ប្រជាពលរដ្ឋ៩នាក់ដែលត្រូវបានតុលាការខេត្តកណ្តាលចោទប្រកាន់ បន្ទាប់ពីតវ៉ាអំឡុងពេលមានវិវាទដីធ្លីជុំវិញគម្រោងសាងសង់ព្រលានយន្តហោះថ្មីនៅខេត្តកណ្តាលត្រូវបានដោះលែងឲ្យនៅក្រៅឃុំកាលពីល្ងាចថ្ងៃចន្ទ។ ពួកគាត់ប្រឈម នឹងការជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ ប្រសិនបើរកឃើញថាមានពិរុទ្ធភាព។
លោក ជួន សុបញ្ញា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្តាលបានបញ្ជាក់ថា អ្នកភូមិទាំង៩នាក់នោះ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំកាលពីល្ងាចថ្ងៃចន្ទតាមការស្នើសុំរបស់ក្រុមគ្រួសារពួកគាត់។
យោងតាមដីកាបង្គាប់ឲ្យនៅក្រៅឃុំរបស់ចៅក្រមស៊ើបសួរ វ៉ាន់ សុបញ្ញា បានឲ្យដឹងថា ប្រជាពលរដ្ឋទាំង៩នាក់ត្រូវបានឃុំខ្លួនក្រោមបទចោទប្រកាន់ចំនួន៣គឺ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បទប្រឆាំងនឹងអ្នករាជការសាធារណៈដែលមានស្ថានទម្ងន់ទោស និងបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍តាមក្រមព្រហ្មទណ្ឌមាត្រា៤៩៤ និង៤៩៥។ អ្នកដែលត្រូវចាប់ខ្លួនទាំងនោះ អាចត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់៥ឆ្នាំ។
យោងតាមដីកាដែល ខេមបូចា បានឃើញ ការដោះលែងនេះគឺផ្អែកលើសំណូមពរ របស់គ្រួសារពួកគាត់ព្រមទាំងលិខិតសូមអភ័យទោសដែលសរសេរដោយក្រុមគ្រួសាររបស់ពួកគេ។
ប្រជាពលរដ្ឋនៅឃុំបឹងខ្យាងជាង១០០នាក់បានធ្វើការតវ៉ាកាលពីថ្ងៃទី១២ ខែកញ្ញាបន្ទាប់ពីអាជ្ញាធរមូលដ្ឋានបានបិទផ្លូវឆ្ពោះទៅដីស្រែរបស់ពួកគាត់ហើយបានអនុញ្ញាតឲ្យក្រុមហ៊ុន Overseas Cambodia Investment Corp (OCIC) ដែលគ្រប់គ្រងដោយលោកឧកញ៉ា ពុង ឃាវសែ ដែលមានខ្នងក្រាស់ធ្វើការឈូសឆាយដីស្រែរបស់ពួកគាត់។ ប្រជាពលរដ្ឋ៣០នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការតវ៉ានេះ។ អ្នកជាប់ឃុំ ២១នាក់ផ្សេងទៀត ត្រូវបានដោះលែងកាលពីសប្តាហ៍មុន ដោយមិនមានការចោទប្រកាន់។ វិវាទដីធ្លីនេះបានអូសបន្លាយអស់រយៈពេលជាងបីឆ្នាំមកហើយ។
យុវតី ឌុក ស៊ីណាត អាយុ២៣ឆ្នាំ ជាមនុស្សម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ៩នាក់ ដែលត្រូវបានចោទប្រកាន់បានបដិសេធថា មិនបានប្រើអំពើហិង្សាក្នុងពេលតវ៉ានោះ ទេ។
នាងបាននិយាយថា៖ «ពួកគេប្រាប់យើងថា រដ្ឋជាអ្នកអភិវឌ្ឍព្រលានយន្តហោះ ដើម្បីបម្រើផលប្រយោជន៍សាធារណៈ ដូច្នេះរដ្ឋមានសិទ្ធិរឹបអូសឬទិញដី ហើយយើងមិនអាចបដិសេធបានទេ ហើយតម្លៃ៨ដុល្លារ [ក្នុងមួយម៉ែត្រការ៉េ] ត្រូវបានកំណត់ដោយរដ្ឋហើយប្រជាពលរដ្ឋត្រូវតែចូលរួម»។ នាងបានឲ្យដឹងទៀតថា៖ «ខ្ញុំឮអ្នកភូមិនិយាយថា បើយើងមិនព្រមលក់ក្នុងតម្លៃ៨ដុល្លារ គេនឹងមិនដោះលែងខ្ញុំទេ ដូច្នេះគ្រួសារខ្ញុំបានយល់ព្រម។ ពួកគេហាក់ដូចជាចាប់ខ្ញុំធ្វើជាចំណាប់ខ្មាំងអ៊ីចឹង»។
អ្នកស្រី ឡុញ វណ្ណា ដែលជាសាច់ញាតិរបស់ ស៊ីណាត បាននិយាយថា គ្រួសាររបស់អ្នកស្រីបានដាក់លិខិតមួយកាលពីថ្ងៃសុក្រទៅអភិបាលខេត្តកណ្តាល ដើម្បីសុំឲ្យដោះលែង ស៊ីណាត នៅក្រៅឃុំ។
អ្នកស្រីបាននិយាយថា៖ «អាជ្ញាធរស្រុក និងតំណាងក្រុមហ៊ុន ក៏បានស្នើឲ្យប្រជាពលរដ្ឋពិចារណាលក់ដីក្នុងតម្លៃ៨ដុល្លារ ដើម្បីបញ្ចប់ការតវ៉ា ប៉ុន្តែពួកគេមិនបានបង្ខំយើង ទេ»។ អ្នកស្រីបានបន្ថែមថា គ្រួសាររបស់អ្នកស្រីប្រហែលទទួលយកសំណងនេះដោយខ្លាចថា ប្អូនស្រីរបស់អ្នកស្រីនឹងមានបញ្ហាទៅថ្ងៃមុខ។
អ្នកស្រីនិយាយថា៖ «ខ្ញុំនៅតែមិនជ្រះស្រឡះក្នុងចិត្ត ព្រោះពួកគេមិនទាន់ទម្លាក់ការចោទប្រកាន់ទេ ប៉ុន្តែយើងព្រួយបារម្ភថា នៅពេលមានបញ្ហាពួកគេនឹងយកប្អូនស្រីខ្ញុំទៅវិញ»។
លោក កុក សាយ ដែលទទួលបន្ទុកទិញដីសម្រាប់គម្រោងព្រលានយន្តហោះថ្មីនេះ បានប្រាប់ ខេមបូចា កាលពីថ្ងៃទី៧ ខែកញ្ញា កន្លងមកថា ក្រុមហ៊ុនប្រកាន់ជំហរដដែល ក្នុងការផ្តល់ជូន៨ដុល្លារក្នុងមួយម៉ែត្រការ៉េ ឬជម្រើសទទួលដីនៅតំបន់ក្បែរនោះ។
លោក អំ សំអាត អនុប្រធាន អង្គការការពារសិទ្ធិមនុស្សលីកាដូ ទទួលបន្ទុកផ្នែកឃ្លាំមើល បានមានប្រសាសន៍ថា លោកស្វាគមន៍ចំពោះការដោះលែងពួកគាត់ ប៉ុន្តែពលរដ្ឋទាំង៩នាក់នៅតែប្រឈមនឹងការចោទប្រកាន់ពីបទព្រហ្មទណ្ឌនៅឡើយ។
លោកថ្លែងថា៖ «យើងបានរៀបចំមេធាវី ដើម្បីការពារពួកគាត់នៅពេលអនាគតផងដែរ។ ខ្ញុំយល់ថា វាជាការរីករាយដែលពួកគាត់ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ ប៉ុន្តែយើងនៅតែសោកស្តាយដែលបញ្ហាដីធ្លីនៅតែមិនត្រូវបានដោះស្រាយហើយពួកគាត់នៅតែជាប់បណ្តឹងតុលាការ» ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Nine villagers released on bail after week-long detention for airport protests