សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ពលរដ្ឋខ្មែរបានសម្រុកវិលត្រឡប់មកកម្ពុជាវិញ ខណៈអ្នកខ្លះពុំទាន់រកការងារធ្វើបាន

ពលករចំណាកស្រុក​បាន​វិល​ត្រឡប់​ពី​ប្រទេស​ថៃ​វិញ​ក្រោយ​ជម្លោះ​ព្រំដែន​ផ្ទុះ​ឡើង​។ រូបភាព​ថតកាលពី​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០២៥។ (ខេមបូចា)
ពលករចំណាកស្រុក​បាន​វិល​ត្រឡប់​ពី​ប្រទេស​ថៃ​វិញ​ក្រោយ​ជម្លោះ​ព្រំដែន​ផ្ទុះ​ឡើង​។ រូបភាព​ថតកាលពី​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០២៥។ (ខេមបូចា)

ពលរដ្ឋខ្មែរធ្វើការនៅប្រទេសថៃដែលបានសម្រុកវិលត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីការប្រយុទ្ធគ្នារវាងយោធាកម្ពុជា និងយោធាថៃ កាលពីថ្ងៃទី២៤ ខែកក្កដាមក ហើយពួកគេរំពឹងថា រដ្ឋាភិបាលនឹងផ្តល់ការងារជូនពួកគាត់ ខណៈមួយចំនួនរកការងារធ្វើពុំទាន់បាន និងមួយចំនួនទៀតប្រកប​អាជីវកម្មរផ្ទាល់ខ្លួនជាលក្ខណៈគ្រួសារ។

អ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា បានឱ្យដឹងថា ពលករខ្មែរប្រមាណ៤៥ម៉ឺននាក់ដែលវិល​ត្រឡប់​ពីប្រទេសថៃវិញ ក្នុងរយៈពេលប្រាំថ្ងៃនេះ ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ចាប់ផ្តើមផ្ទុះអាវុធកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កន្លងមក។

អ្នកស្រី លូយ ចាន់ថន ពលករទើបត្រឡប់មកវិញបានរយៈពេល៥ថ្ងៃ បាននិយាយថា មូលហេតុត្រឡប់មកវិញនេះ ដោយសារជម្លោះព្រំដែន ការងារនៅប្រទេសថៃគាបសង្កត់ ដាក់សម្ពាធ រើសអើងជាតិសាសន៍ ពីសំណាក់ជនជាតិថៃមួយចំនួន។

អ្នកស្រី ចាន់ថន បានប្រាប់ថា៖ «មិនមែនថាមកស្រុកខ្មែរអត់មានអីស៊ីទេ តែជីវភាពគ្រួសារយើងនេះវាអត់មានអីស៊ី ជំពាក់គេផង កូនតូចផង អត់មានអីគ្រប់សព្វ អត់មានការងារធ្វើ យើងមកធ្វើអីមកមើលតែមុខគ្នាហ្នឹង»។ 

លោកស្រីបន្តថា៖ «មួយទៀត ខ្ញុំមកមិនសង្ឃឹមថាមានការងារធ្វើទេ…..ប៉ុន្តែមើលឃើញពីសង្រ្គាមព្រំដែនកម្ពុជាថៃមិនឈប់សោះ នេះវាប៉ះពាល់ដល់បងប្អូនពលករខ្មែរច្រើន បងប្អូនទាំងអស់ប្រឈមនិងបាត់បង់ប្រាក់ចំណូល អត់មានការងារធ្វើ»។

អ្នកស្រី ចាន់ថន សង្ឃឹមថា រាជរដ្ឋាភិបាលនឹងមានការងារសម្រាប់ពលរដ្ឋដែលបានត្រទ្បប់ពីប្រទេសថៃ និងមានការងារធ្វើដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ និងបានបង់បណុលធនាគាផង។

ជម្លោះប្រដាប់អាវុធកម្ពុជា–ថៃ កើតឡើងដំបូង ដោយសារពីបញ្ហាវិវាទព្រំដែននៅតំបន់ព្រំដែនមុំបី ដែលបានបណ្តាលឱ្យទាហានកម្ពុជាម្នាក់បាត់បង់ជីវិតនៅព្រឹកព្រលឹមថ្ងៃទី២៨ ខែឧសភា​។

អ្នកស្រី គិន សុខុម វ័យ៣៦ឆ្នាំ ជាពលករធ្វើការនៅប្រទេសថៃជាង១០ឆ្នាំមកហើយ លោកស្រីបានវិលត្រឡប់មកស្រុកខ្មែរនៅខែមិថុនា ឆ្នាំ២០២៥  បង្ហាញពីក្តីបារម្ភអំពីបញ្ហាជីវភាព និងពិបាករកការងារ។

អ្នកស្រីបញ្ជាក់ថា៖​ «រាល់ថ្ងៃពិបាករកការងារធ្វើ មួយទៀតកំពុងមានសង្រ្គាមបែបនែះទៀតកាន់តែពិបាកខ្លាំង»។

អ្នកស្រី សុខុម បានលើកឡើងថា៖ «ខ្ញុំសំណូមពរសូមរដ្ឋាភិបាលជួយរកការងារឱ្យបានធ្វើផង​។ បងប្អូនខ្មែរទាំងអស់ដែលត្រឡប់មកវិញ ខ្លះក៏បានការងារ ខ្លះក៏អត់បាន។ ដូចខ្ញុំនេះអត់មានការងារធ្វើទេ នៅតែផ្ទះគ្មានប្រាក់ចំណូល»។ 

លោកស្រីបានឱ្យដឹងថា មូលហេតុដែលត្រឡប់មកវិញ ដោយសារតែមានបញ្ហាជម្លោះព្រំដែន មកដើម្បីមានសុវត្ថិភាពខ្លួន ធ្វើការនៅថៃពិបាក គេគាបសង្កត់ ជនជាតិថៃរើសអើងនិយាយចំអកហាមឃាត់មិនឱ្យនិយាយពីប្រទេសខ្លួន គំរាមកំហែងប្រើពាក្យសម្ដីគំរាមនិងបាញ់ចោល​។

អ្នកស្រី សុខុម បន្ថែមថា៖ «ខ្ញុំត្រឡប់មកវិញអត់ទាន់មានការងារធ្វើទេ លំបាកអត់មានលុយបង់ធនាគាផង កូនរៀនផងគ្រួសារគ្មានប្រាក់ចំណូល កូនតូចផងពិបាកណាស់ រកមុខខ្វះក្រោយ មិនដឹងរកអីដាក់អី»។​

ពលករខ្មែរម្នាក់ទៀតដែលទើបត្រឡប់មកស្រុកខ្មែរវិញ នៅពាក់កណ្តាលខែកក្តដានេះ លោក ជា សុភ័ក្រ  និងភរិយា លើកទ្បើងដូចគ្នាដែរ ដោយសារតែក្រសួងការងារអះអាងថានឹងរកការងារឲ្យពលរដ្ឋខ្មែរដែលទើបត្រឡប់ពីប្រទេសថៃវិញ ទើបលោក និងប្រពន្ធសម្រេចចិត្តមកស្រុកកំណើតនៅខេត្តព្រៃវែង។

លោក សុភ័ក្រ និយាយថា៖ «រាល់ថ្ងៃខ្ញុំ មិនទាន់មានការងារធ្វើទេ ស្ថានភាពគ្រួសារពិបាកខ្លាំងអត់មានការងារធ្វើ អត់លុយបង់ធនាគារ អត់មានប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ»។ 

លោក សុភ័ក្រ និងគ្រួសារ បានធ្វើការនៅប្រទេសថៃរយៈពេល៩ឆ្នាំមកហើយ​ និងដោយក្តី បារម្ភអំពីស្ថានភាពជម្លោះព្រំដែននៅតែមានភាពតានតឹង ទើបសម្រេចត្រទ្បប់មកប្រទេសកំណើតវិញ។

លោកបន្តថា មុនពេលមានបញ្ហាព្រំដែន ស្ថានភាពការងារនៅប្រទេសថៃមានភាពល្អប្រសើរ និងរកចំណូលបានសមរម្យសម្រាប់ផ្គត់ផ្គង់គ្រួសារ ប៉ុន្តែចាប់តាំងពីមានបញ្ហាព្រំដែនមក ស្ថានភាពគ្រួសារមិនសូវល្អទេ។ 

លោកបន្តថា លោកស្នើសុំរដ្ឋាភិបាល និងក្រសួងការងារជួយរកការងារឱ្យពលរដ្ឋដែលទើបតែត្រឡប់មកពីប្រទេសថៃ ត្បិតថាពួកគេកំពុងត្រូវការចំណូលផ្គត់ផ្គង់គ្រួសារ និងសងបំណុលធនាគារ។​

ការបន្ធូរបន្ថយភាពតានតឹងនៅជួរមុខ បន្ទាប់ពីបទឈប់បាញ់បានចាប់ផ្តើមនៅម៉ោង១២ព្រឹក គឺស្របតាមកិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃ ក្នុងកិច្ចប្រជុំពិសេសនៅប្រទេសម៉ាឡេស៊ី កាលពីរសៀលថ្ងៃចន្ទទី២៨ ខែកក្កដា ឆ្នាំ២០២៥។

ពលករខ្មែរសម្រុកមកប្រទេសកំណើតរបស់ខ្លួនវិញ តាមច្រកដូងនៃខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥។ (ខេមបូចា/សុខ ភារុណ)
ពលករខ្មែរសម្រុកមកប្រទេសកំណើតរបស់ខ្លួនវិញ តាមច្រកដូងនៃខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥។ (ខេមបូចា/សុខ ភារុណ)

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានឱ្យដឹងថា ពលរដ្ឋ​វិលត្រឡប់មកខ្មែរវិញច្រើនដែលមកដល់ពេលនេះមានចំនួនជាង៤៥ម៉ឺននាក់ ដែលក្នុងនោះ​មាននាក់ខ្លះទទួលបានការងារ អ្នកខ្លះមិនទទួលបានការងារ និងមួយចំនួនទៀតមិនមែនសុទ្ធតែជាកម្លាំងពលកម្មទាំងអស់នោះទេ ព្រោះក្នុងនោះក៏មានក្មេង និងចាស់ផងដែរ។

លោក ស៊ុន មេសា មានប្រសាសន៍ថា៖«ក្រសួងការងារបានត្រៀមផែនការរបស់ខ្លួនដើម្បីផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋដែលវិលមកពីប្រទេសថៃរួចរាល់អស់ហើយ ដើម្បីធានាថាបងប្អូនយើងដែលវិលមកពីប្រទេសថៃហ្នឹងគាត់មានឱកាសការងារ និងមានការងារធ្វើគ្រប់គ្រាន់»។

លោកបន្តថា៖ «យើងទទួលស្គាល់ទាំងអស់គ្នាថាអាជីវកម្មតូចតាច (SME)​ អាជីវកម្មបែបគ្រួសារនៅក្នុងព្រះរាជណាចក្រកម្ពុជាដែលមានរាប់ម៉ឺនកន្លែងហ្នឹងក៏ត្រូវការកម្លាំងពលកម្មផ្សេងៗផងដែរ ……​ ហើយ SME ក៏ជាកន្លែងស្រូបទាញនូវកម្លាំងពលកម្មផ្សែងៗទៀត ចឹងឱកាសការងារនេះយើងមើលឃើញវាជាស្ថានការមួយដែលក្រសួងការងារ និងរាជរដ្ឋាភិបាលអាចគ្រប់គ្រងបាន»។ 

លោក ស៊ុន មេសា បានថ្លែងថា អ្នកដែលមកពីថៃកាលពីថ្ងៃ២៤ មួយចំនួនពួកគាត់ប្រកបរបររកស៊ីខ្លួនងឯងដូចជា ប្រកបរបររកស៊ី លក់បាយ លក់គុយទាវ លក់មី លក់អីផ្សេងៗផងដែរ និងដោយឡែកមនុស្សមួយក្រុមទៀតពួកគាត់ដែលមកនោះពួកគាត់ត្រូវទៅរៀន។ 

លោកបន្ថែមថា កម្លាំងដែលមកមានជាង៤៥ម៉ឺននាក់ជាងហ្នឹង ក្រសួងអាចធានាបានទៅលើឱកាសការងារពួកគាត់។ សម្រាប់ពលករយើងអត់ទាន់មានរបាយការណ៍ទេ យើងរាប់តែពលរដ្ឋដែលវិលត្រឡប់មកវិញ រាប់បញ្ជូលទាំងអ្នកកាន់ប័ណ្ណព្រំដែន។ 

លោក ប៊ុន ចិន្តា មន្រ្តីកម្មវិធីជាន់ខ្ពស់ផ្នែកពលករទេសន្តរប្រវេសន៍នៃអង្គការសង់ត្រាល់ បានឱ្យដឹងថា ចំនួននៃពលករខ្មែរដែល​វិល​ត្រឡប់មកវិញក្នុងពេលដែលមានភាពតានតឹងនៅតាមព្រំដែនរវាងកម្ពុជាថៃ ពលករមួយចំនួន បានបោះបង់ការងារ ឬបាត់បង់ការងារមានច្រើនវិលត្រឡប់មកវិញច្រើនដូចដែលបានទិន្នន័យលើកឡើងថា ជាង៤០ម៉ឺននាក់។

លោក ប៊ុន ចិន្តា បានបន្តថា ការភ័យខ្លាចរបស់គាត់ហ្នឹង គឺពាក់ពាន់នឹងសុវត្ថិភាពសន្តិសុខនោះផង ការរើសអើងជាតិសាសន៍ពីសំណាក់សង្គមថៃបានទៅបង្កការវាយធ្វើបាប។ 

 លោក ប៊ុន ចិន្តា លើកឡើងថា៖ «ឱកាសការងារដែលរាជរដ្ឋាភិបាលបានប្រកាស និងត្រៀមថាមានចំនួនរហូតដល់២០ម៉ឺនកន្លែងត្រៀមសម្រាប់ពលករដែលមកពីប្រទេសថៃ ប៉ុន្តែក្នុ្ងងនេះមានប្រជាជនមួយចំនួនដែលនៅក្នុងស្រុក ពួកគាត់កំពុងស្វែងរកការងារ អត់មានការងារធ្វើ ចំនួនការងារនេះ វាមិនមែនសម្រាប់តែពលករដែលមកទាំងអស់នោះទេ ចំនួនពលករដែលមកវិញមានច្រើនជាងការងារ យើងសង្ឃឹមថា នឹងមានឱកាសការងារច្រើនទៀតសម្រាប់បងប្អូនពលករទាំងអស់គ្នា»។ 

លោកបន្តទៀតថា ដូចគ្នានេះដែរ ការបារម្ភរបស់តំណាងអង្គការសង្គមស៊ីវិល គឺប្រជាជនដែលធ្វើការនៅប្រទេសថៃវិលត្រឡប់មកវិញ ពីសុវត្ថិភាពរបស់ពួកគាត់ការធ្វើដំណើរ និងការហូបចុកក្នុងគ្រួសាររបស់គាត់ ការងាររបស់គាត់ ពិសេសការថែទាំសុខភាពរបស់ពលករទាំងអស់។

លោកបន្ថែមថា៖ «ស្ថិរភាពយូអង្វែងរបស់ពួកគាត់ក្នុងការប្រកបរបរកស៊ី ឬក៏បំពេញការងារក្នុងប្រទេសកម្ពុជា យើងដឹងថា ពួកគាត់ម្នាក់ៗសុទ្ធតែមានបន្ទុក អ្នកខ្លះក៏មានបំណុល អ្នកខ្លះត្រូវរងបន្ទុកថែទាំគ្រួសារ ភ្លាមៗនោះគាត់វិលត្រឡប់មកវិញប្រសិនមានគ្រប់គ្នាវាអាចប្រសើ តែបើមិនមានទេ វានឹងមានវិបត្តិធំសម្រាប់ពួកគាត់ ពួកគាត់ប្រឈមនិងអត់មានការងារធ្វើ វាមិនត្រឹមតែមានវិបត្តិក្នុងគ្រួសារទេ អាចនឹងប៉ះពាល់ដល់ក្រុមគ្រួសារការសិក្សារបស់កូនៗពួកគាត់ផងដែរ»។

លោកឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ស៊ុន ចាន់ថុល បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥​​ ថា សហរដ្ឋអាមេរិក​ប្រកាសយកពន្ធបដិការថ្មី ១៩ភាគរយ លើទំនិញនាំចូលពីកម្ពុជា នឹងបន្តអភិវឌ្ឍន៍ប្រទេសជាតិ ពិសេសបង្កើនការសម្រាប់ប្រជាជន និងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិកបន្តទៅទៀត។

លោក ចាន់ថុល បានឱ្យដឹងគិតត្រឹមថ្ងៃទី២៥ ខែកក្តដា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ បានអនុម័តគម្រងវិនិយោគ ៤២៦គម្រោង ដែលអាចនឹងបង្កើនការងារជាង ៣០ម៉ឺនកន្លែង ៩០ភាគរយ លើវិស័យឧស្សាហកម្ម និងរោងចក្រ។ 

លោកបានថ្លែងថា៖ «ការស្នើសុំដាក់ទុននៅកម្ពុជាលើសពី៥០០គម្រោង  អត្រាពន្ធ១៩គាគរយនេះ យើងសង្ឍឹមច្រើនណាស់ ចឹងយើងនឹងអាចបង្កើតការងារលើសពី ៣០ម៉ឺនកន្លែងក្នុងមួយឆ្នាំជូនទៅប្រជាពលរដ្ឋយើងធ្វើ»។ 

លោក ចាន់ថុល បាន អំពាវនាវចំពោះបងប្អូនដែលធ្វើការចំណាកស្រុកដែលត្រឡប់មកប្រទេសកំណើតវិញ ដើម្បីចូលរួមស្តារសេដ្ឋកិច្ចជាតិ។

លោក ចាន់ថុល បានបន្ថែមថា៖ «យើងធ្វើការប្រទេសក្រៅអត់បានជួយសេដ្ឋកិច្ចជាតិទេ ចឹងមកធ្វើការនៅកម្ពុជា យើងធ្វើការដើម្បីបម្រើសេដ្ឋកិច្ច យើងឱ្យមានរីកចម្រើនដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋយើង»។

(រាយការណ៍ដោយ ឃួន ណារីម)

ព័ត៌មានថ្មី

អត្ថបទពេញនិយម