តាកែវ៖ សូរកីតម្បាញដែលធ្លាប់តែលាន់ផូងផាំងទ្រហឹងក្នុងឃុំពារាម ស្រុកបាទី ខេត្តតាកែវ ហាក់ដូចជាមានសភាពស្ងាត់ជាងមុន។ នៅតាមផ្ទះជាច្រើន កីត្រូវបានគេគ្របទុកចោល គ្មានមនុស្សប្រើប្រាស់។ នៅក្រោមផ្ទះ លោក លី សុខម៉េង កំពុងផ្ចង់ស្មារតីទៅលើកីតម្បាញ ហើយនិយាយថាគាត់ប្រហែលជាមនុស្សជំនាន់ចុងក្រោយហើយដែលប្រកបមុខរបរត្បាញហូលនៅក្នុងភូមិរបស់គាត់។
លោក លី សុខម៉េង អាយុ ៤៦ឆ្នាំ និយាយបណ្តើរ ដៃត្បាញបណ្តើរថា៖ «អស់ពីជំនាន់ពួកខ្ញុំទៅ មិនដឹងមានអ្នកណាមកបន្តមុខរបរត្បាញហូលនេះទៀតទេ ក្មេងៗជំនាន់ក្រោយនេះបើមិនរៀនត នាំគ្នាចូលរោងចក្រអស់ បើអញ្ចឹងហូលខ្មែរដែលជារបរពីដូនតានេះនឹងទៅជាយ៉ាងណា?»។
មិនមែនតែគាត់ម្នាក់ឯងទេដែលគិតដូច្នេះ។ អ្នកស្រុកជាច្រើននៅក្នុងឃុំពារាម បានសម្ដែងក្ដីបារម្ភដូចគ្នា នៅពេលដែលអាជីវកម្មត្បាញហូលកំពុងពិបាកប្រជែងជាមួយផលិតផលហូលនាំចូល ស្របពេលក្មេងៗជំនាន់ក្រោយជ្រើសរើសទៅធ្វើការនៅរោងចក្រកាត់ដេរវិញ ជាជាងអង្គុយត្បាញដែលត្រូវការចំណាយពេលយូរ ហើយទទួលបានកម្រៃតិច។
បាទីជាស្រុកមួយក្នុងខេត្តតាកែវដែលមានភាពល្បីល្បាញខាងវិស័យវាយនភណ្ឌតម្បាញហូល-ផាមួង។ វាជាមុខរបរមួយរបស់ប្រជាពលរដ្ឋស្ទើរតែគ្រប់ផ្ទះសម្រាប់ចិញ្ចឹមជីវិតអស់ជាច្រើនជំនាន់តមក។ ប៉ុន្តែ ក្នុងប៉ុន្មានឆ្នាំចុងក្រោយ របរនេះត្រូវបានសង្កេតឃើញថាមានការធ្លាក់ចុះ ដែលបណ្ដាលមកពីការផ្លាស់ប្ដូរជម្រើសការងារ ការប្រកួតប្រជែងពីហូលនាំចូល និងកត្តាសេដ្ឋកិច្ចជាដើម។
របាយការណ៍ស្ដីពីទិន្នន័យមុខរបរសិប្បកម្មដោយដៃរបស់រដ្ឋបាលស្រុកបាទី នៅក្នុងឆ្នាំ២០២៥នេះ បានបង្ហាញថា តម្បាញហូលសរុបមាននៅសល់ចំនួន ១ ០២១កី តែប៉ុណ្ណោះដែលមានទីតាំងស្ថិតនៅក្នុងឃុំពារាម ឃុំចំបក់ ឃុំត្នោត និង ឃុំដូង។
លោក វង់ វិន មេភូមិខ្នាររោង និយាយថា កាលពី ៤ ទៅ ៥ឆ្នាំមុន តាមផ្ទះនីមួយៗក្នុងភូមិ មាន ២ ទៅ ៣កី ប៉ុន្តែដោយសារសេដ្ឋកិច្ចធ្លាក់ចុះសម័យកូវីដ ហូលធ្លាក់ថ្លៃ ចំពេលមានរោងចក្របើកច្រើននៅក្នុងខេត្ត អ្នកតម្បាញនាំគ្នាឈប់ ហើយទៅធ្វើការនៅរោងចក្រវិញ។
លោកអ៊ុំបន្តថា៖ «កាលពីមុនកូវីដ-១៩ នៅក្នុងភូមិខ្នាររោង អ្នកធ្វើហូលមានជិត ២០០ គ្រួសារតែឥឡូវនេះសល់តែ ៦៣ គ្រួសារទេ ដែលនៅប្រកបរបរតម្បាញហូលនេះ»។
ចំណាយពេលយូរ បានលុយតិច
ទម្រាំនឹងបានហូលមួយក្បិនដែលមានប្រវែង ៤ម៉ែត្រ ទទឹង ១ម៉ែត្រ អ្នកត្បាញត្រូវមានការអត់ធ្មត់ខ្លាំង ហើយចំណាយពេលជាមធ្យមពី ៦ ទៅ ១០ថ្ងៃ។
ក្នុងវ័យ ៥០ឆ្នាំ លោក ឆឹល ចាន់ រៀនចេះត្បាញពីភិរយារបស់គាត់កាលពី៣០ឆ្នាំមុន។ បច្ចុប្បន្ន គាត់ជាអ្នកតម្បាញដ៏ប៉ិនប្រសប់ រហ័សរហួន និងស្វិតស្វាញម្នាក់ដែលត្បាញហូលបានមួយសំពត់តែក្នុងរយៈពេលបួនថ្ងៃប៉ុណ្ណោះ រាល់ថ្ងៃលោកចាប់ផ្តើមត្បាញពីម៉ោង ៦កន្លះព្រឹក ដល់ម៉ោង៧យប់។
លោកបានប្រាប់ថា៖ «ក្នុងនាមជាអ្នកត្បាញហូល ពូចង់ឱ្យហូលបានឡើងថ្លៃជាងមុន កាលណាបានថ្លៃសល់កម្រៃខ្លះ។ ឥឡូវនេះធ្វើបានត្រឹមមួយចាយៗ ម្ហូបអាហារបាយទឹក កូនចាយខ្លះៗ រកសល់គ្មានទេ គឺអត់តែម្ដង។ បានធ្វើស្រែទប់ទល់ខ្លះកុំអីគ្មានអង្ករទេក្មួយ»។
អ្នកស្រី នាង សុភី វ័យ៤០ឆ្នាំ ដែលចេះត្បាញជាង ២០ឆ្នាំមកហើយ បានលើកឡើងថា៖ «ហូលនៅលក់ដាច់ធម្មតា ថៅកែយកដឹងតែបានលុយ គ្រាន់តែធ្លាក់ថ្លៃពីមុនធ្លាប់បានតម្លៃ ពី៥០ម៉ឺនរៀល ទៅ ៦០ម៉ឺនរៀល ឥឡូវបានត្រឹមតែ ៤៥ ម៉ឺនរៀល តាមម៉ូតដែរ ម៉ូតខ្លះបាន ៥០ម៉ឺនរៀល ទៅ សាច់ចំណេញខ្ទង់ ២០ម៉ឺនរៀល»។
អ្នកស្រីបានបន្តថា សម្រាប់អ្នកប្រើប្រាស់ បច្ចុប្បន្នគេនិយមប្រើហូលនាំចូលពីប្រទេសក្រៅដូចជាថៃ ជប៉ុន បារាំង ជាង ព្រោះតម្លៃវាថោក។

បញ្ហាមួយទៀតដែលអ្នកផលិតហូលក្នុងស្រុកពិបាកប្រជែងជាមួយហូលនាំចូលពីក្រៅប្រទេស គឺ តម្លៃ និងគុណភាពរបស់សរសៃសូត្រ ដែលជាវត្ថុធាតុដើមសម្រាប់ការត្បាញ។
នៅតាមផ្លូវលំតូចៗក្នុងឃុំពារាម នៅសល់ដើមមនខ្លះៗដុះក្បែររបងផ្ទះ។ កាលពីមុនអ្នកស្រុកបានដាំមន ចិញ្ចឹមដង្កូវនាង ដើម្បីផលិតចេញជាសរសៃសូត្រដោយខ្លួនឯងផ្ទាល់។ ប៉ុន្តែបច្ចុប្បន្ននេះសឹងតែគ្មានអ្នកស្រុកណាដាំមន ចិញ្ចឹមដង្កូវនាង សម្រាប់ធ្វើសូត្រទៀតទេ។ សិប្បករតម្បាញហូលនៅក្នុងភូមិបានឱ្យដឹងថា សរសៃរសូត្រដែលនៅលើកីតម្បាញរបស់ពួកគេសព្វថ្ងៃនេះ គឺសុទ្ធតែជាសូត្រដែលនាំចូលពីវៀតណាម ព្រោះការផលិតសូត្រក្នុងស្រុកតាមរយៈការចិញ្ចឹមដង្កូវនាង មានការលំបាក ត្រូវការចំណាយពេលច្រើន ហើយលទ្ធផលចេញមកមិនស្អាតដូចសរសៃសូត្រដែលនាំចូលនោះទេ។
លោក ម៉ូ ឆើត វ័យ ៤២ឆ្នាំ រស់នៅក្នុងស្រុកបាទីខេត្តតាកែវ ដែលជាឈ្មួញកណ្ដាល យកហូលទៅលក់បន្តនៅទីក្រុងភ្នំពេញបាននិយាយថា ក្នុងមួយសប្តាហ៍លោកប្រមូលហូលពីអ្នកត្បាញនៅក្នុងភូមិបានប្រហែលជា២០០ក្បិន តិចជាងពាក់កណ្ដាលកាលនៅមុនពេលមានជំងឺកូវីដ-១៩។ កាលនោះ គាត់អាចប្រមូលទិញបានពី ៤០០ ទៅ៥០០ក្បិន ក្នុងមួយសប្តាហ៍ សម្រាប់យកទៅលក់បន្ត។ គាត់បានបន្ថែមថា៖ «ម៉ូយអ្នកត្បាញហូលឱ្យពូពីមុនមានច្រើន ប៉ុន្តែដោយសារហូលវាចុះថោក គេឈប់ត្បាញ នាំគ្នាចូលរោងចក្រអស់ហើយ»។
អ្នកប្រើប្រាស់ពុំសូវមានលុយ
ទ្រឹស្តីនៅក្នុងអាជីវកម្មតែងនិយាយថា អតិថិជនជាចៅហ្វាយនាយ។ ដូចគ្នាសម្រាប់មុខទំនិញទូទៅដែរ តម្លៃដើរតួសំខាន់នៅលើការសម្រេចចិត្តរបស់អ្នកទិញហូលយកទៅប្រើប្រាស់។
អ្នកស្រី អ៊ិន សុខា អាយុ ៤៩ឆ្នាំ ជាគ្រូបង្រៀនបឋមសិក្សា និងជាអ្នកធ្លាប់ប្រើប្រាស់ហូលខ្មែរ បច្ចុប្បន្នស្ថិតក្នុងចំណោមស្ត្រីខ្មែរដែលងាកទៅទិញហូលនាំចូលពីក្រៅមកធ្វើសំពត់ស្លៀកវិញ។ អ្នកស្រីមានប្រសាសន៍ថា៖ «រាល់ថ្ងៃខ្ញុំ និងគ្រូៗផ្សេងទៀតភាគច្រើន គឺប្រើប្រាស់ហូលអ៊ីតាលី ឬហូលបារាំងជំនួសហូលខ្មែរ ព្រោះតម្លៃថោកសមរម្យ អ៊ុត បោកទឹកបានដោយសេរី ចំណែកហូលខ្មែរបោកទឹកមិនបាន ត្រូវយកឱ្យគេបោក ហើយបើបោកច្រើនដងអាចខូចទម្រង់មិនដូចដើមទេ»។
អ្នកស្រីបន្តថា មិនមែនអ្នកស្រីមិនចង់ប្រើប្រាស់ហូលខ្មែរទេ ប៉ុន្តែដោយសារតម្លៃថ្លៃជាង ១០០ដុល្លារ ឯណោះ មានតម្រូវការបុណ្យទានផ្ទាល់ខ្លួនទើបអាចទិញប្រើយូរៗម្ដង។ សម្រាប់ការប្រើប្រាស់រាល់ថ្ងៃ គឺមានតែហូលអ៊ីតាលី ឬហូលបារាំង ដែលស្រួលប្រើ និងស័ក្តិសមនឹងសមត្ថភាពថវិកា។
អាជីវករលក់ហូលក្នុងផ្សារអូឡាំពិកវិញភាគច្រើនបានបញ្ចេញមតិស្រដៀងគ្នានឹងអ្នកគ្រូដែរ។ សព្វថ្ងៃ ហូលដែលត្បាញក្នុងស្រុកពុំសូវមានអ្នកនិយមប្រើខ្លាំងដូចកាលពីមុនឡើយ ចាប់តាំងពីសម័យកូវីដ-១៩មក ឯតម្លៃរបស់វាក៏ធ្លាក់ចុះផងដែរ។ ជាមួយគ្នានេះក្នុងរយៈពេល៤ទៅ៥ឆ្នាំចុងក្រោយ ការជ្រៀតចូលនៃហូលបរទេសក៏ជាកត្តាចម្បងមួយដែលគំរាមកំហែងដល់ទីផ្សារហូលខ្មែរ។ ហូលនាំចូលពីរបរទេសមានតម្លៃត្រឹមតែ ៦ម៉ឺន ទៅ ៨ម៉ឺនរៀល ប៉ុណ្ណោះ ប៉ុន្តែហូលខ្មែរមានតម្លៃលើសនេះ១០ដង ដែលធ្វើឱ្យអ្នកមានលទ្ធភាពមធ្យមញញើតទិញ ហើយងាកមកប្រើហូលនាំចូលពីក្រៅវិញ។
ទោះជាយ៉ាងណាហូលខ្មែរដែលមានទឹកដៃល្អ រំលេចដោយគោម ឬក្រឡារចនាក្បាច់ក្បូរនៅតែទទួលបានតម្លៃថ្លៃ និងនៅតែមានអ្នកគាំទ្រ ជាពិសេសអ្នកមានធូរធារ។

អ្នកណានឹងបន្តវេន?
ជាមួយទឹកមុខញញឹម អ្នកស្រី វង់ ម៉ាលី វ័យ៤៨ឆ្នាំកំពុងត្បាញហូលដែលជាមុខរបរគាត់បានធ្វើអស់រយៈពេល៣៣ឆ្នាំមកហើយ បន្តពីម្ដាយរបស់គាត់ដែលចេះតៗពីដូនតាមក។ លោកស្រីបានឱ្យដឹងថា របរនេះត្រូវការភាពអំណត់ព្រោះទម្រាំត្បាញបាន១តឹកៗគឺត្រូវការពេលយូរ។ សម្រាប់ហូលមួយក្បិន គាត់ត្រូវចំណាយពេលប្រហែលជាមួយអាទិត្យ។ កាលមុនហូល១ក្បិន គាត់អាចលក់បាន ពី៦០ ទៅ៨០ម៉ឺនរៀល តាមប្រភេទហូល ប៉ុន្តែឥឡូវនេះបានត្រឹមតែ៤០ ទៅ ៥០ម៉ឺនរៀល ប៉ុណ្ណោះ ហើយបើគិតថ្លៃចំណេញ គឺខ្ទង់១០ម៉ឺនរៀល ផ្ទុយពីមុនដែលយ៉ាងហោចណាស់ចំណេញបាន២០ម៉ឺនរៀល ជាង។
លោកស្រីបានរំឭកឱ្យដឹងថា៖ «នៅម្ដុំនេះ ពីមុនសម្បូរសហគមន៍អ្នកតម្បាញ ម៉ោង៩យប់ក៏គេនៅជុំគ្នាធ្វើឮសូរផូងផាំងគ្មានបានដេកពួនទេ ប៉ុន្តែឥឡូវនេះលែងមានគេធ្វើជាសហគមន៍ហើយ ភាគច្រើនដូរទៅធ្វើរោងចក្រឬក៏ត្បាញតាមផ្ទះខ្លួនវិញ»។
លោកស្រី នាង សុភី បានបញ្ជាក់ថា ការងារត្បាញនៅផ្ទះស្រួលជាងធ្វើការរោងចក្រ អាចមានពេលសម្រាកហើយធ្វើបាយទឹក មិនដូចធ្វើការរោងចក្រដែលមានគេកំណត់ម៉ោងម៉ឺងម៉ាត់។ អ្នកស្រីបានបន្ថែមទៀតថា កូនស្រីរបស់គាត់ដែលកំពុងរៀននៅថ្នាក់អនុវិទ្យាល័យ តែងតែឆ្លៀតមកជួយត្បាញនៅពេលដែលទំនេរពីការសិក្សា ប៉ុន្តែបានបញ្ជាក់ប្រាប់ថាគេនឹងមិនប្រកបរបរនេះតពីអ្នកស្រីឡើយ។
លោក លី សុខម៉េង ធ្លាប់សួរបែបលេងសើចទៅកាន់កូនស្រីដែលកំពុងរៀនថ្នាក់ទី១១ថា៖ «កូនឯងម៉េចៗអីត្បាញទៅ កូនឆ្លើយមកវិញថាអត់ទេ»។ ដៃកំពុងត្បាញ លោកបានបន្ថែមថា៖ «អស់ពីជំនាន់ពួកខ្ញុំទៅ មិនដឹងមានអ្នកណាមកបន្តមុខរបរត្បាញហូលនេះទៀតទេ ក្មេងៗជំនាន់ក្រោយនេះបើមិនរៀនត បើអញ្ចឹងហូលខ្មែរដែលជារបរពីដូនតានេះនឹងទៅជាយ៉ាងណា?»៕
កត់សម្គាល់៖ អត្ថបទព័ត៌មាននេះ គឺជាស្នាដៃរបស់និស្សិតឆ្នាំទី២ ជំនាន់ទី២៣ របស់ឌីអឹមស៊ី (DMC) ជាផ្នែកមួយនៃមុខវិជ្ជា រាយការណ៍ព័ត៌មាន និងសរសេររឿង។










