សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ការិយាល័យអនុប្រធាន ACU ត្រូវបានឆែកឆេរពាក់ព័ន្ធនឹងទឹកប្រាក់ឆបោក​២០០លានដុល្លារ

ស្ថាប័នអង្គភាពប្រឆាំងអំពើពុករលួយនៅរាជធានីភ្នំពេញ។ រូបភាពថតនៅខែកក្កដា ឆ្នាំ២០២៥។ (ខេមបូចា/ព្រីង សំរាំង)
ស្ថាប័នអង្គភាពប្រឆាំងអំពើពុករលួយនៅរាជធានីភ្នំពេញ។ រូបភាពថតនៅខែកក្កដា ឆ្នាំ២០២៥។ (ខេមបូចា/ព្រីង សំរាំង)

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបើកឯកសារប្រកាសទ្រព្យសម្បត្តិលើអនុប្រធាន ACU គឺលោក ស៊ាន បូរ៉ាត ដែលត្រូវបានផ្អាកការងារ ហើយបានឆែកឆេរការិយាល័យរបស់គាត់ ដែលជាផ្នែកមួយនៃការស៊ើបអង្កេតលើទំនាក់ទំនងរបស់គាត់ទៅនឹងគម្រោង​ឆបោកចំនួន ២០០លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន កាលពីថ្ងៃទី៣០ ខែតុលា។

លោក បូរ៉ាត ត្រូវបានផ្អាកការងារ កាលពីខែសីហា បន្ទាប់ពី ACU បានដាក់ឈ្មោះគាត់ថាជាជនសង្ស័យគប់គិតគ្នាក្នុងការឆបោកវិនិយោគនៅខេត្តសៀមរាប។ គម្រោងនេះ ដែលដឹកនាំដោយ​ឧកញ៉ាល្បីឈ្មោះ ឡេង ចាន់ណា ដែលកំពុងជាប់ឃុំឃាំងមុនការកាត់ទោស បានបោកប្រាស់គ្រួសាររាប់ពាន់គ្រួសាររាប់រយលានដុល្លារក្នុងគម្រោងអចលនទ្រព្យឆបោក។

គ្រួសារជាច្រើនបានខ្ចីប្រាក់ដើម្បីវិនិយោគក្នុងគម្រោងនេះ ដោយបានមិនដឹងថាវាជាការឆបោក ដែលធ្វើឱ្យពួកគេមានបំណុលរាប់ពាន់ដុល្លារ។ មូលនិធិដែលត្រូវបានលួចមិនទាន់ត្រូវបានរកឃើញ ឬប្រគល់មកវិញនៅឡើយទេ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី៣០ ខែតុលា ACU បាននិយាយថា ខ្លួនបានទទួលសក្ខី​កម្មចាប់តាំងពីខែមុនពីជំនួយការរបស់លោក បូរ៉ាត គឺលោកស្រី ចាន់ណា និងអតីតស្វាមីរបស់គាត់ និងលោក ស ថាវី ដែលជាជនសង្ស័យម្នាក់ទៀតដែលជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ។

ភរិយារបស់លោក បូរ៉ាត់ ក៏ត្រូវបានបញ្ជាឱ្យដាក់លិខិតប្រកាសទ្រព្យសម្បត្តិ និងបំណុលបន្ថែមផងដែរ បន្ទាប់ពីបានដាក់ជូនរួចហើយ។

ជនសង្ស័យចំនួនប្រាំពីរនាក់ផ្សេងទៀតនៅក្នុងពន្ធនាគារខេត្តសៀមរាប ត្រូវបានសួរចម្លើយនៅដើមខែកញ្ញា នេះបើយោងតាម ​​ACU។

លោក ថាវី បានបដិសេធមិនធ្វើអត្ថាធិប្បាយ ដោយដាក់ទូរសព្ទចុះ ខណៈដែលការហៅទូរសព្ទ​ទៅកាន់លោក បូរ៉ាត មិនត្រូវបានឆ្លើយតប។

លោក សយ ចន្ទវិចិត្រ អ្នកនាំពាក្យរបស់ ACU បានថ្លែងថា ទីភ្នាក់ងារនេះកំពុងបន្តការស៊ើបអង្កេត ប៉ុន្តែមិនអាចផ្តល់ព័ត៌មានលម្អិតបន្ថែមបានទេ។

លោក ហាន សីហួន ដែលជាជនរងគ្រោះនៃការឆបោកវិនិយោគ បាននិយាយថា គាត់បានខ្ចីប្រាក់ជាង ៤០ ០០០ដុល្លារពីធនាគារមួយ ដើម្បីវិនិយោគជាមួយក្រុមហ៊ុនរបស់លោក ចាន់ណា គឺក្រុមហ៊ុន Brilliant City ដោយជឿជាក់លើភាពស្របច្បាប់នៃគម្រោងនេះ ពីព្រោះមន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់ស្ថិតនៅក្នុងក្រុមប្រឹក្សាភិបាលរបស់ខ្លួន។

លោកបានមានប្រសាសន៍ថា៖ «ឥឡូវនេះវាស្ងាត់ឈឹង។ ខ្ញុំមិនទាន់បានឮអំពីសំណងណាមួយនៅឡើយទេ»។ លោកបន្តថា៖ «ខ្ញុំសូមអង្វរតុលាការឱ្យពន្លឿនសំណុំរឿងនេះ។ យើងជាពលរដ្ឋសាមញ្ញ ហើយមិនមានប្រាក់គ្រប់គ្រាន់ដើម្បីសងធនាគារវិញទេ»

លោក យិន ស្រាង អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បានមានប្រសាសន៍ថា តុលាការកំពុងបន្តការស៊ើបអង្កេតលើករណីនេះ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតអំពីពេលណា ឬថាតើជនរងគ្រោះនឹងទទួលបានសំណង ឬទទួលបានសំណងជំងឺចិត្តឬអត់នោះទេ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មហាសេដ្ឋីល្បីៗមួយចំនួនត្រូវបានចោទប្រកាន់ពីបទរឿងអាស្រូវវិនិយោគ ដោយគ្រួសាររាប់រយបានដាក់ពាក្យបណ្តឹងពាក់ព័ន្ទនឹងការឆបោកដីធ្លី៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ $200 Million Fraud Probe: ACU Deputy’s Office Searched, Asset File Opened

341 views
ព័ត៌មានថ្មី
អត្ថបទពេញនិយម