ជនជាតិវៀតណាមដែលរស់នៅលើផ្ទះបណ្តែតទឹកត្រូវបានបណ្តេញចេញពីភូមិសាស្រ្តរាជធានីភ្នំពេញទៅរស់នៅរវាងព្រំប្រទល់ខេត្តកណ្តាល និងរាជធានីភ្នំពេញត្រូវបានអនុញ្ញាតឱ្យបន្តរស់នៅរយៈពេលបីឆ្នាំទៀត បើតាមការលើកឡើងរបស់អាជ្ញាធររាជធានីភ្នំពេញ ខណៈពួកគេបានត្អូញត្អែរថា ពួកគេកំពុងតែប្រឈមនឹងបញ្ហាលំបាកផ្សេងៗក្នុងការរស់នៅ។
លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានថ្លែងនៅក្នុងសន្និសីទកាសែតស្តីពីវឌ្ឍនភាពរាជធានីភ្នំពេញ កាលពីដើមខែនេះ បច្ចុប្បន្ននេះមានផ្ទះបណ្ដែតទឹកប្រមាណជិត២០០ ដែលស្ថិតនៅក្នុងខណ្ឌព្រែកព្នៅ និងព្រំប្រទល់ខេត្តកណ្ដាល។
លោក ឆែ បានថ្លែងថា៖«ពីររយបែយើងបានធ្វើការណែនាំគាត់ឱ្យចិញ្ចឹមត្រីបញ្ចប់ហើយនឹងឱ្យរកមុខរបរពីរទៅបីឆ្នាំដើម្បីបញ្ចប់ការងារនេះ»។
លោក កើត ឆែ ឱ្យដឹងទៀតថា បន្ទាប់ពីរុះរើផ្ទះបណ្ដែតទឹករួច តាមដងទន្លេក៏ចាប់ផ្ដើមមានទេសភាពស្រស់ស្អាតជាងមុន។ លោកបន្តថា ប្រជាពលរដ្ឋមួយចំនួនឃើញគេដាក់បែចិញ្ចឹមត្រីពីក្រោយផ្ទះពួកគាត់ ក៏សម្រេចដាក់ចិញ្ចឹមតាមដែរ ដូច្នេះចំពោះអ្នកមិនមានអាជីពជាអ្នកចិញ្ចឹមត្រី គឺអាជ្ញាធររុះរើគាត់តែម្ដង។
លោក ឆែ ឱ្យដឹងថា៖ «អ្នកខ្លះគាត់ចាប់[ដីទន្លេ]ហើយ គាត់មកជួល[ឱ្យ]គេ អានឹងខុសច្បាប់ យកដីទន្លេមកជួលចំណូលត្រូវបានទៅរដ្ឋ មិនមែនទៅគាត់ទេ ប៉ុន្តែយើងប្រើប្រាស់វិធានការអប់រំច្រើនជាងវិធានការច្បាប់»។ លោកបន្ថែមថា៖«ព្រោះបើយើងឱ្យគាត់មួយឆ្នាំគាត់មិនអាចប្ដូរមុខរបរ គ្រាន់តែយើងរៀនអស់២៤ឆ្នាំមិនទាន់មានអាជីពល្អផង ចឹងយើងទុកពេលឱ្យគាត់បីឆ្នាំដើម្បីឱ្យគាត់ប្ដូរមុខរបរ»។
លោក តូ យ៉ាងភ័ណ មន្ត្រីនៃសមាគមជនជាតិវៀតណាមប្រចាំកម្ពុជា មានប្រសាសន៍ថា ជនជាតិវៀតណាមដែលរស់នៅក្រោយវត្តគ្រួសបានស្នើសុំទៅស្ថានទូតវៀតណាមឱ្យស្នើទៅអាជ្ញាធរកម្ពុជាដោយទុករយៈពេល៣ឆ្នាំ ដើម្បីឱ្យពួកគេដែលមានត្រីតូចអាចចិញ្ចឹមឱ្យធំនឹងលក់បាន។
លោកថ្លែងថា ជនជាតិវៀតណាមរស់លើផ្ទះបណ្ដែតទឹកទាំងនោះ មានបណ្ណអន្តោប្រវេសន៍ដែលអនុញ្ញាតឱ្យពួកគេអាចរស់នៅគ្រប់ខេត្តក្រុងក្នុងប្រទេសកម្ពុជា ប៉ុន្តែពុំមានសិទ្ធិ ទិញដីឬផ្ទះឡើយ។
លោកនិយាយថា៖«បីឆ្នាំនេះខាងទូតវៀតណាមស្នើសុំអាជ្ញាធរខ្មែរដើម្បីឱ្យពួកគាត់នៅម្ដុំវត្តគ្រួស ដើម្បីគាត់ចិញ្ចឹមត្រីចិញ្ចឹមអីហើយបានចាកចេញ»។

ដោយឡែកចំពោះជនជាតិវៀតណាមកំពុងរស់នៅឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្ដាល លោក យ៉ាងភ័ណ ថា ជនជាតិវៀតណាមទាំងនោះ នៅតែបន្តរស់លើទឹកដីកម្ពុជា ដោយសារតែអាជ្ញាធរវៀតណាមមិនទាន់អនុញ្ញាតឱ្យចូលឡើយ។ លោកបន្ថែមថា ជនជាតិវៀតណាមទាំងនោះ មិនអាចចូលទៅប្រទេសវៀតណាមដោយខ្លួនឯងបាន ដោយសារតែពុំមានឯកសារផ្លូវច្បាប់ណាមួយ បញ្ជាក់ថាពួកគេជាពលរដ្ឋវៀតណាមឡើយ លុះត្រាតែមានការស្នើសុំពីស្ថានទូតវៀតណាមប្រចាំកម្ពុជា។
លោកនិយាយថា៖ «ព្រោះខ្ញុំធ្វើការនៅទូតវៀតណាម ស្ថានទូតវៀតណាមគេក៏ស្នើសុំឱ្យប្រជាពលរដ្ឋចូលវៀតណាមដែរក៏ប៉ុន្តែខាងរដ្ឋវៀតណាមគេមិនទាន់ឱ្យចូលគេថាកូវីដតែម្ដង មានតែប៉ុណ្ណឹង។ គេមិនចាត់ទុកគាត់ជាពលរដ្ឋវៀតណាមទេ ព្រោះគាត់រស់នៅស្រុកខ្មែរតាំងប៉ុន្មានជំនាន់នោះ ប៉ុន្តែគាត់ជាជនជាតិវៀតណាមមែនតាមយើងមើល»។
នៅពេលដែលធ្វើដំណើរដល់ខាងក្រោយវត្តជេដ្ឋាឧត្តម ហៅវត្តគ្រួស ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ យើងនឹងមើលឃើញផ្ទះបណ្ដែតទឹករបស់ជនជាតិវៀតណាម នៅរាយប៉ាយតាមដងទន្លេ មានទាំងផ្ទះតូច និងផ្ទះធំ។
អ្នកស្រី ថូ ធីវ៉ា ដែលអះអាងថាជាតំណាងជនជាតិវៀតណាមប្រមាណ១០០គ្រួសារ រស់នៅក្រោយវត្តគ្រួស ឱ្យដឹងថា ជនជាតិវៀតណាមដែលរស់នៅទីនេះ ភាគច្រើននៅតែបន្តប្រកបរបរនេសាទត្រី និងចិញ្ចឹមត្រី។
អ្នកស្រី និយាយថា៖«ពិបាកច្រើនណាស់រកត្រីរកអីអត់បានទេ ពិបាកមែនទែន។ [៣ឆ្នាំក្រោយ]ពេលគេដេញចេញអត់ទាន់ដឹងធ្វើអ្វី ចាំតិចទៀតគិតទៀត»។
កំពុងអង្គុយលើទូកត្នោតជាប់ច្រាំងទន្លេ ដោយជុំវិញសុទ្ធតែកំប្លោក បុរសជនជាតិវៀតណាម អាយុ៣៨ឆ្នាំ លោក សុខ ចំរើន និយាយថា លោកទើបតែត្រលប់មកពីបោះដុំកាហ្វេឱ្យភ្ញៀវ។
លោក ចំរើន ប្រាប់ថា លោកបានសម្រេចចិត្តឈប់ចិញ្ចឹមត្រីដោយសារការចំណាយថ្លៃដើមខ្ពស់ ហើយត្រូវអូសបែត្រីចុះឡើងដើម្បីគេចចេញពីទឹកស្អុយដែលបង្ហូរចេញពីរោងចក្រស្រាបៀដោយមានទីតាំងស្ថិតនៅផ្លូវគីឡូលេខ៦ និងគីឡូលេខ៩។
លោកនិយាយថា៖«[ចំណី]ក្បាលមាន់មួយ១៣០០៛ ពោះវៀនមាន់១៤០០៛ ស្បែកកង្កែប៨០០៛ ឥលូវឡើង១០០០៛។ យើងកុងត្រាជាមួយគេ ត្រីយើងស៊ីមិនស៊ីក៏ត្រូវយកដែរ ដល់ទឹកជន់ទឹកនាចនេះ ត្រីអត់ស៊ីក៏យកដែរ»។
លោកបន្តថា ខណៈរដូវវស្សាចូលមកដល់ហើយចាប់ផ្ដើមមានភ្លៀងធ្លាក់ដំបូងៗ ទឹកស្អុយដែលហូរចេញពីរោងចក្របានងើបឡើងមកផ្ទៃទឹកខាងលើ បណ្ដាលឱ្យត្រីក្នុងបែត្រូវងាប់ទាំងអស់។
លោកបន្ថែមថា លោកធ្លាប់ព្យាយាមសណ្ដោងបែត្រីដើម្បីគេចចេញពីទឹកស្អុយទាំងនេះ ប៉ុន្តែពេលខ្លះសណ្ដោងទៅក៏ប៉ះខ្សែទឹកដែលស្អុយបណ្ដាលឱ្យត្រីងាប់ដដែល។
លោកនិយាយថា៖ «ពិបាកណាស់ត្រីខ្ញុំងាប់៣តោនជាងដោយសារទឹកស្អុយសណ្ដោង[បែ]ចេញអត់ទាន់។ កាកសំណល់វារាបនៅបាតទន្លេដល់ភ្លៀងបីបួនមេវាចាប់ផ្ដើមរើឡើងហើយ ស្អុយទឹកពេញទន្លេអស់»។

លោក យ៉ វឹងវិន ជនជាតិវៀតណាមកំពុងរស់នៅលើផ្ទះបណ្ដែតទឹកនៅឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្ដាល និយាយថា លោកបានសម្រេចចិត្តឈប់ចិញ្ចឹមត្រីដោយសារតែពុំមានថវិកាសម្រាប់ទិញចំណីឱ្យត្រីស៊ី។
លោកនិយាយថា៖«រាល់ថ្ងៃមានបាយមានទឹកអីហូបហ្នឹង។ ប្រជាជន[វៀតណាម]គេឱ្យអង្ករហូបរាល់ថ្ងៃ គេអាណិតយើង ដល់គេទិញអង្ករមកគេចែកយើងដែរ ១០គីឡូៗចឹង»។
លោក វឹងវិន អះអាងថា លោកមានបំណងលក់បែចិញ្ចឹមត្រីដើម្បីបានថវិការសម្រាប់ធ្វើទុនប្រកបរបរផ្សេង ប៉ុន្តែអាជ្ញាធរមិនអនុញ្ញាតឱ្យសណ្ដោងបែឡើងគោកដើម្បីលក់ឡើយ។
លោក អ៊ាង សុគុណ មេឃុំក្អមសំណ ទទួលស្គាល់ថា ជនជាតិវៀតណាមដែលរស់នៅក្នុងឃុំក្អមសំណប្រឈមនឹងការខ្វះចំណីឱ្យត្រី ក្រោយផ្លាស់ទីមករស់នៅតំបន់ថ្មី។ លោកបន្តថា ជនជាតិវៀតណាមដែលរស់នៅទីនោះនៅតែស្ថិតក្នុងចំនួនដដែល។
លោក សុគុណ និយាយថា៖ «ចិញ្ចឹមត្រីទៀតបានអីឱ្យស៊ី បើពួកគាត់អត់មាននុយ[ចំណីត្រី]ផង ពួកគាត់មកខុសពីតំបន់ដែលធ្លាប់នៅឱ្យទៅរកនុយនៅណា។ (ដំណោះស្រាយ) ជារឿងរបស់គាត់យើងអត់ដឹងដែរ ព្រោះការចិញ្ចឹមជារឿងអាជីវកម្មរបស់គាត់មិនមែនរឿងអាជ្ញាធរទេ»។
កន្លងមក លោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក ធ្លាប់ប្រាប់សារព័ត៌មានខេមបូចាថា មានជនជាតិវៀតណាមមកពីខេត្តកំពង់ឆ្នាំង ខេត្តពោធិសាត់ ខេត្តកណ្តាល និងរាជធានីភ្នំពេញ ចំនួនជាង១០០គ្រួសារ ដែលមានបែត្រីសរុបចំនួន១១៩ បានបណ្តែតផ្ទះមកសំចតនៅលើទឹកទន្លេក្បែរព្រំដែនវៀតណាម ក្នុងឃុំក្អមសំណ។
លោក ចាប វន្នី ប្រធានមន្ទីរព័ត៌មានខេត្តកណ្ដាល មានប្រសាសន៍ថា ជនជាតិវៀតណាមដែលរស់នៅក្នុងឃុំក្អមសំណ នៅតែបន្តប្រកបរបរចិញ្ចឹមត្រីជាធម្មតា និងមានសមត្ថភាពគ្រប់គ្រាន់អាចចិញ្ចឹមខ្លួនឯង។
លោកបន្ថែមថា មកទល់ពេលនេះ ខាងអាជ្ញាធរវៀតណាមពុំទាន់មានការឆ្លើយតបណាមួយជុំវិញការអនុញ្ញាតឱ្យជនជាតិវៀតណាមទាំងនេះអាចត្រលប់ទៅប្រទេសវៀតណាមបានវិញឡើយ។
លោកនិយាយថា៖«បញ្ហារបស់គាត់ដូចជាមិនធំដំអីឱ្យយើងពិបាកទេ។ការចែកអំណោយអី អភិបាលស្រុក ចុះសួរសុខទុក្ខញឹកញាប់ដែរ ពួកគាត់រស់នៅខ្លួនគាត់បាន ចិញ្ចឹមជីវិតខ្លួនគាត់ អាចមានលទ្ធភាពរកត្រី រកអី ការងារផ្សេងៗរបស់គាត់បាន ពេលយើងទៅជួបគាត់»។
លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលខេត្តកណ្ដាល មានប្រសាសន៍ថា អាជ្ញាធរកំពុងពិនិត្យមើលលទ្ធភាពណែនាំឱ្យជនជាតិវៀតណាមដែលរស់នៅឃុំក្អមសំណតាមដងទន្លេមេគង្គ ឱ្យឡើងលើគោក ឱ្យបានឆាប់។
លោកនិយាយថា៖ «ស្រុកលើកដែកមិនមែនទីតាំងដូចនៅរាជធានីភ្នំពេញទេ ដែលគាត់ស្នាក់នៅយូអង្វែងនោះ ចឹងអាជ្ញាធរខេត្តពុំមានកំណត់ឱ្យមួយឆ្នាំ ពីរឆ្នាំទេ ឡើងឆាប់កាន់តែល្អ ព្រោះវាមិនមែនជាទីតាំងល្អដែលពលរដ្ឋ[ជនជាតិវៀតណាម] គួរស្នាក់នៅបណ្ដោះអាសន្នទេ»។
នាយករដ្ឋបាលខេត្តកណ្ដាលរូបនេះ អះអាងថា ជនជាតិវៀតណាមដែលរស់នៅក្នុងឃុំក្អមសំណ មួយចំនួនធំបានសម្រេចឡើងមករស់នៅលើគោក ហើយនៅតែអ្នកដែលមានត្រីត្រូវចិញ្ចឹមឱ្យធំដើម្បីអាចលក់បានប៉ុណ្ណោះ។

ប្រធានសមាគមវៀតណាមប្រចាំកម្ពុជា លោក ស៊ឹម ជី ធ្លាប់សារព័ត៌មានខេមបូចាថា មានជនជាតិវៀតណាមប្រមាណ១០០០គ្រួសារដែលជម្លៀសចេញពីផ្ទៃទឹកក្នុងរាជធានីភ្នំពេញនោះគឺ១០០គ្រួសារជាប់គាំងនៅព្រំដែនវៀតណាម និងខេត្តកណ្ដាល ខណៈជាង៤០០គ្រួសារឡើងគោកជួលផ្ទះស្នាក់នៅក្នុងរាជធានីភ្នំពេញ និងផ្សេងៗទៀតរស់នៅលើផ្ទៃទឹកក្នុងខេត្តកណ្តាល ក្បែរព្រំប្រទល់រាជធានីភ្នំពេញ។
កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយដោយតម្រូវឱ្យប្រជាពលរដ្ឋដែលរស់នៅលើផ្ទះបណ្តែតទឹក បែចិញ្ចឹមត្រី និងសំណង់មិនរៀបរយតាមដងទន្លេក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ត្រូវរុះរើចេញយ៉ាងយូរមួយសប្តាហ៍តែប៉ុណ្ណោះ។ លុះដល់ថ្ងៃកំណត់ឱសានវាទ ពោលគឺថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ អាជ្ញាធរបានពន្យាពេលឱ្យពលរដ្ឋ៣ថ្ងៃទៀត រហូតដល់ថ្ងៃទី១២ ខែមថុនា ដោយបញ្ជាក់ថា បើប្រជាពលរដ្ឋណាដែលមិនរុះរើនោះទេ អាជ្ញាធរនឹងទៅរុះរើដោយផ្ទាល់ ហើយរាល់ការខូចខាតទ្រព្យសម្បត្តិ មិនទទួលខុសត្រូវនោះទេ។
ប្រភពដដែលឱ្យដឹងទៀតថា ការរស់នៅ និងប្រកបមុខរបរលើផ្ទៃទឹកទន្លេនេះបានធ្វើឱ្យផលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី មានចរន្តទឹកហូរ គោករាក់ ពិសេសការប្រើប្រាស់ចំណីសម្រាប់ចិញ្ចឹមត្រី និងការបញ្ចេញកាកសំណល់ ការបន្ទោបង់ពាសវាលពាសកាលក្នុងទន្លេ ធ្វើឱ្យខូចខាតធ្ងន់ធ្ងរដល់ជីវចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន ប៉ះពាល់សោភ័ណភាពរាជធានីភ្នំពេញ និងព្រមទាំងប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋដែលប្រើប្រាស់ទឹកមិនស្អាតផងដែរ។
ក្នុងពិធីបូកសរុបលទ្ធផលនៃអង្គសន្និបាត របស់ក្រសួងមហាផ្ទៃ ប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ លោក ប៉ោ ភក្ដិ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ ជុំរុញឱ្យធ្វើវិសោធនកម្មច្បាប់ស្ដីពីអន្តោប្រវេសន៍ឆ្នាំ១៩៩៤ ឱ្យបានឆាប់ត្រឹមចុងឆ្នាំ២០២២នេះ ដើម្បីងាយស្រួលក្នុងការអនុវត្តនិងគ្រប់គ្រងជនអន្តោប្រវេសន៍ឆ្លងដែនខុសច្បាប់។
លោក ភក្ដិ បានលើកឡើងទៀតថា នៅតែមានជនបរទេសឆ្លងដែនខុសច្បាប់ចូលមកកម្ពុជាដែលបង្កឱ្យមានផលប៉ះពាល់សណ្ដាប់ធ្នាប់សង្គម។
លោកបន្ថែមថា អាជ្ញាធរវៀតណាមមិនទទួលយកជនអន្តោប្រវេសន៍វៀតណាមដែលមានបំណងចង់ត្រលប់ទៅប្រទេសវៀតណាមវិញឡើយ។
អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃរូបនេះ ឱ្យដឹងទៀតថា ការបន្លាស់ទីពីផ្ទះបណ្ដែតទឹកមកលើគោកនៅខេត្តកំពង់ឆ្នាំងកន្លងមក ពុំបានអនុវត្តត្រឹមត្រូវតាមការកំណត់របស់ក្រសួងឡើយ។
លោកបន្តថា បញ្ហាប្រឈមក្នុងការគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍ នោះគឺជនបរទេសអន្តោប្រវេសន៍ចំនួន ៩ ៩២៤នាក់ មិនបានសូមបណ្ណស្នាក់នៅថ្មី ឬសូមបន្តរយៈពេលប្រើប្រាស់ និងជនបរទេសអន្តោប្រវេសន៍គ្រប់អាយុ១៨ឆ្នាំមួយចំនួនមិនបានមកសូមប័ណ្ណស្នាក់នៅតាមច្បាប់កំណត់។ ជាមួយគ្នានេះ ម្ចាស់គ្រិះស្ថានមិនបានសហការក្នុងការផ្ដល់ដំណឹងដល់អាជ្ញាធរថាមានជនអន្តោប្រវេសន៍កំពុងស្នាក់នៅឡើយ។
លោកបន្ថែមថា ក្នុងឆ្នាំ២០២១ កន្លងទៅអាជ្ញាធរកម្ពុជាបង្ក្រាបបានករណីលួចឆ្លងដែនខុសច្បាប់ចំនួន៦៦៧លើក ឃាត់ខ្លួនមនុស្ស ៤ ៣៣៣នាក់ ដែលមាន៨សញ្ជាតិ ក្នុងនោះធ្វើការបណ្ដេញចេញតាមច្រកទ្វាព្រំដែនចំនួន៣៧៩៤នាក់ ខណៈផ្សេងទៀតបញ្ចូនទៅពន្ធនាគារ និងខ្លះដាក់ឱ្យស្នាក់នៅបណ្ដោះអាសន្នដើម្បីត្រៀមបណ្ដេញចេញ៕