សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ស្ថាប័នឃ្លាំមើលសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិនឹងដំណើរការស៊ើបអង្កេតលើក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុកំពូលៗមួយចំនួនក្នុងប្រទេស​កម្ពុជា

សាខា LOLC ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣។ LOLC គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួនប្រាំមួយ ដែលស្ថាប័នឃ្លាំមើលរបស់ IFC បានទទួលពាក្យបណ្តឹងនៅឆ្នាំ 2022។ (ខេមបូចា/ ព្រីង សំរាំង)
សាខា LOLC ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣។ LOLC គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួនប្រាំមួយ ដែលស្ថាប័នឃ្លាំមើលរបស់ IFC បានទទួលពាក្យបណ្តឹងនៅឆ្នាំ 2022។ (ខេមបូចា/ ព្រីង សំរាំង)

ស្ថាប័នឃ្លាំមើលសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួននឹង​ដំណើរ​ការស៊ើបអង្កេតលើ គ្រឹះស្ថានហិរញ្ញវត្ថុកំពូលៗនៅកម្ពុជាមួយចំនួន បន្ទាប់ពីស្ថាប័ន IFC បានដកសំណើសុំការពិនិត្យលើការសម្រេច​ស៊ើបអង្កេតនេះ។

ការិយាល័យអនុលោមទីប្រឹក្សាដោះស្រាយវិវាទហៅកាត់ថា CAO ដែលមាននាទីឃ្លាំមើល IFC បានសម្រេចឲ្យមានការស៊ើបអង្កេតលើ គ្រឹះស្ថានហិរញ្ញវត្ថុទាំងនេះ កាលពីថ្ងៃទី១៣ ខែមិថុនា ប៉ុន្តែការស៊ើបអង្កេតត្រូវបានពន្យារដោយសារតែ គណៈគ្រប់គ្រងស្ថាប័ន IFC បាន​ស្នើ​ទៅកាន់ក្រុមប្រឹក្សាភិបាលឲ្យពិនិត្យលើការសម្រេចមួយនេះបន្តទៀត។ IFC គឺជា​សមាជិក​របស់ធនាគារពិភពលោក (World Bank Group) ហើយកន្លងមក IFC មិនធ្លាប់អនុវត្ត​គោលការណ៍ ពិនិត្យឡើងវិញបែបនេះពីមុនមកទេ។ អ្នកនាំពាក្យម្នាក់​របស់​ការិយាល័យ​អនុលោមទីប្រឹក្សាដោះស្រាយវិវាទ ឬCAO  បានប្រាប់ខេមបូចាថាគោលការណ៍នេះ​ប្រើ​តែក្នុង «ករណីពិសេស» ពេលដែលគណៈគ្រប់គ្រងជឿងថា «លក្ខណៈវិនិច្ឆ័យបច្ចេកទេស… មិនទាន់មាន​ភាព​ពេញលេញ»។

កាលពីថ្ងៃអង្គារ CAO ក៏បានចេញផ្សាយការវាយតម្លៃដំបូងរបស់ខ្លួន​លើបណ្ដឹងប្រឆាំង​នឹង​គ្រឹះស្ថាន​ហិរញ្ញវត្ថុចំនួនប្រាំមួយរបស់​កម្ពុជារួមមាន អេស៊ីលីដា អម្រឹត ប្រាសាក់ ហត្ថា LOLC និងធនាគារស្ថាបនា។ គ្រឹះស្ថានហិរញ្ញវត្ថុទាំងនេះកាន់កាប់​ទីផ្សារមីក្រូហិរញ្ញ​វត្ថុ​នៅ​កម្ពុជា​ជាង​៧០ភាគរយ។ ការវាយតម្លៃរយៈពេលប្រាំបួនខែបានរកឃើញ «សូចនាករបឋមនៃ​ការខូច​ខាត» ទៅលើអ្នកខ្ចី និងបានបំពានលើគោលនយោបាយបរិស្ថាន និងសង្គមរបស់ IFC ដោយ​ស្ថាប័ន​ទាំងប្រាំមួយនេះ និងស្ថាប័នអន្តរការីហិរញ្ញវត្ថុបួនផ្សេងទៀត។

របាយការណ៍វាយតម្លៃរបស់ CAO  បានសរសេរថា៖ «CAO បានឈានដល់សេចក្ដី​សន្និដ្ឋាន​នេះដោយផ្អែកលើកការទទួលខុសត្រូវកម្រិតគ្រួសារនៃផលប៉ះពាល់ជាអវិជ្ជមានលើសង្គម​ចំពោះកម្ចីដែលផ្ដល់ដោយគ្រឺះស្ថានហិរញ្ញវត្ថុទាំងនេះ ដែលវាស្របទៅ​នឹងការទទួលខុសត្រូវ​លើហានិភ័យ និងផលប៉ះពាល់របស់កម្ចីមីក្រូហិរញ្ញវត្ថុ និងការជាប់បំណុលធ្ងន់ធ្ងរនៅកម្ពុជា និងប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀត»

ការធ្វើឲ្យខូចខាតតាមរយៈកម្ចីនេះគឺមានដូចជាការធ្វើឲ្យបាត់បង់ដីធ្លី និងជីវភាពប្រចាំថ្ងៃ ពលកម្មកុមារ ចំណាកស្រុក ផលប៉ះពាល់អវិជ្ជមានលើសហគមន៍ជនជាតិដើមភាគតិច និងភាពភ័យខ្លាចពីការសងសឹករបស់សហគ្រាសមកលើអ្នករិះគន់។

តាមរយៈការវាយតម្លៃដំបូងរបស់ខ្លួន CAO បានកត់សម្គាល់ថាផលប៉ះពាល់ទាំងនេះ «គឺពិត​ជា​គួរឲ្យជឿបានថា មានទាក់ទងនឹងការមិនអនុវត្តតាមគោលការណ៍របស់ IFC» ទាក់ទងនឹង​គោលនយោបាយអភិបាលកិច្ចសង្គម និងបរិស្ថាន ហើយការខូចខាត​នេះអាចនឹងត្រូវធ្វើ​ឲ្យ​បាន​ល្អប្រសើរបើសិនជាត្រូវបានយកចិត្តទុកដាក់ត្រឹមត្រូវដោយផ្អែកលើការស៊ើបអង្កេតជាក់​លាក់​របស់ IFC។

របាយការណ៍វាយតម្លៃនេះក៏បានច្រានចោលការលើកឡើងថា អ្នកខ្ចី​ប្រាក់​ពី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​មិនស្ថិតនៅក្រោមការគ្របដណ្ដប់របស់គោលនយោបាយនិរន្តរភាព និងស្ដង់ដារអនុវត្តរបស់ IFC។

បើតាម CAO ស្ថាប័ន IFC បានអះអាងថាគោលនយោបាយរបស់ខ្លួន​អនុវត្តទៅលើ​ផលប៉ះ​ពាល់​​របស់ «សកម្មភាពអាជីវកម្ម» ដូចជាកសិដ្ឋានដែលខ្ចីប្រាក់ពីគ្រឹះស្ថានហិរញ្ញវត្ថុ ឬហាង​លក់ទំនិញ លើសហគមន៍ ប៉ុន្តែមិនមែនជាផលប៉ះពាល់លើអ្នកខ្ចីប្រាក់​ពីគ្រឹះស្ថានមីក្រូ​ហិរញ្ញវត្ថុ​ខ្លួនឯង​នោះទេ ដែលអ្នកទាំងនោះអាចនឹងធ្លាក់ខ្លួនដល់លក់ដី ឬកាន់តែក្រីក្រ​ដោយសារ​តែជាប់បំណុល។

អង្គការសិទ្ធិមនុស្ស លីកាដូ ដែលបានផ្តួចផ្ដើមឲ្យមានការដាក់បណ្ដឹងទៅ​ស្ថាប័នឃ្លាំមើល​មួយ​នេះ ជាមួយនឹងអង្គការសមធម៌កម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ២០២២ បាននិយាយថា​ ខ្លួនពិត​ជា​ចង់​ឃើញការស៊ើបអង្កេតនេះកើតមានឡើង។

នាយិកាអង្គការ លីកាដូ លោកស្រី ណាលី ពីឡូក ប្រាប់ខេមបូចាថា៖ «វាជារឿងគួរឲ្យរីករាយ​ដែលគណៈគ្រប់គ្រងរបស់ IFC បរាជ័យក្នុងការរារាំងដំណើរការនេះ ហើយបានទុកឱកាសឲ្យ CAO បន្តធ្វើការងារខ្លួនទៅមុខដោយឯករាជ្យ។ វាជារឿងគួរឲ្យខឹងណាស់​ដែល​គណៈគ្រប់​គ្រង​​បានជំទាស់ និងបានពន្យារពេលស៊ើបអង្កេតរបស់ CAO»

សេដ្ឋកិច្ចវិទូ Milford Bateman បាននិយាយថា លោក ជឿថា IFC «បានដឹងច្បាស់ហើយពី​ទំហំ​នៃ​ការ​ខូច​ខាត» ដែលបង្កឡើងដោយគ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា និងបណ្ដាប្រទេស​កំពុងអភិវឌ្ឍន៍ផ្សេងទៀត ហើយក៏មានគំនិតគេចវេស «ពីព្យុះនៃការរិះគន់» លើវិស័យមួយនេះ ដែលខ្លួនបានចាក់លុយចូលរាប់សិបលានដុល្លារ។ IFCក៏មានភាគហ៊ុន២០ភាគរយនៅ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុអម្រឹតផងដែរ ដែលជាគ្រឹះស្ថានមួយកំពុងប្រឈម​នឹងការស៊ើប​អង្កេត។

សាស្រ្តាចារ្យ​ផ្នែក​សេដ្ឋកិច្ច​នៅ​សាកលវិទ្យាល័យ​ Juraj Dobrila ​នៅ​ទី​ក្រុង​ Pula ប្រទេស​ក្រូអាត រូប​នេះ មាន​ប្រសាសន៍​ទៀត​ថា៖ «ខ្ញុំ​គិត​ថា​ការ​សម្រេច​ចិត្ត​ដ៏​ភ័យ​ស្លន់​ស្លោ​ [របស់​គណៈគ្រប់​​គ្រង​ IFC ស្នើ​ឲ្យ​មានការ​ពិនិត្យ​លើ​សេចក្ដី​សម្រេច​ក្នុង​ការស៊ើបអង្កេត ] គឺ​ជា​ការ​បិទ​បាំងពី​តួនាទី​របស់​ខ្លួន​ក្នុង​នាម​ជា​ស្ថាប័ន​មួយ​របស់​ធនាគារពិភព​លោក​ ដែល​តែងតែ​​លើក​កម្ពស់ «សេរីភាព» នៃ​ការ​រក​ប្រាក់​ចំណេញ​របស់​វិស័យ​ឯកជន​មិន​ថា​វាប៉ះពាល់ធ្ងន់​ធ្ងរ​បែបណា​នោះទេ ហើយ​ពួកគេ​ទាំង​នោះ​បែរជា​ធ្វើ​ទស្សនកិច្ច​ញឹក​ញាប់​ទៅ​កាន់​ប្រទេសក្រីក្រ​កំពុង​អភិវឌ្ឍន៍​ទាំង​នោះ​ទៅ​វិញ»។​

លោក Bateman បានឲ្យ​ដឹង​ទៀត​ថា លោកជឿ​ថា​ IFC បាន​ប្រឈម​នឹង​សម្ពាធ​ពី​គ្រឹះស្ថាន​ ហិរញ្ញវត្ថុទាំង​នោះ និង​សម្ពាធពី​អ្នកវិនិយោគ​ដ៏​ធំ​របស់​គេ គឺ​រដ្ឋាភិបាល​អាមេរិក ដែល​រារាំង​មិន​ឲ្យ​មាន​ដំណើរ​ការ​ស៊ើប​អង្កេតនេះ​។​ លោក​បន្ថែម​ទៀត​ថា ការ​ស៊ើប​អង្កេត​នេះ​ក៏​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខ​មាត់​របស់​ប្រធាន​ធនាគារ​ពិភព​លោក​ទើប​តែង​តាំង​ថ្មី  Ajay Banga ផង​ដែរ ដែល​លោក​នាពេល​កន្លង​មក​គឺ​ជា​អ្នក​តស៊ូមតិរបស់វិស័យ​​មីក្រូហិរញ្ញវត្ថុ​តាំង​ពី​លោក​នៅ​ធ្វើ​ការ​ឲ្យ​ក្រុម​ហ៊ុន​សេវាហិរញ្ញវត្ថុ​ CitiBank។

ប៉ុន្តែ​នរវិទូ​មក​ពី​សាកល​វិទ្យាល័យ​ Hamburg លោក Frank Bliss មាន​ប្រ​សាសន៍​ថា លោក​ «​អត់មានយោបល់» ថា​តើការ​ស៊ើប​អង្កេត​របស់​ CAO លើ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំង​នោះ​មាន​អំណាច​ខាង​ ផ្លូវ​ច្បាប់​យ៉ាងណា​នោះ​ទេ។ លោក​បាន​បោះពុម្ព​ផ្សាយ​របាយការណ៍​នៃ​ការ​ស្ទង់​មតិ​មួយ​ដែល​គាំទ្រ​ថវិកា​ដោយ​រដ្ឋាភិបាល​អាល្លឺម៉ង់លើ​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​នៅកម្ពុជា ដោយ​​បាន​ប៉ាន់​ប្រមាណ​ថា​មាន​ដី​ជាង ​១៦៧ ០០០​កន្លែង​ត្រូវ​បាន​លក់​​ទាក់​ទង​នឹង​បញ្ហាបំណុល​គិត​តាំង​ពី​ឆ្នាំ​២០១៧ មក​។

លោក Bliss ឲ្យ​ដឹង​ទៀតថា ​មិនមែន​តែ​ការ​លង់​ខ្លួន​ជ្រៅ​ក្នុង​បំណុល​កើត​ចេញ​ពី​ការការ​ផ្ដល់​កម្ចី​គ្មានក្រម​សីលធម៌ទេ​ ដែល​នាំ​ឲ្យ​អ្នក​ខ្ចី​ធ្លាក់​ខ្លួន​លក់​ដី​ធ្លី​របស់​ខ្លួន​នោះ គឺ​នៅ​មាន​ស្ថាន​ភាព​ផ្សេង​ៗ​មួយ​ចំនួន​ទៀត​ដែល​បង្ខំ​ឲ្យ​ពួកគេលក់​ដី​ធ្លី​របស់​ខ្លួន​​។​ លោក​បន្ថែម​ថា អ្នក​​ខ្លះ​បាន​ដឹង​ពី «ប្រព័ន្ធ​ឆបោក» មុន​នឹង​ធ្លាក់ខ្លួន​ក្នុង​បំណុល ហើយ​ក៏​មាន​អ្នក​ផ្សេង​ទៀតបានធ្វើ​ការ​សម្រេច​ចិត្ត «ដ៏​ឆ្កួតលីលា» ដោយ​ប្រើ​ឲ្យ​សមាជិក​គ្រួសារ​ខ្លួន​ទៅ​ខ្ចី​បុល​ជា​ច្រើន​កន្លែង។​

ខណៈ​ដែល​អង្គការ ​លីកាដូ ក៏​ដូច​ជា​អ្នក​ស្រាវ​ជ្រាវ​មួយ​ចំនួន​ទៀត​បាន​ជឿ​ថា ​ផល​ប៉ះពាល់​អវិជ្ជមាន​លើ​អ្នក​ខ្ចី​ប្រាក់​កើត​ចេញ​ពី​គោល​នយោបាយ​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដូច​ជា​ការ​ឲ្យ​យក​ប្លង់​ដី​ធ្វើ​ជា​ទ្រព្យ​បញ្ចាំ លោក Bliss ថា​បញ្ហា​របស់​វិស័យ​នេះគឺ​ជា​លទ្ធ​ផលដំបូង​​កើត​ចេញ​ពី​មន្ត្រីឥណទាន​គ្មានក្រមសីលធម៌​​វិជ្ជាជីវៈ​ដែល​ធ្វើ​ឲ្យ​ខូច​ខាត​ប្រយោជន៍​ដល់អ្នក​ខ្ចី ដែល​ផ្ទុយ​ពី​គោល​នយោបាយ​របស់​គ្រឹះស្ថាន​ទៅ​វិញ​។​

លោក​ឲ្យ​ដឹងថា៖ «​ខ្ញុំ​គិត​ថា​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ មាន​ការ​អនុវត្ត​មិន​បាន​ល្អ​ជាង​១០​ភាគរយ គឺ​មន្ត្រី​ឥណទាន​គ្មាន​ក្រម​សីលធម៌វិជ្ជាជីវៈ»។

តាម​រយៈ​សារ​អ៊ីម៉ែល​របស់​ខ្លួន អ្នក​នាំពាក្យ​សមាគមគ្រឹះ​ស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា លោក កាំង តុងងី បាន​លើក​ឡើងថា ​សមាគម​ «ស្វាគមន៍​លើ​ការ​សម្រេច​ចិត្ត​របស់​ CAO ក្នុង​ការ​ចាប់​ផ្ដើម​ការ​ស៊ើបងង្កេត​នេះ។ សមាគម​រង់ចាំ​គាំទ្រ​ដល់​ដំណើរ​ការ​នេះ»។ លោក​បន្ថែម​ថា៖ «សមាគម​សង្ឃឹម​ថា​លទ្ធ​ផល​បាន​ពី​ការ​ស៊ើប​អង្កេត​របស់​អង្គភាពឯករាជ្យ​នេះ​នឹង​ជួយ​ឲ្យ​សាធារណជន និង​ម្ចាស់​ភាគហ៊ុន​នានា​បាន​យល់​ពីការ​ពិត​ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​នេះ»

រាយការណ៍​បន្ថែម​ដោយ៖  Leila Goldstein

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ IFC Watchdog’s Investigation Into Cambodia’s Top Microfinance Firms Allowed to Proceed

292 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម