ បានលាចាក​ពីភរិយា ​ពីកូន​ពីចៅ ​ក៏ដូចជាឃ្លាតចាក​ឆ្ងាយ​ជារៀង​រហូត​ពីប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ប្រទេស ​និង​​ក្រៅ​ប្រទេសដែល​លោកជា«បិតា​សិល្បៈ​ចាប៉ីដងវែងមួយ​រូប​នៃព្រះរាជាណាចក្រកម្ពុជា»។

លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួង​អប់រំ បាន​ចាត់​ទុកមរណភាពរបស់ព្រឹទ្ធាចារ្យ​កោសល្យ​វោហារ គង់ ណៃ ថា​ជាការបាត់បង់ធនធានមនុស្សដ៏សំខាន់បំផុត ផ្នែកចាប៉ីដង​វែង​ដ៏កម្រ​ប្រកបដោយសមត្ថភាព ទេពកោសល្យ ដែលធ្លាប់បានចូលរួមយ៉ាងសកម្ម​ក្នុងការ​លើកកម្ពស់វិស័យសិល្បៈវប្បធម៌ជាតិ ទាំងនៅឆាកជាតិ និងតំបន់ ក៏ដូចជាការលើកកម្ពស់​កិត្យានុភាព​ជាតិនៅលើឆាកអន្តជាតិផងដែរ។

លោក​រដ្ឋមន្ត្រី​អប់រំ​បាន​ថ្លែងថា៖ «ក្នុងឱកាសដ៏សែនវិយោគរកទីបំផុតគ្មាននេះ យើងខ្ញុំទាំង​អស់គ្នា សូមសម្តែងនូវសមានទុក្ខ អាឡោះអាល័យ និងក្តីសង្វេគជាពន្លឹកជាមួយក្រុម​គ្រួសារនៃសពរបស់លោកតាព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ»។ លោកបន្តថា៖ «មរណភាពរបស់​លោកតាព្រឹទ្ធាចារ្យ គឺជាការបាត់បង់នូវស្វាមី ឪពុក ជីតា ជាទីគោរពស្រឡាញ់ ប្រកប​ដោយ​ព្រហ្មវិហារធម៌ និងគុណូបការៈចំពោះកូនចៅគ្រប់ៗគ្នា»

​ជាមួយគ្នា​នេះ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ លោកស្រី ភឿង សកុណា ​បាន​ចេញ​លិខិត​ចូល​រួម​រំលែកទុក្ខជូនអ្នក​ស្រី តាក់ ឆេន​ និងក្រុមគ្រួសារដោយ​បាន​សម្តែង​នូវក្តីរន្ធត់​​ក្តុក​​ក្តួល​​ចំពោះ​មរណភាព​របស់​លោក គង់ ណៃ។

ក្នុងលិខិត​រំលែកទុក្ខ​ចុះថ្ងៃទី២៨ ​ខែមិថុនា តាងនាម​ថ្នាក់​ដឹកនាំ និងមន្ត្រីរាជការ​ក្រសួង​​វប្ប​ធម៌​ និងវិចិត្រសិល្បៈ និង​ក្នុង​នាមលោកស្រីផ្ទាល់​បាន​បញ្ជាក់ថា៖ «ក្នុង​ឱកាស​វិយោគ​រកទីបំផុតគ្មាន​នេះយើង​ខ្ញុំទាំង​អស់គ្នា​សូមសម្តែង​នូវសមានទុក្ខអាឡោះអាល័យ ​និងក្តី​សង្វេគ​ជាពន្លឹក​ជាមួយលោកយាយ​ព្រមទាំងក្រុមគ្រួសារ​ចំពោះមរណភាពរបស់​ព្រឹទ្ធាចារ្យ​កោសល្យ​វោហារ គង់ ណៃ គឺ​ជាកា​រ​បាត់​បង់ស្វាមី ឪពុក​ជីតាជាទីគោរព​ស្រលាញ់​ប្រកប​ដោយ​ព្រហ្មវិហារធម៌»។

សមាគមសិល្បករខ្មែរក៏បាន​សម្តែង​សេចក្តីរន្ធត់ក្ដុកក្ដួល និងសោកស្ដាយជាទីបំផុត​​ចំពោះ​មរណភាពរបស់លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ផងដែរ។

ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ និងសិស្សគណរបស់លោក ដែលថតនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧។ (រូបភាព៖ ពេជ សារ៉ាត)

សមាគមសិល្បករខ្មែរបាន​លើកឡើង​ថា ​មរណភាពរបស់លោកតាព្រឹទ្ធាចារ្យ មិនត្រឹមតែ​ជាការ​បាត់បង់នូវស្វាមី ឪពុក ជីតា ជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ និង​គុណូបការ:ចំពោះកូនចៅគ្រប់ៗគ្នាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបាត់បង់ធនធាន​មនុស្សផ្នែក​ចាប៉ី​​ដងវែងដ៏កម្រ ប្រកបដោយសមត្ថភាព ទេពកោសល្យ ដែលធ្លាប់បានចូល​រួមយ៉ាង​សកម្មក្នុងការលើកកម្ពស់វិស័យសិល្បៈវប្បធម៌ជាតិទាំងនៅឆាកជាតិ និងតំបន់ ក៏ដូចជា​ការលើកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តជាតិផងដែរ។

លោក ​ពេជ សារ៉ាត បាន​ឱ្យដឹង​ថា លោកជាសិស្ស​ម្នាក់​ក្នុង​ចំណោមសិស្ស​៤នាក់​​(ស្រី២​នាក់)ដែល​ធ្លាប់​រៀនចាប៉ី​​ជាមួយព្រឹទ្ធាចារ្យ​កោសល្យវោហារ គង់ ណៃ​ ​នៅអង្គការ​សិល្បៈ​ខ្មែរអមតៈនៅអតីតប៊ូឌិញ​តំបន់ដីក្រហម​ក្នុង​សង្កាត់​ទន្លេបាសាក់​រាជធានីភ្នំពេញ ពីឆ្នាំ២០០៣​​ដល់ឆ្នាំ២០៨។

លោក​បាន​រំឭកថា៖ «លោកព្រឹទ្ធាចារ្យគង់ ណៃ ជាបុគ្គលមួយ​រូប​ដែល​បាន​ចែករំលែក​សម្រាប់​​សិស្ស និយាយ​រួមទៅ​ដូចពួកខ្ញុំដែល​បាន​រៀនកាលពីឆ្នាំ២០០៣ គឺ​អត់មាន​ដុង​អត់​មាន​ធនធាន​ធម្មជាតិជាអ្នកចាប៉ីទេ ប៉ុន្តែលោកអត់ធ្មត់​បាន​ចែក​រំលែកនូវ​ចំណេះ​ជំនាញ​ចាប៉ីដងវែង​នេះ រហូតមកដល់ខ្ញុំបានចេះ»។

​លោកព្រឹទ្ធាចារ្យ គង់ ណៃ ​បាន​ប្រគល់តួនាទីភារកិច្ច​ក្នុង​ការ​អប់រំបណ្តុះបណ្តាល​សិល្បៈ​ចាប៉ី​បន្តពីលោកដល់​លោក ពេជ សារ៉ាត ​ចាប់​តាំង​ពីលោក​ចូលនិវត្តន៍នៅឆ្នាំ​២០១៣។

លោក ពេជ សារ៉ាត បាន​ថ្លែង​​​ថា លោកព្រឹទ្ធា​ចារ្យ​ គង់ ណៃ​បាន​ផ្តល់​ការ​អប់រំយ៉ាងពិសេស​ដល់​សិស្ស​គណក៏ដូចជារូបលោកក្នុង​អំឡុង​ពេល​​ផ្តល់​ការ​បណ្តុះបណ្តាល​សិល្បៈ​ចាប៉ី​ពីឆ្នាំ​២០០៣​ដល់​ឆ្នាំ២០០៨ដោយ​លោក​តែង​តែ​ញញឹមសើច​ហើយ​បាន​លើកទឹកចិត្ត​សិស្ស​។

និយាយ​រួម​ទៅលោក​បាន​ផ្តាំផ្ញើហើយ​ផ្តាំផ្ញើទៀតថា ការរៀន​ចាប៉ីដងវែង​នេះ​មិនបណ្តាល​ឱ្យ​ពិការភ្នែកទេ លោកពិការភ្នែក​តាំង​ពីមុនរៀន​ចាប៉ី​ដងវែង​មកម្លេះ។

លោក​បញ្ជាក់​ថា៖ «និយាយ​រួមគាត់ជាមនុស្សល្អមែនទែន​ដោយ​លោក​តែង​តែលើកទឹកចិត្ត​ និង​បញ្ជូនសារ​អប់រំរបស់លោក​មកកាន់សិស្សគណ។ លោក​ព្រឹទ្ធាចារ្យ​​បាន​ចូលរួម​ផ្តល់​ការ​អប់រំ​ជាច្រើន​ដល់​សង្គម​តាម​រយៈ​ការ​សម្តែង​សិល្បៈចាប៉ីដង​វែង​​ដែល​មានទឹកដមដ៏ក្រអួនក្រអៅនិង​វោហាសព្ទ​ដ៏ក្បោះក្បាយ​របស់លោក»។

លក្ខណៈ​ពិសេសរបស់លោក​ព្រឹទ្ធាចារ្យ គឺលោកអាច​សង្ខេប​សាច់រឿង​នៃការ​ច្រៀង​ចាប៉ី​របស់​​លោក​បានយ៉ាងល្អ​មានអត្ថន័យពេញលេញ​ទៅតាមការកម្ម៉ង់​របស់​អ្នក​រៀបចំ​កម្មវិធី​ផ្សេងៗ។

លោក គង់ សារ៉ាត មិនបាន​ដឹង​ច្បាស់​ថាតើ​លោកព្រឹទ្ធាចារ្យ ​គង់ ​ណៃ បានបណ្តុះសិស្សគណ​​​បាន​​ប៉ុន្មាន​នាក់​នោះទេ គ្រាន់​តែដឹង​ថា ជំនាន់​ដែល​លោករៀន​គឺមាន​៤នាក់។

ប៉ុន្តែ​ចាប់តាំង​ពីលោក​បាន​បន្តតួនាទី​ពីលោកព្រឹទ្ធាចារ្យ​ គង់ ណៃ ក្នុង​ឆ្នាំ២០១៣​រហូត​មក​ដល់​បច្ចុប្បន្ន ​សហគមន៍ចាប៉ីអមតៈ​ដែល​លោក ​គង់ ណៃ ​ជាប្រធានក្រុមប្រឹក្សា​ភិបាល​បាន​ធ្វើការ​បណ្តុះបណ្តាល​សិស្ស​ផ្នែក​សិល្បៈ​ចាប៉ី​បាន​ជាង​២០០នាក់ក្នុង​នោះមាន​សិស្ស៣​ប្រភេទ ​គឺសិស្ស​ជាអាជីព សិស្ស​ស្វែង​យល់ និង​សិស្សស្រលាញ់​ការសិក្សារៀនសូត្រ​ពីសិល្បៈ​ចាប៉ី។ ក្នុង​ចំណោមសិស្ស​ទាំង​ជាង​២០០​នាក់​នោះ​មាន​សិស្ស​អាជីព​តែជាង​១០​នាក់​ទេ។

សហគមន៍ចាប៉ីអមតៈ និង​សិស្ស​គណប្រមាណជាង​៣០នាក់​​នឹង​ទៅចូល​រួម​ពិធី​​បុណ្យ​សព​លោកព្រឹទ្ធាចារ្យ​ គង់​ ណៃ ​​ដែល​ជាការ​ទៅ​សុំខមាលទោស និង​ក្រាប​ថ្វាយបង្គំលា​ជាចុង​ក្រោយ ​លាជារៀង​រហូត​នៅទីតម្កល់សព​របស់លោក​ក្នុង​ភូមិដូង ឃុំស្វាយ​ទងខាងជើង ស្រុក​កំពង់ត្រាច ខេត្តកំពត នៅថ្ងៃអាទិត្យ​ទី​៣០ ​ខែមិថុនា។

សព​របស់​លោកព្រឹទ្ធា​ចារ្យ​ គង់ ណៃ នឹង​ត្រូវ​បញ្ចុះ​នៅព្រឹកថ្ងៃចន្ទទី១ ខែកក្កដា​ ឆ្នាំ២០២៤ ហើយ​ពិធី​បុណ្យ​៧ថ្ងៃ​នឹងត្រូវ​ប្រារព្ធ​ធ្វើនៅថ្ងៃទី៣និង​ទី៤ ខែកក្កដា ​នៅគេហដ្ឋានរបស់​​លោក​៕

70 views

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម