សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមន្ត្រីកងរាជអាវុធហត្ថ​៥​នាក់​ទៀតកំពុងត្រូវបានសាកសួរ ពាក់ព័ន្ធទទួលផលបទល្មើសគ្រឿងញៀន

សាលាដំបូងខេត្តព្រះសីហនុ និងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដែលរូបភាពយកពីផេកហ្វេសប៊ុករបស់លេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្តព្រះសីហនុ ដែលផុសកាលខែវិច្ឆិកា ឆ្នាំ២០២១។
សាលាដំបូងខេត្តព្រះសីហនុ និងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដែលរូបភាពយកពីផេកហ្វេសប៊ុករបស់លេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្តព្រះសីហនុ ដែលផុសកាលខែវិច្ឆិកា ឆ្នាំ២០២១។

មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមន្ត្រីកងរាជអាវុធហត្ថ ៥នាក់ទៀតកំពុងត្រូវបានសាកសួរ​នៅសាលាដំបូងខេត្តព្រះសីហនុពាក់ព័ន្ធនឹងទទួលផលបទល្មើសគ្រឿងញៀន យោងតាមមន្ត្រីសមត្ថកិច្ច។

លោក មាស វីរិទ្ធ អគ្គលេខធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ អះអាងថា បច្ចុប្បន្ន​កងរាជអាវុធហត្ថទាំង៦នាក់ ស្ថិតនៅក្នុងតំណាក់កាលសាកសួរតាមវិធានជំនាញនៅឡើយទេ។ ហើយ​លទ្ធផល​នៃការចោទប្រកាន់បទល្មើសអ្វី និងមានទោសទណ្ឌបែបណា អាស្រ័យលើការ​សម្រេចរបស់​តុលាការ។

លោកថ្លែងថា៖ «ខ្ញុំយល់ថាទាក់ទងទៅនឹងការទទួលផល មិនមែនការប្រព្រឹត្តិបទល្មើសទេ។ ទទួលផល ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន»

លោក លី ចាន់តារា អ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ បញ្ជាក់ថា បច្ចុប្បន្ននេះ មន្ត្រី​កងរាជអាវុធ​ទាំង​៦នាក់​កំពុងត្រូវបានសាកសួរនៅក្នុងសាលាដំបូងខេត្តព្រះសីហនុនៅឡើយ ដោយមិនទាន់ចោទប្រកាន់​ពីបទ​ល្មើសណាមួយនៅឡើយទេ ព្រោះឥឡូវនេះមន្ត្រីពាក់ព័ន្ធនានាកំពុងស៊ើបសង្កេតបន្ត។

លោកថ្លែងថា៖ «អត់ដឹងទេ រង់ចាំការសាកសួរសិន ពេលមានកាលចោទប្រកាន់ណាមួយ និងការ​សម្រេច​ណាមួយ យើងនឹងជូនដំណឹងតាមក្រោយទៀត»

យោងតាមសេចក្តីប្រកាសនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះផ្សាយកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ​២០២៣នេះ បញ្ជាក់ថា ចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ កម្លាំងមន្ត្រីកងរាជអាវុធហត្ថ​លើផ្ទៃប្រទេស និងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានស្តាប់ចម្លើយបុគ្គលពាក់ព័ន្ធនឹងបទល្មើសចំនួន ៦រូប ដែលជានាយទាហាននៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។ តាមការសារភាព បុគ្គលទាំង៦រូបអាច​ពាក់ព័ន្ធ​នឹងករណីទទួលផលពីបទល្មើសគ្រឿងញៀន។​ ជាមួយគ្នានេះ មន្ត្រីនកងរាជអាវុធហត្ថ បាន​និង​កំពុងបន្តកសាងនីតិវិធីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ​ និងការគោរពនូវប្បញ្ញត្តិ «ការសម្ងាត់នៃការស៊ើបអង្កេត»

បើតាមព័ត៌មានក្នុងស្រុក បានចុះផ្សាយថា មន្ត្រីកងរាជអាវុធហត្ថទាំង៦នាក់នោះ រួមមាន លោក វរសេនីយ៍ឯក ទិត្យ វណ្ណៈ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ លោកវរសេនីយ៍ត្រី យស ឌីណា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច​ និងមន្ត្រីកងរាជអាវុធហត្ថ៤នាក់ទៀត។

លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ឱ្យដឹងថា មកដល់ពេលនេះ​ករណី​មន្ត្រី​កងរាជអាវុធហត្ថទាំង៦នាក់នេះកំពុងស៊ើអង្កេតបន្ត ហើយកាលណារកឃើញមាន​បទល្មើស​នឹង​អនុវត្ត​យ៉ាងតឹងរឹងទៅតាមផ្លូវច្បាប់។ លោកបន្តថា ការបង្ក្រាបនេះទោះបីបុគ្គលនោះជានរណាក៏ដោយ សូម្បី​កង​រាជអាវុធហត្ថខ្លួនឯង កាលណាប្រព្រឹត្តបទល្មើស គឺត្រូវតែបង្ក្រាប ព្រោះកន្លងមកបានអប់រំ និងណែនាំពួកគេ​អស់ហើយ ដូច្នេះនរណាប្រព្រឹត្ត អ្នកនោះទទួលទោស។

លោកអះអាងថា៖ «កាលណានរណាពាក់ព័ន្ធគឺយើងអនុវត្តច្បាប់ យើងបញ្ជូនគាត់ទៅតុលាការ ហើយ​កាត់​ឈ្មោះចេញពីកងរាជអា​​វុធហត្ថ»

ជាមួយគ្នានេះលោក អេង ហ៊ី ថា បុគ្គលដែលសង្ស័យពាក់ព័ន្ធនឹងបទល្មើស ត្រូវតែអនុវត្តតាមច្បាប់ ដោយ​បញ្ជូន​ទៅតុលាការ និងប្រកាន់ខ្ជាប់ខ្ជួននូវទិសដៅ ពាក្យស្លោក «ចំពោះប្រទេសត្រូវតែការពារ ចំពោះ​ប្រជាពលរដ្ឋ​ត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប» ដែលនេះជាពាក្យស្លោករបស់លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ស្របពេលកាលពីថ្មីៗនេះ ក្នុង​ពិធី​សម្ពោធ​អគារ​រដ្ឋ​បាល​ថ្មី ​និង​សមិទ្ធ​ផល​នៅ​ខេត្ត​កំពង់ស្ពឺ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត ថ្លែង​ថា រដ្ឋា​ភិបាល​នឹង​ខិត​ខំ​លុប​បំបាត់​ការ​ជួញ​ដូរ ​និង​ការប្រើ​ប្រាស់​គ្រឿង​ញៀនឱ្យ​អស់​ពី​កម្ពុជា​ ក្រោម​ការ​ដឹក​នាំ​ដោយ​មន្រ្តី​ជាន់​ខ្ពស់​នៃ​ស្ថាប័ន​ពាក់​ព័ន្ធ​ រួម​មាន​ ក្រសួង​មហា​ផ្ទៃ ​និងក្រសួង​យុត្តិ​ធម៌​ផង​ដែរ​។

លោក​ថ្លែង​ថា​៖​ «​ទំងន់​នេះ​ វា​ស្មើ​នឹង​ការ​ទទួល​ខុស​ត្រូវ ​និង​អាទិ​ភាព​ដែល​រាជ​រដ្ឋា​ភិបាល​ ផ្តោត​នៅ​ក្នុង​ការយក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​កាត់​បន្ថយ​ និង​ឈាន​ទៅ​លើ​ការ​លុប​បំបាត់​ការ​ជួញ​ដូរ និង​ការប្រើ​ប្រាស់​គ្រឿងញៀន​ ឱ្យ​អស់​ពី​កម្ពុជា​។ ​នេះ​គឺជា​អ្វីដែល​យើង​ខិត​ខំ​ប្រឹង​ប្រែង​»​

​លោក ឯម សុវណ្ណារ៉ា អ្នកវិភាគ និងជាសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ មានទស្សនៈថា រដ្ឋាភិបាល​អាណត្តិថ្មីត្រូវពង្រឹងច្បាប់ឱ្យតឹងរឹង និងគ្រប់ជ្រុងជ្រោយចំពោះទាំងអ្នកអនុវត្តច្បាប់ និង​អ្នកប្រព្រឹត្តបទល្មើស​គ្រឿងញៀន បើរដ្ឋាភិបាលចង់ឃើញសង្គមកម្ពុជាគ្មានគ្រឿងញៀន។ ម្យ៉ាងវិញទៀត ឋានានុក្រមនៃការត្រួត​ពិនិត្យ ហាក់មិនស៊ីគ្នាជាមួយនឹងការចុះទៅបង្ក្រាប និងអន្តរាគមន៍។

លោកបបន្ថែមថា៖ «បើទស្សនៈខ្ញុំថាឱ្យឆាប់បាត់ ឬក៏កាត់បន្ថយនូវសកម្មភាពប្រើប្រាស់ ឬជួញដូរ​គ្រឿង​ញៀន​​នៅកម្ពុជាហ្នឹង ប្រហែលជាយើងត្រូវការពេលវេលាច្រើនណាស់ មិនអាចចប់នៅក្នុងអាណត្តិទី៧​នេះផង»។

នៅ​ក្នុង​សេច​ក្តី​ព្រាង​ច្បាប់​ស្តីពី​«​ហិរញ្ញ​វត្ថុ​សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ​២០​២៤​» ​រដ្ឋា​ភិបាល​អាណត្តិ​ទី៧ ​គ្រោង​ចំណាយ​ថវិកាប្រមាណ​៩​លាន​ដុល្លារ​អាមេ​រិក ​ក្នុង​ការ​ពង្រឹង​ការ​អនុវត្ត​គោល​នយោ​បាយ«ភូមិ-ឃុំ-​សង្កាត់ ​មាន​សុវត្ថិ​ភាព​» ​ដែល​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ លើ​ការ​កាត់​បន្ថយ និង​លុប​បំបាត់ការ​ជួញ​ដូរ​គ្រឿង​ញៀន​ និង​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​នៅ​សហ​គមន៍​ និង​ការ​ចំណាយប្រមាណ​២,៥​លាន​ដុល្លារ​អាមេរិក​ ​លើ​ការ​បន្ត​ពង្រឹង​ និង​លើក​កម្ពស់​គុណ​ភាព​ និង​ប្រសិទ្ធ​ភាព​នៃ​ប្រព័ន្ធ​យុត្តិ​ធម៌​។ ​ចំណុច​ទាំង​២នេះ ស្ថិត​ក្នុង​ការ​អនុវត្ត​វិធាន​ការ​គន្លឹះ​ចំនួន​៥​របស់​រដ្ឋា​ភិបាល ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន ម៉ាណែត​។

លោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងលោក ជូ សារុន មេបញ្ជាការ​កង​អាវុធហត្ថខេត្តកំពង់ស្ពឺ  មិនអាចទាក់ទងសុំការធ្វើអត្ថាធិប្បាយបានទេកាលពីថ្ងៃអង្គារ និងថ្ងៃពុធ៕

258 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម