សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ប្រជាជនខ្មែរជាង៤សែននាក់ធ្លាក់ទៅក្រីក្រវិញក្នុងរយៈពេល​២ឆ្នាំ​ចុងក្រោយ

បុរសម្នាក់អូសរទេះដែលដឹកសំបកកំប៉ុងអេតចាយ អូសកាត់កន្លែងសាងសង់សំណង់ទំនើប នៅក្នុងក្រុងភ្នំពេញ។ រូបថតថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង
បុរសម្នាក់អូសរទេះដែលដឹកសំបកកំប៉ុងអេតចាយ អូសកាត់កន្លែងសាងសង់សំណង់ទំនើប នៅក្នុងក្រុងភ្នំពេញ។ រូបថតថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

ប្រជាជនខ្មែរ៤សែន៦ម៉ឺននាក់ធ្លាក់ទៅក្រីក្រវិញនៅក្នុងរយៈពេល២ឆ្នាំចុងក្រោយ។ នេះបើ​តាមការ​រកឃើញរបស់ធនាគារពិភពលោកWorld Bank ដែលបានចេញផ្សាយ​​របាយការណ៍​​មួយកាលពីថ្ងៃទី២៨ខែវិច្ឆកា។

របាយការណ៍របស់ធនាគារពិភពលោក ដែលវាយតម្លៃភាពក្រីក្រក្រោម​ចំណងជើង «ស្តារ​សេដ្ឋកិច្ច​កម្ពុជាឱ្យកាន់តែមានភាពបរិយាបន្ននិងភាពធន់ជាងមុន» បានឱ្យដឹងថា នៅក្នុង​រយៈ​ពេល​១០ឆ្នាំគិតមកដល់ឆ្នាំ​២០១៩/២០២០ អត្រាភាពក្រីក្ររបស់កម្ពុជា​បានធ្លាក់​ចុះពី​កម្រិត​ ៣៣,៨% មកនៅត្រឹម១៧,៨% ដោយជួយឱ្យប្រជាជនកម្ពុជាជិត២លាននាក់​បាន​រួច​ផុតពីភាពក្រីក្រ។ ប៉ុន្តែពីឆ្នាំចុងក្រោយនេះពលរដ្ឋរាប់សែននាក់បានធ្លាក់ទៅក្រីក្រវិញ។

របាយការណ៍ធនាគារពិភពលោក៖ «ចាប់តាំងពីឆ្នាំ២០២០មក អត្រានេះ(អត្រាក្រីក្រ)​បាន​កើនឡើង ២,៨ភាគរយ ​ដែលមានន័យថា ប្រជាជនប្រហែល ៤៦០ ០០០នាក់​បាន​ធ្លាក់​ទៅ​ស្ថិតនៅក្រោមកម្រិតប្រាក់ចំណូលនៃភាពក្រីក្រវិញ»។

របាយ​ការណ៍​បាន​រក​ឃើញ​ថា ការ​កើន​ឡើង​ប្រាក់​ចំណូល​មិនមែន​កសិកម្ម ជា​ឧទាហរណ៍​នៅ​ក្នុង​វិស័យ​ទេសចរណ៍ កាត់ដេរ និង​សំណង់ មានចំណែកធំក្នុងការ​កាត់​បន្ថយ​ភាព​ក្រីក្រ។ ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ពលរដ្ឋអ្នកធ្វើការងារ​ក្នុង​វិស័យទេសចរណ៍ កម្សាន្ត និងវិស័យសេវកម្ម​ បានបាត់បង់ការងារ​និងប្រាក់ចំណូលបណ្ដាល​មកពី​ការរាត​ត្បាត​នៃជំងឺកូវីដ១៩។

អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក មាស សុខសេនសាន មានប្រសាសន៍ថា រដ្ឋាភិបាលបានដឹងច្បាស់ពីការលំបាករបស់ប្រជាពលរដ្ឋ ដូច្នេះធ្វើការចាត់វិធានការជួយជា បន្តបន្ទាប់។

លោក សុខសេនសាន ថ្លែងថា៖ «ក្រសួងសេដ្ឋកិច្ចយើងដោះស្រាយ​តាមរយៈ​ជុំទី១០​(គោល​នយោបាយ​ឧបត្ថមសាច់ប្រាក់ដល់គ្រួសារក្រីក្រ)នោះ ហើយចេញ​ដោះស្រាយ​ជុំទី១១បន្តទៀតដើម្បីដោះស្រាយបញ្ហាទាំងអស់ហ្នឹង»។

លោក សុខសេនសាន ក៏បានបញ្ជាក់ពីការចំណាយរបស់រដ្ឋាភិបាល​ដែលឧបត្ថម​ចំពោះ​រាស្ត្រក្រីក្រ ដែល​បណ្ដាល​មកពីអតិផរណា​និងការចាត់ចែងចំណាយ​ផ្សេងៗ​ទៀត​ដើម្បី​បុព្វហេតុកំណើនសេដ្ឋកិច្ច។

បណ្ឌិត គី សិរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា លើកឡើងថា ចំនួន​អ្នកក្រីក្រនៅកម្ពុជាកើនឡើង ដោយសារតែបញ្ហាកូវីដ១៩ និងអតិផរណាដែល​ជាវិបត្តិ​សកល។

លោក គីសិរីវឌ្ឍន៍ បញ្ជាក់ថា៖ «មានកត្តា២ធ្វើឱ្យកើនឡើងនៃភាពក្រីក្រទី១ គឺវិបត្តិកូវីដ១៩​ទោះបី​ជា​រដ្ឋាភិបាលផ្ដល់ប្រាក់ឧបត្ថមក៏ដោយប្រាក់នោះជួយបានមួយចំនួន នៅមួយចំនួន​ទៀត​មិន​បានទទួល។ បញ្ហាប្រឈមមួយទៀតនោះគឺវិបត្តិអតិផរណាដែលកើតចេញ​ពី​សង្គ្រាម​រុស្ស៊ី​ អ៊ុយក្រែន និងគោលនបាយអាមេរិកដែលតម្លើងអត្រាការប្រាក់ ដែល​ទាំង​អស់​នេះ​ជាវិបត្តិដែលហួសសមត្ថភាពរបស់រដ្ឋាភិបាលយើងដែលអាចដោះស្រាយបាន»

ទោះជាយ៉ាងណាក្ដីពលរដ្ឋខ្លះមានបញ្ហាក្នុងជីវភាពហើយមិនទទួលបានការគាំទ្រទេ។ អ្នកស្រី ឃ្លាំង សុបិន ជាអតីតបុគ្គលិកនៅកាស៊ីណូណាហ្គា​និងជាមន្ត្រីអគ្គលេខាធិការ​សហជីព​ផង។អ្នកស្រីឱ្យដឹងថា ខ្លួនមានជីវភាពលំបាកជាខ្លាំងចាប់តាំង​ពីជំងឺកូវីដ១៩​បាន​រាតត្បាតមក ហើយជំងឺរាតត្បាតនេះក៏ក្លាយជាហេតុផល​ដែលនាំឱ្យក្រុមហ៊ុន​ណាហ្គា​យក​មកសំអាងដើម្បីបញ្ឈប់ការងារអ្នកស្រី និងកម្មករជាច្រើននាក់ផ្សេងទៀត។

អ្នកស្រី សុបិន ឱ្យដឹងថា៖ «បើនិយាយរឿងលំបាកនោះ គឺលំបាកណាស់ ពីរឆ្នាំនេះ​ ពេល​ខ្លះ​ដាច់អង្ករហូបក៏មាន។ ខ្ញុំបាត់បង់ការងារ បាត់បង់ប្រាក់ចំណូល កម្មករ​ដទៃ​ទៀត​ក៏​ដូច​គ្នា»

អ្នកស្រីអះអាងថា តាំងខ្លួនមិនបានទទួលប្រាក់ឧបត្ថមឬជួយជ្រោមជ្រែងណាមួយ​ពី​អាជ្ញាធរ​រដ្ឋាភិបាលនោះទេ។

អ្នកស្រី សុបិន បន្តថា៖ «ខាងកម្មកររោងចក្រ ខាងផ្នែកសណ្ឋាគារអីនោះ គេទទួលបាន​៤០ដុល្លារក្នុងមួយខែជាប្រាក់ដែលរដ្ឋជួយ ប៉ុន្តែខាងបុគ្គលិកកាស៊ីណូ​ដូចខ្ញុំមិនបាន​ទទួលទេ អត់ដែលបានស្គាល់ជាតិសោះតែហ្មង»

សព្វថ្ងៃអ្នកស្រី សុបិន កំពុងនៅក្រាញននៀលធ្វើកូដកម្មតវ៉ាប្រឆាំងចំពោះការ​សម្រេច​របស់ក្រុមហ៊ុនណាហ្គា។ អ្នកស្រីនិងកម្មករដទៃទៀតបានបាន​ធ្វើកូដកម្ម​អស់​រយៈពេលជិតមួយឆ្នាំមកហើយ ខណៈដែលប្រធានសហជីពកញ្ញា ឈឹម ស៊ីថរ កំពុង​ជាប់ពន្ធនាគារ។

ប្រជាពលរដ្ឋរស់នៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្ត្រីវ័យជាង​៥០ឆ្នាំ​ប្លាយគឺអ្នកស្រីសុខ សុភណ្ឌ មានសមាជិកគ្រួសារ៥នាក់។ អ្នកស្រីមានកូនៗតូចៗ​២នាក់​និងកូនប្រុសធំម្នាក់ដែលចេញប្រកបការងារបាន។ អ្នកស្រីសុខ សុភណ្ឌ ឱ្យដឹងថា គ្រួសារបបាត់បង់ចំណូលប្រមាណជាង៨០%ក្នុងពេលផ្ទុះជំងឺកូវីដ១៩។អ្នកស្រីបន្តថា ជីវភាព​របស់គាត់សព្វថ្ងៃកាន់តែលំបាកខ្លាំង។

អ្នកស្រី សុភណ្ឌ ឱ្យដឹងថា៖ «ខ្ញុំកូវីដស៊ីអស់តាហ្មង អូនអើយ។ មុនកូវីដ ប្ដីខ្ញុំរកបាន កូន​ប្រុសខ្ញុំក៏មានការងារធ្វើដល់ពេលវាផ្ទុះមកក្រុមហ៊ុនប្ដីបើកប្រាក់ខែឱ្យគាត់តែ៣០% កូន​នោះ​អស់ការងារធ្វើ អីចឹងខ្ញុំអត់អីបង់ផ្ទះបង្ខំចិត្តលក់ផ្ទះឱ្យបុរីវិញ។ កាត់កងចុះឡើង​សល់​លុយ៣ពាន់ដុល្លារ ចាយលុយអស់ផ្ទះក៏អស់ ជំពាក់បំណុលគេថែម អាលូវកូន​និងប្ដី​ប្រឹង​ធ្វើការបង់ថ្លៃឈ្នួលផ្ទះជួលផង និងដោះបំណុលផង»

អ្នកស្រីបន្ថែមថា៖ «បើនិយាយរឿងក្រ ខ្ញុំគិតថាខ្ញុំក្រជាងអ្នកក្រនៅស្រែ(ជនបទ)​ឆ្ងាយ​ព្រោះ​ពួកគាត់នៅទីនោះក្រយ៉ាងណាក៏មានដីមានខ្ទមអីនៅតែខ្ញុំនេះជួលផ្ទះគេត្រូវបង់ថ្លៃជួល​រាល់ខែ។​ យើងធ្លាក់ខ្លួនលើកនេះមិនដឹងប៉ុន្មានឆ្នាំទៀតរើខ្លួនរួចទេ»

ប្រធានគ្រប់គ្រងការិយាល័យធនាគារពិភពលោកប្រចាំនៅកម្ពុជាលោកស្រី ម៉ារីយ៉ាម សា​លីម មានប្រសាសន៍ថា កិច្ចខិតខំជំរុញឱ្យមានការផ្លាស់ប្តូជារចនាសម្ព័ន្ធ​បាន​ជួយកាត់​បន្ថយ​ភាពក្រីក្រក្នុងរយៈពេល​កន្លងមកប៉ុន្តែ គ្រួសារជាច្រើនស្ថិត​នៅក្នុងស្ថានភាព​ងាយ​រងគ្រោះនៅឡើយ។

អ្នកស្រី សាលីម បានបន្ថែមថា៖ «ដោយសារពួកគេ(ពលរដ្ឋ)មិនសូវមានប្រាក់សន្សំ ឬ​គ្មាន​សំណាញ់​(កិច្ចគាំពារ)ការពារផ្នែកសង្គម។ ត្រង់នេះមានន័យថា ជំងឺកូវីដ-១៩ បាន​រុញថយ​ក្រោយវិ​ញនូវវឌ្ឍនភាពរបស់កម្ពុជា​ក្នុង​ការប្រយុទ្ធនឹងភាពក្រីក្រដោយធ្វើ​ឱ្យ​ប្រជា​ជន​ជា​ច្រើន​បាត់​បង់​ការ​ងារ​និង​ប្រាក់​កម្រៃ»។

របាយការណ៍ធនាគារពិភពលោក បានលើកអនុសាសន៍ថា កម្ពុជាគួរពិចារណាលើ​អន្តរាគមន៍ផ្នែក​គោលនយោ​បាយ​មួយចំនួនដើម្បីគាំទ្រដល់ការស្តារសេដ្ឋកិច្ច​ឡើងវិញ​ប្រកប​ដោយការចូលរួមពីគ្រប់ភាគី​និងធន់ជាងមុន បណ្ដាលពីជំងឺរាតត្បាត​និងវិបត្តិ​សេដ្ឋកិច្ច​ដែលមានមកជាមួយវា។ អន្តរាគមន៍​ទាំងនោះអាច​រួមមានការផ្ទេរសាច់ប្រាក់​តាម​គោលដៅកំណត់ វិធានការពង្រឹងកិច្ចគាំពារសង្គម និងការវិនិយោគលើវិស័យសុខាភិបាល និងការអប់រំ ជាដើម។

នាយកប្រតិបត្តិអង្គការការពារសិទ្ធិ លីកាដូ លោក អំ សំអាត ឯកភាពថា ការធ្លាក់ចូល​ទៅ​ក្នុងភាពក្រីក្រវិញរបស់ពលរដ្ឋខ្មែរ ពិតជាបណ្ដាលមកពីកូវីដ១៩​និងបញ្ហាសកលដទៃទៀត​ប៉ុន្តែមូលហេតុទាំងពីរនេះមិនគ្រប់គ្រាន់ទេក្នុងបរិបទសង្គមសព្វថ្ងៃ។ លោកថា ការកើន​ឡើង​នៃ​អំពើ​រំលោភសិទ្ធិមនុស្សនៅក្នុងប្រទេស ក៏ជាមូលហេតុចម្បងមួយធ្វើឱ្យ​ជីវភាព​គ្រួសារពលរដ្ឋរងគ្រោះក្រីក្រដែរ។

លោក សំអាត ថ្លែងថា៖ «ទាក់ទងបញ្ហាដីធ្លីពលរដ្ឋដែលកសិករពឹងផ្អែកដីធ្លី​បង្កបង្កើនផលពេល​គាត់មានវិវាទដីធ្លីមិនបានដោះស្រាយ​ឱ្យ​គាត់ធ្វើឱ្យគាត់អត់ដីធ្វើស្រែក៏នាំឱ្យគាត់ក្រ។ ករណីផ្សេងៗទៀតដូចជាករណីវិវាទនៅណាហ្គាវើល ដោះស្រាយជិតមួយ​ឆ្នាំនេះ​ក៏ធ្វើ​ឱ្យអ្នករងគ្រោះក្រីក្រ ករណីដូចជាករណីជួញដូរមនុស្ស ករណីបំណុលដែលធ្វើ​ឱ្យពលរដ្ឋ​បង្ខំចិត្តលក់ដីសងបំណុលនោះក៏ជំរុញឱ្យមានភាពក្រីក្រដែរ»។

លោក សំអាត បន្ថែមថា៖ «រដ្ឋាភិបាលត្រូវគោរពសិទ្ធិមនុស្សផងទើបអាចកាត់បន្ថយ​ភាព​ក្រីក្រ​​ពី​គ្រប់មជ្ឈដ្ឋានបាន»

បើគិតតាមអត្រាភាពក្រីក្រដែលធនាគារពិភពលោកបង្ហាញក្នុងរបាយការណ៍ចុងក្រោយនេះបង្ហាញថាប្រជាជនកម្ពុជាប្រមាណជាង២០% ឬជាង៣លាននាក់រស់នៅក្រោមបន្ទាត់ក្រីក្រ៕

182 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម