កម្មករសំណង់និងមេជាងប្រមាណជាង១០០នាក់នៅសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បាននាំគ្នាតវ៉ាពាក់ព័ន្ធនឹងមេម៉ៅការសំណង់ជនជាតិចិនបានបើកលុយពីក្រុមហ៊ុនជាង៤ម៉ឺនដុល្លារហើយរត់គេចខ្លួនបាត់និងមិនបានបើកប្រាក់ខែឲ្យពួកគាត់ដែលបានធ្វើការឲ្យក្រុមហ៊ុនអស់រយៈពេលជាង១ខែមកហើយ គឺចាប់តាំងពីខែធ្នូមកម្លេះ។
កម្មករអះអាងថា មេម៉ៅការសំណង់ជនជាតិចិនបានសន្យាជាមួយពួកគាត់ថាថ្ងៃទី៥ ខែមករា នឹងបើកប្រាក់ខែឲ្យពួកគាត់ ប៉ុន្តែកម្មករទាំងនោះមិនទទួលបានប្រាក់ដូចតាមការសន្យានេះឡើយ ហេតុនេះទើបពួកគាត់នាំគ្នាតវ៉ា។
កម្មករសំណង់ខ្មែរដែលធ្វើការឲ្យក្រុមហ៊ុនឈ្មោះ វីន ន័រ ដែលជាក្រុមហ៊ុនសាងសង់អាគាររបស់ជនជាតិចិន បាននាំគ្នាតវ៉ានៅថ្ងៃទី១១ ខែមករា ក្នុងគោលបំណងទាមទារឲ្យថៅកែក្រុមហ៊ុនជួយដោះស្រាយបើកប្រាក់ខែដល់ពួកគាត់ ដើម្បីបានលុយយកសងធនាគារ និងសម្រាប់ដោះស្រាយការចំណាយថ្លៃម្ហូបអាហារប្រចាំថ្ងៃរបស់ពួកគាត់។
ឧស្សាហកម្មសំណង់នៅក្នុងប្រទេសកម្ពុជាបានចូលរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេស បន្ទាប់ពីឧស្សាហកម្មកាត់ដេរ។ ហើយបញ្ហាសំខាន់បីដែលកម្មករសំណង់ប្រឈមមុខ គឺគ្រោះថ្នាក់ក្នុងម៉ោងការងារ បញ្ហាប្រាក់ឈ្នួល និងបញ្ហារបស់កម្មករសំណង់ ដែលគាត់ជាស្ត្រីងាយរងគ្រោះ។
លោក ហ៊ាង សុវណ្ណា ជាកម្មករសំណង់ថ្លែងប្រាប់ ខេមបូចា ថា អស់រយៈពេលជាង២០ថ្ងៃមកហើយដែលលោកបានធ្វើការឲ្យក្រុមហ៊ុន ហើយក្នុងមួយថ្ងៃលោកបានថ្លៃធ្វើការចំនួន១៥ដុល្លារ ប៉ុន្តែមកដល់ពេលនេះក្រុមហ៊ុនមិនទាន់បើកប្រាក់ខែឲ្យលោកនៅឡើយទេ។ លោកបន្ថែមថា ចាប់តាំងពីបានធ្វើការឲ្យក្រុមមកលោកធ្លាប់ខ្ចីប្រាក់បានត្រឹមតែ២០ដុល្លារដើម្បីបានដោះទាល់មួយរយៈពេលខ្លី ក្រៅពីនោះលោកមិនដែលទទួលបានប្រាក់ខែពីក្រុមហ៊ុនម្តងណាឡើយ។
លោក សុវណ្ណា បន្តថា លោកកំពុងតែប្រឈមជាមួយបំណុលធនាគារហើយធនាគារតែងតែហៅទូរសព្ទមកជាញឹកញាប់ដោយសារលោកមិនមានប្រាក់បង់ទាន់ពេលវេលា ហើយការចំណាយពេលនិងកម្លាំងមកធ្វើការសំណង់ឲ្យក្រុមហ៊ុនព្រោះសង្ឃឹមថា នឹងបានប្រាក់ដើម្បីយកទៅសងធនាគារតែលទ្ធផលលោក សុវណ្ណា មិនទទួលប្រាក់ខែពីក្រុមហ៊ុនទេ។
លោក សុវណ្ណា បានត្អូញត្អែរថា៖ «បើរឿងជំពាក់គេរាប់លែងអស់ហើយ គេ(ធនាគារ)តេមករហូត ទូរសព្ទខ្ញុំតែគេតេមកដឹងតាគេតេរកលុយហើយខ្ញុំ»។
លោក វ៉ែន វី គឺជាកម្មករសំណង់ម្នាក់ទៀតបានថ្លែងថា លោកបានធ្វើការឲ្យក្រុមហ៊ុនជាង ៤០ថ្ងៃហើយបើគិតជាប្រាក់មានចំនួនជាង៣លានរៀលដែលក្រុមហ៊ុនមិនទាន់បានបើកឲ្យ ហើយលោកក៏មិនខុសពីកម្មករដ៏ទៃទៀតដែរ គឺបានរង់ចាំបើកប្រាក់ខែតាំងពីថ្ងៃទី៥ មកម្លេះ។ លោកបន្តថា រូបលោកនិងកម្មករដ៏ទៃបានខិតខំសាងសង់អាគារស្ទើររតែរួចរាល់ហើយ ប៉ុន្តែខាងមេការម៉ៅសំណង់ជនជាតិចិនទើបតែឲ្យកម្មករខ្ចីប្រាក់ក្នុងម្នាក់បានត្រឹមតែ២០ដុល្លារស្រាប់តែរត់គេចខ្លួននិងមិនបានបើកប្រាក់ខែឲ្យកម្មករដូចតាមការសន្យាឡើយ។
លោក វី បន្ថែមថា កំឡុងពេលធ្វើការអស់រយៈពេលជាង៤០ថ្ងៃមកនេះ គឺលោកបានយកប្រាក់មកពីផ្ទះមួយចំនួន និងមួយចំនួនទៀតគឺចងការគេដើម្បីបានប្រាក់សម្រាប់យកដោះស្រាយការចំណាយដូចជាថ្លៃម្ហូបអាហារប្រចាំថ្ងៃជាដើម។
លោកនិយាយថា៖ «យកមកពីផ្ទះ៥០ ៦០ម៉ឺនអស់ទៀត ហើយចងការគេថែមហូបតទៀត ឥឡូវគេ(មេម៉ៅការសំណង់ជនជាតិចិន)បើកលុយទៅបាត់ហើយដល់ចឹងពិបាកម៉ង»។
ទោះជាយ៉ាងណាលោក វ៉ែន វី នៅតែបន្តទាមទាររហូតទាល់តែម្ចាស់ក្រុមហ៊ុនចេញមកដោះស្រាយ និងសងសំណងជូនដល់រូបលោក និងកម្មករដ៏ទៃទៀតឲ្យទាល់តែបាន។
លោកស្រី ផន សុខនី ជាអ្នកចាត់ការទូទៅឲ្យក្រុមហ៊ុន វីន ន័រ ថ្លែងថា លោកស្រី គឺជាអ្នកទាក់ទងជាមួយមេម៉ៅការសំណង់ជនជាតិចិនហើយមេការជនជាតិចិននោះបានប្រាប់លោកស្រីថានឹងយកប្រាក់មកបើកឲ្យកម្មករនៅថ្ងៃទី៥ ខែមករា វេលាម៉ោង២រសៀល ក្រោយដល់ម៉ោងកំណត់មិនឃើញមកលោកស្រីក៏បានទាក់ទងម្តងទៀត ហើយមេការនោះថា នឹងមកជួបនៅម៉ោង៣រសៀលវិញ ប៉ុន្តែជាក់ស្តែងមេម៉ៅការសំណង់ជនជាតិចិននោះមិនបានមកទេ ហើយបានយកប្រាក់ដែលបើកពីក្រុមហ៊ុនរួចរត់គេចខ្លួនបាត់ ហើយទូរសព្ទលោកស្រីថាក៏ទាក់ទងលែងបានទៀត។
លោកស្រី សុខនី បន្តថាកម្មករទាំងអស់ព្រមជាមួយលោកស្រីម្នាក់ដែរសុទ្ធតែជាអ្នកជំពាក់ធនាគារ ហើយគ្រប់គ្នាសង្ឃឹមតែទៅលើប្រាក់ខែថ្លៃស៊ីឈ្នួលធ្វើការសំណង់ប៉ុណ្ណោះដើម្បីទៅយកទូទាត់សងធនាគារ។
លោកស្រីនិយាយថា៖ «ធ្វើការមួយខែៗចង់យកលុយទៅបង់ធនាគារដល់តែពេលថាមេគេ(មេម៉ៅការសំណង់ជនជាតិចិន)បើក[..]រត់ទៅបាត់គាត់(កម្មករ)ដឹងមានវិធីអីដោះស្រាយបង់ធនាគារ»។
លោកស្រី សុខនី ទទួលស្គាល់ថាបញ្ហាដែលកើតឡើងក៏ជាកំហុសរបស់លោកស្រីដែរព្រោះតែការទុកចិត្តទៅលើមេការជនជាតិចិន ដោយសារកន្លងមកលោកស្រីថាមិនដែលមានបញ្ហានេះកើតឡើងទេ ហើយលោកស្រីក៏ស្នើទៅកាន់អាជ្ញាធរពាក់ព័ន្ធឲ្យជួយរកដំណោះស្រាយនិងចរចាជាមួយម្ចាស់ក្រុមហ៊ុនដើម្បីឲ្យបើកប្រាក់ខែដល់កម្មករផង។

លោក អ៊ូ សុខឿន ប្រធានមន្ទីការងារខេត្តស្វាយរៀង បានឲ្យដឹងថា មិនដល់ពេលនេះលោកមិនទាន់ទទួលបានរបាយការណ៍ ឬលទ្ធផលសម្រួបសម្រួលពាក់ព័ន្ធនឹងរឿងខាងលើពីមន្រ្តីក្រោមបញ្ជារបស់លោកនៅឡើយទេ។
លោក សុខឿន ថ្លែងថា៖ «មន្រ្តីខ្ញុំមិនទាន់បានផ្តល់របាយការណ៍លទ្ធផលការសម្របសម្រួលទេ»។
ពាក់ព័ន្ធនឹងបញ្ហានេះលោក យ៉ាន់ ធី អគ្គលេខាធិការ សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា(BWTUC) យល់ឃើញថាតាមរយៈស្មារតីច្បាប់ និងការអនុវត្តកន្លងមកបើទោះបីជាមេម៉ៅការសំណង់ជនជាតិចិននោះបានយកលុយហើយរត់គេចបាត់ក្តីក៏ម្ចាស់ក្រុមហ៊ុនត្រូវតែទទួលខុសត្រូវលើការទូទាត់បើកប្រាក់ខែឲ្យកម្មករដែរ។
លោក ធី ថ្លែងថា៖ «ទោះមេការគាត់រត់ក៏ដោយគឺក្រុមហ៊ុនធំជាអ្នកទទួលខុសត្រូវ ដើម្បីបើកលុយឲ្យកម្មករទាំងអស់ដែលគាត់អត់បានបើក»។
លោកបន្តថា អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ជាពិសេសមន្ទីការងារខេត្តស្វាយរៀងត្រូវតែជួយសម្របសម្រួល ឬមានយន្តការណាមួយដើម្បីរកដំណោះស្រាយឲ្យកម្មករព្រោះពួកគាត់បានចំណាយកម្លាំងពលកម្ម និងពេលវេលាដើម្បីប្តូរជាមួយប្រាក់ឈ្នួលសម្រាប់យកមកដោះស្រាយជីវភាពរបស់ពួកគាត់។
លោក ធី និយាយ ថា៖ «ពួកគាត់(កម្មករសំណង់)បានចំណាយកម្លាំងពលកម្មដូរមកវិញនៅប្រាក់ឈ្នួលចឹងអត់អាចអត់បើកប្រាក់ឈ្នួលឲ្យពួកគាត់បានទេ»។
ទោះជាយ៉ាងណា លោក ធី លើកទឹកចិត្តឲ្យកម្មករទាំងអស់គួររួមគ្នាដើម្បីដាក់បណ្តឹងទៅមន្ទីរការងារខេត្តស្វាយរៀងដើម្បីឲ្យមន្រ្តីមន្ទីរការងារខេត្តជួយរកដំណោះសម្រាប់ពួកគាត់។
យោងតាមសារព័ត៌មាន The Phnom Penh Post បានរាយការណ៍កាលពីខែ កក្កដា ឆ្នាំ ២០២៣ ថា អគ្គលេខាធិការ សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា(BWTUC) បានសង្កត់ធ្ងន់លើភាពមិនស្ថិតស្ថេរក្នុងវិស័យឧស្សាហកម្មសំណង់នៅកម្ពុជា ដោយមានកម្មករពី ២០០,០០០ ទៅ ២៥០,០០០ នាក់ ដែលពួកគាត់ប្រឈមនឹងលក្ខខណ្ឌការងារមិនស៊ីសង្វាក់គ្នាដូចជាការកំណត់ប្រាក់ឈ្នួលមានការបែងចែករវាងបុរសហើយ និងស្រ្តីជាដើម ហើយពេលខ្លះកម្មករពួកគាត់ត្រូវអ្នកម៉ៅការបោះបង់ចោលម្តងម្កាលដោយមិនបើកប្រាក់ឈ្នួលឲ្យពួកគាត់។
កាលពីពេលកន្លងទៅក៏មានករណីស្រដៀងគ្នាដែរគឺមានកម្មករសំណង់ជាង៦០នាក់ ពួកគាត់បាននាំគ្នាធ្វើការតវ៉ាដើម្បីសុំបើកប្រាក់ខែពីក្រុមហ៊ុនខុនដូឈ្មោះ Morgan enmaison ក្រោយមិនបានបើកប្រាក់ខែឲ្យពួកគាត់២ខែ។ ក្រោយពីមានការតវ៉ាតំណាងក្រុមហ៊ុនបានចុះមកធ្វើការសម្របសម្រួលជាមួយក្រុមកម្មករ ដោយព្រមព្រៀងបើកប្រាក់ខែឲ្យ៨០ភាគរយនៃចំនួនប្រាក់ខែ២ខែកន្លងមកដែលមិនបានបើកឲ្យកម្មករ។ ហេតុការណ៍នេះកើតឡើងកាលពី ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅភូមិបី សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ៕