អាជ្ញាធរកម្ពុជាកាលពីខែឧសភា បានបិទមន្ទីរសម្រាកព្យាបាលបីកន្លែងនៅរាជធានីភ្នំពេញ ហើយបានចាប់ផ្តើមគ្រប់គ្រងមន្ទីរពេទ្យមិនស្វែងរកប្រាក់ចំណេញមួយកន្លែងកាលពីឆ្នាំមុន ជាព្រឹត្តិការណ៍បន្តបន្ទាប់ ដែលបង្ហាញពីការបន្តផ្តោតគោលដៅលើអង្គការ ដែលមានទំនាក់ទំនងជាមួយកាសែត ឌឹ ខេមបូឌា ដេលី។
កាលពីខែឧសភា រដ្ឋាភិបាលកម្ពុជាបានចោទថា មន្ទីរសម្រាកព្យាបាលទាំងបី ដែលគ្រប់គ្រងដោយក្រុមហ៊ុន សេនធ័រ អហ្វ ហូប ( Center of Hope ) បានរំលោភបែបបទនិងលក្ខខណ្ឌសុខាភិបាល និងជំពាក់ប្រាក់ពន្ធមិនទាន់សងចំនួន៤០ម៉ឺនដុល្លារ។ រដ្ឋាភិបាលបានបិទមន្ទីរសម្រាកព្យាបាលទាំងបី និងបានលុបឈ្មោះក្រុមហ៊ុនតាំងពីមុនឱសានវាទថ្ងៃទី១៦ ខែមិថុនា ដែលត្រូវបង់ ឬធ្វើការតវ៉ាចំពោះប្រាក់ពន្ធនេះ។
លោក បាត ដាញែល (Bart Daniel ) នាយកក្រុមហ៊ុន សេនធ័រ អហ្វ ហូប មានប្រសាសន៍ថា លោកជឿជាក់ថា មូលហេតុពិតប្រាកដដែលនាំឲ្យមានសវនកម្ម ការបិទ និងបណ្តឹងទៅតុលាការនេះ គឺដោយសារទំនាក់ទំនងអតីតកាលរបស់ពួកគេជាមួយគ្រួសារសពលោក ប៊ែណាត គ្រីស័រ (Bernard Krisher ) ជាស្ថាបនិកនិងជាចាងហ្វាងការផ្សាយរបស់កាសែត ឌឹ ខេមបូឌា ដេលី។
លោក ដាញែល បានមានប្រសាសន៍ថា៖ «បើឥរិយាបថទាំងនេះមិនត្រូវបានជម្រុះចោលទេ នៅប្រទេសកម្ពុជា គ្មានការវិនិយោគណាមួយរបស់ជនជាតិអាមេរិកនឹងមានសុវត្ថិភាពនោះទេ… គ្មានឱកាសនឹងវិនិយោគនោះទេ។ ដរាបណាគេអាចរកបានមនុស្សដែលសុខចិត្តសូកប៉ាន់រដ្ឋាភិបាលហើយ ក្រុមហ៊ុនជំនួញរបស់អ្នកអាចត្រូវបានរឹបអូស»។
កាសែត ឌឹ ខេមបូឌា ដេលី ដែលបោះពុម្ពផ្សាយព័ត៌មានបែបរិះគន់ និងស៊ើបអង្កេត បានបង្ខំចិត្តបិទកាលពីឆ្នាំ២០១៧ បន្ទាប់ពីរដ្ឋាភិបាលបានធ្វើសវនកម្មនិងបានប្រកាសថា ស្ថាប័នកាសែតមួយនេះជំពាក់ប្រាក់ពន្ធរាប់លានដុល្លារ។ កាសែត ឌឹ ខេមបូឌា ដេលី បានបន្តផ្សព្វផ្សាយជាភាសាខ្មែរពីសហរដ្ឋអាមេរិកហើយត្រូវបានដ្ឋាភិបាលស្តីបន្ទោសក្នុងប៉ុន្មានខែមុននេះ ចំពោះការចោទប្រកាន់ផ្សេងៗដែលបានធ្វើឡើងនៅក្នុងកម្មវិធីផ្សាយរបស់ខ្លួន។
ភាពស្អប់ខ្ពើមចំពោះសារព័ត៌មាននេះ ត្រូវបានបង្ហាញចេញនៅសប្តាហ៍នេះ នៅពេលដែលអ្នកអត្ថាធិប្បាយតាមបណ្តាញសង្គមមួយរូប ដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលគំរាមសម្លាប់អ្នកសារព័ត៌មាន ខេមបូឌា ដេលី។
ទោះយ៉ាងណា គ្រួសាររបស់លោក គ្រីស័រ អះអាងថា ពួកគេលែងមានទំនាក់ទំនងជាមួយសារព័ត៌មាន ខេមបូឌា ដេលី តាំងពីឆ្នាំ២០២០មកម៉្លេះ។
មនុស្សបួននាក់ដែលធ្លាប់មានទំនាក់ទំនងជាមួយមន្ទីរសម្រាកព្យាបាលទាំងនេះពីមុននិងបច្ចុប្បន្ន រួមមានលោកស្រី សុខា ឈឹម ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន លោក ដាញែល ជានាយកក្រុមហ៊ុន សេនធ័រ អហ្វ ហូប និងលោកស្រី ដេប្រា គ្រីស័រ ស្ទៀល (Deborah Krisher-Steele ) ជាកូនស្រីរបស់ស្ថាបនិកកាសែត ឌឹ ខេមបូឌា ដេលី និងស្វាមីរបស់លោកស្រី គឺលោក ឌូក ស្ទៀល (Doug Steele) បាននិយាយថា ពួកគាត់បានឮថា ខ្លួនកំពុងប្រឈមនឹងការចោទប្រកាន់នៅក្នុងសំណុំរឿងដែលគេមិនទាន់សម្រេច ប៉ុន្តែនៅមិនទាន់ច្បាស់ថា ត្រូវបានចោទប្រកាន់បទអ្វីជាក់លាក់ ឬថា លក្ខណៈនៃសំណុំរឿងនេះយ៉ាងម៉េចនោះទេ។
លោក ឌូក ស្ទៀល បានមានប្រសាសន៍តាមទូរស័ព្ទថា៖ «ដំណើររឿងទាំងមូលនេះ គឺគួរឲ្យតក់ស្លុត»។ លោកនិងភរិយាបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមជុំវិញបណ្តឹងនេះទេ។
មន្ត្រីរដ្ឋាភិបាលបានបដិសេធមិននិយាយជាមួយខេមបូចាជុំវិញការបិទមន្ទីរសម្រាកព្យាបាលទាំងបីយ៉ាងប្រញាប់ប្រញាល់ ស្ថានភាពនៃការស៊ើបអង្កេតប្រាក់ពន្ធ និងការចោទប្រកាន់របស់តុលាការដែលមិនទាន់សម្រេចនេះទេ។
នៅពេលដែលវិវាទត្រូវបានលាតត្រដាង បុគ្គលិកនិងអ្នកជំងឺរបស់មន្ទីរសម្រាកព្យាបាលទាំងបីទៅវិញទេ ជាអ្នករងគ្រោះ ដោយសារមានការចោទប្រកាន់ថា មន្ទីរសម្រាកព្យាយបាលទាំងនេះបានប្រព្រឹត្តិមិនស្របច្បាប់។ តាមសេចក្តីរាយការណ៍ថា មន្ទីរសម្រាកព្យាបាលនេះបានជួយមនុស្ស៩០.០០០នាក់ក្នុងឆ្នាំ២០២២។
បុគ្គលិកក្រុមហ៊ុន សេនធ័រ អហ្វ ហូប បានប្រាប់ខេមបូចាតាមរយៈសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី២០ ខែមិថុនាថា៖ «និយោជិតកំពុងជួបការលំបាកក្នុងការចិញ្ចឹមគ្រួសាររបស់ពួកគាត់ បង់ថ្លៃធនាគារ និងបង់ថ្លៃសិក្សារបស់កូនពួកគាត់។ រហូតមកដល់ពេលនេះមិនមានការឆ្លើយតប [ពីក្រសួងទេ]។ ពួកគាត់ [និយោជិត] កំពុងរង់ចាំដំណោះស្រាយយ៉ាងអន្ទះសារ។ ជាពិសេសបុគ្គលិកវ័យចាស់។ ពួកគាត់មានអារម្មណ៍ថា ពួកគាត់ គឺជាជនរងគ្រោះ»។
មន្ទីរសម្រាកព្យាបាលមួយក្នុងចំណោមមន្ទីរសម្រាកព្យាបាលទាំងបីនេះត្រូវបានគេបិទទ្វារនិងចាក់សោកាលពីសប្តាហ៍មុននិងរុំស្កុតប៉ូលិសពណ៌លឿងត្រង់ច្រកចូល។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ អ្នកជំងឺមួយចំនួននៅតែបន្តមកមន្ទីរសម្រាកព្យាបាលទាំងបី ដោយមិនបានដឹងថា មន្ទីរសម្រាកព្យាបាយទាំងនេះត្រូវបានបិទទ្វារទេ ហើយក៏មិនអាចទទួលបានការព្យាបាលដែរ។
អ្នកស្រី វ៉ាន់ ណារី អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅខេត្តសៀមរាបបាននិយាយថា អ្នកស្រីទទួលការព្យាបាលនៅមន្ទីរសម្រាកព្យាបាលមួយនៅក្នុងចំណោមមន្ទីរព្យាបាលរបស់ សេនធ័រ អហ្វ ហូប អស់រយៈពេលជិត១០ឆ្នាំមកហើយ ហើយវាគឺជាមន្ទីរពេទ្យតែមួយគត់ ដែលអ្នកស្រីទុកចិត្តក្នុងការព្យាបាលជម្ងឺដ៏រ៉ាំរ៉ៃរបស់អ្នកស្រី។
អ្នកស្រី ណារី បាននិយាយថា៖ «ពីព្រោះ [ខ្ញុំពិតជា] ត្រូវការកន្លែងព្យាបាល។ បើមិនដូច្នេះទេ ប្រហែលជាខ្ញុំនឹងមិនអាច [រស់បានទេ] ព្រោះជំងឺខ្ញុំធ្ងន់។ បើគ្មានគ្លីនិកនេះទេ វានឹងពិបាកហើយ»។
ការបិទមន្ទីរសម្រាលព្យាបាលរបស់សេនធ័រ អហ្វ ហូប
កាលពីថ្ងៃទី១២ ខែឧសភា ក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹងថា មន្ទីរសម្រាកព្យាបាលទាំងបីរបស់ក្រុមហ៊ុន សេនធ័រ អហ្វ ហូប រួមមានមន្ទីរសម្រាកព្យាបាលមិត្តភាពមណ្ឌលនៃក្តីសង្ឃឹម មិត្តភាពចតុមុខ និងមន្ទីរសម្រាកព្យាបាលមិត្តភាពពោធិ៍ចិនតុងត្រូវបានបិទដោយសារបំពានច្បាប់។ សេនធ័រ អហ្វ ហូប បានចែករំលែកលិខិតជូនដំណឹងនេះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃបន្ទាប់។
ប៉ុន្មានថ្ងៃក្រោយមក អគ្គនាយកដ្ឋានពន្ធដារបានចេញវិក្កយបត្រពន្ធនៅថ្ងៃទី១៧ ខែឧសភាជូនសេនធ័រ អហ្វ ហូប ដោយផ្អែកលើសវនកម្មនៃប្រតិបត្តិការរវាងឆ្នាំ ២០២១និង២០២២។ អគ្គនាយកដ្ឋានពន្ធដារបានប៉ាន់ប្រមាណប្រាក់ពន្ធដែលមិនបានបង់ចំនួន ៤១៩.៥០០ដុល្លារ ដោយទុកពេលឱ្យក្រុមហ៊ុនអាមេរិកមួយនេះ រយៈពេល៣០ថ្ងៃ ដើម្បីបង់ពន្ធឬធ្វើការតវ៉ានឹងប្រាក់ពន្ធនេះ។
ខណៈដែលបុគ្គលិករបស់ សេនធ័រ អហ្វ ហូប បានធ្វើការអំពាវនាវជាសាធារណៈជាច្រើនលើកច្រើនសាទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យជួយអន្តរាគមន៍ លោក បាត ដាញែល នាយកក្រុមហ៊ុននេះបានដឹងពីជោគវាសនារបស់មន្ទីរសម្រាកព្យាបាលទាំងបីរួចទៅហើយ កាលពីថ្ងៃទី១១ ខែមិថុនា។
នាយក សេនធ័រ អហ្វ ហូប រូបនេះ បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យើងមិនឃើញមានជម្រើសណាមួយសម្រាប់គ្លីនិករបស់យើងបើកឡើងវិញក្នុងពេលដ៏ខ្លីខាងមុខនេះទេ។ រឿងនេះធ្វើឱ្យយើងមានការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះយើងដឹងយ៉ាងច្បាស់ថា ការបិទគ្លីនិករបស់យើងកំពុងបង្កបញ្ហាអ្វីខ្លះចំពោះអ្នកជំងឺនិងបុគ្គលិករបស់យើង»។
លោក ដាញែល បានទទួលស្គាល់ថា មន្ទីរសម្រាកព្យាបាលទាំងបីនេះមិនបានដាក់ជូនរបាយការណ៍ ដែលក្រសួងសុខាភិបាលបានលើកយកមកធ្វើជាហេតុផលសម្រាប់ការបិទនេះ ប៉ុន្តែបាននិយាយថា មន្ទីរសម្រាកព្យាបាលបានស្វះស្វែងរកការបំភ្លឺនាពេលកន្លងមកអំពីរបៀបរៀបចំរបាយការណ៍ទាំងនេះ។ លោកបានអះអាងថា ក្រសួងមិនដែលឆ្លើយតបទេ។
លើសពីនេះ វេជ្ជបណ្ឌិតបីនាក់ដែលធ្វើការនៅក្រុមហ៊ុន សេនធ័រ អហ្វ ហូប ត្រូវបានតែងតាំងជាបុគ្គលិករដ្ឋាភិបាលដោយក្រសួងសុខាភិបាលកាលពីឆ្នាំ២០២២ ដែលធ្វើឱ្យពួកគាត់មិនមានសិទ្ធិដំណើរការមន្ទីរសម្រាកព្យាបាលឯកជននោះទេ។ ក្រុមហ៊ុនក៏កំពុងរៀបចំការគ្រប់គ្រងមន្ទីរសម្រាកព្យាបាលសាជាថ្មី ហើយជាថ្មីម្តងទៀតបានស្នើសុំគោលការណ៍ណែនាំពីក្រសួងសុខាភិបាល ដើម្បីឲ្យស្របទៅតាមច្បាប់។
ខេមបូចាបានឃើញលិខិតមួយរបស់ក្រសួងពាណិជ្ជកម្មដែលចេញកាលពីថ្ងៃទី២៦ ឧសភា ដោយលុបឈ្មោះក្រុមហ៊ុនសេនធ័រ អហ្វ ហូប ចេញ ពោលគឺមុនឱសានវាទរយៈពេល៣០ថ្ងៃទៅទៀត។
លោក គង់ វិបុល មន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលលោកក៏ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានប្រាប់ខេមបូចាកាលពីថ្ងៃទី១៤ ខែមិថុនា ថា លោកកំពុងជាប់ប្រជុំ ហើយមិនមានពេលធ្វើអត្ថាធិប្បាយទេ។ លោកមិនបានឆ្លើយតបនឹងសារលម្អិតដែលបានផ្ញើទៅតេឡេក្រាមរបស់លោកនៅពេលបន្ទាប់ឬការហៅទូរសព្ទបន្ថែមពីខេមបូចានោះទេ។
លោក ដាញែល បានមានប្រសាសន៍ថា គណនីសាជីវកម្មរបស់ក្រុមហ៊ុននៅធនាគារកាណាឌីយ៉ា និងគណនីរបស់នាយកប្រតិបត្តិក្រុមហ៊ុន សេនធ័រ អហ្វ ហូប និងគណនីឯកជននៅធនាគារ ABA របស់កូនពីរនាក់របស់លោកស្រីនាយកប្រតិបត្តិត្រូវបានបិទផងដែរ។
លោក ដាញែល បានមានប្រសាសន៍ថា ហេតុការណ៍ទាំងនេះមានន័យថា ក្រុមហ៊ុន សេនធ័រ អហ្វ ហូប ត្រូវបញ្ឈប់បុគ្គលិកចំនួន២៤៣នាក់ដោយមិនមានប្រាក់អតីតភាពឬប្រាក់បំណាច់ការងារ ដែលធ្វើឲ្យក្រុមហ៊ុននេះស្ថិតក្នុងស្ថានភាពរំលោភច្បាប់ការងារ។
អ្នកនាំពាក្យធនាគារកាណាឌីយ៉ាបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។ អ្នកនាំពាក្យធនាគារ ABA ស្នើឱ្យម្ចាស់គណនីទាក់ទងទៅធនាគារដោយផ្ទាល់។
ឃួន ពិណុច អ្នកនាំពាក្យធនាគារ ABA បានមានប្រសាសន៍ថា៖ «… យើងមិនអាចបង្ហាញ ឬបញ្ជាក់ព័ត៌មាន/ព័ត៌មានលម្អិតរបស់អតិថិជនណាមួយទៅភាគីទីបីបានទេ។ យើងលើកទឹកចិត្តអតិថិជនឱ្យដាក់សំណើផ្លូវការមកកាន់ធនាគារ ABA និងស្វែងរកព័ត៌មានពីធនាគារជាមុនសិន។ យើងយកចិត្តទុកដាក់រាល់សំណើរទាំងអស់»។
ទាក់ទិនបណ្តឹងរដ្ឋប្បវេណី ដែលតាមចោទថា ប្តឹងអ្នកពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាលរបស់ក្រុមហ៊ុន សេនធ័រ អហ្វ ហូប លោកស្រី សុខា ឈឹម នាយកប្រតិបត្តិក្រុមហ៊ុននេះបានថ្លែងថា លោកស្រីដឹងថា មានការចោទប្រកាន់ផ្លូវច្បាប់មកលើលោកស្រី ប៉ុន្តែមិនបានបញ្ជាក់លម្អិតទេ។ កន្លងមក លោកស្រីបដិសេធមិនធ្វើអត្ថាធិប្បាយដោយសារការភ័យខ្លាច «ចំពោះសុវត្ថិភាពរបស់ខ្ញុំ»។
លោក ឆាយ រតនៈ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានមានប្រសាសន៍នៅថ្ងៃទី២០ ខែមិថុនា ថា មេធាវីរដ្ឋាភិបាល «កំពុងពិនិត្យ និងរៀបចំ» ពាក្យបណ្តឹងប្រឆាំងនឹងក្រុមហ៊ុន។
លោក កេត សុជាតិ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញបានប្រាប់ ខេមបូចាកាលពីថ្ងៃទី២០ ខែមិថុនា ថា ក្រុមហ៊ុន សេនធ័រ អហ្វ ហូប កំពុងប្រឈមមុខនឹងបណ្តឹងរដ្ឋប្បវេណី ហើយថា «ដីការក្សាការពារ» ត្រូវបានចេញសម្រាប់មន្ទីរសម្រាកព្យាបាលទាំងបី តាំងពីពេលនោះមកម៉្លេះ។ លោក ប្លង់ សុផល អ្នកនាំពាក្យតុលាការបដិសេធមិនធ្វើអត្ថាធិប្បាយទេ។
ការព្យាយាមលើកដំបូង
នៅក្នុងសកម្មភាពដំបូងប្រឆាំងនឹងគម្រោងសុខាភិបាលរបស់លោក គ្រីស័រ ក្រសួងសុខាភិបាលបានផ្តើមគ្រប់គ្រងមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹមកាលពីឆ្នាំមុន នេះបើយោងតាមឯកសាររបស់ក្រសួងសុខាភិបាល។ លោក ដាញែល ដែលក៏ជានាយកប្រតិបត្តិ នៃមន្ទីរពេទ្យព្រះសីហនុនៅពេលនោះផងដែរ បាននិយាយថា ក្រសួងបានធ្វើការសាកសួរអំពីការងារផ្លូវច្បាប់ និងហិរញ្ញវត្ថុរបស់មន្ទីរពេទ្យនេះកាលពីខែកុម្ភៈ ឆ្នាំ២០២២ ហើយមួយរយៈក្រោយមក «បានដកយក» មន្ទីរពេទ្យនេះតែម្តង។
កាលពីខែកញ្ញា ឆ្នាំមុន សៀវភៅព្រះរាជកិច្ចបានបង្ហាញថា លោក ហ៊ុន សែន បានលៃបម្រុងថវិកាចំនួន ២៨៦.០០០ដុល្លារឲ្យក្រសួងសុខាភិបាល សម្រាប់ «ជួយដល់ប្រតិបត្តិការប្រចាំថ្ងៃរបស់មន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម» និងបានចាត់ទុកមន្ទីរពេទ្យនេះ គឺជា គ្រឹះស្ថានសាធារណៈ ដែលគ្រប់គ្រងដោយក្រសួងសុខាភិបាល។
អង្គការដែលលោក ប៊ែណាត គ្រីស័រ ធ្លាប់ប្រើប្រាស់ ដើម្បីបង្កើតមន្ទីរពេទ្យនេះ ដែលគេហៅថា Japan Relief for Cambodia និង World Assistance for Cambodia (JRfC-WAfC) ប្រឈមនឹងសវនកម្មពីក្រសួងការបរទេសកាលពីឆ្នាំ២០២១។
លោកស្រី គ្រីស័រ ស្ទៀល បានប្រាប់ខេមបូចាថា លោកស្រីជឿថា សវនកម្មនេះមានបំណងស្វែងរកទំនាក់ទំនងរវាងសារព័ត៌មាន ឌឹ ខេមបូឌា ដេលី ខ្មែរ (Cambodia Daily Khmer) និងអង្គការ JRfC-WAfC។ លោកស្រី គ្រីស័រ ស្ទៀល បាននិយាយថា លោកស្រីស្ថិតនៅក្នុងក្រុមប្រឹក្សានាយក នៃអង្គការ WAfC។
សវនកម្ម ដែលខេមបូចាទទួលបាន បានចោទប្រកាន់ថា មានការប្រព្រឹត្តល្មើសមួយចំនួន រួមទាំងការផ្តល់ប្រាក់កម្ចីចំនួន ២១៤.០០០ដុល្លារពីអង្គការ JRfC-WAfC ទៅឲ្យកាសែត ឌឹ ខេមបូឌា ដេលី ក្នុងឆ្នាំ២០១៥ ដែលសវនកម្មនេះបានលើកឡើងថា ជាការរួមចំណែកនៅក្នុង «កង្វះតម្លាភាព» ដោយសារមិនមានកិច្ចព្រមព្រៀងខ្ចីប្រាក់។ ប៉ុន្តែសវនកម្មនេះរកមិនឃើញទំនាក់ទំនងនាពេលបច្ចុប្បន្នរវាងកាសែត The Cambodia Daily និងអង្គការក្រៅរដ្ឋាភិបាលនេះទេ។
ស្របពេលដែលរដ្ឋាភិបាលបានដកហូតមន្ទីរពេទ្យនៅឆ្នាំ២០២២ ក្រសួងអប់រំកម្ពុជាក៏បានបញ្ចប់បណ្តាញគាំទ្រសាលារៀនរាប់សិបកន្លែងនៅតាមសហគមន៍ជនបទរបស់អង្គការក្រៅរដ្ឋាភិបាលដដែលនេះផងដែរ។
វិទ្យុអាស៊ីសេរីបានរាយការណ៍កាលពីឆ្នាំ២០២២ ថា មន្ត្រីរដ្ឋាភិបាលបានអះអាងថា អង្គការមិនមែនរដ្ឋាភិបាលនេះ មានទំនាក់ទំនងជិតស្និទ្ធខ្លាំងជាមួយ ឌឹ ខេមបូឌា ដេលី។ ខេមបូចា បានទាក់ទងទៅអ្នកនាំពាក្យក្រសួងអប់រំកាលពីថ្ងៃទី២០ ខែមិថុនា ប៉ុន្តែលោកបដិសេធមិនធ្វើអត្ថាធិប្បាយទេ។
លោក ដាញែល បានចោទប្រកាន់ថា ព្រឹត្តិការណ៍ទាំងនេះបង្ហាញអំពីការផ្តោតគោលដៅដែលអាចមានទៅលើគម្រោងសុខភាព និងការអប់រំ ដែលដំណើរការដោយអង្គការ ដែលមានទំនាក់ទំនងជាមួយលោក គ្រីស័រ ចាងហ្វាងកាសែត ឌឹ ខេមបូឌា ដេលី។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលមិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយអំពីថា តើអង្គការទាំងនោះត្រូវបានផ្តោតគោលដៅដោយសារមានទំនាក់ទំនងជាមួយកាសែត ឌឺ ខេមបូឌា ដេលី និងក្រុមគ្រួសាររបស់លោក គ្រីស័រ ឬយ៉ាងណាទេ។
សំណើផ្តល់ជូនមិនសមរម្យ
ប៉ុន្មានសប្តាហ៍បន្ទាប់ពីគ្លីនិកទាំងនេះត្រូវបានបិទកាលពីខែឧសភា សំណើសម្រាប់ដោះស្រាយបញ្ហានាពេលថ្មីៗ ដែលលើកឡើងដោយអ្នកវិនិយោគអាថ៌កំបាំងម្នាក់បង្ហាញពីការជំរុញចុងក្រោយ ដើម្បីផ្លាស់ប្តូរ ឬកាត់បន្ថយភាពជាម្ចាស់នៃគ្លីនិកទាំងបីក្នុងរាជធានីភ្នំពេញ ប៉ុន្តែក៏មានលក្ខខណ្ឌសំខាន់ផងដែរ។
លោក ដាញែល បានមានប្រសាសន៍ថា លោកត្រូវបានគណនេយ្យករកម្ពុជាម្នាក់ទាក់ទងមកកាលពីពាក់កណ្តាលខែមិថុនា ដោយប្រាប់ពីសំណើរបស់មនុស្សម្នាក់ដែល «ស្និទ្ធខ្លាំង» នឹងខុទ្ធកាល័យរបស់លោកនាយករដ្ឋមន្រ្តី ហើយដែលនឹងស្វះស្វែងជួយដល់គ្លីនិកទាំងនេះ។ គ្លីនិកទាំងបីនេះត្រូវបានគ្រប់គ្រងដោយអង្គការមិនរកប្រាក់ចំណេញរបស់សហរដ្ឋអាមេរិកដែលបង្កើតឡើងដោយលោកស្រី គ្រីស័រ ស្ទៀល តាំងពីឆ្នាំ២០២១ ប៉ុន្តែលោកស្រី គ្រីស័រ ស្ទៀល បាននិយាយថា លោកស្រីបានចាកចេញពីក្រុមប្រឹក្សានាយកនៃអង្គការនេះចាប់តាំងពីពេលនោះមកម៉្លេះ។
លោក កាក់ កី ជាគណនេយ្យករសាធារណៈ ដែលគេទទួលស្គាល់ម្នាក់និងជាដៃគូគ្រប់គ្រងនៃក្រុមហ៊ុនម៉ូរីសុនកាក់ និងអាសូសៀរ ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញបានផ្ញើលក្ខខណ្ឌចំនួនបីតាមអ៊ីមែលកាលពីថ្ងៃទី១៥ ខែមិថុនាទៅកាន់សមាជិកក្រុមប្រឹក្សានាយកនៃក្រុមហ៊ុនសេនធ័រ អហ្វ ហូប ប៉ុន្តែត្រូវបានចែករំលែកមកខេមបូចាដោយលោកស្រី គ្រីស័រ ស្ទៀល។
ទីមួយ លោក កាក់ កី បាននិយាយថា ចាំបាច់ត្រូវមានកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរពីក្រុមប្រឹក្សានាយករបស់ក្រុមហ៊ុនសេនធ័រ អហ្វ ហូប ថា គ្លីនិកទាំងនេះ «នឹងមិនមានការទាក់ទង ឬទំនាក់ទំនងណាមួយជាមួយអ្នកណាក៏ដោយដែលមានប្រយោជន៍ពីការផ្សាយរបស់ CAMBODIA DAILY ជាភាសាខ្មែរពីសហរដ្ឋអាមេរិក និងជាពិសេសជាមួយអង្គការទាំងឡាយក្រោមការគ្រប់គ្រងរបស់លោកស្រី ដេប្រា គ្រីស័រ ស្ទៀល»។
ទីពីរ «ជាថ្នូរនឹង ‘ការការពារ’ ដើម្បីធានាបាននូវការអភិវឌ្ឍដោយសន្តិវិធីនៃអាជីវកម្មនាពេលអនាគត “ ភាគីដែលមិនបញ្ចេញឈ្មោះចង់បានភាគហ៊ុនចំនួន ៥០ភាគរយ នៃភាគហ៊ុនរបស់សេនធ័រ អហ្វ ហូប និងតួនាទីនៅក្នុងក្រុមប្រឹក្សានាយក នេះបើតាមការពន្យល់របស់លោក កាក់ កី។
លោក កាក់ កី បានអះអាងថា ទីបី «ពួកគេស្នើដកប្រាក់១០០.០០០ដុល្លារពីគណនីបច្ចុប្បន្នរបស់ក្រុមហ៊ុន សេនធ័រ អហ្វ ហូប ហ្វ្រេនស៊ីប គ្លីនិក ឯ.ក (ចំនួនអាចតិចជាងនេះ អាស្រ័យលើបរិយាកាសនៃការចរចា) ដើម្បីជួយសម្រួលដល់ការរៀបចំទាំងអស់ ដើម្បីឈានដល់គោលដៅ»។
លោក កាក់ កី បានដាក់ទូរសព្ទចុះនៅពេលខេមបូចាទាក់ទងដើម្បីសាកសួរ។
ក្រោយមក នៅពេលសារនៅក្នុងអ៊ីម៉ែលត្រូវបានចែករំលែកទៅលោក កាក់ កី តាមរយៈ Whatsapp លោក កាក់ កី បានអះអាងដូចតទៅនេះ៖ «សូមបញ្ជាក់ថា ខ្ញុំបដិសេធខ្លឹមសារក្នុងអ៊ីម៉ែលរបស់ខ្ញុំ ព្រោះវាគ្រាន់តែជាព័ត៌មានមិនពិត និងគ្មានមូលដ្ឋាន។ ប្រយ័ត្ន៖ ខ្ញុំមិនបានលើកឡើងពាក្យឬសំណើណាមួយដែលទាក់ទងនឹងសំណូកទេ ប៉ុន្តែជាថ្លៃសម្របសម្រួលខាងវិជ្ជាជីវៈសម្រាប់សេវាដែលបានផ្តល់ជូន»។
នៅក្នុងដំណោះស្រាយដែលអាចកើតមានមួយទៀតសម្រាប់មន្ទីរសម្រាកព្យាបាលទាំងបី បុគ្គលិករបស់ក្រុមហ៊ុន សេនធ័រ អហ្វ ហូប កាលពីថ្ងៃទី៧ ខែមិថុនា បានដាក់សំណើមួយទៅកាន់រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដោយស្នើសុំឱ្យដៃគូស្ថាបនិកនៃគ្លីនិកទាំងនេះដែលមានឈ្មោះថា មូលនិធិ Handa Foundation មកគ្រប់គ្រងគ្លីនិកទាំងបី និងទទួលយកបុគ្គលិកចូលបម្រើការងារឡើងវិញ។
ញត្តិដែលចុះហត្ថលេខាដោយតំណាងនិយោជិត៤រូបបានសរសេរថា៖ «សូមអនុញ្ញាតឱ្យមូលនិធិ Handa Foundation ដែលជាស្ថាបនិកបង្កើតគ្លីនិកទាំងនេះ … ដើម្បីជួយបុគ្គលិក ២៤៣នាក់ និងគ្រប់គ្រងមណ្ឌលបន្តពីក្រុមហ៊ុន សេនធ័រ អហ្វ ហូប ហ្វ្រេនស៊ីប គ្លីនីក ឯ.ក»។
ឯម សំវិរីយ៉ា ជាវេជ្ជបណ្ឌិត ដែលមានឈ្មោះលើញត្តិសម្រាប់ទំនាក់ទំនងព័ត៌មានបន្ថែមបាននិយាយថា ប្រធានគ្រប់គ្រងធនធានមនុស្សរបស់ក្រុមហ៊ុន សេនធ័រ អហ្វ ហូប បានទាក់ទងទៅលោក ខេវិន អូប្រាយអឹន នាយកប្រតិបត្តិនៃមូលនិធិ Handa Foundation អំពីការគ្រប់គ្រងមន្ទីរពេទ្យនេះ។ ប្រធានគ្រប់គ្រងធនធានមនុស្សមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។
សំវីរីយ៉ា បាននិយាយថា៖ «យើងគ្រាន់តែចង់បានការងាររបស់យើងវិញ»។
ខណៈពេលគ្លីនិកទាំងបី ដែលមានទំនាក់ទំនងជាមួយគ្រួសារលោក គ្រីស័រ និងកាសែត ឌឹ ខេមបូឌា ដេលី ដែលត្រូវបានបិទហើយនោះ ហាក់ក្លាយជាគោលដៅរបស់រដ្ឋាភិបាល មូលនិធិ Handa Foundation ហាក់មានទំនាក់ទំនងកាន់តែស្និទ្ធស្នាលជាមួយអ្នកកាន់អំណាច និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល។
មូលនិធិ Handa Foundation គាំទ្រកម្មវិធីអប់រំ និងថែទាំសុខភាពនៅក្នុងខេត្តបាត់ដំបង។
អង្គការនេះទទួលបានមូលនិធិពីលោក ហារូហ៊ីសា ហានដាក ដែលជាមេដឹកនាំសាសនាជនជាតិជប៉ុននិងជាអ្នកមានទ្រព្យសម្បត្តិម្នាក់នៃអង្គការសាសនាស៊ីនតូ World Mate ដែលត្រូវបានបង្កើតឡើងនៅដើមទសវត្សរ៍ឆ្នាំ១៩៨០។ គេហទំព័ររបស់សាកលវិទ្យាល័យកម្ពុជាបានបង្ហាញឈ្មោះ លោក ហានដាក ជាអធិការបតី និងជាទីប្រឹក្សាផ្លូវការរបស់រដ្ឋាភិបាលកម្ពុជា។ សាកលវិទ្យាល័យនេះត្រូវបានបង្កើតឡើង និងគ្រប់គ្រងដោយលោក កៅ គឹមហួន ដែលជាសហការីជិតស្និទ្ធរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាអគ្គលេខាធិការដ្ឋានអាស៊ាន។
មូលនិធិ Handa Foundation គឺជាដៃគូក្នុងការបើកដំណើរការមន្ទីរសម្រាកព្យាបាលទាំងបី ដែលក្រសួងទើបបានបិទ និងមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម ដែលបង្កើតឡើងដោយលោក គ្រីស័រ ចាងហ្វាងកាសែត ឌឹ ខេមបូឌា ដេលី។ ប្រាក់ចំណូលពីមន្ទីរសម្រាកព្យាបាលទាំងបីបានជួយដល់ប្រតិបត្តិការរបស់មន្ទីរពេទ្យនេះ។
កំណត់ហេតុបែកធ្លាយនៃកិច្ចប្រជុំកាលពីថ្ងៃទី៥ ខែមេសា រវាងមន្ត្រីនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ត្រីក្រុមហ៊ុនសេនធ័រ អហ្វ ហូប បង្ហាញថា មូលនិធិ Handa Foundation ត្រូវបានបញ្ជាក់ថា ជាប្រភពនៃពាក្យបណ្តឹង។ មូលនិធិ Handa Foundation បានចោទប្រកាន់ថា ឧបករណ៍ដែលបានបរិច្ចាគសម្រាប់ប្រតិបត្តិការ “សប្បុរសធម៌” ត្រូវបានមន្ទីរសម្រាកព្យាបាលទាំងបីប្រើប្រាស់ ដើម្បីរកប្រាក់ចំណេញទៅវិញ។
លោក កែវ វី មន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានចូលរួមក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៥ ខែមេសា បានបញ្ជាក់ថា មូលនិធិ Handa Foundation ជាអ្នកផ្តួចផ្តើមពាក្យបណ្តឹងនេះ។
លោក កែវ វី បានមានប្រសាសន៍ថា៖ «ក្រសួងសុខាភិបាលបានចាត់វិធានការ និងចាត់តាំងក្រុមការងាររបស់យើង ដើម្បីធ្វើសវនកម្មដោយផ្អែកលើការពន្យល់របស់មូលនិធិ Handa Foundation ក្នុងកិច្ចប្រជុំជាមួយក្រសួងសុខាភិបាល»។
លោក ខេវិន អូប្រាយអឹន ជានាយកប្រតិបត្តិ នៃមូលនិធិ Handa Foundation មិនបានឆ្លើយតបដោយផ្ទាល់ថា នៅពេលណា ឬថា ហេតុអ្វីបានជាមូលនិធិនេះផ្តួចផ្តើមឲ្យមានពាក្យបណ្តឹងប្រឆាំងនឹងគ្លីនិកទាំងបីនេះទេ។
លោក ខេវិន អូប្រាយអឹន មានប្រសាសន៍ថា៖ «យើងគាំទ្ររដ្ឋាភិបាល ហើយប្រសិនបើពួកគេស្នើយើង ប្រាប់យើងអំពីរឿងនេះ យើងធ្វើ។ យើងមិនចាប់ផ្តើមអ្វីទេ យើងគ្រាន់តែធ្វើតាម។ … យើងមិនព្យាយាមប្រើរដ្ឋាភិបាល ដើម្បីសម្រេចអ្វីមួយនោះទេ»។
យោងតាមអ៊ីមែល និងឯកសារដែលខេមបូចាទទួលបានពិនិត្យមើលបង្ហាញថា កន្លងមក មូលនិធិ Handa Foundation ធ្លាប់បានបង្ហាញចំណាប់អារម្មណ៍ចង់បានមន្ទីរសម្រាកព្យាបាលទាំងនេះ។ តាមចោទថា ហារូហ៊ីសា ហានដាក បានស្វះស្វែង ដើម្បីទទួលបានភាពជាម្ចាស់នៃមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម និងយ៉ាងហោចណាស់ក៏បានមន្ទីរសម្រាកព្យាបាលមួយដែរ តាមរយៈវិធានការផ្លូវច្បាប់កាលពីឆ្នាំ២០១២។
លោក អូប្រាយអឹន ក៏បានផ្ញើសារទៅលោកស្រី គ្រីស័រ ស្ទៀល កាលពីឆ្នាំ២០២០ ដែលផ្តល់ជូននូវជម្រើសសម្រាប់អនាគតរបស់មន្ទីរសម្រាកព្យាបាលទាំងបី ដែលមួយក្នុងចំណោមនោះ ត្រូវបានកាន់កាប់ទាំងស្រុងដោយមូលនិធិ Handa Foundation។ ក្នុងសារដដែលនោះ លោកបានអះអាងថា អំណោយដែលបានបរិច្ចាគដល់កាកបាទក្រហមកម្ពុជា «បង្កើតឱកាសច្រើនសម្រាប់មូលនិធី The Handa Foundation»។ (លោក អូប្រាយអឹន បដិសេធថា មិនបាននិយាយបែបនេះទេ បើទោះបីជាសារនេះ ត្រូវបានផ្ញើចេញពីទូរសព្ទរបស់លោកក៏ដោយ)។
មូលនិធិ Handa Foundation បានបញ្ជាក់នៅលើទំព័រ Facebook របស់ខ្លួនថា ខ្លួនបានផ្តល់ថវិការាប់លានដុល្លារដល់រដ្ឋាភិបាលកម្ពុជា រួមទាំងការបរិច្ឆាគចំនួន៥៥.៨៨១,៥៤ដុល្លារអាមេរិក ដល់កាកបាទក្រហមកម្ពុជា (CRC) កាលពីខែឧសភា ឆ្នាំ២០២០។ លោកជំទាវ ប៊ុន រ៉ានី ភរិយាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាប្រធានកាកបាទក្រហមកម្ពុជាបានថ្លែងអំណរគុណជាសាធារណៈនិងដោយផ្ទាល់ចំពោះការបរិច្ចាគនេះ។ ក្រុមហ៊ុន សេនធ័រ អហ្វ ហូប ក៏បានបរិច្ចាគដល់កាកបាទក្រហមកម្ពុជាដែរ។
លោក អូប្រាយអឹន បានបដិសេធការដែលថា អង្គការរបស់លោកកំពុងស្វះស្វែងយ៉ាងសកម្ម ដើម្បីទទួលបានមន្ទីរសម្រាកព្យាបាលទាំងនោះ។
លោកបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីម៉ែលកាលពីថ្ងៃទី១២ ខែមិថុនា ថា «មូលនិធិ Handa Foundation មិនពាក់ព័ន្ធនឹងសកម្មភាពណាមួយនៅក្នុងទីក្រុងភ្នំពេញនោះទេ។ យើងក៏មិនមានបុគ្គលិកនៅទីនោះដែរ។ យើងគ្មានគម្រោង ឬចេតនាក្នុងការផ្លាស់ប្តូរទេ»។
កាលពីថ្ងៃទី១៦ ខែមិថុនា លោក អូប្រាយអឹន បាននិយាយថា បុគ្គលិករបស់សេនធ័រ អហ្វ ហូប បានទាក់ទងមកលោកដោយស្នើឲ្យមូលនិធិរបស់លោកគ្រប់គ្រងមន្ទីរសម្រាកព្យាបាលទាំងនេះ ប៉ុន្តែលោកបានផ្ញើសារទៅក្រសួងសុខាភិបាល ដោយបញ្ជាក់ថា អង្គការរបស់លោកមិនបានស្វះស្វែង ដើម្បីគ្រប់គ្រងមន្ទីរសម្រាកព្យាបាលទាំងនោះទេ។ លោកបដិសេធមិនផ្តល់សារនោះមកឲ្យខេមបូចាទេ។
ខណៈពេលស្ថានភាពរបស់មន្ទីរសម្រាកព្យាបាលទាំងនេះស្ថិតក្នុងភាពមិនច្បាស់លាស់ លោក ដាញែល បាននិយាយថា សេនធ័រ អហ្វ ហូប គ្រាន់តែចង់បម្រើប្រជាជនកម្ពុជាប៉ុណ្ណោះ ប៉ុន្តែវាប្រហែលជាមិនអាចទៅរួចទៀតទេ។
លោក ដាញែល បានមានប្រសាសន៍ថា៖ «ខ្ញុំដឹងថា តាមរយៈការនិយាយរបស់ខ្ញុំនេះ ខ្ញុំនឹងមិនត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅកម្ពុជាវិញទេ។ ហើយខ្ញុំមានអារម្មណ៍បាត់បង់នៅទីនោះ។ ព្រោះខ្ញុំពិតជាចង់ជួយប្រជាជនកម្ពុជា។ ហើយនោះជាអ្វីដែលខ្ញុំចង់ធ្វើ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Gov’t Shutdown of Health Clinics Ends Cambodia Daily Founder’s Humanitarian Projects