មេដឹកនាំកំពូលៗមកពីប្រទេសវៀតណាម និងឡាវ បានអញ្ជើញមកដល់រាជធានីភ្នំពេញនៅថ្ងៃសុក្រនេះ សម្រាប់កិច្ចពិភាក្សាត្រីភាគី ដែលមានគោលបំណងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងចំណងមិត្តភាពយូរអង្វែង។
ដំណើរទស្សនកិច្ចនេះ រួមមានមេដឹកនាំបក្សកុម្មុយនិស្តវៀតណាម និងឡាវ លោក តូ ឡឹម និងលោក ថងលុន ស៊ីសុលីត។ មេដឹកនាំទាំងពីររូបនេះត្រូវបានទទួលស្វាគមន៍ដោយប្រធានព្រឹទ្ធសភា និងអតីតនាយករដ្ឋមន្ត្រីដែលកាន់អំណាចដ៏យូរ គឺលោក ហ៊ុន សែន ដែលព្រះមហាក្សត្រ នរោត្តម សីហមុនី បានស្នើសុំឱ្យធ្វើជាប្រមុខរដ្ឋ ដោយសារតែទ្រង់មានបញ្ហាព្រះរាជសុខភាព។ លោក ថងលុន ស៊ីសុលីត ត្រូវបានគេរំពឹងថានឹងបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃ។
ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ពីដំណើរទស្សនកិច្ចជាមួយលោក តូ ឡឹម ដែលត្រូវបានតែងតាំងឡើងវិញកាលពីខែមុន ជាអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាមសម្រាប់អាណត្តិប្រាំឆ្នាំ ដែលត្រូវបានគេរំពឹងថានឹង «ពង្រឹងទំនាក់ទំនងកក់ក្តៅបន្ថែមទៀត» និងលើកកម្ពស់ «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងយូរអង្វែង» រវាងប្រទេសទាំងពីរ។
ដោយឡែក សម្រាប់ដំណើរទស្សនកិច្ចរបស់មេដឹកនាំឡាវនឹងពង្រឹងចំណង «មិត្តភាពកក់ក្ដៅ» ដូចគ្នានេះដែរ និងគូសបញ្ជាក់ពី «កិច្ចសហប្រតិបត្តិការដែលមានប្រយោជន៍ទៅវិញទៅមក» សម្រាប់ការអភិវឌ្ឍ និងវិបុលភាពនៃប្រទេសទាំងពីរ។
លោក តូ ឡឹម នឹងមានកិច្ចប្រជុំកំពូលជាមួយលោក ហ៊ុន សែន មុនពេលមានកិច្ចប្រជុំត្រីភាគី ដែលមានវត្តមានលោក ថងលុន ស៊ីសុលីត ចូលរួមផងដែរ នេះបើតាមការប្រកាសរបស់លោក ហ៊ុន សែន នៅលើទំព័រហ្វេសប៊ុករបស់លោក។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលបានឡើងជំនួសឪពុករបស់គាត់ គឺលោក ហ៊ុន សែន ក្នុងការបោះឆ្នោតឆ្នាំ២០២៣ បន្ទាប់ពីលោក ហ៊ុន សែន បានកាន់អំណាចជិតបួនទសវត្សរ៍កន្លងមក ក៏បានចូលរួមក្នុងពិធីចុះហត្ថលេខាសម្រាប់អនុស្សរណៈនៃការយោគយល់គ្នារវាងគណៈកម្មការទំនាក់ទំនងការបរទេសនៃគណបក្សប្រជាជនកម្ពុជា និងក្រសួងការបរទេសវៀតណាម ដែលលោកបានបង្ហោះនៅលើហ្វេសប៊ុក ក្នុងនោះក៏ឃើញវត្តមានជាមួយនាយករដ្ឋមន្ត្រីវៀតណាម គឺលោក ផាំ មិញ ឈីញ ផងដែរ។
ទាំងលោក តូ ឡឹម និងលោក ហ៊ុន សែន ក៏គ្រោងនឹងធ្វើជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់សាលារៀនមួយកន្លែងនៅក្នុងខណ្ឌមួយស្ថិតនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ ក្រោមការទទួលបានមូលនិធិពីប្រទេសវៀតណាម។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យរបស់ប្រធានព្រឹទ្ធសភា បដិសេធមិនធ្វើអត្ថាធិប្បាយ ដោយថ្លែងថាលោកកំពុងស្ថិតក្នុងកិច្ចប្រជុំ។
អ្នកវិភាគភូមិសាស្ត្រនយោបាយឯករាជ្យ លោក សេង វ៉ាន់លី បានលើកឡើងនៅលើហ្វេសប៊ុករបស់លោកថា ដំណើរទស្សនកិច្ចរបស់មេដឹកនាំទាំងអស់នេះគឺមានយុទ្ធសាស្ត្រមួយដើម្បីពង្រឹង «សាមគ្គីភាពមនោគមវិជ្ជា» និងសន្តិសុខតំបន់។
លោកបានមានប្រសាសន៍ថា៖ «តាមទស្សនៈរបស់ខ្ញុំ ព្រឹត្តិការណ៍នេះមិនគ្រាន់តែជាការផ្លាស់ប្ដូរការទូតជាប្រចាំនោះទេ ប៉ុន្តែជាសារច្បាស់លាស់មួយអំពីការបង្កើត «ខ្សែក្រវាត់ការពាររួម» ក្នុងចំណោមប្រទេសទាំងបី នៅពេលដែលភូមិសាស្ត្រនយោបាយក្នុងតំបន់កំពុងផ្លាស់ប្ដូរ និងមិនប្រាកដប្រជា៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Interior Ministry Highlights 2025 Trafficking Crackdown Amid Scam Concerns










