សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សាលារៀនជំនាន់ថ្មីទទួលបានការគាំទ្រកាន់តែច្រើនពីអាណាព្យាបាល​សិស្សដោយសារការសិក្សាមានគុណភាព

សិស្សានុសិស្សកំពុងរៀននៅក្នុងថ្នាក់រៀននៃសាលារៀនជំនាន់ថ្មី (NGS) កាលពីពេលថ្មីៗនេះ។ (រូបភាព៖ លោក សម្យ កំសាន្ត)
សិស្សានុសិស្សកំពុងរៀននៅក្នុងថ្នាក់រៀននៃសាលារៀនជំនាន់ថ្មី (NGS) កាលពីពេលថ្មីៗនេះ។ (រូបភាព៖ លោក សម្យ កំសាន្ត)

នៅដំណាច់ឆ្នាំសិក្សា​២០២៣-២០២៤នេះ​សាលា​រៀន​ជំនាន់​ថ្មី​(NGS)ទទួល​បាន​ការ​គាំទ្រកាន់​តែ​ច្រើន​ដោយ​សារ​តែ​សាលា​ដែល​ផ្តល់​​ការ​សិក្សា​​ឆ្លើយ​តប​ទៅ​នឹង​បរិបទ​សតវត្សរ៍ទី២១នេះ បាន​អនុវត្ត​កម្ម​វិធី​សិក្សា​ថ្មីពេញ​លេញ​​​គឺ​ STEM ដោយ​ការ​សិក្សា​ផ្សារ​ភ្ជាប់នឹង​ការ​អនុវត្ត ការធ្វើពិសោធន៍ ការ​ស្រាវ​ជ្រាវ​រក​ប្រភព​ធន​ធាន​ពីខាងក្រៅ​សៀវ​ភៅ​សិក្សា​គោល​ និង​ការ​សិក្សា​បែប​ថ្នាក់​រៀន​ត្រឡប់​(Flipped Classroom)​ជាដើម។

ដោយ​សារ​តែការ​ផ្តល់​ការ​សិក្សា​បាន​​ទូលំទូលាយ​ប្រកប​ដោយ​គុណភាព​ទាំង​ជំនាញរឹង-ទន់ជា​លទ្ធផល​​​គ្រាន់​តែក្នុង​​រយៈ​ពេល​៧ខែសិស្ស​សាលា​NGSព្រះស៊ី​សុវត្ថិ ​និងព្រះ​យុគន្ធ​រ ទទួលបាន​មេដាយ​ចំនួន៦១៨គ្រឿង​ពី​ការ​ចូល​រួមប្រកួត​ប្រជែង​​ក្នុង​កម្មវិធីថ្នាក់ជាតិ និង​អន្តរ​ជាតិ​។

លោក សម្យ កំសាន្ត នាយករង​វិទ្យា​ល័យ​ព្រះស៊ីសុវត្ថិ​ទទួល​បន្ទុក​សាលា​រៀន​ជំនាន់​ថ្មី​​បាន​ប្រាប់​ខេមបូចា​នៅចុង​ខែមិថុនាថា ចំណុច​ពិសេស​របស់​NGSគឺផ្តោតទៅលើគុណ​ភាពនៃការ​អប់រំក្នុង​នោះ​មាន​ចំណុច​គោល​ធំៗលេច​ធ្លោ​ដែល​ជាចក្ខុ​វិស័យ​ក៏ដូចជាបេស​ក​កម្ម​របស់​ NGS។

ចំណុចធំជាងគេទី១ ​គឺការបង្រៀន​សិស្សឱ្យមាន​ចំណេះដឹង​ខ្លាំង​ដែល​ពាក្យ​បច្ចេកទេស​ហៅ​ថា KSA ( Knowledge Skill Attitude​=ចំណេះដឹង ជំនាញ អាកប្បកិរិយា)គឺ​បង្រៀន​សិស្ស​ឱ្យ​​មាន​​ចំណេះដឹង​ទូលំទូលាយមិន​មែនគ្រាន់​តែ​រៀន​តាមសៀវភៅ​រៀនគ្រាន់​តែ​ត្រៀម​ប្រឡង​រៀនគ្រាន់​តែធ្វើលំហាត់ចប់​តែ​ប៉ុណ្ណោះ​នោះ​ទេ។

NGSធ្វើ​ឱ្យសិស្ស​​មាន​ចំណេះដឹង​ឆ្លើយ​តបទៅនឹង​បរិបទសតវត្សរ៍​ទី២១​ដែល​ជាយុគ​សម័យ​​​​​ឌីជីថល ដែល​កូនសិស្ស​ទាំង​អស់​ត្រូវ​តែមាន​ចំណេះដឹង​ទូលំទូលាយ​មាន​ការ​​ស្វែង​យល់ទៅលើបរិបទបច្ចុប្បន្ន​នៅក្នុង​ប្រទេស​និង​ជាសកលផងដែរ។

លោក ​សម្យ កំសាន្ត បញ្ជាក់​ថា៖ «អ៊ីចឹង​ធំធេង​ណាស់ដែលជាលក្ខណៈ​ពិសេស​របស់NGSគឺ​អប់រំសិស្សឱ្យ​មានចំណេះដឹង​ទូលំទូលាយមិនផ្តោតតែទៅលើ​ចំណេះដឹង​នៅក្នុងសៀវភៅសិក្សា​គោលតែ​ប៉ុណ្ណោះទេ។ ចំណុចទី២ធំគឺបំណិន(Skill)គឺ​យើង​អប់រំសិស្ស​យើង​ចង់បានសិស្សក្លាយ​ជា​ផលិតផល​មួយ​ដែល​ពួកគេ​មាន​បំណិន»

សូម​បញ្ជាក់​ថា ក្នុងឆ្នាំសិក្សា​២០២៣-២០២៤​ NGS ​នៃវិទ្យា​ល័យព្រះស៊ីសុវត្ថិ​ និង​ព្រះយុគន្ធរ​មាន​សិស្ស​សរុប​ចំនួន ​២ ៣០១នាក់​(ស្រី ១ ១៨១នាក់)មានគ្រូបង្រៀននិង​បុគ្គលិក១៦៣​នាក់​(ស្រី៨៥នាក់)​និង​ថ្នាក់​រៀន​ចំនួន​៦៨បន្ទប់ ខណៈ​ឆ្នាំ​សិក្សា​២០១៥-២០១៦ដែល​ជាឆ្នាំបើក​ដំណើរការ​​សាក​ល្បង​ដំបូង​NGSវិទ្យា​ល័យ​ព្រះស៊ីសុវត្ថិ​មាន​សិស្ស៤៣៥​នាក់គ្រូ​និង​បុគ្គលិក​២៥​នាក់​និង​មាន​ថ្នាក់​រៀន​តែ១២​បន្ទប់​ប៉ុណ្ណោះ​។

ដោយ​សារ​តែ NGSព្រះស៊ីសុវត្ថិ និង​ព្រះយុគន្ធរ ផ្តល់​ការបង្រៀន​តាម​កម្ម​វិធីសិក្សា STEM ដោយ​ការ​សិក្សា​ផ្សារភ្ជាប់នឹងការអនុវត្ត ពិសោធន៍ ការស្រាវជ្រាវនិង​ការសិក្សាបែបថ្នាក់រៀន​ត្រឡប់គ្រាន់​តែគិត​ត្រឹម​រយៈពេល​៧ខែគឺ​ចាប់​ពីខែធ្នូ​ឆ្នាំ២០២៣ដល់​ខែមិថុនា​ឆ្នាំ​២០២៤​ NGS ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​និង​ព្រះយុគន្ធរទទួលបាន​មេដាយមាស មេដាយប្រាក់ មេដាយសំរឹទ្ធ ជយ​លាភីកិត្តិយស​និង​ពាន​សរុប​ទាំង​អស់​ចំនួន ៦១៨គ្រឿងពី​ការ​​​​​ចូលរួម​ប្រកួត​ប្រជែង​​ក្នុង​កម្មវិធីថ្នាក់ជាតិ និងអន្តរជាតិ​ជាច្រើន។

កាល​ពីថ្ងៃទី​២២ ​ខែ​មិថុនា ​ឆ្នាំ២០២៤ សាលា​រៀន​ជំនាន់​ថ្មី ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ​និង​ព្រះយុគន្ធ​របាន​រៀបចំ​ពិព័រណ៍ប្រចាំ​ឆ្នាំ​ស្នាដៃសិស្ស​ដែលមានប្រមាណ​៤០០​ស្តង់​មាន​ដូចជា ការធ្វើ​ពិសោធន៍​​អំពី​សមិទ្ធផលការ​អប់រំ STEM ផ្នែកវិទ្យាសាស្ដ្រ រ៉ូបូត ចំណតវៃឆ្លាត រូបវិទ្យា គីមី​វិទ្យា ស្រាវជ្រាវ​បញ្ហាសង្គម និពន្ធសៀវភៅ និង​ការសម្ដែងសិល្បៈជាដើម។ ពិព័រណ៍​នេះបានឆ្លុះបញ្ចាំង​ពីចំណេះដឹង ភាពច្នៃប្រឌិត និងសក្ដានុពលបញ្ញា​របស់សិស្ស​។

បើតាម​ថ្នាក់​ដឹកនាំNGSការរៀបចំពិព័រណ៍ស្នាដៃសិស្សនាពេលនេះ ធ្វើឡើង​ក្នុងគោលបំណងដើម្បី​លើកទឹក​ចិត្តដល់​សិស្សា​នុសិស្ស មាតាបិតា និងអ្នកអាណាព្យាបាល ក៏ដូចជាសហគមន៍ ដើម្បីបង្កើន​ភាព​ជឿជាក់ និង​ទំនុកចិត្តលើគុណភាព​អប់រំនៅក្នុងគ្រឹះស្ថានអប់រំសាធារណៈ​នៃសាលា​ជំនាន់​ថ្មី​។

នៅក្នុង​ពេល​ចូលរួម​ជា​អធិបតីក្នុងពិធីពិព័រណ៍ស្នាដៃសិស្ស​ប្រចាំឆ្នាំ២០២៤​នេះ​លោក​ ហង់ ជួន​ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជននិងកីឡា បាន​វាយតម្លៃខ្ពស់ ចំពោះ​សមិទ្ធផល​ដែល​សាលា​រៀន​ជំនាន់​ថ្មី​ទទួល​បាន។

លោក​​​លើកឡើង​ថា៖ «ការ​សិក្សា​របស់​សាលា​រៀនជំនាន់​ថ្មី​ជាការសិក្សា​បែប​សតវត្ស​រ៍ទី២១ ការសិក្សា​​​​បែប​ឌីជីថល និងបច្ចេកវិទ្យា ឆ្លើយតបនឹងយុទ្ធ​សាស្ត្រ​បញ្ចកោណ​ដំណាក់កាល​ទី​១ របស់រាជរដ្ឋាភិបាល​​នីតិកាល​ទី៧ ក្នុងការលើកកម្ពស់​ការបណ្ដុះបណ្ដាល​ធនធានមនុស្ស ឱ្យមានទាំងចំណេះ​ដឹង មានទាំងបំណិន ក៏ដូចជា​ជំនាញសតវត្សរ៍ទី២១ និង​ឥរិយាបថល្អ»

ជាមួយគ្នា​នេះ​លោក ហង់ ជួនណារ៉ុន បាន​កោតសរសើរNGS ដែល​ក្នុង​​​ឆ្នាំ​​សិក្សា​២០២២​-២០២៣​កន្លង​មក​មានអត្រាសិស្សប្រលងជាប់សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិរហូតដល់ជាង ៩៣% និង​សិស្ស​ដែលទទួល​បាននិន្ទេស A និងB ជិត៦០% ច្រើន​ជាងគេ និងក្នុង​មួយឆ្នាំៗ​សិស្សសាលា​នេះទទួលបាន​មេដាយពីការ​ប្រកួតនានា​នៅអន្តរ​ជាតិ សរុបជាង៦០០គ្រឿង ដែលនេះបញ្ជាក់ពីគុណ​ភាព​អប់រំនៃNGSដើម្បី​ឱ្យ​សិស្សា​នុសិស្ស មានសមត្ថភាពគ្រប់គ្រាន់ និងត្រៀមខ្លួនរួចរាល់សម្រាប់​ការ​សិក្សាបន្ត​ទាំង​ក្នុងនិងក្រៅប្រទេស។

សាលារៀនជំនាន់ថ្មីបានអនុវត្តន៍គោលវិធីសិក្សាថ្មីពេញ​លេញ​​ដំបូងគេនៅសាលារដ្ឋគឺSTEM​( Science, Technology, Engineering and Maths=វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិត​វិទ្យា)​ដែលទាក់​ទាញ​សិស្សពូកែៗ​ចូលរៀននិងប្រែក្លាយសិស្សដែលមិនចូលចិត្ត​រៀនវិទ្យា​សាស្ត្រឱ្យមកចាប់អារម្មណ៍និង​រៀន​ពូកែ​​ផងដែរ។

ក្រៅពី​ការរៀន​ក្នុងថ្នាក់សិស្សNGSមានការ​ស្រាវជ្រាវជាច្រើន​និង​មាន​ការ​ប្រកួត​ប្រជែង​ហើយ​NGSមាន​ការ​សហការ​ជាមួយគ្រឹះស្ថានជាតិ និងអន្តរជាតិ។បច្ចុប្បន្ន​NGSនៃវិទ្យាល័យព្រះស៊ីសុវត្ថិនិង​ព្រះយុគន្ធ​រ កំពុងធ្វើ​ការអភិវឌ្ឍរបស់ខ្លួន ក្រោមកិច្ច​សហប្រតិបត្តិការជាមួយដៃគូជាតិ និងអន្តរ​ជាតិ​មួយចំនួន​​នៅប្រទេស​វៀតណាម ថៃ កូរ៉េ ចិន ជប៉ុន សហរដ្ឋអាមេរិក អូស្រ្តាលី ស្វីស​ជាដើម។ ជាមួយគ្នា​នេះ​NGS​នៃវិទ្យាល័យ​ព្រះស៊ីសុវត្ថិ និងព្រះយុគន្ធរបាននិងកំពុងអនុវត្តកម្មវិធី​សិក្សាថ្មី ឆ្លើយតប​នឹង​តម្រូវការរបស់សិស្សា​នុសិស្សក្នុង​សតវត្សរ៍ទី​២១ ដោយ​ការ​សិក្សាផ្សា​រ​ភ្ជាប់នឹងការអនុវត្ត ពិសោធន៍ ការស្រាវ​ជ្រាវរកប្រភពធនធានពីខាងក្រៅ​សៀវភៅ​សិក្សា​គោល​ និង​ការសិក្សាបែបថ្នាក់រៀនត្រឡប់​(Flipped Classroom)​ជា​ដើម។

សិស្សអាចស្វែងយល់ពី​ការងារ​​ចម្បងៗក្រៅពីស្ដាប់គ្រូក្នុងថ្នាក់ ដូចជាចេះប្រើប្រាស់​​​បច្ចេកវិទ្យា(ICT) បម្រើ​ឱ្យ​​​ការស្រាវជ្រាវ និងអនុវត្តន៍ការអានសៀវភៅតាមបែបអេឡិចត្រូនិច(Camreading)។​នេះ​បើយោង​តាម​របាយការណ៍ អំពីវឌ្ឍន​ភាព​សាលារៀនជំនាន់ថ្មី​ទាំងពីរទីតាំងនៅឆមាសទី១ ឆ្នាំសិក្សា ២០២៣-២០២៤។

សិស្សានុសិស្សកំពុងរៀននៅក្នុងថ្នាក់រៀននៃសាលារៀនជំនាន់ថ្មី (NGS) កាលពីពេលថ្មីៗនេះ។ (រូបភាព៖ លោក សម្យ កំសាន្ត)

ភាព​ខុសគ្នា​​នៃការរៀន​និងបង្រៀនរបស់NGS និងសាលា​ដទៃ​

យុវតី អ៊ឹង ធានី រៀនថ្នាក់ទី១០ នៅ​សាលា​​រៀន​ជំនាន់​ថ្មីនៃវិទ្យា​ល័យ​ព្រះស៊ីសុវត្ថិ បាន​ឱ្យ​ដឹងថា ការ​រៀន​នៅ​ NGSនេះ គឺមាន​ភាពសកម្ម និងរស់រវើក​ដោយ​សារ​តែ​សិស្ស​ត្រូវ​បាន​បែង​ចែក​ជាក្រុម​ដើម្បី​ពិភាក្សា​គ្នា​ទៅ​តាម​​មុខវិជ្ជា​ដែល​ត្រូវ​រៀន​ជារៀង​រាល់​ថ្ងៃ​មិនដូច​​ការ​រៀន​នៅសាលា​ដទៃនោះ​ទេ។

ធានីនិយាយថា៖ «តាំង​ពីខ្ញុំ​មករៀន​នៅសាលា​ជំនាន់ថ្មីនេះខ្ញុំមានមិត្តភក្តិច្រើនជាងមុន ខ្ញុំ​ចេះ​និយាយ​ពិភាក្សា​ច្រើនជាងមុន។ រៀននៅនេះក្រៅពី​មានការ​​បែងចែក​ឱ្យមានក្រុម​ពិភាក្សា​ សិស្ស​ត្រូវ​​ធ្វើការ​​ស្រាវជ្រាវ​ទៅ​លើ​ប្រធានបទផ្សេងៗ​ទាក់ទង​នឹងមេរៀន​ដែល​ត្រូវរៀន​នៅថ្ងៃបន្ទាប់»។

ចំណែក​យុវសិស្ស ​ឧត្តម រតនៈ រៀនថ្នាក់ទី១១ យុវសិស្ស ​លឹម កុកម៉េង រៀន​ថ្នាក់ទី១០​និង​យុវសិស្ស វីរៈ ចេស្តា រៀនថ្នាក់​ទី​១០ ​នៅសាលា​ជំនាន់ថ្មី​វិទ្យា​ល័យ​ព្រះយុគន្ធរ​ ក៏បាន​លើក​ឡើង​ដូចយុវតី អ៊ឹង ធានីផងដែរ។

យុវសិស្ស​ទាំង​៣​នាក់​​និយាយ​ថា ការ​រៀន​នៅNGSមាន​ភាព​សកម្ម និង​មមាញឹក ពីព្រោះ​ក្នុង​១ថ្ងៃ​ត្រូវ​រៀន​ពេញ​៧ម៉ោង​នៅសាលា​ ថែម​ទាំង​មាន​លំហាត់​និង​ការ​សិក្សា​ស្រាវ​ជ្រាវ​ជាច្រើនទៀត​ដែល​លោក​គ្រូអ្នកគ្រូដាក់​ឱ្យ​ធ្វើ​នៅផ្ទះគឺ​មានភាពខុសគ្នា​បើ​ប្រៀប​ធៀប​ទៅនឹងសាលា​ដែល​ពួកគេរៀន​កាលពីមុន។

ឧត្តម រតនៈ និយាយថា៖ «កាល​ខ្ញុំរៀន​នៅសាលាឯកជន​ គឺលោក​គ្រូអ្នកគ្រូ​បង្រៀន​តែតាម​មេរៀន​នៅក្នុង​សៀវភៅ ប៉ុន្តែ​ការ​រៀននៅ NGS គឺ​ថ្នាក់​រៀនសកម្ម​ដោយ​មាន​បែង​ចែកជា​ក្រុមពិភាក្សា​និងការ​សិក្សា​ស្រាវជ្រាវ​ផ្សេងៗ​ដែល​មានភាពរស់រវើក»។

លោក​នាយក​រង​វិទ្យា​ល័យ​ព្រះស៊ីសុវត្ថិ​ទទួល​បន្ទុកសាលា​រៀន​ជំនាន់ថ្មី​បាន​ឱ្យដឹង​ទៀត​​ថា ក្នុង​ការ​សិក្សា​ NGS គឺ​មាន​ផ្តោត​ទៅលើ​បំណិន(Hard skill and soft skill=ជំនាញរឹង និងជំនាញ​ទន់) Hard skillគឺសិស្ស​ត្រូវ​​មាន​សមត្ថភាពផលិត មាន​សមត្ថភាព​ធ្វើ​សកម្មភាព​គិតច្នៃ​ប្រឌិត​​ទៅលើអ្វីដែល​ពួកគេ​បាន​រៀន​ពីលោកគ្រូអ្នកគ្រូជាទ្រឹស្តី ហើយ​ពួក​គេបានគិតនិង​បាន​យកគំនិត​នោះ​មកច្នៃ​ប្រឌិត​មក​ធ្វើ​វាឱ្យកើតបាន​ទៅ​ជាផលិតផល​ឱ្យកើតបានទៅ​ជាដំណោះស្រាយ​បញ្ហា​នៅ​ក្នុង​សង្គមដែល​នេះហើយគឺជា Hard skill។

ចំណែកនៅក្នុង soft skill លោក សម្យ កំសាន្ត​ បាន​លើកឡើង​ថា គឺNGS បាន​ផ្តោត​ទៅលើ​បំណិន​ទន់​៤​ដែល​បាន​ផ្សព្វ​ផ្សាយ​និង​ណែនាំ​ទៅដល់​លោកគ្រូអ្នកគ្រូ​និង​សិស្សានុសិស្ស​ថា នៅ​ទីនេះ​​ NGS​​អប់រំសិស្សឱ្យ​មាន​បំណិនទន់៤គឺ​4c ។ Cទី១គឺcommunicationមាន​​​ន័យ​​ថា អប់រំសិស្ស​ឱ្យមានបំណិន​ទំនាក់​ទំនង។

លោក​បន្តថា៖ «មាន​ន័យ​ថា​ការ​អប់រំសិស្ស​នៅទីនេះ​គឺយើង​បង្កើតបរិយា​កាសសិក្សា​យ៉ាង​ម៉េច​ឱ្យសិស្ស​ចេះ​ទំនាក់​ទំនងគ្នា​ទោះបីមកពីគ្រួសារ​អ្នកក្រ​គ្រួសារ​អ្នកមានអ្នកខ្លាំង​អ្នក​ខ្សោយ​អ្នកណាក៏ដោយ​មិនសំខាន់​សំខាន់​ឱ្យមាន​វិធីឱ្យយល់ដឹង​ពីរបៀប​ទំនាក់​ទំនង។ នេះជាបំណិត១របស់ពួកគេ​ឱ្យពួកគេ​ចេះទំនាក់​ទំនង​ចេះនិយាយ​គ្នា​»។

ឯបំណិន​ទី២ Cទី២ គឺ cooperation អប់រំឱ្យសិស្សចេះសហការ ចេះធ្វើការ​ជាក្រុមដែល​បាន​ធ្វើ​ឱ្យ​បរិយាកាសរៀន​នៅទីនេះ​កូនសិស្ស​និងលោកគ្រូអ្នកគ្រូត្រូវ​រវល់​ក្នុងការ​ធ្វើការ​ងារ​ជាក្រុមដោយ​​ដោះស្រាយ​បញ្ហា​ ដែល​​វាជាការ​បង្កលក្ខណៈ​ឱ្យ​សិស្សមានការ​សហការ​គ្នា​។ កាលណាកូនសិស្ស​មាន​បំណិន​​សហការគ្នា​បានល្អទៅធ្វើការអ្វី​ក៏ជោគជ័យ​ដែរ​ក្នុង​សង្គមនា​ថ្ងៃអនាគត។

បន្ថែមពីនេះ Cទី៣ គឺ critical thinkingគឺការគិតវិភាគ​បែប​ស៊ីជម្រៅ​ មានន័យថា៖ «ធ្វើឱ្យ​សិស្ស​​​ចេះ​ត្រិះរិះពិចារណា​មិនមែន​ចេះតែអ៊ឺអើ​តែស្ករ​ដូចគេទេ។ កូនសិស្ស​រៀននៅទីនេះ​មាន​បំណិនវិភាគព័ត៌មាន វិភាគករណី វិភាគទៅលើហេតុនិងផលការទុកចិត្ត​មិនទុកចិត្ត​ដែល​នេះជាការអប់រំមួយដែល​យើងហៅថា ការ​អប់រំឱ្យ​កូនសិស្ស​មានធនធាន​នៅក្នុងការ​វិភាគ​រកហេតុនិងផល​និង​ចេះ​តស៊ូមតិ»

ឯ Cទី៤គឺ​ creativityដោយ​លោក ​សម្យ កំសាន្ត ​បាន​លើកឡើង​ថា សាលា​រៀន​ជំនាន់​ថ្មី​​បាន​បង្រៀន​សិស្ស​ឱ្យមាន​បំណិន​ចេះ​គិត​ច្នៃប្រឌិតបង្កើតថ្មី ពីព្រោះជាចក្ខុវិស័យ​ប្រសិនបើ​មនុស្ស​មាន​នវានុវត្តន៍មានគំនិតច្នៃ​ប្រឌិត​បង្កើតថ្មីនេះវាជាធនធានមួយខ្លាំងណាស់​ដែល​ប្រទេសជាតិ​ត្រូវការ ពីព្រោះ​ប្រទេស​ជាតិ​មួយ មិនអាច​​ចេះ​តែធ្វើការ​ចម្លងពីគេមកទេគឺ​ត្រូវ​​ចេះ​មានការ​ច្នៃប្រឌិតបង្កើតថ្មី​​ជាផលិតផលថ្មី​របស់​ខ្លួនឯង​។

សម្រាប់​អ្នកគ្រូ ​គឹម សុត្ថារី ជាគ្រូបង្រៀនមុខវិជ្ជាជីវវិទ្យានៅសាលារៀនជំនាន់ថ្មី​វិទ្យាល័យព្រះយុ​គន្ធរ ដែល​កាល​ពី​មុនបង្រៀននៅសាលារៀនជំនាន់ថ្មីវិទ្យាល័យព្រះស៊ីសុវត្ថិ បាន​ឱ្យ​ដឹង​ថា​កាលពីអ្នកគ្រូ​បង្រៀន​នៅ​វិទ្យាល័យស្លាបលែងក្នុង​ខេត្ត​កំពង់ស្ពឺ​​អ្នកគ្រូ​ខ្លួនឯងមិនសូវ​បានអនុវត្តការបង្រៀនតាមបែបសកម្មប៉ុន្មានទេ ដោយសារទី១​គឺចំនួនសិស្សក្នុងថ្នាក់ច្រើនច្រើន​ ទី២គឺមកពីអ្នក​គ្រូ​មិនទាន់សូវចេះអនុវត្តការរៀនបែបសកម្ម និងទី​៣មកពីកត្តាចំណេះដឹង​របស់​ថ្នាក់​ដឹកនាំ​សាលារៀនផងដែលអ្នក​គ្រូ​មិនដឹងថា ត្រូវសួរអ្នកណានៅពេល​មាន​ចម្ងល់​ពីវិធីសាស្ត្រ​បង្រៀន។

អ្នកគ្រូបញ្ជាក់​ថា៖ «តែនៅទីនេះ  NGS ​គឺ១ចំនួនសិស្សក្នុងមួយថ្នាក់៣៦នាក់  ​២.មានការ​បណ្តុះ​បណ្តាល​​​ពីវិធីសាស្ត្របង្រៀនបែបសកម្មជាប្រចាំ មានការជំរុញនិងលើកទឹកចិត្ត​ពី​ក្រសួងអប់រំ និង​ថ្នាក់​ដឹកនាំសាលា។ អ៊ីចឹងខ្ញុំអាច​អនុវត្តការបង្រៀនបែបសកម្មជាប្រចាំ»។

បន្ថែមពីនេះលោក​សម្យ កំសាន្ត​បញ្ជាក់​ថា៖ «អ៊ីចឹងនេះគឺជាលក្ខណៈ​ពិសេស​ដែល​សាលា​ជំនាន់​ថ្មី​មាន​លើស​​​ពី​សាលា​ដទៃ​ដែល​គេ​បង្រៀនកូនសិស្ស​ឱ្យគ្រាន់​តែត្រៀមប្រឡង​។ចំណុច១ទៀតគឺសិស្ស​នៅ​សាលា​ជំនាន់ថ្មី ​រៀនដើម្បីផ្លាស់​ប្តូរ​​ឥរិយាបទ ប្តូរការគិតប្តូររបៀបរបប នេះ​យើង​ចង់​ឱ្យសិស្ស​យើង​មានបំលាស់​ប្តូរ»។

មាន​ន័យថា NGS អប់រំសិស្ស​ឱ្យ​ផ្លាស់ប្តូរទម្លាប់​មិនល្អពីមុន សូម្បីតែរបៀបរៀនក៏ NGSឱ្យ​ផ្លាស់ប្តូរ​ដែរ​។ នៅសាលា​ផ្សេង​​​ទៀត​របៀបរៀន​របស់​សិស្ស​ទាល់​តែចាំគ្រូប្រាប់​គ្រូពន្យល់​បាន​សិស្ស​រៀនចេះ តែ​​មកដល់ NGS​គឺបាន​ផ្លាស់ប្តូរ​សិស្ស​ឱ្យ​ត្រូវតែស្រាវជ្រាវ​ត្រូវតែរៀន​កត់ត្រានូវអ្វីដែល​ឆ្ងល់ ហើយ​នៅពេល​ដែល​ស្រាវ​ជ្រាវ​បាន​​គឺត្រូវ​យកមកសួរគ្រូមកសួរក្រុម​ការងារនៅក្នុងថ្នាក់រៀន។ នេះហើយគឺការប្តូរឥរិយាបទក្នុងការ​រៀនសូត្រក្នុងការ​ស្រាវជ្រាវ​​របស់​សិស្ស​។

ឥរិយាបទមួយទៀតពីមុនសិស្ស​អត់ហ៊ានប្រកួត​អត់ស្វាហាប់អត់ចេះ អត់ហ៊ានធ្វើបទ​បង្ហាញ​​តែមកដល់ទីនេះ​គាត់ត្រូវតែផ្លាស់ប្តូរ​ត្រូវតែក្លាហានចេះតស៊ូមតិ​ចេះលើកហេតុផល​វែកញែកបកស្រាយ​ហើយ​គាត់​អាច​ស្រាវ​ជ្រាវ​​បន្ថែមក្នុងការ​ហ៊ាន​បោះជំហាន​ទៅវេទិកាអន្តរជាតិជាសកល​ទៅប្រកួត​នៅកម្រិត​ជាតិ​អន្តរជាតិតំណាង​ឱ្យប្រទេស។

លោកសម្យ កំសាន្ត​បញ្ជាក់​ទៀតថា៖ «នេះហើយជាការផ្លាស់ប្តូរឱ្យសិស្ស​មានមោទនភាព​ថា ពួកគាត់មក​រៀន​នៅសាលា​ជំនាន់​ថ្មី​ពួកគាត់​គឺ​ជាសិស្ស​ដ៏អស្ចារ្យគាត់​ជាសិស្ស​ចេញទៅ​ក្រៅប្រទេស​តំណាងឱ្យ​ប្រទេស​មួយ​តំណាង​ឱ្យគ្រួសារ​និងតំណាង​ឱ្យខ្លួនគាត់​ផងដែរ។ នេះហើយ​ជាលក្ខណៈ​ពិសេស​ដែល​សាលា​ជំនាន់​ថ្មី​បាន​ធ្វើ​លើសពីសាលា​ដទៃ​»។

សូមបញ្ជាក់​ថា នៅ NGS មានបែងចែកជាបន្ទប់រៀនទៅ​តាម​មុខ​វិជ្ជាដូចជា​គីមីវិទ្យា​បំពាក់​ដោយ​សម្ភារបរិក្ខារ​ពិសោធន៍ បន្ទប់រៀន​រូបវិទ្យា បំពាក់ដោយសម្ភារបរិក្ខារពិសោធន៍ បន្ទប់​រៀនជីវវិទ្យាបំពាក់​ដោយសម្ភារ​បរិក្ខារ​ពិសោធន៍ បន្ទប់រៀនកុំព្យូទ័រ បំពាក់ដោយ​ម៉ាស៊ីន​កុំព្យូទ័រទំនើបនិង​បន្ទប់​គណិតវិទ្យាជា​ដើម​។ ជារួម​បន្ទប់រៀន​នៅNGS ពោរពេញដោយ​សម្ភារ​ឧប្បទេស ចាប់ពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ ដែល​ខុសពីសាលា​រដ្ឋ​និង​សាលា​ឯកជនដទៃទៀត។

លំនៅឋានគំរូ ដែលជាស្នាដៃសិស្សNGS ត្រូវបានដាក់តាំងក្នុងពិធីតាំងពិព័រណ៍ស្នាដៃសិស្សកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤។ (រូបភាព៖ លោក សម្យ កំសាន្ត)

ឪពុក​ម្តាយ​អាណា​ព្យាបាល​​ពេញចិត្ត​​ការបង្រៀន​នៅNGS

លោក ទួន សុវណ្ណ ​ដែល​ជាគ្រូពេទ្យម្នាក់​មាន​ទីលំនៅក្នុង​សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យដែល​មាន​កូន​៣​នាក់​រៀន​នៅ​សាលា​ជំនាន់​ថ្មីវិទ្យា​ល័យ​ព្រះស៊ីសុវត្ថិ ប៉ុន្តែចេញ​អស់២នាក់សព្វថ្ងៃនៅ​សល់តែ១នាក់​កំពុង​រៀនថ្នាក់ទី៩​បាន​ថ្លែង​ថាចំពោះកូន២នាក់មុន កាលដំបូងរៀននៅ​សាលារដ្ឋ សាលា​បឋម​សិក្សា​ស្ទឹងមានជ័យដល់​ក្រោយមក​រៀន​នៅ​សាលា​ឯកជនហើយ​ក៏បន្ត​ឱ្យ​ចូល​រៀន​នៅ​សាលាស៊ីសុវត្ថិជំនាន់ថ្មី។

លោកបញ្ជាក់ថា៖ «ចំពោះការសិក្សា កូនខ្ញុំទាំង៣ គឺរៀនទីនោះ រីកចម្រើនប្រសើរខ្លាំង បើ​ប្រៀបធៀប​សាលា​រដ្ឋ និង​សាលា​ឯកជន ដែលកូនខ្ញុំធ្លាប់រៀនកាលពីមុន​។កូនទី១ កាល​រៀនឯកជន ត្រឹមឌីប្លូម គាត់​រៀនខ្សោយមុខវិជ្ជាសំខាន់ៗ ដូចជា គណិត រូប គីមី ជីវវិទ្យា ដល់រៀននៅជំនាន់ថ្មី គាត់បាននិទ្ទេស A ទាំង៤មុខ»។

កូនទី២ ដែលចូល​រៀន​សាលា​ជំនាន់​ថ្មី​ចាប់​តាំង​ពីថ្នាក់​ទី​៨ គឺ​​ប្រលងបាក់​ឌុប​បាន​និទ្ទេស A ក្នុង​សម័យ​​ប្រឡង​កាល​ពីឆ្នាំ២០២២ហើយប្រលង​បាន​អាហារូបករណ៍៤មហា​វិទ្យា​ល័យ​ទៀតផង។ណែក​កូនទី១ ដែល​ចូល​រៀន​សាលា​ជំនាន់​ថ្មី​ចាប់តាំង​ពីថ្នាក់ទី១០ ដល់ថ្នាក់​ទី​១២ ហើយ​ដែល​ត្រូវ​ប្រលងបាក់ឌុប​កាល​ពី​ឆ្នាំ២០២០ ជាឆ្នាំដែលប្រមុខ​រដ្ឋាភិបាល​បាន​ប្រកាស​ឲ្យ​ជាប់​​​ដោយ​ស្វ័យប្រវត្តិ គាត់មាន​ការ​សោក​​ស្តាយ ពីព្រោះ​គាត់​ចង់​ប្រឡង​ដើម្បីយក​និទ្ទេស A ដល់​មិនបាន​ប្រឡង​គាត់មានការ​ខកចិត្តខ្លាំង​។

សព្វថ្ងៃលោក ទួន សុវណ្ណ នៅមាន​កូនពៅម្នាក់​ដែលកំពុងសិក្សាថា្នក់ទី៩ នៅ​សាលា​ជំនាន់​ថ្មី​ដែល​​កំពុងត្រៀម​ប្រលង​​ឌីប្លូមឆ្នាំនេះ ហើយនិទ្ទេសប្រចាំខែគាត់គឺ​A&Bរៀងរាល់ខែ។

អ្នកស្រី នេត តារារម្មនី មាន​ទីលំនៅ​ ក្នុង​ខណ្ឌ​ច្បារ​អំពៅ​ ដែល​មាន​កូនប្រុស២នាក់​ទើប​ចូល​​រៀននៅ​សាលា​ជំនាន់​ថ្មី​វិទ្យា​ល័យ​ព្រះស៊ីសុវត្ថិ​ក្នុង​ឆ្នាំសិក្សា​២០២៣-២០២៤នេះ​បាន​ថ្លែងថា បន្ទាប់ពីពួកគេបានចូលរៀន​នៅ​សាលា​ជំនាន់ថ្មី អ្នក​ស្រី​សង្កេត​ឃើញ​ថា ការសិក្សារបស់​ពួក​គេមានភាពរីកចម្រើនច្រើន​។

​អ្នកស្រីបញ្ជាក់​ថា៖ «រីកចម្រើន​ព្រោះក្នុងកម្មវិធីសិក្សា​មានបញ្ចូលច្រើនមុខវិជ្ជាដូចជា ភាសាអង់គ្លេស ចិន កុំព្យូទ័រ គំនូរ ជាដើម ឯការបង្រៀនមានលក្ខណៈស្តង់ដា​ប្រហែល​កម្មវិធី​សិក្សា​នៅ​ស្រុកគេដែរ»

មុនចូលរៀន​សាលា​ជំនាន់ថ្មី កូន​អ្នកស្រី​រៀននៅ​សាលា​បឋមសិក្សាព្រះ​នរោត្តម។អ្នកស្រី តារារម្មនីដែល​ជាគ្រូបង្រៀន​នៅសាលា​រដ្ឋ​​ផងដែរនោះ​បាន​លើកឡើង​ថា នៅសាលា​ជំនាន់​ថ្មី សិស្ស​រៀនតាម​បែប​បច្ចេក​វិទ្យា​ដោយប្រើប្រាស់​ទូរសព្ទស្មាតហ្វូន និងកុំព្យូទ័រជាដើម។

តាមការយល់ឃើញរបស់អ្នក​ស្រី​ បើប្រៀបធៀបរវាងសាលារដ្ឋ​ដទៃទៀត​ និងសាលា​ឯកជន គឺកម្មវិធីសិក្សា​របស់​សាលាជំនាន់ថ្មី មានលក្ខណៈល្អប្រសើរ​ជាងគេ មាន​ស្តង់ដារ​ខ្ពស់។

ចំណែក​អ្នក​ស្រី ផន ធីតា រស់នៅសង្កាត់ទួលទំពូង​ទី១​ខណ្ឌចំការមនដែល​មាន​កូន២នាក់​រៀន​នៅសាលា​ជំនាន់ថ្មី​​វិទ្យាល័យ​ព្រះយុគន្ធ ដោយ​កូនប្រុស​ច្បង​រៀនថ្នាក់​ទី​១០​កូនស្រីរៀនថ្នាក់​ទី៨​បាន​ឱ្យដឹង​ថា​ កូនអ្នក​ស្រីទាំង​២​​នាក់​កាល​ពីមុន​រៀន​នៅវិទ្យា​ល័យ​ទួលទំពូង។

អ្នកស្រីនិយាយ​ថា៖ «តាំងពីទៅរៀន​នៅសាលា​ជំនាន់ថ្មីរយៈ​ពេល​២ឆ្នាំមកនេះ កូនៗខ្ញុំទាំង​២​ឃើញមានការ​ផ្លាស់ប្តូរច្រើន នៅផ្ទះ​យប់​ឡើងខំរៀន​ដល់​យប់ជ្រៅ។ ​ពួកគេ​ចេះ​​ស្រាវ​ជ្រាវ​ទៅ​លើបញ្ហា​​ផ្សេងៗ​​ទៅ​តាម​ការ​ដាក់​ឱ្យ​របស់​លោកគ្រូអ្នកគ្រូ»។

ឥរិយា​បថសិស្ស​សាលា​ជំនាន់ថ្មី

ទាំង​លោក ទួន សុវណ្ណ ទាំង​អ្នកស្រីនេត តារារម្មនីនិង​អ្នក​ស្រីផន ធីតា សុទ្ធ​តែ​បាន​វាយ​តម្លៃខ្ពស់​ទៅ​លើ​ឥរិយាបទ​កូនៗរបស់​ខ្លួន​ចាប់​តាំង​ពីពួកគេ​បាន​ទៅរៀន​នៅសាលា​ជំនាន់​ថ្មី។

លោក ទួន សុវណ្ណ សង្កេតឃើញថា៖ «កូនៗ​ទាំង​៣​របស់​ខ្ញុំ មាន​លក្ខណៈ​ខុសគ្នា​កាល​ពី​រៀន​សាលារដ្ឋ និងឯកជន ទាំងកាយវិការ ចេះសំពះ ទន់ភ្លន់ រហ័ស​រហួន ការ​ងើបភ្ញាក់ទៅ​សាលា និងមកវិញ លើកដៃ​ជម្រាបសួរ ឃើញថា គាត់មិនអៀន​ប្រៀន​ឡើយ​។ចំពោះខ្ញុំ ជាអាណា​ព្យាបាល ក៏ពេញចិត្ត និងសប្បាយ​រីករាយ ដែល​បាន​កូន​រៀន​នៅសាលា​នេះ»។ដើម្បី​ជួយជ្រោមជ្រែងសាលានេះលោក​ទួន សុវណ្ណ បានចូលរួម​ធ្វើជាសមាជិក គណៈ​កម្មការទ្រទ្រង់សាលា​នេះអស់រយៈពេល៧ឆ្នាំ ហើយ​ទើប​តែ​លាឈប់នៅ​ឆ្នាំនេះ។

លោក​លើកឡើង​ថា៖«ធម្មតា សាលារៀនជំនាន់ថ្មី ដែលបានយករបៀបបង្រៀនបែបថ្មី បែបសតវត្សរ៍ទី២១ ត្រូវតែអភិវឌ្ឍថ្មី ទាំងគ្រូ ទាំងសិស្ស ហើយនឹងសម្ភារៈ បរិស្ថាន ។ល។​និង។ល។និងត្រូវមានការចូលរួម​ពី​អាណាព្យាបាល ទាំងកម្លាំងកាយ ចិត្ត និងថវិកាផងដែរ​ទើបសាលានេះ​បានរីកចម្រើន និងចីរភាពបាន»។

អ្នកស្រី នេត តារារម្មនី ​និយាយ​ថា​ កូនៗ​របស់​អ្នកស្រី​ដែលរៀន​នៅសាលា​ជំនាន់ថ្មី​គឺមាន​ការ​រីកចម្រើន​ប្រសើរពិតមែន ពីព្រោះ​គ្រូបាន​ដាក់កិច្ចការស្រាវជ្រាវច្រើន។អ្នកស្រី​លើកឡើង​ថា៖ «ដូច្នេះអារម្មណ៍ពួក​គេ​ផ្តោតតែលើការរៀន គ្មានពេលវេលាលេង​ហ្គេម ឬធ្វើរឿង​ផ្តេសផ្តាសអីផ្សេងទេ។កូនទី៣ខ្ញុំ មានម្តង​នោះ​ភ្លេចធ្វើកិច្ចការផ្ទះ គ្រូពិន័យ​ឱ្យកត់មេរៀន៥០ចប់ តាំងពី​នោះមក​រាងដល់ឥឡូវលែងហ៊ានឱ្យខុសទៀតហើយ ខ្លាច​គ្រូពិន័យ​ទៀត»។

អ្នកគ្រូ ​គឹម សុត្ថារី បាន​ថ្លែង​​ឱ្យ​ដឹង​ថា អ្នកគ្រូ​បាន​ធ្វើជាគ្រូបង្រៀននៅ​សា​លា​ជំនាន់​ថ្មីអស់រយៈពេល៧ឆ្នាំហើយ គឺតាំងពីដើមឆ្នាំ​សិក្សា​២០១៧-២០១៨មក។អ្នកគ្រូនិយាយ​ថា៖ «នៅទីនេះលោកគ្រូអ្នកគ្រូចូលបង្រៀន​សិស្ស​​ទៀងទាត់ម៉ោងពេលវេលា មិនបង្រៀន​គួរសិស្ស មានបញ្ចូលនិងអនុវត្តវិធីសាស្ត្របែបថ្នាក់រៀនសកម្មដើម្បីឱ្យសិស្ស​បានចូលរួមច្រើន។ ការសិក្សា​បែបនេះបណ្តុះឱ្យសិស្សមានចំណេះនិងជំនាញទន់ដូចជា 4Cs (សហការ ទំនាក់ទំនង ការគិតបែបស៊ី​ជម្រៅ និងការច្នៃប្រឌិត) ។ នៅទីនេះគឺហ្វឹក​ហាត់​កូន​សិស្សឱ្យក្លាយ​ជាពលរដ្ឋសកល»។

យ៉ាងណាក្តី​ចំពោះ​ការ​បង្រៀន​នៅសាលា​ជំនាន់ថ្មីនេះ អ្នកគ្រូ​គឹម សុត្ថារី ក៏ជួប​នូវ​បញ្ហា​ប្រឈមផង​ដែរ​គឺការ​បណ្តុះទម្លាប់សិស្សឱ្យមករៀនបែបសកម្ម។អ្នកគ្រូបញ្ជាក់​ថា​៖ «ការ​បណ្តុះទម្លាប់​សិស្ស​ឱ្យមក​រៀន​បែបសកម្ម​ គឺដំបូងៗពួកគាត់មិន​ទម្លាប់​ទេ យើងជាគ្រូ​អាច​នឹង​ហត់បន្តិច តែនៅពេលដែលពួកគាត់មានទម្លាប់ហើយគឺ​យើង​ឈប់សូវហត់ហើយ»។

មន្ត្រីក្រសួងអប់រំ ថ្នាក់ដឹកនាំ និងសិស្សានុសិស្សNGS ដែលទទួលបានមេដាយ ជ័យលាភីកិត្តិយស និងពាន ថតរូបក្នុងពិធីពិព័រណ៍ស្នាដៃសិស្សកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤។ (រូបភាព៖ លោក សម្យ កំសាន្ត)

គោលដៅ NGS

លោក ​សម្យ កំសាន្ត​ និង​ថ្នាក់​ដឹក​នាំសាលា​រៀន​ជំនាន់​ថ្មី​វិទ្យា​ល័យ​ព្រះស៊ីសុវត្ថិ ចង់​ឱ្យ NGS ក្លាយ​ទៅជា​សាលា​មួយល្បី​ដែល​មាន​ផលិតផលល្អខ្ពស់​ទាន់​សម័យប្រើបច្ចេកវិទ្យា​ជាជំនួយ​​ក្នុង​ការ​រៀន​និង​បង្រៀន​របស់លោកគ្រូអ្នកគ្រូនិង​សិស្សានុសិស្ស។

បច្ចុប្បន្ន​ NGSក៏បាន​ផ្តល់​ការ​អប់រំបែប​បច្ចេកវិទ្យា​ឌីជីថល​​ដែល​ឆ្លើយ​តប​ទៅនឹង​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​ដែល​​ចង់បាន​មូលធនមនុស្ស​ប្រកបទៅដោយ​បច្ចេកវិទ្យា ដោយ​ឱ្យ​កូនសិស្ស​មាន​សមត្ថភាពគ្រប់គ្រាន់​ក្នុងការ​អភិវឌ្ឍ​ផ្នែក​បច្ចេកវិទ្យាផងដែរ។

លោក កំសាន្ត បាន​លើកឡើង​ថា៖ «ដូចជាក់​ស្តែង​យើងមាន​កម្មវិធីបង្រៀនកុំព្យូទ័រ​នៅ​សាលា​ដោយ​ផ្តោតលើ​៤ចំណុច។ ទី១ ឱ្យ​សិស្ស​យល់​ដឹង​អំពីចំណេះដឹងផ្នែកឌីជីថលដែល​រៀន​អំពីប្រព័ន្ធមីឌា(Media) ​ផ្នែកឌីជីថល​។ ទី២ រៀន​អំពីកម្មវិធី​ដែល​ធ្វើឱ្យដំណើរការ​គេហៅ​​ថាជា Coding»

សិស្ស​នៅ NGS ដែល​ចេះ​ Coding គាត់​នឹងយល់​ពីដំណើរការនៃ​គ្រឿង​អេឡិចត្រូនិក​ទាំង​កុំព្យូទ័រ​ថាតើ​វាធ្វើ​ការ​យ៉ាងម៉េច ទាំងទូរសព្ទ​វាធ្វើការ​យ៉ាងម៉េចគ្រឿង​ផ្សេងៗ​ទៀតបែប Automation វាធ្វើការ​យ៉ាងម៉េច​ដោយ​NGS​ចាប់ផ្តើម​បង្រៀន​និង​រៀន​ពីការ​សរសេរ​ Code នេះ។ទី៣គឺ​សិស្ស​រៀន​ដើម្បីឱ្យ​ខ្លួនគាត់​ក្លាយ​ទៅជា​អ្នក​អាជីព ក្លាយ​ទៅជាអ្នក​ជំនាញ​ផ្នែក​បច្ចេកវិទ្យា​និង​ទី៤​ចង់ឱ្យ​សិស្ស​មានមហិច្ឆតា​ក្លាយទៅជាអ្នកបង្កើត​សហ​គ្រាសឬ​ក៏ក្រុមហ៊ុន​ដែល​ផ្តោតទៅលើការអប់រំបច្ចេកវិទ្យា​ផង​ដែរ។

ទោះ​យ៉ាងណា​លោកស្រី អ៊ុក ឆាយ៉ាវី ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជាឯករាជ្យ​បាន​ថ្លែង​ថា លោក​ស្រីមិន​គាំទ្រ​ចំពោះការ​ពុះចែក​សាលា​រដ្ឋធ្វើ​ជាសាលា​រៀន​ជំនាន់​ថ្មីហើយ​យក​ថ្លៃ​សិក្សា​ពី​ឪពុកម្តាយ​ឬពី​អាណាព្យា​បាល​សិស្ស​នោះ​ទេ។

លោកស្រីបញ្ជាក់​ថា៖ «ការពុះចែកសាលា​រដ្ឋធ្វើ​ជាសាលា​រៀន​ជំនាន់ថ្មី វា​បង្ហាញ​យ៉ាងច្បាស់ថា ជាការ​រើស​អើង​យ៉ាងច្បាស់ ដែល​បាន​ធ្វើឱ្យប៉ះពាល់​ដល់​អារម្មរណ៍​សិស្ស​មាតាបិតា អាណាព្យាបាលលោកគ្រូអ្នក​គ្រូ​នៅ​តាម​សាលារដ្ឋ ពីព្រោះសាលា​រៀនជំនាន់ថ្មី​គេជ្រើសរើសយក​តែសិស្ស​រៀនពូកែ មាន​លទ្ធភាព​បង់លុយ​សិក្សា​ចំណែក​គ្រូបង្រៀន​វិញ​ក៏គេ​ជ្រើសរើស​យក​តែគ្រូដែល​មានចំណេះដឹងខ្ពស់ផងដែរ»។

​គិតត្រឹមឆ្នាំ២០២៣ សាលារៀនជំនាន់ថ្មីមានចំនួន១៣កន្លែង (សាលា​បឋម​សិក្សា៤កន្លែង និងសាលា​មធ្យម​សិក្សា៩កន្លែង) មានទីតាំងនៅ​រាជធានី​ភ្នំពេញ, ខេត្តកណ្តាល, កំពង់ចាម, កំពង់ស្ពឺ, ស្វាយរៀង និង​ខេត្តព្រៃវែង។បើតាម​ក្រសួង​អប់រំរដ្ឋាភិបាលបានវិនិយោគលើកម្មវិធីសិក្សា​សាលា​ជំនាន់​ថ្មី​​ពីឆ្នាំ២០១៦ដល់​ឆ្នាំ២០២៣ ចំនួន​១៣​កន្លែង​នេះ សរុបថវិកា១២,៤លានដុល្លារអាមេរិក បូករួមជាមួយថវិការបស់មូល​និធិ​សប្បុរស​ជន និងការចូលរួម​ថវិកា​បដិភាគពីមាតាបិតា អ្នកអាណាព្យាបាលសិស្សផងដែរ ។

ក្រសួង​អប់រំ​បាន​ឱ្យ​ដឹង​ទៀត​ថា សាលារៀនជំនាន់ថ្មីដែលមានស្រាប់ត្រូវរក្សាការអនុវត្ត​តាម​គោលការណ៍ និងលក្ខខណ្ឌ​ដដែល ប៉ុន្តែចាប់ពីឆ្នាំ២០២៤ តទៅ វិភាគទាន​ដែល​មាតាបិតា​ធ្លាប់​បង់​ក្នុងពេលកន្លងមក លែងជា​កាតព្វកិច្ច ហើយរដ្ឋជាអ្នកបំពេញនូវតម្រូវការសម្រាប់កិច្ចដំណើរការនៃ​សាលា​រៀនជំនាន់ថ្មី។ ទោះជា​យ៉ាងនេះក្ដី​សាលារៀននៅតែអាចបន្តទទួលវិភាគទាន​ពីសប្បុរស​ជន ក៏ដូចជាមាតាបិតា អ្នកអាណា​ព្យា​បាលសិស្សតាមគោលការណ៍ស្ម័គ្រចិត្ត។

ក្រសួង​អប់រំ បាន​ប្តេជ្ញាថា ក្រសួងនឹងបន្តប្រែក្លាយសាលារៀនជំនាន់ថ្មី ពីកន្លែង​អាទិភាព​សម្រាប់​តែសិស្ស​ឆ្នើមដែលមានលទ្ធភាពផ្នែកថវិកាទៅជាមជ្ឈមណ្ឌលឧត្តមភាព (Centre of Excellence) ដែលបើកចំហ​សម្រាប់សិស្សឆ្នើមទាំងអស់ប្រកបដោយសមធម៌។ ក្នុងន័យ​នេះ ក្រសួង​នឹងពង្រីក​គម្រោង​សាលារៀន​ជំនាន់​ថ្មី តាមគោលការណ៍ភូមិសាស្ត្រ ដោយ​យ៉ាង​​ហោច​ត្រូវ​បង្កើតឱ្យបាន​មួយ​សាលារៀនសម្រាប់ទីរួម​ខេត្ត​នីមួយៗ និងពង្រីក​ឱ្យ​បាន​ទូទាំង២៥ ខេត្ត រាជធានី។

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន​និងកីឡា បាន​ប្រាប់​ខេមបូចា​កាលពីថ្ងៃទី២ ​ខែ​កក្កដា​ថា សាលារៀន​ជំនាន់ថ្មីគឺ​ជាសាលា​រៀន រៀន​ពេញ​មួយថ្ងៃ ដែល​មានឯក​រាជ្យភាព​នៅក្នុង​កម្មវិធី​សិក្សា​ជាពិសេស​ ​ឱ្យមាន​គំនិតច្នៃ​ប្រឌិត​ខ្ពស់​នៅក្នុង​ការ​ប្រើប្រាស់​វិធីសាស្រ្ត​បង្រៀន​ថ្មីៗ​ទៅ​តាមទ្រឹស្តី​​ស្ថាបនា​និយម​ដើម្បី​ធ្វើ​យ៉ាង​​ណា​ឱ្យ​សិស្ស​មាន​បំណិន​សតវត្សរ៍​ទី​២១។មាន​ន័យ​ថា លោកគ្រូ​អ្នកគ្រូ​គាត់​​បង្រៀន​សិស្ស​ឱ្យចេះ​រៀន​ឬ​ក៏ស្វែងរកបន្ត​តាម​រយៈ​ការ​ធ្វើ​សកម្មភាពសិក្សា​​ស្រាវ​ជ្រាវ​និង​ការ​សហការ​​ដោះ​ស្រាយ​បញ្ហា​​​ជាក្រុមជាដើម​ដើម្បី​​ឱ្យសិស្ស​អាចទៅដល់​កម្រិតចេះ​ច្នៃប្រឌិត​ខ្ពស់​ជាងគេ។

លោកស្រី​បញ្ជាក់​ថា៖ «ហើយ​ទៅ​តាម​គោល​ការណ៍​របស់សម្តេច​នាយករដ្ឋមន្ត្រី​ កម្មវិធីសាលា​រៀន​ជំនាន់​ថ្មី​នឹង​បន្ត​ពង្រីក​​វិសាល​ភាព​​ច្រើន​ជាង​មុន​នៅក្នុង​ពេល​អនាគត​ក៏​ដូចប្រែក្លាយ​សាលា​មួយ​ចំនួន​​ទៀត​ដែល​កំពុង​ឈាន​ទៅ​រក​ភាពជាសាលា​រៀនជំនាន់​ថ្មីហ្នឹង​ទៅជាសាលា​រៀន​ជំនាន់​ថ្មី​បណ្តើរៗ​ជាបន្តទៅមុខទៀត»។

បច្ចុប្បន្ន​ក្រៅពីសាលា​ជំនាន់​ថ្មី​ដែល​មាន​១៣​សាលា​រួចហើយក្រសួង​អប់​រំ​ក៏​បាន​ទទួលស្គាល់​នូវ​សាលា​រៀន​គំរូចំនួន​១២០​សាលា​ហើយ​កំពុង​ធ្វើការ​សិក្សា​និង​គាំទ្របន្ថែមទៅលើសាលា​ផ្សេងទៀត​ដើម្បីឱ្យ​ក្លាយ​​ទៅជា​សាលា​គំរូដែរ។

លោកស្រី ឃួន វិច្ឆិកា លើកឡើង​ទៀតថា៖ «អ៊ីចឹង​ហើយ​ការដាក់​ឱ្យមាន​ការ​អនុវត្ត​នូវកម្មវិធីសិក្សានានា​ផ្សេង​ៗគ្នា​នេះគឺ​ជា​ជម្រើស​សម្រាប់​មាតាបិតា​ដែល​ពួកគាត់​អាច​ជ្រើសរើស​សម្រាប់​កូនៗ​ពួកគាត់​ទៅ​តាម​ឧប​និស្ស័យ​​និង​ចំណង់​ចំណូល​ចិត្ត​។ អ៊ីចឹង​ទាំង​នេះគឺ​ជាជម្រើស​ហើយ​ក្រសួង​កំពុង​តែខិត​ខំប្រឹងប្រែង​ដើម្បី​ជំរុញ​ឱ្យគុណ​ភាព​នៃសាលា​រៀនហ្នឹង​ក្លាយ​ទៅជាសាលា​រៀនគំរូជាបន្តបន្ទាប់»

ប៉ុន្តែ​យ៉ាណាក្តីគ្រូបង្រៀន​នៅវិទ្យា​ល័យ​ព្រះស៊ីសុវត្ថិ​២នាក់​ដែល​បដិសេធប្រាប់ឈ្មោះបាន​ថ្លែង​ប្រាប់​ខេមបូចា​ដោយ​ចាត់​ទុក​សាលា​រៀន​ជំនាន់ថ្មី​ថា ជាសាលា​រៀន​ដែល​យក​ថ្លៃ​សិក្សា​ពីអាណាព្យា​បាល​សិស្ស​ដោយ​ស្រប​ច្បាប់​​ខណៈ​ដែល​នៅ​តាម​សាលា​ដ្ឋផ្សេង​ទៀត​​​​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យលោក​គ្រូអ្នកគ្រូយក​លុយ​ពីសិស្ស​ក្នុង​ម៉ោង​​សិក្សា​របស់​រដ្ឋ​ឡើយ។

​ជាមួយគ្នា​នេះ​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯក​រាជ្យ​លើកឡើង​ថា បើរដ្ឋាភិបាល​ចង់​បង្កើត​សាលា​រៀន​ជំនាន់​ថ្មី​ដែល​ផ្តល់​ការ​អប់រំ​តាម​បែប​ស្តង់ដាថ្មី គួរ​តែបង្កើត​សាលា​ថ្មីដាច់ដោយ​ឡែក​មិនគួរ​ពុះចែក​សាលា​រដ្ឋ​បើកធ្វើសាលា​រៀន​ជំនាន់​ថ្មី​ហើយ​ឱ្យ​ឪពុក​ម្តាយ​ឬអាណា​ព្យាបាល​សិស្ស​បង់​ប្រាក់​​ដូច​សាលា​ឯក​ជន​បែប​នេះនោះទេ។

លោក​ស្រី ឆាយ៉ាវី ថ្លែង​ទៀតថា៖ «ឱ្យ​តែជាសាលា​រដ្ឋ​ខ្ញុំ​មិនគាំទ្រ​​ការ​យក​លុយសម្រាប់​បង់ថ្លៃការ​សិក្សា​នោះទេ ប៉ុន្តែ​ខ្ញុំគាំទ្រ​បើរដ្ឋាភិបាល​ឬក្រសួង​អប់រំធ្វើកំណែទម្រង់​សាលា​រដ្ឋ​ទាំង​អស់​នៅទូទាំង​ប្រទេស​​ឱ្យ​​ក្លាយ​ទៅ​ជាសាលា​ដែល​ផ្តល់​ការ​បង្រៀន​ដែល​មាន​​គុណភាពល្អ​កម្រិត​ខ្ពស់​ដោយ​កៀរគរ​លុយ​ជំនួយ​ពី​បណ្តាប្រទេស​ផ្តល់​ជំនួយ​​និង​ពីស្ថាប័ន​អន្តរ​ជាតិ​ឱ្យជួយលើបញ្ហា​នេះ»

230 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម