សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

រដ្ឋាភិបាលពិន័យក្រុមហ៊ុនឱសថដែលបំពុលទឹកស្ទឹងសង្កែ៥០ម៉ឺនដុល្លារ និងតម្រូវឲ្យប្ដូរទីតាំង

ទឹកស្ទឹងសង្កែត្រូវបានបំពុលដោយក្រុមហ៊ុនផលិតឱសថរបស់ចិន ដែលលេចធ្លាយសារធាតុគីមីចូលទៅក្នុងស្ទឹង។ រូបថតថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣។ (ខេមបូចា/សុខ សាវី)
ទឹកស្ទឹងសង្កែត្រូវបានបំពុលដោយក្រុមហ៊ុនផលិតឱសថរបស់ចិន ដែលលេចធ្លាយសារធាតុគីមីចូលទៅក្នុងស្ទឹង។ រូបថតថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣។ (ខេមបូចា/សុខ សាវី)

បន្ទាប់​ពី​ក្រុម​ហ៊ុន​ផលិតឱសថ​មួយ​នៅ​ខេត្ត​បាត់​ដំបង​បានធ្វើឲ្យ​​លេច​ធ្លាយ​កាក​សំណល់​ធ្វើ​ឲ្យ​មាន​ការ​បំពុល​ទឹក​ស្ទឹង​សង្កែ ក្រ​សួង​បរិស្ថានបាន​​ពិន័យ​លើ​ក្រុម​ហ៊ុន​មួយ​នេះ​ប្រហែល​កន្លះ​លាន​ដុល្លារ និង​បាន​បញ្ជា​ឲ្យ​ក្រុម​ហ៊ុន​ប្ដូរទីតាំង​ទៅ​ឆ្ងាយ​ពី​ប្រភព​ទឹក​ស្ទឹង​សង្កែ​ចម្ងាយ​១០​គីឡូម៉ែត្រ​។ នេះ​បើ​តាម​លិខិត​របស់​ក្រ​សួង​បរិស្ថាន​ចេញ​កាលពី​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២៣​។

បើ​តាម​លិខិត​របស់​ក្រ​សួង ក្រុមហ៊ុន​​ Phonix Industrial គ្រប់​គ្រង​ដោយ​ជន​ជាតិ​ចិន នៅ​ក្នុង​ឃុំ​ត្រែង «បាន​បង្ក​ឲ្យ​មាន​បញ្ហាការបំពុល​ទឹក​ ធនធាន​ជីវៈចម្រុះ​ក្នុង​ទឹក និង​ការ​រស់​នៅ​របស់​ប្រជា​ពល​រដ្ឋ»។​

ក្រ​សួង​បរិស្ថាន​បាន​បញ្ជា​ឲ្យ​ក្រុម​ហ៊ុន​ Phoenix Industrial ផ្ដល់​ប្រាក់​សំណង​​ចំនួន​៤៦៥ ០០០​ដុល្លារ​ទៅ​កាន់​ក្រ​សួង​សម្រាប់​ផល​ប៉ះពាល់​លើបិរិស្ថាន​ និង​សង្គម ត្រឹម​ថ្ងៃទី​២០ ខែតុលា ព្រម​ជាមួយ​នឹងប្រាក់​​ពិន័យ​ផ្សេងៗ​ទៀត​។​

ក្រ​សួង​បរិស្ថាន តាម​រយៈលិខិត​របស់​ខ្លួន​បាន​សរសេរថា​ក្រុម​ហ៊ុន​ «មាន​ចេតនា» បញ្ចេញ​កាក​សំណល់​ចូល​ក្នុង​ស្ទឹង ធ្វើ​ឲ្យ​ត្រី​ងាប់ និង​បាន​បរាជ័យ​ក្នុង​ការ​គ្រប់​គ្រង​កាក​សំណល់​រាវ​​របស់​ខ្លួន​។​

ក្រ​សួង​ឲ្យ​ដឹង​ទៀត​ថា​ក្រុម​ហ៊ុន​បាន​ប្រតិបត្តិការ​ដោយ​មិនមាន​របាយការណ៍​វាយ​តម្លៃ​ពីហេតុ​ប៉ះពាល់​លើ​សង្គម និង​បរិស្ថាន​។​

ក្រ​សួង​បរិស្ថាន​ក៏​បាន​បញ្ជា​ឲ្យ​ក្រុម​​ហ៊ុន​ស្ដារ​បរិស្ថាន​នៅ​ជុំ​វិញ​រោងចក្រ​ឡើង​វិញ​ឲ្យ​បាន​មុន​ថ្ងៃទី​២០ ខែ​វិច្ឆិកា ជា​កំហិត និង​បាន​ព្រមាន​ពី​វិធានការ​ច្បាប់​ក្នុង​ករណី​នេះ បើ​សិន​ជា​មិន​អនុវត្ត​តាម​។​

ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ ក្រ​សួង​ឧស្សាហកម្ម​ វិទ្យាសាស្រ្ត បច្ចេកវិទ្យា​ និង​នវានិវត្តន៍ ក៏​បាន​ចេញ​លិខិត​មួយដែរ​កាលពី​ថ្ងៃទី​៤ ខែសីហា ដោយ​បាន​បញ្ជា​ឲ្យ​ក្រុម​ហ៊ុន​ Phoenix Industrial ផ្អាក​ផលិត​កម្ម​របស់​ខ្លួន​ចំនួន​១៤​ថ្ងៃ បន្ទាប់​ពី​មន្ត្រី​ជំនាញ​បា​ន​រក​ឃើញ​ថា​ក្រុម​ហ៊ុន​ធ្វើ​ឲ្យ​លេច​ធ្លាយ​ការ​សំណល់​រាវ​ពណ៌​ខ្មៅ​ចូល​ទៅ​ក្នុង​ស្ទឹង​ជា​ច្រើន​ថ្ងៃ​កន្លង​មក​ហើយ​។​

​បើ​តាម​ក្រ​សួង​ឧស្សាហកម្ម ទឹក​ស្ទឹង​សង្កែ​បាន​ប្រែ​ជា​ខ្មៅ​ខុស​ប្រក្រតី​ដោយសារតែ​ជាតិ​ពុល​លេច​ធ្លាយ​ចេញពី​រោងចក្រឱសថ​របស់ក្រុម​​ហ៊ុន​​ចិន ធ្វើឲ្យ​ត្រី​ងាប់​ជា​ច្រើន​នៅ​តាម​ដងស្ទឹង​សង្កែ​។​

ក្រ​សួង​លើក​ឡើង​ថា៖ «​នេះ​ជា​លើក​ទី​បី​ហើយ​ដែល​ក្រុម​ហ៊ុន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថានធ្ងន់​ធ្ងរ»។​

អភិបាល​ខេត្ត​បាត់​ដំបង លោក សុខ លូ មាន​ប្រសាសន៍​ថាផលប៉ះពាល់​បង្ក​ដោយ​សារធាតុ​ពុល​មាន​តិចតួច និង​ថា​ពេល​នេះ​គុណភាព​ទឹកស្ទឹង​បាន​ល្អ​ប្រសើរ​វិញ​ហើយ។​

លោក​មាន​ប្រសាសន៍​ថា៖ «​ពេល​ដែល​យើង​បាន​ឮពី​ការ​លេច​ធ្លាយ​សារធាតុ​រាវ​ចូល​ក្នុង​ស្ទឹង​ ខ្ញុំ​បាន​បញ្ជា​ឲ្យ​មន្ត្រី​ខ្ញុំ​ចុះ​ស៊ើប​អង្កេត និង​បាន​រក​ឃើញ​មាន​សារធាតុ​រាវ​ហូរ​ចេញ ប៉ុន្តែ​ក្រុម​ហ៊ុន​បាន​បញ្ឈប់​ភ្លាមៗ​ដែរ»។​

លោក​ឲ្យ​ដឹង​ទៀត​ថាអាជ្ញាធរ​ផ្គត់​ផ្គង់ទឹក​ស្អាត​ក្នុង​ខេត្ត​បាត់​ដំបង​បាន​ធ្វើ​តេស្ត​ទឹក​ស្ទឹង និង​បាន​រក​ឃើញ​ថា​ក្រោយ​ពី​ក្រុម​ហ៊ុន​​ទប់​ស្ដាក់​ការ​លេច​ធ្លាយ​សារធាតុ​ពុល​ទៅ​ក្នុង​ស្ទឹង ទឹក​ស្ទឹង​ក៏​មាន​សុវត្ថិ​ភាព​វិញ​។​

លោក​មាន​ប្រសាសន៍ទៀត​ថា៖ «​ពេល​ដែល​ប្រជា​ពល​រដ្ឋ​ឃើញ​ទឹក​ប្រែ​ជា​ក្រហម ពួកគាត់​គិត​ថា​វា​កើត​ឡើង​ដោយសារ​ការ​បំពុល តាម​ពិត [អាជ្ញាធរ] បាន​ធ្វើ​តេស្ត​រួច​រាល់​ហើយ និង​មិន​បាន​រក​ឃើញ​ថា​វា​មាន​ជាតិ​ពុល​ទេ។ ដូច​នេះ បន្ទាប់ពី​នេះ​ទៅ​មិនមាន​ជាតិ​ពុល​ហូរ​ក្នុង​ស្ទឹងសង្កែ​ទៀត​ទេ​»។​

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​បាត់​ដំបង លោក កត បូរាណ ប្រាប់​ខេមបូចា​ថា «​ផល​ប៉ះ​ពាល់​គឺ​មិន​ធ្ងន់​ធ្ងរ​ទេ» ទៅ​លើ​មនុស្ស ឬ​បរិស្ថាន​។​

​ប៉ុន្តែ​លោក​បន្ថែម​ថា៖ «​ខ្ញុំ​មិន​អាច​បញ្ជាក់​ពី​ទំហំ [នៃផល​ប៉ះពាល់] បានទេ ពីព្រោះ​ថា​វា​ត្រូវ​ការ​ការ​វាយ​តម្លៃ​បែប​វិទ្យាសាស្រ្ត មាន​តែ​ក្រុម​ជំនាញ​មកពី​ក្រ​សួង​បរិស្ថាន​ទេ ដែល​អាច​បញ្ជាក់​ពី​ទំហំ​នៃ​ផល​ប៉ះពាល់​នេះ»។​

លោកថា​កន្លង​មក​ក្រសួង​បរិស្ថាន​បាន​ព្រមាន​រោងចក្រ​ម្ដង​ហើយ​ពីរឿង​បំពុល​ទឹក​ស្ទឹង​នេះ ប៉ុន្តែ​បញ្ហា​នេះ​នៅ​តែ​កើត​មាន​​។​

លោក​ឲ្យ​ដឹង​ទៀតថា៖ «​យើង​បាន​ផ្ដល់​អនុសាសន៍​ ប៉ុន្តែ​ក្រុម​ហ៊ុន​មិន​ស្ដាប់ អាជ្ញាធរ​មិន​អត់​ឱន​ទេ ហើយ​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យពួកគេ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​រក​ស៊ី​របស់​ពួកគេ ពីព្រោះ​យើង​ត្រូវ​ធ្វើ​ឲ្យ​ច្បាស់​ថា​វា​នឹង​មិន​ប៉ះពាល់​បរិស្ថាន និង​សុខ​ភាព​សាធារណៈ​»។​

ប្រធាន​មន្ទីរ​ដដែល​បន្ត​ថាលោក​មិន​មាន​ព័ត៌មានទាក់​ទង​នឹង​ថា​តើ​រោង​ចក្រ​នឹង​ដូរទីតាំង​នៅពេលណា ឬ​ទៅ​កន្លែង​ណា​ឲ្យ​ប្រាកដ​នោះទេ​។ លោក​ថា៖ «​ខ្ញុំ​មិន​ដឹង​ថា​ពួកគេ​នឹង​ប្ដូរទៅ​ណា ហើយ​ពេល​ណាអាច​រួច​រាល់​ក្នុង​ការ​ដូរ​ទី​តាំង​ទេ។ វា​ហួសពី​សមត្ថកិច្ច​របស់​ខ្ញុំ»។​​

ខេម​បូចា​មិន​អាច​ទាក់​ទង​ប្រធានក្រុម​ប្រឹក្សា​ភិបាល​ក្រុម​ហ៊ុន Phoenix Industrial ឈ្មោះ​ Fangwen Shuai សុំ​​ការ​អត្ថាធិប្បាយ​បាន​ទេ​។​

បុគ្គលិក​របស់​​ក្រុម​ហ៊ុន​ Phoenix Industrial ពេល​ទាក់​ទង​តាម​លេខ​ទូរសព្ទ​ដែល​ដាក់​ពេល​ចុះបញ្ជី​ក្រុម​ហ៊ុន​នៅក្រសួង មាន​ឈ្មោះ​ថា​នីកា មិន​បង្ហាញ​ឈ្មោះពេញ បាន​និយាយ​កាលពីថ្ងៃទី​៤ ខែសីហា ថា​ក្រុម​ហ៊ុន​របស់​ខ្លួន​បាន​ចុះ​កិច្ចព្រម​ព្រៀងជាមួយ​អាជ្ញាធរយល់ព្រម​បញ្ឈប់​ការ​ចាក់​កាកសំណល់ ឬបង្ហូរ​សារធាតុ​គីមី​ពុល​ចូល​ក្នុង​ស្ទឹង​ទៀត​ហើយ​។ ប៉ុន្តែ​ពេល​ទាក់ទង​ជា​ថ្មីនៅ​ថ្ងៃចន្ទនេះ លេខ​ទូរសព្ទ​នេះ​មិន​ដំណើរ​ការ​ទេ។​

ប្រជាពល​រដ្ឋ​រស់នៅ​តាម​សង​ស្ទឹង​សង្កែ​ក្នុង​ឃុំ​បាក់រទេះ ដែល​និយាយ​ដោយ​សុំ​មិន​បញ្ចេ​ញ​ឈ្មោះ បាន​និយាយ​ថា​អ្នក​ស្រីពិត​ជា​រីករាយ​ណាស់​ដែ​ល​អាជ្ញាធរ​បាន​ចាត់​វិធានការ​លើ​ក្រុម​ហ៊ុន​​។​

អ្នកស្រី​ថា៖ «​ទឹក​ស្ទឹង​សង្កែ​បាន​ប្រែ​ជា​ក្រហម និង​កខ្វក់​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មិន​ហាន​ប្រើ​ទេ និង​បាន​ទិញ​ទឹក​បរិសុទ្ធគេ​ទុក​ហូប​»។​

អ្នកស្រី​បន្តថា៖ «ខ្ញុំ​សប្បាយចិត្ត​ពីព្រោះ​ស្ទឹង​សង្កែ​មិន​រង​ការបំពុល​ទៀត ដូច​នេះខ្ញុំ​អាច​ប្រើ​ទឹក​ពីស្ទឹង​បាន​វិញ ដោយ​មិន​មាន​ភាព​ភ័យ​ខ្លាច»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Government Orders $500,000 Fines, Relocation, for Company Polluting Sangke River

227 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម