សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ជនជាតិដើមភាគតិចនៅក្នុងភូមិមួយនៃខេត្តរតនគិរី កាប់ឈើទាំងប្រឈមគ្រោះថ្នាក់ដើម្បីយកលុយ​សង​បំណុល

បុរសម្នាក់កំពុងឈរកាន់កន្ទុយឈើនៅពេលដែលលើកដាក់លើរថយន្តកែឆ្នៃរួចត្រៀមដឹកចេញពីព្រៃសហគមន៍ឡុំ ស្ថិតក្នុងភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣។ (ខេមបូចា/ បញ្ញា ឆព័ណ្ណ)
បុរសម្នាក់កំពុងឈរកាន់កន្ទុយឈើនៅពេលដែលលើកដាក់លើរថយន្តកែឆ្នៃរួចត្រៀមដឹកចេញពីព្រៃសហគមន៍ឡុំ ស្ថិតក្នុងភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣។ (ខេមបូចា/ បញ្ញា ឆព័ណ្ណ)

ពលរដ្ឋនៅក្នុងភូមិមួយនៃស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដោយសារជំពាក់បំណុល បាននាំគ្នាទៅ​កាប់ឈើ​ក្នុង​សហគមន៍​ដឹកឆ្លងដែនយកទៅលក់ឱ្យវៀតណាមដើម្បីបានលុយសង​ធនាគារ យោងតាមអាជ្ញាធរ​ភូមិ និងសហគមន៍ បានលើកឡើង។

ជនជាតិដើមចារ៉ាយនៅក្នុងភូមិមួយនៃស្រុកអូរយ៉ាដាវ ខេត្តរតនគិរី អះអាងថា ពួកគាត់ខាតបង់ក្នុង​ការ ធ្វើកសិកម្មបណ្តាលឱ្យជំពាក់បំណុលធ្ងន់ធ្ងរទើបសម្រេចទៅកាប់ព្រៃក្នុងសហគមន៍ទាំង​ប្រឈម​គ្រោះថ្នាក់យកទៅលក់ឱ្យវៀតណាមដើម្បីបានលុយសងធនាគារ។

លោក សេវ ហ្លីន ជាមេភូមិឡុំ ស្ថិតនៅក្នុងឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ឱ្យដឹងថា ពលរដ្ឋនៅក្នុងភូមិ​របស់លោកមានចំនួន៥២៧គ្រួសារ។ លោកបន្តថា ពលរដ្ឋនៅក្នុងភូមិនេះទាំងអស់គ្នា ជំពាក់​បំណុល​​ចន្លោះពី៥ពាន់ទៅ២ម៉ឺនដុល្លារ។

មេភូមិរូបនេះឱ្យដឹងទៀតថា បញ្ហាពលរដ្ឋជំពាក់បំណុលហើយមិនមានចំណូលពីប្រភពផ្សេងនោះ នាំឱ្យពួកគេនាំគ្នាកាប់ឈើក្នុងសហគមន៍ ទោះជាអាជ្ញាធរប្រឹងទប់ស្កាត់ក៏មិនឈ្នះដែរ។

លោក សេវ ហ្លីន បញ្ជាក់ថា៖ «ទប់ស្កាត់។ ខ្ញុំថាចាប់ៗដែរបញ្ជូនទៅឃុំ[សាលាឃុំ]។ គេ​[អ្នកកាប់​ឈើ]​​មិនស្តាប់យើងទេបង។ គេកាប់រាល់ថ្ងៃ។ គេលួច[ចូលកាប់ឈើ]។ ពេលថ្ងៃគេអត់ទៅទេ ពេល​យប់ហ្នឹង គេទៅលួច។ បានចាប់ដោះស្រាយទៅចាប់ដោះស្រាយទៅ អ្នកកាប់អត់ស្តាប់យើងទេ»

លោក ​សេវ ហ្លីន ឱ្យដឹងថា លោកជាមេភូមិ ក៏បានសហការជាមួយអាជ្ញាធរថ្នាក់លើផ្សព្វផ្សាយ អប់រំ​ណែនាំកុំឱ្យបន្តកាប់ឈើ ប៉ុន្តែមិនមានប្រសិទ្ឋិភាព។

ចាស់ទុំនៅក្នុងភូមិជាអ្នកចូលរួមសកម្មភាពការពារព្រៃសហគមន៍ លោក សេវ ស្វីន ថ្លែងដោយ ស្តាយ​​ស្រណោះថា សកម្មភាពកាប់ និងដឹកជញ្ជូនឈើធ្វើឡើងដោយបើកចំហ។ ទន្ទឹមនឹង​ការ​ស្តាយ​ព្រៃឈើនេះ លោកក៏អាណិតអ្នកភូមិដែរ ព្រោះពួកគេត្រូវការយកលុយទៅ​សង​បំណុល  ទិញ​អាហារ និងព្យាបាលជំងឺជាដើម។

លោក សេវ ស្វីន លើកឡើងថា៖ «អាហ្នឹងមាន! ដូចថាគេជូនកាលគេចៃដន្យ ក៏ជំពាក់គេហ្នឹង គេទៅ​លួច[កាប់ឈើ]តែម្តង ហើយឱ្យមានលុយសងគេ។ អាណិតខ្លះគេអត់បាយ អត់ទឹក អត់​មាន​ចំណាយ​​អី​[អីចំណាយ]នៅគ្រួសារហ្នឹងជូនកាលទៅពេទ្យអត់លុយ ទៅលួច[កាប់ឈើ]ទៅ។ គេថា​ងាប់​ឱ្យទៅងាប់នៅក្នុងព្រៃហ្នឹងទៅ កុំឱ្យងាប់ខាងផ្សេងទៀតហ្នឹង។ គេគិតអ៊ីចឹងហា៎»

​អ្នកចូលព្រៃកាប់ឈើដឹកទៅវៀតណាមម្នាក់សុំមិនបញ្ចេញឈ្មោះ ដោយព្រួយបារម្ភពីសុវត្ថិភាព​ផ្ទាល់ខ្លួន បានឱ្យដឹងថា ​លោកកាប់ឈើតាំងពីដើមឆ្នាំ២០២៣មក ដោយសារបញ្ហាបំណុល។ យុវជនវ័យ​២៤​ឆ្នាំ​រូបនេះ បន្តថា គ្រួសារលោកជំពាក់បំណុលធានាគារ៥ពាន់ដុល្លារ ដោយសារ​ដាំដំឡូងមី និង​ធ្វើ​ស្រែ​ខាត ហើយត្រូវសងត្រឡប់ទៅធនាគារវិញ១ខែ២០ម៉ឺនរៀល។

យុវជនរូបនេះ បន្តថា លោកក៏ស្តាយស្រណោះព្រៃឈើដែរ ហើយលោកក៏មានភាពខ្មាស់អៀនដែរ ប៉ុន្តែទាល់ច្រកហើយទើបសម្រេចចិត្តកាប់ឈើ។

លោកលើកឡើងថា៖ «បាទ! ទី១វាខ្វះខាតថវិកា ហើយបើសិនជាខាងសមត្ថកិច្ច ខាងច្រក​ព្រំដែន គេអត់បើកក៏អត់កាប់ដែរ………ព្រោះអីយើង​អត់មាន​អី​ធ្វើ។ អ៊ីចឹង! មានតែចូលទៅកាប់ព្រៃឈើមួយដុំពីរដុំអីអាចរួចថ្លៃអង្ករ ហើយជីវភាពយើងខ្វះខាត»

អ្នកកាប់ឈើដឹកទៅវៀតណាមម្នាក់ទៀត វ័យ២៥ឆ្នាំ សុំមិនបញ្ចេញឈ្មោះ ដោយបារម្ភពី​សុវត្ថិភាព​​ផ្ទាល់ខ្លួនដែរនោះ បានឱ្យដឹងថា គ្រួសារលោកជំពាក់បំណុល​៥ពាន់ដុល្លារ​ដែរដោយសារ​ខាត​បង់​លើដំណាំដំឡូង និងស្វាយចន្ទី។ យុវជនម្នាក់នេះ បានបន្តថា លោកប្រឈមគ្រោះថ្នាក់​ដោយសារ​ដើម​ឈើសង្កត់ពេលកាប់ និងអាចដួលពេលដឹកឈើ​ដោយ​ម៉ូតូ។

យុវជនរូបនេះ បានប្រាប់ថា គាត់ចង់មានការងារថ្មីរកចំណូលជំនួសការកាប់ឈើ បើមានជម្រើស​ព្រោះលោកក៏​សោក​ស្តាយដែរ ពេលឃើញព្រៃសហគមន៍បាត់បង់ពីមួយថ្ងៃទៅមួយថ្ងៃ។

យុវជន វ័យ២៥ឆ្នាំម្នាក់នេះ បានបន្ថែមថា៖ «បាទ! ខ្ញុំចង់ផ្លាស់ប្តូរការងារផ្សេងវាស្រួល ហើយដឹកឈើ​ដឹកអីយើង​ប្រថុយ​ជីវិត ខ្លួនឯងទៀត បើយើងអត់ទៅរកនឹងគេ វាអត់មាន[អីចិញ្ចឹមជីវិត]»

យុវជនទាំងពីរនាក់ បានឱ្យដឹងថា ពួកគាត់អាចកាប់ឈើ និងដឹកឆ្លងដែនទៅវៀតណាមបាន ដោយ​សារមានការអនុញ្ញាតពីមន្ត្រីដោយគ្រាន់តែត្រូវបង់លុយម្នាក់១០ម៉ឺនរៀលឱ្យមន្ត្រីព្រំដែនក្នុង១ម៉ូតូ និង២ទៅ៣ម៉ឺនរៀលឱ្យមន្ត្រីនៅតាមផ្លូវខ្លះ។

ព្រៃសហគមន៍ជនជាតិដើមចារ៉ាយ អាស្រ័យផលតាំងពីដូនតាមកនេះ មានទំហំបណ្តោយ ៨គីឡូ​ម៉ែត្រ ទទឹង៨គីឡូម៉ែត្រ ស្មើនឹងប្រមាណ៦ពាន់៤រយហិកតា។ ព្រៃសហគមន៍នេះកំពុង​រង​ការគំរាម កំហែងខ្លាំងដោយប្រជាសហគមន៍កាប់ឈើលក់ ចំណែកក្រុមហ៊ុនឈូសឆាយយកដី។

លោក សេវ ស្វីន ហាក់អស់សង្ឃឹមថា ព្រៃសហគមន៍ដូនតាជនជាតិដើមចារ៉ាយនេះ ប្រឈមបាត់​រូបរាង​ទាំងស្រុងនៅពេលឆាប់ៗខាងមុខនេះ។

សកម្មជនការពារព្រៃឈើ លោក សេង សុខហេង កត់សម្គាល់ថា ព្រៃឈើនៅក្នុងសហគមន៍ឡុំនេះ មានការកាប់ដឹកយកទៅវៀតណាមកើនឡើងខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយ។ លោកជំរុញឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធត្រូវមានវិធានការបន្ទាន់បើចង់ឱ្យព្រៃសហគមន៍នេះនៅមានឈ្មោះបន្តទៀត។​ លោក សុខហេង បន្តថា ដំណោះស្រាយចំពោះមុខគឺដោះស្រាយបញ្ហាកសិកម្ម ធ្វើឱ្យជនជាតិ ដើមទាំង​នោះ​មានចំណូលទើបពួកគាត់ឈប់កាប់ឈើ។

លោក​ សុខហេង បានបន្ថែមថា៖ «ទាក់ទងនឹងប្រជាពលរដ្ឋដែលគាត់ជំពាក់បំណុល រដ្ឋាភិបាល​គួរតែ​​មាន​គោលការណ៍ ឬក៏មានវិធានការណ៍ណាមួយ​ឱ្យបានច្បាស់លាស់​ឱ្យមានប្រសិទ្ធភាព​ដើម្បី​ចូលរួមទប់ស្កាត់ ឬក៏អាចថាជួយរកវិធីដើម្បីឱ្យគាត់ធ្វើការកែប្រែ​ទាក់ទង​នឹង​របៀប​សង​បំណុល​ហ្នឹងណា៎»

ផ្ទុយពីការមើលឃើញរបស់អាជ្ញាធរមូលដ្ឋាន និងប្រជាសហគមន៍ ស្នងការខេត្តរតនគិរី លោក  អ៊ុង សុភាព ថ្លែងថា មិនមានបទល្មើសដូចការលើកឡើងទេ ព្រោះលោកដាក់កម្លាំងយាមកាមតឹងរឹង ហើយ​ក៏មិនមានការស៊ូកប៉ាន់ដើម្បីដឹកឈើចេញដែរ។ ប៉ុន្តែលោកបញ្ជាក់ថា បើសិនជា​សាធារណជន​ដឹងមុខសញ្ញាច្បាស់លាស់ នៃការកាប់ឈើនេះឱ្យរាយការណ៍ដើម្បី​លោកចាត់​វិធានការ។

លោក អ៊ុង សុភាព ថ្លែងថា៖ «ហើយសម័យនេះហើយ ខ្ញុំគិតថាវាមិនអាចទៅធើអ៊ីចឹងកើត។ តាផ្តេស​ផ្តាស​ម៉េចកើត? ចេញអីកើតបង? សម័យនេះហើយបងឯងគិតមើល! សម័យរដ្ឋាភិបាលនេះ សម័យ​ថ្មី​​ហើយ គេកែទម្រង់ហើយ។ ហើយនៅមានបទល្មើសអីទៀត? អត់ខ្លាចអស់បុណ្យអស់សក្តិ? អត់​ស្រលាញ់ប្រទេសជាតិខ្លះទេអី? ហ្នឹងហើយបង! បើមានការអីឱ្យគាត់មកទាក់ទងនឹងខ្ញុំ»។ លោកបន្ត​ថា៖ «អត់ចង្អៀតចង្អល់ទេបង។ បាទ! ខ្ញុំនិយាយមែន! អត់ចង្អៀតចង្អល់ទេ។ ហើយ​បើសិនជា​មាន​លួច​ចេញអ៊ីចឹងមែនមកប្រាប់។ ខ្ញុំនិយាយនេះ បញ្ជាក់ហា៎បងមិនមែនថាចង់ចាញ់ចង់​ឈ្នះវាជាការ​ពិត​ហា៎បង បើមានលួចចេញមែនប្រាប់ ពីព្រោះអីវាហត់។ បើសិនជាមានលួចចេញអ៊ីចឹងមែន វាមិន​អាច​យើងដូចឆ្មាតាមចាប់តែកណ្តុរទេ»

អភិបាលខេត្តរតនគិរី លោក ញ៉ែម សំអឿន ក៏អះអាងប្រហាក់ហែលទៅនឹង លោក អ៊ុង សុភាព ដែរ​គឺលោកថា មិនមានបទល្មើសព្រៃឈើកើតឡើងទៀតទេ។ លោកបន្តថា បទល្មើសដែលមន្ត្រី​មូលដ្ឋាន និងប្រជាសហគមន៍ឡុំលើកឡើងនេះជា បទល្មើសចាស់កើតឡើងយូរឆ្នាំហើយ។

លោក ញ៉ែម សំអឿន មានប្រសាសន៍ថា៖ «ខ្ញុំថារឿងនេះពីដើមៗមកធ្លាប់មានប្រជាពលរដ្ឋ​របស់​យើង​តាមច្រករបៀងអីណា៎ តាមម៉ូតូដឹកអីហ្នឹង ហើយយើងបង្ក្រាបជាបន្តបន្ទាប់ តែវាយូរ​ហើយ​ដូចមិនដែលមានអ៊ីចឹងទៀតផងហ្នឹងហើយ»

ចំពោះការលើកឡើងថា ពលរដ្ឋមិនមានការងារធ្វើនោះក៏លោក ញ៉ែម សំអឿន ច្រានចោលដែរ​ដោយ​លោកអះអាងថា បច្ចុប្បន្នខេត្តនេះកំពុងខ្វះកម្លាំងពលកម្មដោយគ្រាន់តែចំការកៅស៊ូ​ជាង​៧ម៉ឺនហិកតានៅទូទាំងខេត្តក៏ខ្វះកម្មករដែរ។

មន្ត្រីសម្របសម្រួលអង្គការអាដហុកប្រចាំខេត្តរតនគិរី លោក ឌិន ខន្នី មានប្រសាសន៍ថា តាម​គោលការណ៍​​ច្បាប់ប្រជាពលរដ្ឋមិនអាចយកមូលហេតុនៃភាពក្រីក្រ និងបញ្ហាបំណុល ជាមូលហេតុ​ដើម្បីកាប់ព្រៃឈើបានទេ។ លោកជំរុញឱ្យអាជ្ញាធរមានវិធានការឱ្យស្មើគ្នាទាំងពលរដ្ឋធម្មតា និង​អ្នកមាន​អំណាចដែលប្រព្រឹត្តបទល្មើសព្រៃឈើ។

ទន្ទឹមនឹងជំរុញឱ្យមានវិធានការច្បាប់លើបទល្មើសព្រៃឈើនេះ លោក ឌិន ខន្នី ក៏ជំរុញ​ឱ្យ​អាជ្ញាធរ​ពាកព័ន្ធយកចិត្តទុកដាក់ពីជីវភាពប្រជាពលរដ្ឋដែលកំពុងមានការលំបាកខ្លាំងនេះផង។​

ព្រៃសហគមន៍ឡុំស្ថិតក្នុងភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូយ៉ាដាវ ជាប់ព្រំប្រទល់ប្រទេសវៀតណាម ត្រង់​ចំណុច​ស្រុកដាក់កឺ ខេត្តយ៉ាឡាយ។ សហគមន៍ និងពលរដ្ឋកាប់ឈើ បានឱ្យដឹងបន្ថែមថា សកម្មភាព​ដឹកឈើឆ្លងដែនគឺឆ្លងកាត់ផ្លូវរបៀង​ច្រើន​កន្លែងដែលមានដឹកតាមម៉ូតូ និងរថយន្ត ធ្វើ​ឡើង​រាល់ថ្ងៃពិសេសនៅពេលយប់៕

491 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម