អាជ្ញាធរកម្ពុជាបានឃាត់ខ្លួនជនបរទេសយ៉ាងហោចណាស់ចំនួន៦៥៨នាក់ ពីទីតាំងសង្ស័យប្រព្រឹត្តអំពើឆបោកតាមអនឡាញចំនួនពីរ នៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង បន្ទាប់ពីនគរបាលធ្វើប្រតិបត្តិការបង្រ្កាបទ្រង់ទ្រាយធំមួយកាលពីដើមខែនេះ។ ការបង្រ្កាបនេះបានធ្វើឡើង បន្ទាប់ពីមានវីដេអូឃ្លីបមួយបានចែករំលែកព្រោងព្រាតនៅលើបណ្ដាញសង្គម បង្ហាញពីទិដ្ឋភាពមនុស្សជាច្រើនរត់គេចខ្លួនចេញពីទីតាំងដែលមានស្នូរគ្រាប់កាំភ្លើង ដោយធ្វើឱ្យគេចាប់អារម្មណ៍ជាថ្មីលើបញ្ហាកើតឡើងក្នុងក្រុងជាប់ព្រំដែនមួយនេះដែលត្រូវបានផ្សារភ្ជាប់ជាយូរមកហើយទៅនឹងបណ្ដាញឆបោកតាមប្រព័ន្ធអនឡាញ។
វីដេអូដែលបង្ហោះលើទំព័រហ្វេសប៊ុកសារព័ត៌មានក្នុងស្រុកមួយកាលពីថ្ងៃទី៨ ខែវិច្ឆិកា បានបង្ហាញឱ្យឃើញជនបរទេសដែលគេសង្ស័យថាជាជនជាតិចិន និងវៀតណាម កំពុងរត់គេចចេញពីអគារចំនួនពីរ ក្នុងនោះមានអគារមួយឈ្មោះ Li Zhou ស្ថិតនៅលើផ្លូវកំពង់ស្ពាន ខណៈដែលកងកម្លាំងសន្តិសុខបានឡោមព័ទ្ធជុំវិញតំបន់ដែលឮសំឡេងផ្ទុះអាវុធ។ នៅក្នុងហេតុការណ៍នោះ គេឃើញអ្នកខ្លះនាំគ្នារត់ ខ្លះឡើងលើដំបូល និងខ្លះទៀតកាន់ដំបងផងដែរ។
នៅក្នុងវីដេអូឃ្លីបនោះ មនុស្សរាប់សិបនាក់ត្រូវបានគេមើលឃើញថា កំពុងប្រញាប់ប្រញាល់ឆ្លងរត់ឆ្លងលើដំបូល និងដោយភាពភ័យស្លន់ស្លោ ហើយខ្លះទៀតកាន់ដំបងពេលពួកគេព្យាយាមរត់គេច។
វីដេអូមួយទៀតដែលបានចែករំលែកនៅលើបណ្តាញសង្គមកាលពីថ្ងៃទី៣០ ខែតុលា បានបង្ហាញពីសកម្មភាពសន្តិសុខដេញនិងវាយប្រុសៗដែលរត់គេចពីទីតាំងសង្ស័យមានការប្រព្រឹត្តអំពើឆបោកមួយនៅក្នុងសួន Venus នាក្រុងបាវិត ជាកន្លែងដែលធ្លាប់មានភាពចលាចលរបស់កម្មករពីមុនមក។ អាជ្ញាធរបាននិយាយថា ការស៊ើបអង្កេតលើហេតុការណ៍នេះកំពុងបន្ត។
ទីតាំងដែលដំណើរការក្រោមឈ្មោះសួន Venus នេះត្រូវបានសង្ស័យថាមានទំនាក់ទំនងជាមួយកាស៊ីណូ Venus ដែលនៅក្បែរនោះ ហើយធ្លាប់ត្រូវបានអាជ្ញាធរចុះឆែកឆេរជាច្រើនលើកមកហើយ។ កម្ពុជា និងវៀតណាម ធ្លាប់បានសហការគ្នាក្នុងប្រតិបត្តិការជាច្រើន ដោយបានឃាត់ខ្លួនមនុស្សរាប់សិបនាក់ និងឈានទៅដល់ការផ្តន្ទាទោសពួកគេនៅក្នុងប្រទេសវៀតណាមពីបទឆបោកតាមប្រព័ន្ធអនឡាញ ព្រមទាំងបានបញ្ជូនជនរងគ្រោះរាប់រយនាក់ដែលគេជឿថា ត្រូវបានជួញដូរ និងបង្ខំឱ្យធ្វើការងារខុសច្បាប់ត្រឡប់ទៅប្រទេសកំណើតវិញផងដែរ។
អធិការនគរបាលក្រុងបាវិត លោក អែម សុវណ្ណារិទ្ធ និងលោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង មិនទាន់បានឆ្លើយតបសំណួរបស់អ្នកសារព័ត៌មានខេមបូចានៅឡើយទេ។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានបញ្ជាក់ថា ប្រតិបត្តិការដែលបានធ្វើឡើងនៅក្រុងបាវិតជាប់ព្រំដែនវៀតណាម កាលពីថ្ងៃទី៧ ខែវិច្ឆិកា បានឃាត់ខ្លួនមនុស្សចំនួន ៦៥៨នាក់ ពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញ ដែលសកម្មភាពនេះ«បង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការលុបបំបាត់ការបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា»។ លោកបានបន្ថែមថា ជនបរទេសភាគច្រើនដែលត្រូវបានចាប់ខ្លួន រួមមានជនជាតិជប៉ុន ហ្វីលីពីន វៀតណាម សិង្ហបុរី និងចិន។
លោកបានប្រាប់ សារព័ត៌ខេមបូចា ថា ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយក្រុមការងារនៃគណៈកម្មការបង្ក្រាបការឆបោកតាមអនឡាញរបស់ក្រសួង ដោយមានកិច្ចសហការពីនគរបាលជាតិ និងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តស្វាយរៀង។
យោងតាមការបញ្ជាក់របស់លោក មន្រ្តីនគរបាលជំនាញបានវាយតម្លៃថា សកម្មភាពបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិតទាំងនេះ គឺប្រព្រឹត្តឡើងដោយក្រុមកម្មករដែលក្លែងខ្លួនជាប៉ូលិស ដើម្បីគំរាមកំហែងជនរងគ្រោះនៅក្រៅប្រទេស។
នៅក្នុងអគារមួយកន្លែង ស្ថិតនៅលើផ្លូវបេតុង ក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត នគរបាលបានឃាត់ខ្លួនមនុស្សចំនួន៥៧នាក់ ដែលមកពី៦ប្រទេសផ្សេងគ្នា ក្នុងនោះមានស្ត្រី១៥នាក់ និងជនជាតិខ្មែរ១២នាក់ ដែលកំពុងបំពេញការងារជាអ្នកអនាម័យ សន្តិសុខ និងអ្នកបកប្រែ។
នៅតាមបណ្តោយផ្លូវកំពង់ស្ពាន ក្នុងភូមិដដែលនោះ ដែលជាទីតាំងអគារភ្លោះចំនួន៩ នគរបាលបានឡោមព័ទ្ធឃាត់ខ្លួនមនុស្ស ៦០១នាក់ ដែលមកពី៤សញ្ជាតិផ្សេងៗគ្នា។
ពីទីតាំងទីមួយ អាជ្ញាធរបានបញ្ជូនជនជាតិចិន២នាក់ និងអ្នកបកប្រែជនជាតិខ្មែរ២នាក់ ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីចាត់ការតាមផ្លូវច្បាប់។ ចំណែកជនបរទេស ៥៥នាក់ ដែលនៅសេសសល់ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីធ្វើការសាកសួរ និងរៀបចំបញ្ជូនត្រឡប់ទៅប្រទេសកំណើតវិញ។ ដោយឡែក ជនជាតិខ្មែរ ១០នាក់ ត្រូវបានដោះលែង ក្រោយពីទទួលបានការណែនាំអប់រំ ដោយសារពួកគេជាអ្នកធ្វើការផ្នែកអនាម័យ និងសន្តិសុខ ហើយមិនមានជាប់ពាក់ព័ន្ធអ្វីផ្សេងទៀតទេ។
នៅទីតាំងទីពីរ នគរបាលបានកំណត់នូវអត្តសញ្ញាណជនជាតិវៀតណាមចំនួន ៥០៩នាក់ ជនជាតិចិនចំនួន៣៩នាក់ ក៏ដូចជាជនជាតិមីយ៉ាន់ម៉ាមួយចំនួន និងជនអន្តោប្រវេសន៍ផ្សេងទៀត។ សមត្ថកិច្ចបានសន្និដ្ឋានថា ទីតាំងនេះត្រូវបានប្រើប្រាស់សម្រាប់ប្រតិបត្តិការបោកប្រាស់តាមអនឡាញ ដែលបន្លំក្នុងរូបភាពជាគម្រោងវិនិយោគដែលផ្តល់ផលចំណេញខ្ពស់។
សកម្មភាពដែលត្រូវបានរកឃើញ រួមមាន ការបង្កើតរូបភាពប្រតិបត្តិការធនាគារក្លែងក្លាយ ការបង្កើតទំនាក់ទំនងស្នេហាក្លែងក្លាយ ការចុះឈ្មោះចូលរួមព្រឹត្តិការណ៍រត់ម៉ារ៉ាតុងក្លែងបន្លំ និងការប្រើប្រាស់បច្ចេកវិទ្យា AI deepfake ដើម្បីក្លែងបន្លំវីដេអូ និងអត្តសញ្ញាណ។
ក្រោយប្រតិបត្តិការចុះបង្ក្រាប ជនបរទេសចំនួន ៧១នាក់ ដែលក្នុងនោះមានជនជាតិចិន និងមីយ៉ាន់ម៉ា ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបណ្តេញចេញពីប្រទេសកម្ពុជា។ ចំណែកជនជាតិវៀតណាមចំនួន ៥២៩នាក់ផ្សេងទៀត ត្រូវបានដាក់ក្រោមការត្រួតពិនិត្យរបស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង រង់ចាំការបញ្ជូនត្រឡប់ទៅប្រទេសកំណើតវិញដែរ។
ជនសង្ស័យមួយចំនួន ដែលជាជនជាតិចិន និងវៀតណាម ត្រូវបានបញ្ជូនទៅតុលាការ ដើម្បីបន្តតាមនីតិវិធីផ្លូវច្បាប់ ខណៈដែលពលករចំណាកស្រុកវៀតណាម ៣៩នាក់ ត្រូវបានដោះលែងក្រោមលក្ខខណ្ឌនៃកិច្ចសន្យាអប់រំ ដែលអនុញ្ញាតឱ្យពួកគេវិលត្រឡប់ទៅប្រទេសកំណើតវិញ។
លោក សុខៈ បានលើកឡើងថា៖ «កម្ពុជាមិនមែនជាឋានសួគ៌សុវត្ថិភាពសម្រាប់ជនបរទេសប្រព្រឹត្តអំពើឆបោកតាមអនឡាញនោះទេ ហើយក៏មិនបានបង្កើតលក្ខខណ្ឌណាមួយ ដើម្បីអនុញ្ញាតឱ្យឧក្រិដ្ឋជនធ្វើសកម្មភាពតាមអំពើចិត្តបានដែរ»។ លោកបន្តថា៖ «កម្ពុជាមានឆន្ទៈក្នុងការទប់ស្កាត់ និងបង្ក្រាប ហើយយើងក៏ស្វែងរកកិច្ចសហប្រតិបត្តិការពីបណ្តាប្រទេសនានា ទាំងទ្វេភាគី និងពហុភាគី នៅក្នុងតំបន់ និងជុំវិញពិភពលោកផងដែរ»។
លោក សុខៈ បានបន្ថែមថា កម្ពុជានឹងបន្តសហការជាមួយបណ្តាប្រទេសផ្សេងទៀត ដើម្បីកំណត់អត្តសញ្ញាណ និងបង្ក្រាបជនល្មើស។ លោកបានបន្តថា៖«[យើង] ចង់ឱ្យប្រទេសនានាធ្វើការអប់រំប្រជាជនរបស់ខ្លួនឱ្យបានច្រើនបន្ថែមទៀត អំពីការបោកប្រាស់តាមអនឡាញ ក៏ដូចជាចែករំលែកព័ត៌មាន និងផ្តល់ជំនួយផ្នែកបច្ចេកទេសដល់គ្នា ជាជាងការចោទប្រកាន់គ្នាទៅវិញទៅមក»។
របាយការណ៍មួយដែលចេញដោយអ្នកជំនាញរបស់អង្គការសហប្រជាជាតិបានលើកឡើងថា សកម្មភាពបោកប្រាស់ទាំងនេះមាន «លក្ខណៈចល័តខ្លាំង» និង «រីករាលដាលយ៉ាងទូលំទូលាយ» ដោយមានមជ្ឈមណ្ឌលនៅក្នុង «ក្រុងព្រះសីហនុ ភ្នំពេញ ប៉ៃលិន អន្លង់វែង អូស្មាច់ កណ្តាល ពោធិ៍សាត់ កោះកុង បាវិត ជ្រៃធំ កំពត ឧត្តរមានជ័យ ប៉ោយប៉ែត បន្ទាយមានជ័យ ស្វាយរៀង និងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសតារាសាគរ និងតំបន់សេដ្ឋកិច្ចពិសេស Hengeថ្មដា។
កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ នៅក្នុងចំណោមប្រទេសនៅអាស៊ីអាគ្នេយ៍ ក្នុងសន្ទស្សន៍ឧក្រិដ្ឋកម្មឆ្នាំ២០២៥ ដោយមានពិន្ទុ ៥១.៣ ដែលបង្ហាញពីស្ថានភាពឧក្រិដ្ឋកម្មធ្ងន់ធ្ងរ បន្ទាប់មកគឺប្រទេសមីយ៉ាន់ម៉ា (៥០.៩) ម៉ាឡេស៊ី (៤៨.៩) និងឥណ្ឌូនេស៊ី (៤៦.០) ខណៈដែលប្រទេសសិង្ហបុរីមានកំណត់ត្រាសន្ទស្សន៍ឧក្រិដ្ឋកម្មទាបបំផុតត្រឹម ២២,៦។
រាជធានីភ្នំពេញបានបង្កើតគណៈកម្មាធិការពិសេសមួយ ដើម្បីធ្វើការបង្ក្រាបសកម្មភាពបោកប្រាស់តាមអនឡាញ ក្រោយពីមានបទបញ្ជាពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
លោក សុខហាក់ បានអះអាងថា នៅក្នុងអាណត្តិរដ្ឋាភិបាលមុន កម្ពុជាបានបណ្តេញជនបរទេសចំនួន ២១ ០០០នាក់ ខណៈដែលរដ្ឋាភិបាលបច្ចុប្បន្ន បានបណ្តេញជនបរទេសចំនួន ១៥ ០០០នាក់ ក្នុងរយៈពេលជាងពីរឆ្នាំ ចេញពីកម្ពុជា។ នៅក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២៥ នគរបាលបានបង្ក្រាបករណីឆបោកដោយប្រើប្រាស់បច្ចេកវិទ្យាចំនួន ៤៨ករណី និងបានបណ្តេញជនបរទេសចំនួន ២ ៧២២នាក់ ចេញពីកម្ពុជា។

កាលពីថ្ងៃអាទិត្យ មនុស្សចំនួន ២៦៣នាក់ ក្នុងនោះមានស្ត្រី ១៧នាក់ ត្រូវបានចាប់ខ្លួននៅក្នុងប្រតិបត្តិការចុះបង្ក្រាបមួយ ដោយសង្ស័យថាពួកគេបានចូលរួមក្នុងសកម្មភាពបោកប្រាស់តាមអនឡាញ នៅកាស៊ីណូ Galaxy World ចាស់ ក្នុងក្រុងព្រះសីហនុ។ ក្នុងចំណោមនោះ មានជនជាតិចិនចំនួន ២០៧នាក់ និងជនជាតិដទៃទៀត មកពីប្រទេសប៉ាគីស្ថាន បង់ក្លាដែស មីយ៉ាន់ម៉ា នេប៉ាល់ វៀតណាម ម៉ាឡេស៊ី និងឡាវម្នាក់។
កម្ពុជាកំពុងស្ថិតក្រោមការឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ពីក្រសែភ្នែកអន្តរជាតិចំពោះឧស្សាហកម្មបោកប្រាស់តាមអ៊ីនធឺណិត ដែលគេប៉ាន់ប្រមាណថា អាចរកប្រាក់ចំណូលបានពី ១២.៥ ពាន់លានដុល្លារ ទៅ ១៩ ពាន់លានដុល្លារក្នុងមួយឆ្នាំ ដោយពឹងផ្អែកលើកម្លាំងពលកម្មដោយបង្ខំជាង ១០០ ០០០ នាក់នៅក្នុងប្រទេស។
អ្នកវិភាគនយោបាយឯករាជ្យ កញ្ញា លី ស្រីស្រស់ បានសម្តែងការស្វាគមន៍ចំពោះការបង្ក្រាបបទល្មើសបច្ចេកវិទ្យា របស់រដ្ឋាភិបាល ដោយកត់សម្គាល់ថា អាជ្ញាធរអនុវត្តច្បាប់ បានបិទទីតាំងចំនួន ៩២កន្លែង នៅក្នុង ១៨ខេត្ត និងក្រុង និងបានចាប់ខ្លួនជនសង្ស័យប្រមាណ ៣ ០០០នាក់ មកពី២០សញ្ជាតិផ្សេងៗគ្នា។ ដើម្បីពង្រឹងការប្រយុទ្ធប្រឆាំងនឹងបទល្មើសបច្ចេកវិទ្យា អាជ្ញាធរគួរតែបង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីបង្កើតការឆ្លើយតបរួមគ្នា។
កញ្ញាបានបន្ថែមថា៖ «បញ្ហាសំខាន់មួយទៀត ដែលយើងគួរតែពិនិត្យមើលផងដែរនោះ គឺមន្ត្រីជាន់ខ្ពស់ ដែលជាប់ពាក់ព័ន្ធនឹងអាជីវកម្មខុសច្បាប់។ ថ្មីៗនេះ ប្រទេសថៃបានកំណត់អត្តសញ្ញាណមន្ត្រីជាន់ខ្ពស់កម្ពុជាពីររូប គឺលោក កុក អាន និងលោក លី យ៉ុងផាត់ ថាជាជនសង្ស័យសំខាន់ៗ ដែលត្រូវធ្វើការស៊ើបអង្កេតបន្ថែមទៀត»។
កញ្ញាថា រដ្ឋាភិបាលក៏គួរតែដោះស្រាយការជាប់ពាក់ព័ន្ធ របស់មន្ត្រីជាន់ខ្ពស់ផងដែរ ដោយចង្អុលបង្ហាញពីកង្វះការឆ្លើយតប ចំពោះទណ្ឌកម្មដែលបានដាក់ទៅលើលោក Chen Zhi។
កញ្ញាបានលើកឡើងទៀតថា៖ «វិធានការតែមួយគត់ ដែលមានប្រសិទ្ធភាព គឺការចាប់ខ្លួនអ្នកដែលជាប់ពាក់ព័ន្ធនឹងការបោកប្រាស់តាមអនឡាញ ដែលជាមេខ្លោងធំៗ។ ប្រសិនបើទីតាំងនៃសកម្មភាពបោកប្រាស់ ត្រូវបានបោសសម្អាត ប៉ុន្តែគ្មានវិធានការផ្លូវច្បាប់ណាមួយ ត្រូវបានអនុវត្តប្រឆាំងនឹងអ្នកដែលនៅពីក្រោយខ្នងពួកគេទេ បញ្ហាទាំងនេះ នឹងនៅតែកើតឡើងដដែល ប្រសិនបើអាជ្ញាធរនៅតែអសកម្ម និងពុករលួយ»។
សហរដ្ឋអាមេរិក ក៏បានដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនព្រីនស៍ ដែលជាក្រុមហ៊ុនដ៏ធំនៅកម្ពុជា ដោយប្រកាសថាវាជាអង្គការឧក្រិដ្ឋកម្មឆ្លងដែន និងបានរឹបអូសទ្រព្យសម្បត្តិជា Bitcoin មានតម្លៃជាង ១៥ពាន់លានដុល្លារ ដែលជាប់ទាក់ទងនឹងប្រធានក្រុមក្រុមហ៊ុននេះ។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានបដិសេធមិនធ្វើការឆ្លើយតប និងបានឱ្យអ្នកសារព័ត៌មានខេមបូចាសួរទៅកាន់ក្រសួងមហាផ្ទៃវិញ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Police Arrest Over 600 Foreigners in Online Scam Compounds in Bavet













