ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងព្រលានយន្តហោះថ្មីនៅខេត្តកណ្តាលបានផ្អាកការសាងសង់របងកាលពីសប្តាហ៍មុន បន្ទាប់ពីមានការតវ៉ាពីអ្នកភូមិដែលរស់នៅក្នុងការដ្ឋាននោះ។
អ្នកស្រី យួន ស្រីមុំ អាយុ៤៩ឆ្នាំ ជាអ្នកភូមិអំពៅព្រៃបាននិយាយថា អ្នកស្រី និងអ្នកជិតខាងប្រហែល៥០នាក់បានប្រមូលផ្តុំគ្នាកាលពីថ្ងៃទី៦ ខែកក្កដា និងបានរារាំងកម្មករនៅព្រលានយន្តហោះថ្មីនេះ មិនឱ្យសាងសង់របងពណ៌ខៀវដ៏ធំដែលនឹងធ្វើឱ្យផ្ទះរបស់អ្នកស្រី និងផ្ទះប្រជាពលរដ្ឋ១០គ្រួសារផ្សេងទៀតមិនអាចចេញចូលទៅផ្លូវនៅក្បែរនោះ។
អ្នកស្រីនៅតែមានការព្រួយបារម្ភថា ការសាងសង់សម្រាប់គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅ នឹងបន្តសាងសង់របងឡើងវិញក្នុងពេលឆាប់ៗនេះនិងការចាក់ដីលុបប្រឡាយលេខ៩៤ជាប់នឹងផ្ទះអ្នកភូមិ។ អ្នកស្រុកបានប្រើប្រាស់ប្រឡាយនេះដើម្បីនេសាទ ហើយថ្មីៗនេះបានប៉ះទង្គិចជាមួយសន្តិសុខរបស់ក្រុមហ៊ុនជុំវិញប្រឡាយ និងផ្ទះរបស់ពួកគាត់។
ព្រលានយន្តហោះថ្មីនេះកំពុងត្រូវបានសាងសង់ដោយក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជារបស់លោក ពុង ឃាវសែ។
អ្នកស្រី ស្រីមុំ បានបញ្ជាក់ថា៖ «ខ្ញុំមិនដឹងថា ពេលណាពួកគេមកទៀតទេ យើងខ្លាចថា ក្រោយបោះឆ្នោត គេនឹងមកចាក់ដីបន្ថែមទៀតព្រោះគេមិនទាន់ដឹកដីទៅវិញទេ»។
អ្នកស្រី ស្រីមុំ បានបន្តថា បន្ទាប់ពីអ្នកភូមិចាប់ផ្តើមតវ៉ា មេការម្នាក់បានទូរស័ព្ទទៅថៅកែរបស់គាត់ ដែលបន្ទាប់មកបានផ្អាកការងារ ប៉ុន្តែគាត់ថា ការសាងសង់នឹងបន្តនៅពេលដែលថៅកែចេញបញ្ជា។
អ្នកស្រីបានឱ្យដឹងថា៖ «ខ្ញុំនៅតែព្រួយបារម្ភ និងភ័យខ្លាច។ ខ្ញុំមិនស្រណុកចិត្តទាល់តែសោះ»។
អ្នកស្រី ស្រីមុំ ក៏បារម្ភថា ការចាក់ដីតាមប្រឡាយនឹងបំផ្លាញផ្ទះរបស់ពួកគាត់។ អ្នកស្រីកត់សម្គាល់ថា លោក អ៊ូច សាវឿន អភិបាលស្រុកកណ្តាលស្ទឹង បានមកជួបអ្នកភូមិកាលពីថ្ងៃអង្គារ ហើយប្រាប់ថា លោកនឹងព្យាយាមរកដំណោះស្រាយក្រោយការបោះឆ្នោតជាតិនៅថ្ងៃទី២៣ ខែកក្កដា។
លោក សាវឿន បានបដិសេធការដែលថា លោកបានសន្យាដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋភូមិអំពៅព្រៃក្រោយការបោះឆ្នោត ប៉ុន្តែលោកមានប្រសាសន៍ថានឹងលើកយកបញ្ហានេះទៅអាជ្ញាធរថ្នាក់លើ ព្រោះលោកអះអាងថា លោកមិនអាចផ្តល់ដំណោះស្រាយដោយខ្លួនឯងបានទេ។
លោក ជីវ កុកសាយ ដែលទទួលខុសត្រូវការទិញដីសម្រាប់គម្រោងព្រលានយន្តហោះថ្មីបានប្រាប់ខេមបូចាកាលពីថ្ងៃពុធថា របងនោះធ្វើព័ទ្ធជុំវិញដីរបស់ក្រុមហ៊ុន ហើយប្រឡាយនោះជាកម្មសិទ្ធិរបស់រដ្ឋ។
លោកបានថ្លែងថា ក្រុមហ៊ុននឹងបន្តទាក់ទងជាមួយអ្នកភូមិដែលរងផលប៉ះពាល់ ប៉ុន្តែមិនធ្វើអត្ថាធិប្បាយអំពីអ្វីដែលនឹងកើតឡើងចំពោះអ្នកណាដែលបដិសេធមិនទទួលយកសំណងរបស់ក្រុមហ៊ុននោះទេ។ អ្នកភូមិបានលើកឡើងថា អ្វីដែលក្រុមហ៊ុនផ្តល់ជូនគឺទាបជាងតម្លៃទីផ្សារដី និងតម្លៃផ្ទះរបស់ពួកគាត់ឆ្ងាយណាស់។
លោក កុកសាយ បានមានប្រសាសន៍ថា៖ «ខ្ញុំមិនអាចនិយាយច្រើនអំពីរឿងនេះ [ដំណោះស្រាយដែលក្រុមហ៊ុននឹងផ្ដល់] សម្រាប់គ្រួសារដែលបដិសេធមិនទទួលយកសំណង។ ប៉ុន្តែក្រុមហ៊ុននឹងបន្តដោះស្រាយជាមួយពួកគាត់»។
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលមានប្រសាសន៍ថា អាចនឹងមានដំណោះស្រាយនៅពេលក្រោយ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតទេ។ «វាអាចទៅរួច [បញ្ហានឹងត្រូវបានដោះស្រាយ បន្ទាប់ពីការបោះឆ្នោតជាតិ]»។
លោក គង់ សោភ័ណ្ឌ បានមានប្រសាសន៍ថា៖ «ព្រោះនៅពេលនេះ [ការបោះឆ្នោត] កៀកមែនទែន ហើយយើងកំពុងប្រមូលផ្តុំគ្នាគាំទ្ររដ្ឋាភិបាល គាំទ្រគណបក្សប្រជាជនកម្ពុជា»៕
ប្រែសម្រួលពីអត្ថបទអង់គ្លេស៖ Kandal Villagers Halt Airport Project’s Fence Construction But Fears Remain