អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានលើកឡើងថា អង្គភាពនឹងបញ្ជូនមន្ត្រីជាន់ខ្ពស់ពីររូបទៅតុលាការនៅរសៀលថ្ងៃទី២២ ខែមេសា ដោយសង្ស័យពាក់ព័ន្ធនឹងការទទួលសំណូកពីបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការលាងលុយកខ្វក់។
អ្នកនាំពាក្យ ACU លោក សយ ចាន់វិចិត្រ បានថ្លែងថា អគ្គនាយករងអន្តោប្រវេសន៍ លោក អ៊ុក ហៃសីឡា និងស្នងការរងនគរបាលរាជធានីភ្នំពេញ លោក សរ សំណាង ត្រូវបានបញ្ជូនទៅតុលាការ ប៉ុន្តែលោកពុំបានផ្តល់ព័ត៌មានលម្អិតជាងនេះនោះទេ ដោយបន្ថែមថា ការស៊ើបអង្កេតបានដំណើរការអស់រយៈពេលប្រហែល២០ថ្ងៃ។
លោកបានបន្តថា មន្ត្រីទាំងនោះត្រូវបានសង្ស័យថាបានទទួលសំណូកពីប្រតិបត្តិការឆបោក និងមានទំនាក់ទំនងជាមួយការលាងលុយកខ្វក់ ប៉ុន្តែមិនបានបញ្ជាក់ថា តើការចោទប្រកាន់ត្រូវបានដាក់ ឬបទចោទប្រកាន់ផ្សេងទៀតកំពុងស្ថិតក្រោមការស៊ើបអង្កេតដែរឬទេ។
លោកបានមានប្រសាសន៍ថា៖ «ករណីនេះនឹងត្រូវបញ្ជូនទៅតុលាការនៅរសៀលនេះ។ ព័ត៌មានបន្ថែមនឹងត្រូវបានផ្តល់ជូននៅពេលក្រោយ»។
សារព័ត៌មាន ហ្វ្រេស ញូស៍ បានរាយការណ៍ថា ជនសង្ស័យពីរនាក់ទៀត គឺភរិយារបស់លោក សំណាង និងបុគ្គលម្នាក់ទៀតដែលត្រូវបានគេស្គាល់ថា យ៉ាត កុសល ក៏ជាប់ពាក់ព័ន្ធនឹងករណីនេះផងដែរ។
ករណីនេះកើតឡើងក្នុងចំណោមការបង្ក្រាបយ៉ាងទូលំទូលាយលើប្រតិបត្តិការឆបោកទូទាំងប្រទេសនៅឆ្នាំនេះ បន្ទាប់ពីមានសម្ពាធអន្តរជាតិ។ អាជ្ញាធរឱ្យដឹងថា ពួកគេបានបិទក្រុមហ៊ុនឆបោករាប់រយកន្លែង និងបានបើកសំណុំរឿងផ្លូវច្បាប់ប្រឆាំងនឹង «មេខ្លោង» ប្រហែល៧៥០នាក់។
យោងតាមក្រសួងព័ត៌មាន កម្មករបរទេសប្រហែល ៤៨ ០០០ នាក់នៅក្នុងបរិវេណនោះ ដែលភាគច្រើននៃពួកគេត្រូវបានបង្ខំ ឬបង្ខិតបង្ខំឱ្យចូលទៅក្នុងឧស្សាហកម្មនេះ ត្រូវបានបណ្ដេញចេញ។
លោក ហៃសីលា និងលោក សំណាង គឺជាមន្ត្រីចុងក្រោយបង្អស់ដែលប្រឈមមុខនឹងសកម្មភាពផ្លូវច្បាប់ ដោយចោទប្រកាន់ទាក់ទងនឹងអំពើពុករលួយដែលជាប់ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ កាលពីខែមីនា អាជ្ញាធរបានឃុំខ្លួនអនុប្រធានម្នាក់ និងមន្ត្រីម្នាក់មកពីសាខាគយ និងរដ្ឋាករខេត្តកោះកុង បន្ទាប់ពីត្រូវបានចោទប្រកាន់ទាក់ទងនឹងលុយសំណូក ជាង១លានដុល្លារ។
កាលពីខែតុលា ឆ្នាំមុន នាយកដ្ឋានអត្តសញ្ញាណកម្មបានកោះហៅអនុប្រធានរបស់ខ្លួន លោក គង់ វុទ្ធី ដើម្បីស៊ើបអង្កេតលើការចោទប្រកាន់ថា លោកបានទទួលប្រាក់២លានដុល្លារពីជនបរទេសជាថ្នូរនឹងសញ្ជាតិកម្ពុជា។
ដោយសារមន្ត្រីមួយចំនួនត្រូវបានកំណត់គោលដៅពីបទគប់គិតជាមួយប្រតិបត្តិករឆបោក អ្នកសង្កេតការណ៍បានអំពាវនាវឱ្យមានសកម្មភាពទូលំទូលាយប្រឆាំងនឹងមន្ត្រីជាន់ខ្ពស់ និងឥស្សរជនផ្សេងទៀតដែលមានទំនាក់ទំនងជាមួយឧស្សាហកម្មខុសច្បាប់។
លោក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ដោយប្រាប់ថា លោកកំពុងប្រជុំ និងបញ្ជូនសំណួរទៅ ACU។ លោក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ និងអ្នកនាំពាក្យ លោក សំ វិច្ឆិកា មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្ស លីកាដូ បានថ្លែងថា ការបញ្ជូនមន្ត្រីជាន់ខ្ពស់ដែលត្រូវបានចោទប្រកាន់ថាជាប់ពាក់ព័ន្ធនឹងអំពើពុករលួយទៅកាន់តុលាការគួរតែត្រូវបានអនុវត្តតាមយន្តការដែលមានតម្លាភាព និងសកម្មភាពបន្ថែមទៀតដើម្បីកំណត់អត្តសញ្ញាណអ្នកដែលនៅពីក្រោយបទល្មើសទាំងនេះ។
លោកបានបន្តថា ក្រុមសង្គមស៊ីវិលចង់ឃើញការទទួលខុសត្រូវចំពោះអ្នកដែលរៀបចំផែនការបោកប្រាស់នៅក្នុងប្រទេសកម្ពុជា។
លោកស្រី ស៊ិន ពុទ្ធារី នាយកប្រតិបត្តិនៃអង្គការតម្លាភាពអន្តរជាតិកម្ពុជា បានមានប្រសាសន៍ថា ការបញ្ជូនមន្ត្រីជាន់ខ្ពស់ដែលត្រូវបានចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធនឹងការសូកប៉ាន់ដែលទាក់ទងនឹងការបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា គឺជាផ្នែកមួយនៃនីតិវិធីច្បាប់របស់ ACU។
លោកស្រីបានបន្ថែមថា៖ «អង្គការតម្លាភាពអន្តរជាតិកម្ពុជាគាំទ្រសកម្មភាពផ្លូវច្បាប់ដើម្បីធានាស្ថិរភាពសេដ្ឋកិច្ច និងប្រយុទ្ធប្រឆាំងអំពើពុករលួយ ដែលជួយកសាងទំនុកចិត្តក្នុងចំណោមវិនិយោគិនសង្គម និងសេដ្ឋកិច្ច»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Phnom Penh Deputy Police Chief, Immigration Official Face Court Over Alleged Scam Bribes









