សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អាជ្ញាធររាជធានីភ្នំពេញចាប់ផ្តើមរុះរើផ្ទះបណ្តែតទឹកតាមដងទន្លេ

អាជ្ញាធរខណ្ឌឬស្សីកែវ រាជធានីភ្នំពេញចាប់ផ្តើមចុះរុះរើផ្ទះបណ្តែតទឹកនៅតាមដងទន្លេសាប កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង
អាជ្ញាធរខណ្ឌឬស្សីកែវ រាជធានីភ្នំពេញចាប់ផ្តើមចុះរុះរើផ្ទះបណ្តែតទឹកនៅតាមដងទន្លេសាប កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

គ្រួសារពលរដ្ឋ ដែលរស់នៅក្នុងសហគមន៍ផ្ទះបណ្តែតទឹកនៅតាមដងទន្លេក្នុងរាជធានីភ្នំពេញកំពុងត្រូវបានបណ្តេញចេញពីផ្ទះរបស់ពួកគេ ខណៈពេលអាជ្ញាធរមូលដ្ឋាន ចាប់ផ្តើមរុះរើផ្ទះបណ្តែតទឹក បែចិញ្ចឹមត្រីនិងសំណង់មិនរៀបរយផ្សេងទៀតកាលពីថ្ងៃសៅរ៍។ ការរុះរើនេះបានធ្វើឡើងនៅថ្ងៃចុងក្រោយនៃការជូនដំណឹងរយៈពេលមួយសប្តាហ៍ ដោយបញ្ជាឱ្យសហគមន៍នេសាទដែលភាគច្រើនជាជនជាតិវៀតណាមចាកចេញ ដែលអាជ្ញាធរហៅថា ជាការព្រួយបារម្ភអំពីបរិស្ថាន។

លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញបានមានប្រសាសន៍កាលពីថ្ងៃសៅរ៍ថា ជា ទូទៅ ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ផ្ទះ​បណ្តែត​ទឹក​បាន​សហការ​ជា​មួយ​សេចក្តីសម្រេច​របស់សាលារាជធានីភ្នំពេញក្នុងការរុះរើនូវអ្វី ដែលគេហៅថា ជាការរស់នៅដោយខុស ច្បាប់តាមដងទន្លេ។ លោកបានប្រាប់ខេមបូចាថា គ្រួសារប្រជាពលរដ្ឋដែលមានបែចិញ្ចឹមត្រីនឹងត្រូវបានអនុញ្ញាតឱ្យទៅស្នាក់នៅបណ្ណោះអាសន្ននៅឯ​ព្រំប្រទល់រវាងខណ្ឌព្រែកព្នៅនិងខេត្តកណ្តាល​ នៃ​ជាយ​ក្រុងភ្នំពេញ​រហូតដល់ត្រីរបស់ពួកគាត់ធំល្មមអាចលក់បាន។

លោកបានមានប្រសាសន៍ថា៖ «យើងមានកន្លែងបណ្តោះអាសន្នសម្រាប់អ្នកចិញ្ចឹមត្រីដូច្នេះយើងរង់ចាំសំណើរបស់ពួកគាត់និងស្ថិតិពីអាជ្ញាធរមូលដ្ឋានថា តើមានប្រជា ពលរដ្ឋប៉ុន្មានគ្រួសារដែលចិញ្ចឹមត្រី»។ លោកបានបន្ថែមថា អាជ្ញាធររាជធានីភ្នំពេញ​បាន​ចាប់ផ្តើមស្រង់បញ្ជីឈ្មោះគ្រួសារដែលចិញ្ចឹមត្រីកាលពីថ្ងៃសៅរ៍។ ប៉ុន្តែគ្រួសារផ្សេងទៀតនឹងមិនត្រូវបានអនុញ្ញាតឱ្យស្នាក់នៅបណ្តោះអាសន្នទេ។

លោក កើត ឆែ មានប្រសាសន៍ថា៖ «ប្រជាពលរដ្ឋដែលមានតែផ្ទះបណ្តែតទឹក ប៉ុន្តែមិនបានចិញ្ចឹមត្រី ពួកគាត់ត្រូវស្វែងរកផ្ទះជួលដោយខ្លួនឯង»។

អ្នកស្រី  តឺ ធីវ៉ា អាយុ៥២ឆ្នាំ ដែលបានរស់នៅផ្ទះបណ្តែតទឹកនៅភូមិផ្សារលិចក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅអស់រយៈពេល៣០ឆ្នាំបាននិយាយថា ការផ្លាស់ប្តូរទៅស្នាក់នៅព្រំប្រទល់ខេត្តកណ្តាលមិនមែនជាជម្រើសសម្រាប់គ្រួសារភាគច្រើនទេ។

អ្នកស្រីបាននិយាយថា៖ «ជាង២០គ្រួសារនិងខ្ញុំសម្រេចចិត្តមិនទៅរស់នៅទីនោះ ដោយសារពួកគេភាគច្រើនជំពាក់លុយធនាគារ ដូច្នេះយើងមិនអាចទៅបានទេ។ យើងរកបានបន្ទប់ជួលជិតភូមិផ្សារលិច»។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅមាត់ទន្លេជាប់នឹងផ្ទះបណ្តែតទឹករបស់គាត់ អ្នកស្រី ធីវ៉ា បាននិយាយថា គ្រួសារជាច្រើនមិនដឹងថា តើពួកគេនឹងអាចរកផ្ទះថ្មីបានដែរឬទេ។

អ្នកស្រី ធីវ៉ា បាននិយាយថា៖ «ខ្ញុំបានខ្ចីប្រាក់ធនាគារ ៦លានរៀលតាមរយៈមនុស្សម្នាក់ដែលមានដីដាក់ធានានៅធនាគារ រយៈពេល១២ខែ ហើយខ្ញុំទើបបង់ប្រាក់ឱ្យពួកគេបានពីរខែប៉ុណ្ណោះ ដូច្នេះនៅសល់១០ខែទៀត។ ខ្ញុំត្រូវបង់ប្រាក់ឲ្យធនាគារជាង៦០ ម៉ឺនរៀលក្នុងមួយខែ»។

អ្នកស្រី ធីវ៉ា ប្រាប់ថា គាត់កើតនៅលង្វែកនៅភាគខាងជើងនៃរាជធានីភ្នំពេញ។ បន្ទាប់មកបានផ្លាស់ទៅរស់នៅកំពង់ហ្លួងក្នុងស្រុកពញាឮខេត្តកណ្តាល ហើយក្រោយមកក្រុមគ្រួសាររបស់អ្នកស្រីបានមករាជធានី ដើម្បីរស់នៅតាមដងទន្លេ។ អ្នកស្រីបាននិយាយថា ដូចប្រជាពលរដ្ឋភាគច្រើនផ្សេងទៀត ដែលរស់នៅក្នុងសហគមន៍ផ្ទះបណ្តែតទឹក អ្នកស្រីមានបណ្ណស្នាក់នៅអចិន្ត្រៃយ៍ ដែលដាក់អាស័យដ្ឋានរបស់អ្នកស្រី ជាអ្នកភូមិផ្សារលិចនិងការ អនុញ្ញាតពីមេភូមិបច្ចុប្បន្ននិងមេភូមិចាស់ឲ្យរស់នៅទីនោះ។

អ្នកស្រីបាននិយាយថា៖ «[អាជ្ញាធរ] បានបញ្ជាឲ្យយើងចាកចេញពីទីនេះនៅថ្ងៃទី១២ ខែ មិថុនា។ ប្រសិនបើយើងមិនទៅទេ អាជ្ញាធរនឹងប្រើកម្លាំង ដើម្បីរុះរើផ្ទះបណ្តែតទឹករបស់យើង»។

ជនជាតិវៀតណាម ដែលរស់នៅតាមផ្ទះបណ្តែតទឹកជញ្ជូនអីវ៉ាន់របស់ពួកគេនៅថ្ងៃចុងក្រោយនៃឱសានវាទ ក្នុងខណ្ឌឬស្សីកែវ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង
ជនជាតិវៀតណាម ដែលរស់នៅតាមផ្ទះបណ្តែតទឹកជញ្ជូនអីវ៉ាន់របស់ពួកគេនៅថ្ងៃចុងក្រោយនៃឱសានវាទ ក្នុងខណ្ឌឬស្សីកែវ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

កាលពីថ្ងៃទី២ ខែមិថុនា អាជ្ញាធរក្រុងបានចេញសេចក្តីជូនដំណឹងមួយ ដោយអះអាងថា អ្នករស់នៅខុសច្បាប់តាមផ្ទះបណ្តែតទឹក ផ្ទះតូចៗនិងសំណង់មិនរៀបរយផ្សេងទៀតនៅតាមដងទន្លេកំពុងបំពុលទឹកនិងប៉ះពាល់ដល់ប្រព័ន្ធអេកូឡូហ្ស៉ី។ សេចក្តីជូនដំណឹងនេះបានបន្ថែមទៀតថា ដើម្បីថែរក្សាជីវចម្រុះបរិស្ថាន ម្ចាស់ផ្ទះបណ្តែតទឹកទាំងអស់មានពេលមួយសប្តាហ៍ ដើម្បីរើចេញ។ សេចក្តីជូនដំណឹងនេះបានសរសេរថា អាជ្ញាធរនឹងមិនទទួលខុសត្រូវចំពោះការខូចខាតណាមួយឡើយ ហើយនឹងចាត់វិធានការតាម ផ្លូវច្បាប់ប្រឆាំងនឹងអ្នកដែលមិនគោរពតាមវិធានការណ៍នេះ។

សម្រាប់អ្នកស្រី ធីវ៉ា ការរកប្រាក់ចិញ្ចឹមជីវិតនៅតាមដងទន្លេមិនមែនជាការងារ ងាយ ស្រួលនោះទេ សូម្បីតែមុនពេលអាជ្ញាធរបញ្ជាឱ្យពួកគាត់ចាកចេញទៅទៀត។ អ្នកស្រីបាននិយាយថា បន្ទាប់ពីអាជ្ញាធរបញ្ជាឲ្យរុះរើផ្ទះបណ្តែតទឹក លោកស្រីបានបង្ខំចិត្តចាប់ត្រីក្នុងបែដែលនៅតូចៗទៅលក់ ហើយអ្នកស្រីលក់បានតែតម្លៃ៥.០០០រៀលក្នុងមួយគីឡូក្រាម គឺខាតច្រើនណាស់។

អ្នកស្រីបន្ថែមថា៖ «យើងរស់នៅដោយផ្អែកលើការនេសាទត្រីនិងចិញ្ចឹមត្រី ហើយយើងទទួលបានផលពី៥០០គីឡូក្រាមទៅ១តោនក្នុងមួយឆ្នាំ»។

លោក តឺ យ៉ាងប៉ន អាយុ ៥៦ឆ្នាំ ជាតំណាងប្រជាពលរដ្ឋជាង២០គ្រួសារ ដែលរស់នៅក្នុងភូមិផ្សារលិចបាននិយាយថា បទបញ្ជាបណ្តេញចេញនេះបានធ្វើឱ្យប្រជាពលរដ្ឋជាច្រើននៅក្នុងសហគមន៍នេះ ធ្លាក់ក្នុងស្ថានភាពលំបាក។

លោកនិយាយថា៖ «ខ្ញុំគិតថា ពួកគេភាគច្រើនគ្មានលទ្ធភាពរកកន្លែងរស់ នៅដោយខ្លួនឯងទេ ប៉ុន្តែគ្រួសារខ្លះមានប្រាក់ខ្លះសម្រាប់ជួលបន្ទប់ ដើម្បីរស់នៅជាបណ្តោះអាសន្ន»។

លោក យ៉ាងប៉ន បានប្រាប់ខេមបូចាថា ស្ថានទូតវៀតណាមនិងសមាគមវៀតណាមប្រចាំនៅកម្ពុជាបានដាក់សំណើទៅសាលាក្រុងនិងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែនដើម្បីពន្យាការបណ្តេញចេញ។ រហូតមកដល់ពេលនេះ មិនទាន់មានការឆ្លើយតបនៅឡើយទេ។

លោកបាននិយាយថា៖ «យើងស្នើឲ្យអាជ្ញាធររាជធានីភ្នំពេញពន្យាពេលបណ្តេញពួកគេចេញ ពីព្រោះពួកគេត្រូវការពេលវេលា ដើម្បីការចិញ្ចឹមត្រីរបស់ពួកគេ។ ខណៈត្រីរបស់ពួកគេនៅតូចពួកគេមិនអាចលក់វាបាននៅឡើយ»។ លោក យ៉ាងប៉ន និយាយថា នៅក្នុងភូមិនេះមានបែចិញ្ចឹមត្រីពី៣០ទៅ៤០កន្លែង ដោយមានគ្រួសារខ្លះមានបែចិញ្ចឹមពីពីរទៅបីកន្លែង។

លោក ម៉ែន សាន អាយុ៨៥ឆ្នាំ ជាអ្នកភូមិម្នាក់ដែលរស់នៅក្បែរស្ពានព្រែកព្នៅក្នុងភូមិកណ្តាលបាននិយាយថា លោកជឿថា ប្រជាពលរដ្ឋដែលរស់នៅក្នុងផ្ទះបណ្តែតទឹកភាគច្រើនជាជនជាតិវៀតណាម ដែលបានមករស់នៅលើទឹកទន្លេតាំងពីទសវត្សឆ្នាំ ១៩៨០ បន្ទាប់ពីការដួលរលំរបប ប៉ុល ពត។ លោកបានប្រាប់ខេមបូចាថា ឥឡូវមានរាប់រយគ្រួសាររស់នៅតាមដងទន្លេ។

លោកបាននិយាយថា៖ «ខ្ញុំគិតថា ពួកគាត់ត្រូវបានអនុញ្ញាតឲ្យរស់នៅទីនោះ ដោយមេភូមិនិងចៅសង្កាត់។ ពីព្រោះប្រសិនបើអាជ្ញាធរមិនអនុញ្ញាត ពួកគេនឹងមិនហ៊ានមករស់នៅទីនោះទេ»។

បុរសជនជាតិវៀតណាមម្នាក់បង្ហាញបណ្ណស្នាក់នៅអចិន្ត្រៃយ៍របស់គាត់ ដែលចុះអាស័យដ្ឋានរបស់គាត់នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង
បុរសជនជាតិវៀតណាមម្នាក់បង្ហាញបណ្ណស្នាក់នៅអចិន្ត្រៃយ៍របស់គាត់ ដែលចុះអាស័យដ្ឋានរបស់គាត់នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

ការបញ្ជាបណ្តេញចេញមិនមែនគ្មានការយកចិត្តទុកដាក់ពីបរទេសនោះទេ។ ក្រសួងការបរទេសវៀតណាមបានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាធានានូវសុខុមាលភាពរបស់ប្រជាពលរដ្ឋដើមកំណើតវៀតណាម នេះបើយោងតាមអត្ថបទចុះផ្សាយនៅលើកាសែតភាសាអង់គ្លេស Vietnam News កាលពីថ្ងៃទី១១ ខែមិថុនា។

លោកស្រី Lê Thị Thu Hằng  អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមបានមានប្រសាសន៍ថា៖ «ប្រទេសវៀតណាមយល់អំពីគោលនយោបាយសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា​និង​តម្រូវការការពារបរិស្ថាន»។ ដោយបន្ថែមថា៖ «ប៉ុន្តែយើងក៏សង្ឃឹមថា ការផ្លាស់ទីលំនៅថ្មីត្រូវធ្វើឡើងដោយផ្អែកលើផែនទីបង្ហាញផ្លូវសមហេតុផលនិងអាចធ្វើទៅបាន ហើយតំបន់តាំងទីលំនៅថ្មីនឹងត្រូវបានរៀបចំ ដោយមានហេដ្ឋារចនាសម្ព័ន្ធចាំបាច់ទាំងអស់ ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋ ដែលត្រូវបានផ្លាស់ប្តូរទីលំនៅមានស្ថិរភាពក្នុងការរស់នៅឆាប់ៗនិងការពារសុខុមាលភាពសង្គមរបស់ពួកគេ»។

លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅនិងលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារ អំពៅបានបដិសេធធ្វើអត្ថាធិប្បាយ កាលពីព្រឹកថ្ងៃសៅរ៍ ដោយនិយាយថា ពួកលោកជាប់រវល់ធ្វើការរុះរើផ្ទះបណ្តែតទឹក។ លោក ស៊ឹម ជី ប្រធានសមាគមខ្មែរ-វៀត ណាមនៅព្រះរាជាណាចក្រកម្ពុជាមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ កាលពីថ្ងៃសៅរ៍។ ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាក៏មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានដែរ។

លោក នី សុខា ប្រធានផ្នែកឃ្លាំមើលនៅអង្គការសិទ្ធិមនុស្សអាដហុក បានមានប្រ សាសន៍ថា លោកគាំទ្រចំណាត់ការរបស់អាជ្ញាធរ ដោយអះអាងថា វិធានការនេះគួរធ្វើតាំងពីយូរមកហើយ។ លោកបានបន្ថែមថា លោកជឿជាក់ថា វត្តមានរបស់សហគមន៍ផ្ទះបណ្តែតទឹកនៅតាមដងទន្លេបានបង្កផលប៉ះពាល់ដល់បរិស្ថាននិងសោភ័ណភាពរបស់រាជធានីភ្នំពេញ។

លោកបានមានប្រសាសន៍ថា៖ «នេះជាវិធានការសមស្របមួយ ប៉ុន្តែអាជ្ញាធរត្រូវគិតអំពីយន្តការសិទ្ធិមនុស្សផងដែរ។ ដើម្បីឱ្យស្របទៅនឹងការអនុវត្តរបស់ប្រទេសយើងនិងការគោរពគោលការណ៍សិទ្ធិមនុស្ស អាជ្ញាធរត្រូវតែដោះស្រាយការតាំងទីលំនៅថ្មី ដើម្បីឱ្យប្រជាពលរដ្ឋទាំងនោះអាចរស់នៅបានផងដែរ»។

លោក សុខា បានបន្តថា តាមទស្សនៈរបស់លោក អាជ្ញាធរគួរតែពិនិត្យមើលពីច្បាប់អន្តោប្រវេសន៍លើសហគមន៍ជនជាតិវៀតណាម ដែលបាននិងកំពុងរស់នៅតាមដងទន្លេ។

លោកមានប្រសាសន៍ថា៖ «អាជ្ញាធរគួរពិនិត្យឡើងវិញតាមច្បាប់អន្តោប្រវេសន៍ថាតើពួកគេបានមករស់នៅក្នុងប្រទេសកម្ពុជាដោយស្របច្បាប់ឬខុសច្បាប់»។ ដោយលោកបន្ថែមថា៖ «អាជ្ញាធរត្រូវតែពិនិត្យឡើងវិញនូវគ្រប់ទិដ្ឋភាពនៃច្បាប់ ដើម្បីចៀសវាងការរស់នៅបែបអនាធិបតេយ្យ…ប្រសិនបើការពិនិត្យរកឃើញថា ពួកគេកំពុងរស់នៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ យើងត្រូវតែបញ្ជូនពួកគេត្រឡប់ទៅប្រទេសរបស់ពួកគេវិញ»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Phnom Penh authorities begin tearing down floating communities

825 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម