ពលរដ្ឋមកពីសហគមន៍មួយចំនួនដែលមានវិវាទដីធ្លីមិនមានសុទិដ្ឋិនិយមចំពោះអាជ្ញាធរដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលទើបបង្កើតថ្មីរបស់រដ្ឋាភិបាលនោះទេ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសកាលពីខែមុនថា ស្ថាប័នរដ្ឋាភិបាលនេះ អាចដោះស្រាយរឿងក្តីរដ្ឋប្បវេណីបានលឿនជាងតុលាការកម្ពុជា ប៉ុន្តែអ្នកមានវិវាទដីធ្លីមិនសូវទុកចិត្តចំពោះប្រព័ន្ធដែលអនុវត្តដោយអាជ្ញាធរមូលដ្ឋានដែលពួកគាត់មិនទុកចិត្តរួចហើយនោះ។
អ្នកស្រី ស៊ា ដាវី ពលរដ្ឋនៅភូមិសំរោងត្បូង ក្នុងរាជធានីភ្នំពេញ មិនមានទំនុកចិត្តថា អាជ្ញាធរថ្មីនឹងអាចដោះស្រាយវិវាទដីធ្លីក្នុងសហគមន៍ប្រកបដោយប្រសិទ្ធភាពនោះទេ។ សន្តិសុខខណ្ឌ បានរឹតត្បិតសហគមន៍របស់អ្នកស្រីមិនឲ្យនេសាទ និងបេះបន្លែនៅតំបន់មួយចំនួនក្នុងបឹងតាមោក។ អ្នកស្រីបន្តថា មន្ត្រីក៏បានបំផ្លាញមងរបស់ពួកគាត់ផងដែរ។ បច្ចុប្បន្ន សកម្មជនក្នុងមូលដ្ឋានកំពុងប្រឈមនឹងការចោទប្រកាន់ បន្ទាប់ពីមានការប៉ះទង្គិចជាមួយអាជ្ញាធរខណ្ឌ។
អ្នកស្រី ស៊ា ដាវី បាននិយាយថា៖ «ប្រព័ន្ធថ្មីនេះអនុញ្ញាតឱ្យអាជ្ញាធរមូលដ្ឋានដោះស្រាយ [វិវាទ]។ ប៉ុន្តែសម្រាប់សហគមន៍ខ្ញុំ តើអាជ្ញាធរមូលដ្ឋានអាចផ្តល់ដំណោះស្រាយដល់យើងដោយរបៀបណា បើអាជ្ញាធរសង្កាត់ និងខណ្ឌគឺជាអ្នកធ្វើបាបយើង?»។
ទីស្តីការគណៈរដ្ឋមន្ត្រីបានអនុម័តទាំងស្រុងលើសេចក្តីព្រាងព្រះរាជក្រឹត្យបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការកាលពីខែមុន ហើយព្រះមហាក្សត្រនរោត្តម សីហមុនី បានឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យកាលពីថ្ងៃទី២ ខែវិច្ឆិកា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសបង្កើតអាជ្ញាធរថ្មីនេះ នៅថ្ងៃទី៣០ ខែតុលា ក្នុងពេលលោកថ្លែងសុន្ទរកថានៅខេត្តកំពង់ស្ពឺ។ លោកមានប្រសាសន៍ថា អាជ្ញាធរនឹងធ្វើការដើម្បីដោះស្រាយ «វិវាទរដ្ឋប្បវេណី» «វិវាទពាណិជ្ជកម្ម» និង«វិវាទផ្សេងទៀត»តាមរយៈការសម្រុះសម្រួលផ្សះផ្សា ហើយកិច្ចព្រមព្រៀងដែលបានធ្វើឡើងតាមរយៈដំណើរការដោះស្រាយនេះ នឹងត្រូវបានចាត់ទុកថាជាដំណោះស្រាយស្ថាពរ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំសុំបញ្ជាក់ថាការបង្កើតយន្តការនេះ មិនមែនយន្តការបង្ខំបងប្អូនឱ្យទៅទេ ពេលមានវិវាទបងប្អូនអាចមានជម្រើសដែលមានស្រាប់ ទៅតុលាការ រកចាស់ទុំ ឬនរណាឱ្យជួយដោះស្រាយ ឬមួយពឹងផ្អែកទៅលើអាជ្ញាធរថ្មីនេះ អត់បង្ខំទេ ជាជម្រើសរបស់បងប្អូន»។
នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា អាជ្ញាធរថ្មីនេះ នឹងជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមតុលាការ។ ប៉ុន្តែអ្នកស្រី អ៊ុំ សុភី តំណាងសហគមន៍ឡពាង មិនគិតថា អាជ្ញាធរថ្មីនេះនឹងមានភាពខុសប្លែកពីប្រព័ន្ធតុលាការនោះទេ ដោយនិយាយថា ស្ថាប័នទាំងពីរគឺ «ដូចឪពុកកូន» ។ សកម្មជនដីធ្លីរូបនេះ ត្រូវបានកាត់ទោសពីបទញុះញង់កាលពីឆ្នាំ២០២០ ប៉ុន្តែត្រូវបានព្យួរទោស។
អ្នកស្រីបាននិយាយថា អ្នកស្រីបានដាក់បណ្តឹងរដ្ឋប្បវេណីជាច្រើនមកហើយទៅតុលាការ និងទីស្តីការគណៈរដ្ឋមន្ត្រីតាំងពីឆ្នាំ២០១២ ទាក់ទងនឹងវិវាទដីធ្លីដ៏រ៉ាំរ៉ៃក្នុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមិនទទួលបានដំណោះស្រាយដែលគួរឲ្យពេញចិត្តពីកិច្ចខិតខំប្រឹងប្រែងទាំងនេះទេ។
អ្នកស្រីបន្តថា កន្លងមក មន្ត្រីជាន់ខ្ពស់ជឿតែអ្វីដែលអាជ្ញាធរថ្នាក់ក្រោមប្រាប់គាត់តែប៉ុណ្ណោះ អំពីជម្លោះដីធ្លីរវាងសមាជិកសហគមន៍របស់អ្នកស្រី និងក្រុមហ៊ុនកសិឧស្សាហកម្ម KDC។
អ្នកស្រីបាននិយាយថា៖ «គាត់ជឿតែអាជ្ញាធរថ្នាក់ក្រោមប្រាប់ អត់ព្រមចុះមកដល់កន្លែងទំនាស់ផ្ទាល់តែម្ដង ជឿតែអ្នកក្រោមបញ្ចូនរបាយការណ៍ទៅ។ ខ្ញុំថា បើសង្គមយើងបច្ចុប្បន្ននេះនៅតែមានការដឹកនាំបែបនេះដដែល ពួកយើងនៅតែវេទនាដដែលហ្នឹង។ ហើយដំណោះស្រាយរបស់ពួកយើងវានៅតែមើលផ្លូវពុំឃើញ និយាយរួមទៅពន្លឺភ្លើងយុត្តិធម៌វាដូចជានៅឆ្ងាយមែនទែនសម្រាប់ពួកខ្ញុំ»។
ជំនួសឲ្យការបង្កើតអាជ្ញាធរដោះស្រាយវិវាទថ្មីនេះ អ្នកស្រី អ៊ុំ សុភី ចង់ឃើញលោក ហ៊ុន ម៉ាណែត ផ្តោតការយកចិត្តទុកដាក់លើការផ្លាស់ប្តូរអាជ្ញាធរមូលដ្ឋាន ដែលខកខានមិនបានផ្តល់ដំណោះស្រាយជូនប្រជាពលរដ្ឋនាពេលកន្លងមក។
អ្នកស្រី សុភី បាននិយាយថា៖ «ពួកខ្ញុំអត់ចង់រស់នៅក្នុងសភាពរ៉ាំរ៉ៃបែបនេះទេ ព្រោះថាជីវភាពពួកយើងហ្នឹងគឺក្រីក្រទៅៗ ដោយសារតែការអូសបន្លាយពេលនៃការដោះស្រាយហ្នឹងគឺវាយូរឆ្នាំពេក»។
អ្នកស្រី ផាវ ញឿង តំណាងសហគមន៍១៧៥ក្នុងខេត្តកោះកុង មានប្រសាសន៍ថា អ្នកស្រីមិនមានជំនឿច្រើនទេថា អាជ្ញាធរថ្មីនេះនឹងផ្តល់ដំណោះស្រាយដល់សហគមន៍របស់អ្នកស្រី បើផ្អែកលើបទពិសោធន៍កន្លងមកជាមួយអាជ្ញាធរមូលដ្ឋាន។ កាលពីខែមិថុនា អ្នកស្រី ផាវ ញើង ត្រូវបានមន្ត្រីខេត្តកោះកុងចាប់ឃុំខ្លួន ខណៈកំពុងព្យាយាមដាក់ញត្តិតស៊ូមតិ ដើម្បីសិទ្ធិដីធ្លីក្នុងមូលដ្ឋាន។
អ្នកស្រីនិយាយថា៖ «ពេលយើងបាត់បង់ដីរបស់យើង ហើយទៅដាក់ញត្តិ [មន្ត្រីមូលដ្ឋាន] មិនព្យាយាមជួយយើងក្នុងរឿងវិវាទដីធ្លីទេ។ គេចោទយើងពីបទញុះញង់ គេចោទយើងប្រើអំពើហិង្សា គេចោទយើងថា រំលោភយកដីអ្នកដទៃ»។
លោក អំ សំអាត នាយកប្រតិបត្តិអង្គការ លីកាដូ បានមានប្រសាសន៍ថា មួយផ្នែកនៃមូលហេតុ ដែលតុលាការកម្ពុជាមានការកកស្ទះសំណុំរឿងដ៏ច្រើនបែបនេះ គឺដោយសារប្រជាពលរដ្ឋមិនចង់ប្រើដំណើរការសម្រុះសម្រួលដែលមានស្រាប់។
លោកបានមានប្រសាសន៍ថា៖«កន្លងមកដោយសារតែភាពជឿទុកចិត្ត គាត់មិនសូវមានជំនឿទុកចិត្តទៅលើការសម្របសម្រួលរបស់អាជ្ញាធរមូលដ្ឋាន ដែលវាបណ្ដាលឱ្យគាត់ជ្រើសរើសយកផ្លូវតុលាការ»។
លោកបានបន្ថែមថា រដ្ឋាភិបាលគួរតែជំរាបជូនសាធារណជនឲ្យបានច្បាស់លាស់ជាងនេះ ជុំវិញបញ្ហាដែលអាចនិងមិនអាចដោះស្រាយបាននៅក្រៅប្រព័ន្ធតុលាការ ហើយត្រូវប្រាកដថា អ្នកទទួលខុសត្រូវអនុវត្តប្រព័ន្ធថ្មីនេះ មានជំនាញ និងត្រូវបានបណ្តុះបណ្តាលក្នុងក្របខ័ណ្ឌច្បាប់។
លោក ស៊ឹង សែនករុណា មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក មានប្រសាសន៍ថា មន្ត្រីដែលមានសមត្ថកិច្ចថ្មីត្រូវតែហ៊ានរកយុត្តិធម៌ជូនជនរងគ្រោះដោយមិនខ្លាចអ្នកមានទ្រព្យសម្បត្តិ និងអ្នកមានអំណាច ប្រសិនបើពួកគេចង់បានការជឿទុកចិត្តពីសាធារណជន។
លោកមានប្រសាសន៍ថា៖ «បើសិនការបង្កើតឡើងហ្នឹងគ្រាន់ឱ្យតែមានឈ្មោះ ហើយបញ្ហាទាំងឡាយដែលកើតមានឡើងពាក់ព័ន្ធនឹងអ្នកមានអំណាច បក្ខពួកនិយមអ្វីទាំងអស់ហ្នឹង ធ្វើកិច្ចការងារដោយគ្មានភាពយុត្តិធម៌ វាមិនខុសពីការរិះគន់របស់ប្រជាពលរដ្ឋនោះទេ គឺអាចថានៅតែដដែលហ្នឹ»។
បើតាមលោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលបានឲ្យដឹងថា ប្រព័ន្ធថ្មីនេះនឹងដោះស្រាយបញ្ហារដ្ឋប្បវេណីនានា រួមទាំងជម្លោះដែលកំពុងកើតមានដូចជាជម្លោះដីធ្លីជាដើម។
លោកមានប្រសាសន៍ថា៖ «ខ្ញុំប្រាប់ហើយថា រឿងអ្វីក៏ដោយឱ្យតែបងប្អូនយើងគាត់មានវិវាទ គាត់ត្រូវការសម្របសម្រួលដោះស្រាយនោះគាត់អាចប្រើប្រាស់យន្តការហ្នឹងបាន»។
លោក ប៉ែន បូណា មានប្រសាសន៍ថា រដ្ឋាភិបាលគ្រោងនឹងផ្សព្វផ្សាយការយល់ដឹងអំពីនីតិវិធីនៃប្រព័ន្ធថ្មីនេះ និងរបៀបដាក់ញត្តិជាមួយមន្ត្រីមូលដ្ឋាន នៅពេលដែលអាជ្ញាធរចាប់ផ្តើមដំណើរការ ប៉ុន្តែបានអះអាងថា ផែនការទាំងនោះកំពុងដំណើរការនៅឡើយ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Land Disputants Doubtful That New Government Authority Will Bring Justice