សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

កង្វះតម្លាភាពក្នុងដំណើរការស្ថាបនាផ្លូវលំជនបទតាមភូមិឃុំមួយចំនួននៅខេត្តស្វាយរៀង

ផ្ទាំងព័ត៌មានបង្ហាញពីគម្រោងអភិវឌ្ឍន៍កែលម្អរផ្លូវក្រាលបេតុង នៅភូមិកំពោតប្រស់ សង្កាត់ច្រកម្ទេស ក្រុងបាវិត។ រូបថតនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣។ (រូបថត៖ វណ្ណ វិចារ)
ផ្ទាំងព័ត៌មានបង្ហាញពីគម្រោងអភិវឌ្ឍន៍កែលម្អរផ្លូវក្រាលបេតុង នៅភូមិកំពោតប្រស់ សង្កាត់ច្រកម្ទេស ក្រុងបាវិត។ រូបថតនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣។ (រូបថត៖ វណ្ណ វិចារ)

ប្រជាពលរដ្ឋមួយចំនួននៅក្នុងខេត្តស្វាយរៀងឱ្យដឹងថា ការស្ថាបនាផ្លូវលំជនបទ​នៅមូលដ្ឋាន​ដែលពួកគេរស់នៅ មានភាពមិនប្រក្រតី និងខ្វះតម្លាភាព។ ពលរដ្ឋខ្លះប្រាប់ថាពួកគាត់មិនបាន​ទទួលព័ត៌មានពីដំណើរការដេញថ្លៃស្ថាបនាផ្លូវទាល់តែសោះ ឯពលរដ្ឋខ្លះទៀតថាផ្លូវ​ដែលសង់រួចនោះ​មាន​គុណភាពមិនសូវល្អ។

ពលរដ្ឋមួយភាគធំមិនបានចូលរួមដំណើរការដេញថ្លៃ

កាលពីកំឡុងខែសីហា ឆ្នាំ២០២៣ ភូមិកំពោតប្រស់ ស្ថិតក្នុងសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង បានល្បីឈ្មោះពេញប្រទេស ដោយ​សារតែសារព័ត៌មានអនឡាញផ្សាយ​ពីការស្ថាបនាផ្លូវនៅភូមិនេះមានគុណភាពមិនល្អ។

នៅកណ្ដាលថ្ងៃត្រង់ក្រោមដើមឈើខាងមុខផ្ទះស្ថិតនៅភូមិកំពោតប្រស់ សង្កាត់ច្រកម្ទេស  ក្រុងបាវិត​ ខេត្តស្វាយរៀង ស្ត្រីវ័យជាង៤០ឆ្នាំ បានប្រាប់ថា គាត់ឈ្មោះ សុភី។ ស្ត្រីរូបនេះ​សុំ​មិន​បង្ហាញទាំងនាមត្រកូលទេ ព្រោះខ្លាចអាជ្ញាធរមូលដ្ឋានស្ដីបន្ទោស។អ្នកស្រី សុភី ប្រាប់​ថា គាត់មិនបានទទួលព័ត៌មានពីដំណើរការលើកគម្រោងឬដេញថ្លៃសង់ផ្លូវនេះឡើយ។

អ្នកស្រីបញ្ជាក់៖ «ខ្ញុំនៅផ្ទះរហូតតែខ្ញុំអត់ដឹងថាខាងភូមិឃុំគាត់លើកគម្រោងហ្នឹង​តាំងពី​អង្កាល់ទេ ដឹងនៅពេលលឺខាងភូមិមកប្រាប់ថាបានផ្លូវថ្មី ផ្លូវថ្មី»។

នៅពេលអ្នកសារព័ត៌មានសួរថា តើពលរដ្ឋផ្សេងៗទៀតដឹងរឿងដេញថ្លៃ​ធ្វើផ្លូវហ្នឹងឬអត់?​ហើយ​អ្នកស្រីដឹងថាពលរដ្ឋមានសិទ្ធិចូលរួមក្នុងដំណើរការដេញថ្លៃឬអត់?  អ្នកស្រី សុភី ឆ្លើយថា៖ «ខ្ញុំមិនលឺអ្នកណានិយាយថាពួកគេបានទៅសាលាឃុំដេញថ្លៃទេ តែដឹងគឺដឹង​ទាំង​អស់គ្នាពេលគេធ្វើផ្លូវហ្នឹងហ្មង។ និយាយត្រង់ទៅ ខ្ញុំតែងគិតថាការងារដេញថ្លៃ​អីអស់​ហ្នឹង​មិន​មែន​ជាការងារពួកខ្ញុំជាប្រជាជនអ៊ីចឹង»។

បុរសវ័យជាង៥០ឆ្នាំលោក ហេង ឆន ថា លោកបានទទួលព័ត៌មាន​ពីការផ្ដួចផ្ដើម​គម្រោង​ស្ថាបនា​ផ្លូវនេះតាមរយៈក្រុមប្រឹក្សាសង្កាត់។ ប៉ុន្តែលោកថា ដំណឹងនេះជាព័ត៌មាន​នៅ​តៀម​កាហ្វេ​ប៉ុណ្ណោះ។

លោក ហេង ឆន បញ្ជាក់ថា៖ «ខ្ញុំដឹងតើ! ខ្ញុំទៅកាហ្វេរាល់ថ្ងៃ ខាងអ្នកធ្វើការសង្កាត់នោះ​មក​ប្រាប់ថាផ្លូវនេះគេធ្វើឆ្នាំនេះ ផ្លូវនោះធ្វើឆ្នាំក្រោយប៉ុន្តែពេលរៀបធ្វើផ្លូវហ្នឹងបានភូមិគាត់ដើរ​ប្រាប់​ថា​ធ្វើប៉ុន្មានម៉ែត្រ ទទឹងប៉ុន្មាន។ បើថាខាងភូមិឃុំមកហៅទៅប្រជុំប្រាប់អីនោះ​គឺអត់មាន​ទេ»។

ទោះជាយ៉ាងណាក្ដីមេភូមិកំពោតប្រស់ប្រាប់ថា ពលរដ្ឋក្នុងភូមិមួយចំនួនក៏បានចូលរួម​ក្នុង​ដំណើរ​ការដេញថ្លៃសង់ផ្លូវនេះដែរ។

មេភូមិកំពោតប្រស់ លោក ម៉ុត សាវ៉េត លើកឡើងថា លោកបានជូនពត៌មានទៅពលរដ្ឋ​តាម​រយៈផ្ទាល់មាត់ និងប្រាប់តៗគ្នាពីដំណើរការស្ថាបនាផ្លូវនេះ ប៉ុន្តែពលរដ្ឋតិចតួចប៉ុណ្ណោះ​ដែល​បាន​ចូលរួម។

លោក ម៉ុត សាវ៉េត បន្តថា៖ «ភូមិយើងខ្ញុំ ប្រាប់រហូតហ្នឹងតែអ្នកខ្លះគាត់ស្ដាប់ទៅ​ អ្នកខ្លះទៀត​គាត់​រវល់​ការងារគាត់ទៅ។ ខ្ញុំចាំថាកាលដេញថ្លៃហ្នឹងមានពលរដ្ឋប្រហែលម្ភៃ​ទៅសាមសិបនាក់​ចូលរួម ដែរហេតុនេះ បើថាពលរដ្ឋភាគច្រើនមិនបានចូលរួមគឺមិនបានមែន ប៉ុន្តែមិនអត់សោះ​ទេ​គឺមានខ្លះចូលរួមដែរ»។

បើតាមអាជ្ញាធរភូមិការដេញថ្លៃស្ថាបនាផ្លូវនេះមានក្រុមហ៊ុនបួនចូលរួមដេញថ្លៃ។ ក្នុងនោះ​ក្រុមហ៊ុនឈ្មោះសុគន្ធា ជាអ្នកដេញថ្លៃឈ្នះដោយទទួលសិទ្ធិស្ថាបនាផ្លូវមួយខ្សែ​ក្នុង​ភូមិ​កំពោត​​ប្រស់ ជាផ្លូវបេតុងប្រវែង ១ ៥​០០ម៉ែត្រ និងទទឹង៤ម៉ែត្រកន្លះ។

មេភូមិកំពោតប្រស់ លោក ម៉ុត សាវ៉េត ឈរចង្អុលប្រាប់អ្នកសារព័ត៌មាន​ពីស្ថានភាព​ផ្លូវក្នុងភូមិ។ រូបថតនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣។ (រូបថត៖ វណ្ណ វិចារ)

ផ្លូវសង់រួចមានគុណភាពមិនល្អ បង្ករឱ្យពលរដ្ឋមិនសប្បាយចិត្ត

កាលពីខែកញ្ញាដំណើរការស្ថាបនាផ្លូវនៅភូមិកំពោតប្រស់ជិតរួចរាល់បែរជាបង្ករឱ្យពលរដ្ឋមិនពេញចិត្តជាខ្លាំង។ ពលរដ្ឋបានតវ៉ា និងរិះគន់តាមរយៈបណ្ដាញព័ត៌មានអនឡាញ​ក្រោយហេតុផលថា ផ្លូវនោះមើលទៅបេតុងស្ដើងហើយមានស្នាមប្រេះដោយកន្លែងផង។

ប្រជាពលរដ្ឋរស់នៅភូមិកំពោតប្រស់ អ្នកស្រី សុភី រំលឹកថា​ អ្នកភូមិបាន​រាយការណ៍​ទៅ​អ្នកកាសែតបន្ទាប់ពីឃើញផ្លូវសង់រួចមិនមានគុណភាព។

អ្នកស្រី សុភី ឱ្យដឹងថា៖ «អ្នកនៅភូមិនេះគេតេហៅពូហ៊ន(អ្នកសារព័ត៌មាន) ឱ្យមកថតឡាយ​(ផ្សាយ)​ឡើងផ្អើលព្រោះអី? ព្រោះផ្លូវហ្នឹងមើលទៅអន់ពេក កន្លែងខ្លះប្រេះ កន្លែងខ្លះទៀត​រាងស្តួច ក្រវ៉េមក្រវ៉ាមអាក្រក់មើលណាស់។ ផ្លូវហ្នឹងកាលចាក់ភ្លាមៗមិនដូចឥលូវទេ តែអន់​រកមើលមិនយល់ហ្មង»។

ជំនួយការភូមិកំពោតប្រស់ លោក ម៉ៅ សំអុន លើកឡើងថា ប្រជាពលរដ្ឋទាំងអស់មិន​សុខចិត្ត​ព្រោះតែឃើញនឹងភ្នែកថាផ្លូវសង់មិនមានគុណភាព។ ទោះយ៉ាងណាលោកថា​នេះជា​កំហុស​បច្ចេកទេស​របស់ក្រុមហ៊ុនសាងសង់ផ្លូវប៉ុណ្ណោះមិនទាក់ទងនឹងអាជ្ញាធរមូលដ្ឋានឡើយ។

លោក ម៉ៅ សំអុន ថ្លែងថា៖ «ប្រជាជនយើងគាត់ឃើញជាក់ស្ដែងថាផ្លូវហ្នឹងបេតុងហ្នឹងស្ដើង ស្ដើងកម្រាស់ប្រហែល៥ទៅ៦ហ៊ុន(៥ទៅ៦សង់ទីម៉ែត្រ)។ពួកគាត់សួរខ្ញុំថាផ្លូវហ្នឹងត្រូវសង់កម្រាស់ប៉ុន្មាន?ខ្ញុំឆ្លើយតាមឯកសារថាមួយតឹកកន្លះ(១៥សង់ទីម៉ែត្រ)។ប្រជាជនខ្លះបានថតរូបផ្ញើតាមតេឡេក្រាមទៅអ្នកកាសែតទៅ ក៏គេមកឡាយផ្អើលពេញភូមិ»។

លោកម៉ៅ សំអុន បន្ថែមថា៖ «មេភូមិគាត់បញ្ជាខ្ញុំឱ្យតាមមើលក្រុមហ៊ុនធ្វើការរហូតមិនទំនេរទេ ប៉ុន្តែខ្ញុំខ្លួនឯងក៏មិនដឹងមិនយល់ពីការងារបច្ចេកទេសប៉ុន្មានឡើយ ដល់តែបេតុងរឹងយកម៉ែត្រ​ទៅវាស់ជាក់ស្ដែងបានឃើញថាមិនគ្រប់ទើបរាយការណ៍ទៅលោកមេភូមិ»។

តំណាងក្រុមហ៊ុន សុគន្ធា ដែលទទួលសិទ្ធិស្ថាបនាផ្លូវលំចាក់បេតុងនៅភូមិកំពោតប្រស់​បាន​បដិសេធ​មិនធ្វើអត្ថាធិប្បាយជុំវិញដំណើរការសង់ផ្លូវនេះឡើយ។

តំណាងក្រុមហ៊ុន សុគន្ធា៖ «សូមទោសបងខ្ញុំអត់ចង់បំភ្លឺអីទៀតទេ។ គេថាធ្វើផ្លូវអត់ល្អខ្វះ​បេតុង​អីហ្នឹង ខាងខ្ញុំចាក់បំពេញរួចអស់ហើយ»។

ចៅសង្កាត់ច្រកម្ទេសលោក ហួត សម័យ មានប្រសាសន៍ថា បញ្ហាមិនប្រក្រតីក្នុងការស្ថាបនា​ផ្លូវលំនៅឃុំ​របស់លោកបានដោះស្រាយរួចរាល់។

លោក ហួត សម័យ ថ្លែងថា៖ «ខ្ញុំមិនបកស្រាយអីទេថាផ្លូវអន់ ឥលូវលែងមានបញ្ហាហើយ ផ្លូវធ្វើរួចហើយ អីចឹងខ្ញុំមិនដឹងបំភ្លឺអីទេ។ បើមានរឿងអីថ្មីចាំនិយាយគ្នាទៀត»។

ស្ថានភាពលក់ដូររបស់ពលរដ្ឋនៅជាប់ខ្លោងទ្វារសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង រូបថតនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣។ (រូបថត៖ វណ្ណ វិចារ)

បើតាមការសង្កេតដោយភ្នែកទទេផ្លូវបេតុងអាមេចូលភូមិកំពោតប្រស់មានកន្លែងខ្លះស្តួច​កន្លែង​ខ្លះធំ កន្លែងខ្លះតូច ហើយក៏មានកន្លែងខ្លះស្ដើងកន្លែងខ្លះក្រាស់ដែរ។

ប្រជាពលរដ្ឋដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ថា៖ «ខ្ញុំវាស់ហើយជាមួយមេភូមិ គឺថាមាន​មិនគ្រប់កម្រាស់មួយតឹកកន្លះហ្នឹងទេ អាទទឹងផ្លូវបួនម៉ែត្រកន្លះនោះ​ក៏មាន​កន្លែងខ្លះមិន​គ្រប់​ដែរ ទោះបីចាក់ថែមរួចហើយក៏ដោយ។ តែគ្រាន់បើជាងមុនតែប៉ុណ្ណឹង គ្រាន់បើជាងគេ​មិនទាន់​ផ្អើល»។

បច្ចុប្បន្នផ្លូវលំចូលភូមិកំពោតប្រស់ ស្ថាបនារួចរាល់រយៈពេលជាង២ខែមកហើយ។ តាម​កិច្ច​សន្យា​រវាងក្រុមហ៊ុនស្ថាបនាផ្លូវ និងអាជ្ញាធរសង្កាត់ ផ្លូវនេះនឹងត្រូវវាយតម្លៃម្ដងទៀតនៅ​ប្រាំមួយ​ខែបន្ទាប់​ពីសង់រួច ឬអាចនិយាយថានាដើមឆ្នាំ២០២៤ខាងមុខ។

តាមគម្រោងមូនិធិសង្កាត់ច្រកម្ទេសក្រុងបាវិត ផ្លូវមួយខ្សែចូលភូមិកំពោតប្រស់នេះ ត្រូវកែលម្អ​ដោយពីផ្លូវដីទៅជាផ្លូវក្រាលបេតុអាមេ មានប្រវែង១៥០០ម៉ែត្រ និងទទឹង៤ម៉ែត្រ​កន្លះ។ ការ​កែ​លម្អផ្លូវនេះ ត្រូវចំណាយប្រាក់មូលនិធិសង្កាត់ចំនួន២៦៦លាន៤សែន(២៦៦ ៤០០ ០០០)​រៀល​បូកនឹងទុនចូលរួម៦សែនរៀល សរុបផ្លូវនេះត្រូវចាយប្រាក់២៦៧លានរៀល។

អ្នកកាសែតដែលផ្សាយរឿងសង់ផ្លូវគុណភាពអន់ ជាប់បណ្ដឹងនៅតុលាការ

លោក ផាត់ ហ៊ន ជាអ្នកកាសែតល្បីឈ្មោះម្នាក់ប្រចាំខេត្តស្វាយរៀង។ លោក ផាត់ ហ៊ន ជា​ចាងហ្វាងការផ្សាយ​របស់ទំព័រហ្វេសប៊ុក KH Plus news ដែលបានផ្សាយព័ត៌មាន​ជាច្រើន​ស្ដី​ពីភាពមិនប្រក្រតីនានាក្នុងដំណើរការស្ថាបនាផ្លូវលំជនបទនៅខេត្តស្វាយរៀង។ លោក ផាត់ ហ៊ន ជាប់បណ្ដឹងនៅតុលាការខេត្តស្វាយរៀង បន្ទាប់ពីផ្សាយរឿងសង់ផ្លូវគុណភាព​អន់​នៅ​សង្កាត់​ច្រកម្ទេស ក្រុងបាវិត និងផ្លូវនៅឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង។

លោក ផាត់ ហ៊ន ឱ្យដឹងថា រដ្ឋបាលខេត្តស្វាយរៀងជា​ដើមបណ្ដឹង​ប្ដឹងរូបលោកទៅ​កាន់​តុលាការ។ លោកថា ពាក្យបណ្ដឹងនេះជាការគំរាមកំហែងមួយចំពោះអ្នកកាសែត​ដូចរូបលោក និងជាការរារាំងចំពោះសេរីភាពសារព័ត៌មានទៀតផង។

លោក ផាត់ ហ៊ន លើកឡើងថា៖ «ពេលខ្ញុំផ្សាយរឿងអសកម្មរឿងផ្លូវអត់មានគុណភាព អាជ្ញាធរខេត្តបែរជាមកចោទខ្ញុំថាផ្សាយមិនពិត និងញុះញង់។ គេឱ្យប៉ូលីសកោះហៅ​ខ្ញុំ​ទៅ​ព្រមាន។ បន្ទាប់មកប្ដឹងខ្ញុំឡើងតុលាការទៀត ខ្ញុំពិតជាឆ្ងល់ថាខ្ញុំខុសអី? បើផ្លូវគុណភាពល្អ​អ្នកណាទៅផ្សាយថាអន់កើត?»។

លោក ផាត់ ហ៊ន បន្ថែម៖ «ខ្ញុំជាអ្នកកាសែតគ្មានអីតតាំងទេ មានតែអំពាវនាវសូមឱ្យ​ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ឬអាជ្ញាធរថ្នាក់ជាតិជួយរកយុត្តិធម៌ឱ្យខ្ញុំផង»។

អ្នកសារព័ត៌មានម្នាក់ទៀតនៅស្វាយរៀង លោក កែវ ឡាត់ លើកឡើងថា អ្នកកាសែត​ផ្សេង​ទៀតដូចជារូបលោកហាក់មានការខ្លាចរអារបន្ទាប់ពីឃើញដីកាកោះហៅលោក ផាត់ ហ៊ន។

លោក កែវ ឡាត់ ប្រាប់ថា៖ «តាំងពីមានរឿងលោក ហ៊ន មក យើងខ្ញុំដូចលែងចង់ហ៊ាន។ យើង​ខ្ញុំពិតជាមិនយល់ បើយើងខ្ញុំផ្សាយខុសផ្សាយមិនពិតនោះ គួរតែក្រុមហ៊ុនប្ដឹង​យើង​តែ​នេះ​អត់ទេ គឺអាជ្ញា​ធរ​ក្លាយទៅជាដើមបណ្ដឹងប្ដឹងអ្នកកាសែត​ដែលលាតត្រដាង​ពីភាព​មិន​ប្រក្រតីទៅវិញ»។

អ្នកសារព័ត៌មានខេមបូចា មិនអាចទាក់ទងសាលាខេត្តស្វាយរៀង​ដើម្បីបំភ្លឺជុំវិញ​ការ​លើក​ឡើង​​របស់អ្នកសារព័ត៌មានឡើយ។ កាលពីចុងខែសីហា ឆ្នាំ២០២៣ សាលាខេត្ត​ស្វាយរៀង បានចេញសេចក្ដីប្រកាសព័ត៌មាន​មួយដោយច្រានចោលការផ្សាយ​របស់​លោក ផាត់ ហ៊ន តាម​រយៈផេកហ្វេសប៊ុក Kh Plus news​ដែលផ្សាយរៀបរាប់ពីភាពមិនប្រក្រតី​នៃ​ការស្ថាបនា​ផ្លូវលំនៅក្រុងបាវិត និងស្រុករមាសហែកថាជាការផ្សាយព័ត៌មានមិនពិត និង​ធ្វើ​ឱ្យ​ខូច​កិត្តិយស​របស់មន្ត្រីរាជការសាធារណៈ។

លិខិតរបស់រដ្ឋបាលខេត្តស្វាយរៀងបញ្ជាក់៖ «ករណីការផ្សាយរបស់បុគ្គលឈ្មោះ ផាត់ ហ៊ន នេះបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសសេចក្ដីថ្លៃថ្នូរ និងមានចរិតញុះញង់ឱ្យសាធារណជន​មាន​ការរើសមន្ត្រីសាធារណៈ ដែលបុគ្គលរូបនេះអាចប្រឈមនឹងនឹងផ្លូវច្បាប់ជាធរមាន»។

ស្ថានភាពផ្លូវលំដ៏ស្ងាត់ជ្រងំនៅភូមិកំពោតប្រស់ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង រូបថតនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៨។ (រូបថត៖​ វណ្ណ វិចារ)

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុឃៈ មិនទាន់អាចអត្ថាធិប្បាយពីបញ្ហានេះ​បាន​នៅ​ឡើយគិតត្រឹមថ្ងៃទី២ ខែវិច្ឆកា។ លោក ទូច សុឃៈ បានបញ្ជាក់ថា៖ «ខ្ញុំនឹងឆ្លើយតបវិញនៅ​ពេល​ណាមួយ​សមស្រប»។

ទោះជាយ៉ាងណាក្ដី លិខិតជូនដំណឹងរបស់អគ្គនាយករដ្ឋបាលក្រសួងមហាផ្ទៃ ចុះកាល​បរិច្ឆេទ​ថ្ងៃទី១៩ ខែកញ្ញា និងត្រូវផ្សព្វផ្សាយជាសារធារណៈនៅដើមខែតុលា បានចេញបញ្ជា​មួយទៅរដ្ឋបាលខេត្តស្វាយរៀងឱ្យធ្វើរបាយការណ៍លម្អិតជុំវិញភាពមិនប្រក្រតីនៃការស្ថាបនាផ្លូវលំជនបទនាសង្កាត់ច្រកម្ទេសក្រុងបាវិតនិងឃុំដូងក្នុងស្រុករមាសហែក ។

អគ្គនាយករដ្ឋបាលក្រសួងមហាផ្ទៃ លោក សួស ប្រាថ្នា លើកឡើងក្នុងលិខិតនោះថា ការផ្សព្វ​ផ្សាយរបស់អ្នកកាសែតជុំវិញភាពមិនប្រក្រតីនៃការស្ថាបនាផ្លូវលំនៅខេត្តស្វាយរៀងជាការ​បង្ហាញពីលទ្ធផលនៃការអនុវត្តគម្រោងដែលមិនស្របតាមបទដ្ឋានបច្ចេកទេសទាំងបរិមាណ​ និងគុណភាព។

លោកបន្ថែមថា អាជ្ញាធរខេត្តត្រូវធ្វើរបាយការណ៍លម្អិតមកកាន់ក្រសួងមហាផ្ទៃ​ដើម្បី​បង្ហាញ​ពីគណនេយ្យភាព និងតម្លាភាពក្នុងការប្រើប្រាស់ថវិកាមូលនិធិឃុំសង្កាត់។ លោកសួស ប្រាថ្នា តម្រូវឱ្យរដ្ឋបាលខេត្តស្វាយរៀងចុះវាស់វែង​ត្រួតពិនិត្យគុណភាពផ្លូវ​ដែលមាន​បញ្ហា​នោះ​​ឡើងវិញ ព្រមទាំងផ្ញើសំណុំឯកសារពាក់ព័ន្ធនានាមកកាន់​អគ្គនាយកដ្ឋានរដ្ឋបាល​ក្រសួងមហាផ្ទៃ ដើម្បីរាយការជូនរដ្ឋមន្ត្រីចាត់ការបន្តចំពោះបញ្ហានេះ។

ប្រជាពលរដ្ឋរស់នៅឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង លោក សេក សឿន ប្រាប់​តាម​ទូរស័ព្ទថា៖ «ខេត្តគេខឹងគេប្ដឹងអ្នកកាសែតផ្សាយពីផ្លូវយ៉ាប់ តែពួកខ្ញុំជាពលរដ្ឋ​អរគុណ​​អ្នក​កាសែត ​ព្រោះបើអ្នកកាសែតមិនឡាយទេ ផ្លូវហ្នឹងមិនដឹងប្រើបានប៉ុន្មានថ្ងៃ? បើគម្រោង​ចាក់​ក្រួស ពេលអនុវត្តក្រុមហ៊ុនយកដីទៅចាក់។ ពួកខ្ញុំជាអ្នកស្រែអ្នកស្រុក​ ស្គាល់ច្បាស់ណាស់ថា អាមួយណាក្រួស អាមួយណាដី»។

ប្រជាពលរដ្ឋរស់នៅភូមិកំពោតប្រស់ អ្នកស្រី សុភី បន្ថែមទៀត៖ «ខ្ញុំថាបើសិនអ្នកកាសែត​មិន​ផ្សាយ​ទេ គេមិនកែទេ គេមិនចាក់បេតុងថែមទេ ផ្លូវហ្នឹងនឹងឆាប់ខូចមិនខាន។ ផ្សាយច្រើន​ហើយ​ទើបកែបានប៉ុណ្ណឹង»។

នាយកមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គីមអេង មាន​ប្រសាសន៍​ថា លោកមិនអាចសន្និដ្ឋានបានទេថា ករណីស្ថាបនាផ្លូវនៅស្វាយរៀងនេះ​មាន​ពាក់ព័ន្ធ​អំពើពុករលួយ ឬអត់នោះឡើយ។ លោកថា បើចង់ដឹងថាមានអំពើពុករលួយ ឬអត់ លុះត្រាតែមានការស៊ើបអង្កេតច្បាស់លាស់ទើបសន្និដ្ឋានបាន។

លោក គីមអេង ពន្យល់ពីតួនាទីរបស់រដ្ឋបាលខេត្តក្នុងដំណើរការអនុវត្តគម្រោង​មូលនិធិ​ឃុំ​សង្កាត់យ៉ាងដូច្នេះថា៖ «អាជ្ញាធរខេត្តចាំបាច់ត្រូវណែរនាំទៅក្រុមប្រឹក្សាឃុំសង្កាត់ឱ្យ​ជូន​ដំណឹងបន្តទៅកាន់ប្រជាពលរដ្ឋក្នុងបំណងឱ្យពលរដ្ឋចូលរួមគ្រប់ដំណើរការទាំងអស់តាំងពីការគិតគូរថា ផ្លូវណាគួរធ្វើមុនធ្វើក្រោយរហូតដល់ដេញថ្លៃ និងតាមដានមើលគុណភាពផ្លូវ​ថែមទៀត។ អាជ្ញាធរខេត្តមិនគួរទៅរករឿងពលរដ្ឋ ឬអ្នកកាសែត​ដែលហ៊ាន​រាយការណ៍​ពីផ្លូវ​គុណភាពអន់ទេ គួរតែអរគុណពួកគេបានបើសម»។

លោក គីមអេង បន្ថែមថា៖ «ទាំងអាជ្ញាធរមូលដ្ឋានទាំងពលរដ្ឋគួរជួយមើលគ្នាជួយវាស់គ្នាថា​ផ្លូវហ្នឹងសង់គ្រប់តាមកិច្ចសន្យា ឬអត់?ជួយនិយាយទើបការចាយវាយថវិកាមូលនិធិ​ឃុំសង្កាត់​មានប្រសិទ្ធិភាព។ បើសិនជាគ្មានការចូលរួមពីពលរដ្ឋទេនោះគេអាចសន្និដ្ឋានបានថា ការ​អនុវត្ត​គម្រោងមិនមានតម្លាភាព»៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម