ស្នងការនគរបាលរាជធានីភ្នំពេញថា ករណីបែកធ្លាយលិខិតប្ដឹងអធិការខណ្ឌកំបូល គឺជារឿងបុគ្គល និងកំពុងចុះស៊ើបអង្កេតដើម្បីចាត់វិធានការ ខណៈសង្គមស៊ីវិលចាត់ទុកថា វាជារឿងមិនប្រក្រតី និងជាអំពើពុករលួយ និងស្នើឱ្យអង្គភាពប្រឆាំងអំពើពុករលួយបន្ថែមការស៊ើបអង្កេតដើម្បីពង្រឹងប្រព័ន្ធច្បាប់មានចែងជាធរមាន។
បើតាមសម្ដីរបស់ លោក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងថា ការបែកធ្លាយលិខិតប្ដឹងផ្ដល់គ្នារបស់សមត្ថកិច្ចខណ្ឌកំបូលមកកាន់លោកនេះថា ជារឿងបុគ្គល និងបុគ្គល ដោយសារការមិនពេញចិត្ដគ្នា និងចង់ប៉ែងជើងគ្នាប៉ុណ្ណោះ។
លោកបានបន្តថា លោកបានទទួលលិខិតតាំងពីមួយខែមុនមកម្ល៉េះ ហើយលោកបានចុះទៅត្រួតពិនិត្យនឹងណែនាំរួចមកហើយ អំឡុងពេលលោកឡើងដឹកនាំ។ តែយ៉ាងណាលោកថា លោកសុំមិនបញ្ចេញឈ្មោះបុគ្គលទេ ដើម្បីឱ្យលោកមានចំណាត់ការសិន និងបន្ដវិធានការឱ្យច្បាស់លាស់សិន។
លោក ជួន ណារិន្ទ មានប្រសាសន៍ថា៖ «ខ្ញុំបានចុះស៊ើប និងសម្របសម្រួលរួចមកហើយ។ រឿងនេះវាមិនដូចការចុះផ្សាយទេ។ ខ្ញុំនឹងចុះដោះស្រាយរឿងហ្នឹងដើម្បីដឹងថាអ្នកណាខុសអ្នកណាត្រូវ ព្រោះខ្ញុំធ្វើការក្នុងនាមជាមេគេ។ ខ្ញុំសុំរក្សាផ្ទៃក្នុងសិន។ រឿងបុគ្គល និងបុគ្គលទេ ប៉ែងជើងគ្នា ខ្ញុំសុំមិនបញ្ចេញឈ្មោះទេ ទុកពេលឱ្យខ្ញុំធ្វើការសិន»។
នៅថ្ងៃទី៧ខែធ្នូ ឆ្នាំ២០២៣នេះ មានលិខិតមួយបានបែកធ្លាយពាក់ព័ន្ធនឹងករណីប្ដឹងលោក ហុង ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូលទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដោយបានបោះត្រាចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ដោយស្នើឱ្យស្នងការដ្ឋាននគរបាលស៊ើបអង្កេតលើករណីដឹកនាំមិនប្រក្រតី ក្រោយពីលោក ហុង ពិសិដ្ឋ ចូលកាន់តំណែងដោយបញ្ជាក់ថា៖ «ចាប់តាំងពីលោក ហុង ពិសិដ្ឋ លោកវរសេនីយ៍ឯក អធិការនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល ប្រកាសចូលមកកាន់តំណែងជាអធិការ កាលពីថ្ងៃ១៨ ខែសីហា ឆ្នាំ២០២៣មក បានបង្កើតនូវបាតុភាពមិនប្រក្រតីប៉ះពាល់សតិអារម្មណ៍កងកម្លាំង និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានយ៉ាងខ្លាំង»។
ក្នុងលិខិតដដែលក៏បានលើកឡើងថា ការតែងតាំងតួនាទី ឋានន្ដរសក្ដិមន្ដ្រីនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល ដោយគ្មានការប្រជុំវាយតម្លៃត្រឹមត្រូវ ដោយថ្នូរជាប្រាក់៨០០ដុល្លារទៅ១០០០ដុល្លារ(តួនាទីនាយករងប៉ុស្ដ៍ និងនាយករងផ្នែក) ដោយគ្រាន់តែហៅ លោក លោកស្រីអធិការរងមកចុះហត្ថលេខាជាការស្រេច។ ក្នុងលិខិតដដែលនេះក៏បានបញ្ជាក់ពីករណីមិនប្រក្រតីជាច្រើន និងស្នាមមេដៃអ្នកគាំទ្រ៤៣នាក់ទៀតផងដែរ។
ជុំវិញរឿងនេះដែរ លោក វុទ្ធ ប៊ុនថន មេប៉ុស្ដ៍ឪឡោក ខណ្ឌកំបូលដែលមានស្នាមមេដៃក្នុងពាក្យបណ្ដឹង បានថ្លែងបញ្ជាក់ថា លោកសុំមិនអត្ថាធិប្បាយលើករណីខាងលើបន្ថែមនោះទេ ដោយលោកថា សុំរក្សាភាពស្ងៀមស្ងាត់សិន។
លោកបញ្ជាក់យ៉ាងខ្លីថា៖ «ខ្ញុំមិននិយាយអ្វីទេ សុំទោសផងណា»។
អ្នកសារព័ត៌មានខេមបូចា មិនអាចសុំការអត្ថាធិប្បាយបន្ថែមពី លោក ខឹម ស៊ុនសូដា អភិបាលខណ្ឌកំបូលបានទេ។
ចំណែកសាមីខ្លួន លោក ហុង ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលខណ្ឌកំបូលដែលត្រូវបានថ្នាក់រងពាក្យបណ្តឹងនោះ ខេមបូចាក៏មិនអាចសុំការបំភ្លឺបានដែរជុំវិញរឿងនេះ។
យ៉ាងណាមិញករណីនេះលោក ជួន ណារិន្ទ បានបញ្ជាក់បន្ថែមថា លោកនឹងព្យាយាមដោះស្រាយករណីឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប៉ុន្ដែលោកថា លោកមិនហ៊ានកំណត់ពេលវេលាជាក់លាក់ណានោះទេ ដោយលោកសុំរក្សាការសម្ងាត់។
លោក សយ ច័ន្ទវិចិត្ដ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងថា ខាងអង្គភាពក៏បានលិខិតបែកធ្លាយជំហរដែរ ប៉ុន្ដែលោកថា ការដាក់ពាក្យបណ្ដឹងនេះគឺទៅស្នងការរាជធានីភ្នំពេញ ដូច្នេះហើយខាងអង្គភាពប្រឆាំងអំពើពុករលួយ និងចូលរួមតាមដានបន្ដ។
លោកលើកឡើងថា៖ «ក្រុមការងារក៏បានប្រមូលព័ត៌មានទាក់ទងនឹងលិខិតហ្នឹង។ លិខិតហ្នឹងជាពាក្យបណ្ដឹងដាក់ទៅកាន់ស្នងការរាជធានីភ្នំពេញ ចឹងយើងនឹងប្រមូលព័ត៌មានបន្ថែមទៀត។ យើងនឹងពិនិត្យមើលទៅលើចំណាត់ផ្សេងៗខាងស្នងការលោកនឹងមានចំណាត់ការ»។
តាមច្បាប់ក្រមព្រហ្មទណ្ឌ មាត្រា៣៨ ចែងថា អំពើពុករលួយគឺជាបទល្មើសដែលដាក់ទោសទណ្ឌទៅលើអំពើពុករលួយ ឬប៉ុនប៉ងពុករលួយ ប្រព្រឹត្ដដោយមន្ដ្រីនយោបាយ អ្នករាជការ យោធា ឬភ្នាក់ងាររបស់គណបក្សនយោបាយ។ អំពើពុករលួយទោះធ្វើឡើងក្រោមទម្រង់សកម្ម ឬអកម្ម ដូចជាការសូកប៉ាន់ ការរំលោភមុខងារ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន និងការជំរិតទារប្រាក់ ត្រូវបានកំណត់ថាជាបទល្មើសនៅក្រោមបទបញ្ញតិ្ដរបស់ក្រមព្រហ្មទណ្ឌ។
បើតាម លោក ប៉ិច ពិសី នាយកប្រតិបត្ដិនៃអង្គការតម្លាភាពកម្ពុជា បានលើកឡើងថា វាជាអំពើពុករលួយ ព្រោះក្នុងពាក្យបណ្ដឹងបាននិយាយពីការសូកប៉ាន់ ដើម្បីក្លាយជាអធិការ។ លោកបន្ដថា មានពាក្យបណ្ដឹងពីថ្នាក់ក្រោម ជាការចាំបាច់ណាស់សាមីស្ថាប័ន ឬសាមីក្រសួងត្រូវមានចំណាត់ការ ស្រាវជ្រាវបន្ថែម និងដោះស្រាយ ជាពិសេសស្វែងរកការពិតពាក់ព័ន្ធនឹងការចោទប្រកាន់។ លោកបានផ្ដល់ជាយោបល់ថា ថ្នាក់លើគួរមានក្រុមតូចមួយដើម្បីធ្វើការលើរឿងទាំងអស់ និងអាចដោះស្រាយដោយតម្លាភាព និងយុត្ដិធម៌សម្រាប់ភាគីទាំងសងខាង។
លោកបន្ថែមថា៖ «ករណីមានតម្រុយ ឬក៏មានការចោទប្រកាន់ថាការឡើងជាស្នងការបានប្រើប្រាស់មធ្យោបាយពុករលួយ សូកប៉ាន់ដើម្បីបានតំណែង។ ករណីនេះអង្គភាពប្រឆាំងអំពើពុករលួយអាចមើលបន្ថែមបានថាតើពិតជាមានករណីចឹងកើតឡើងទេ ហើយស៊ើបអង្កេត»។
នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣នេះ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរដល់ ទិវាជាតិ និងអន្តរជាតិប្រឆាំងអំពើពុករលួយ ៩ធ្នូ។ លោកបានណែនាំឱ្យបន្តពង្រឹង និងពង្រីកលើការងារអប់រំ បង្ការ និងទប់ស្កាត់ជាចម្បង ព្រមទាំងការពង្រឹង ការអនុវត្តច្បាប់យ៉ាងម៉ឹងម៉ាត់ ដើម្បីបង្ក្រាបបទល្មើសអំពើពុករលួយ ។ ពង្រឹងកិច្ចសហប្រតិបត្តិការ រវាងអង្គភាពប្រឆាំងអំពើពុករលួយ និងស្ថាប័នសាធារណៈ ជាពិសេសតាមរយៈយន្តការជនបង្គោល ទាំងការងារអប់រំ និងការងារបង្ការទប់ស្កាត់ ដើម្បីរៀបចំដាក់ឱ្យអនុវត្ត តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្តផែនការយុទ្ធសាស្ត្រ និងលើកកម្ពស់ភាពស្អាតស្អំ នៅតាមសា្ថប័នសាធារណៈ។
ចំណែកឯលោក អំ សំអាត នាយកចាត់ការទូទៅនៃអង្គការ លីកាដូ បានថ្លែងថា សម្រាប់ករណីបែកធ្លាយនេះ លោកមើលឃើញថា ជាភាពមិនប្រក្រតី និងជារឿងអសមត្ថភាពរបស់អាជ្ញាធរខ្លួនឯង។ លោកបន្ដថា មានករណីជាច្រើន គឺមិនខុសគ្នានោះទេ ការប្រព្រឹត្ដជាច្រើននៅបន្ដបិទបាំងដែលពលរដ្ឋមិនបានដឹង។
លោកបន្តទៀតថា៖ «ខ្ញុំយល់ថានៅមានករណីបែបហ្នឹងច្រើនទៀត ប្រសិនបើច្បាប់មិនតឹងរឹង ព្រោះអ្នកណាមានលុយគឺអាចទិញតំណែងបាន។ ស្ថាប័នពាក់ព័ន្ធគួរពិនិត្យឡើងវិញ ដើម្បីឱ្យការឡើងកាន់តំណែងអាចបម្រើផលប្រយោជ៍ប្រជាពលរដ្ឋបានដោយគ្មានការសូកប៉ាន់»។
បើតាមសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយឆ្នាំ២០២១ ដែលទើបចេញផ្សាយដោយអង្គការតម្លាភាពអន្តរជាតិ (Transparency International) នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ បានបង្ហាញថា កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១៥៧ក្នុងចំណោមប្រទេសចំនួន១៨០ នៅលើពិភពលោក។ ចំណាត់ថ្នាក់នេះថយជាងឆ្នាំមុនបន្តិច ដែលមានចំណាត់ថ្នាក់១៦០។ យ៉ាងណាក្តី ចំណាត់ថ្នាក់នេះបង្ហាញថា កម្ពុជានៅតែជាប្រទេសដែលមនកម្រិតពុករលួយអាក្រក់ក្នុងចំណោមប្រទេសទាំង១០នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន៕