ប្រជាពលរដ្ឋវៀតណាមប្រមាណ១០០គ្រួសារដែលអាជ្ញាធរកម្ពុជាតម្រូវឱ្យចាកចេញពីផ្ទៃទឹកក្នុងរាជធានីភ្នំពេញអះអាងថា ពួកគេកំពុងជួបការលំបាកវេទនារស់នៅលើផ្ទៃទន្លេក្នុងទឹកដីកម្ពុជាត្រង់ចណុចមួយក្នុងឃុំក្អមសំណ ខេត្តកណ្តាល ខណៈអាជ្ញាធរវៀតណាមមិនព្រមបើកព្រំដែនទទួលយកពួកគេ។
លោក មីញ យ៉ាងកៃ ថ្លែងថា ក្នុងរយៈពេល៦ខែដែលលោកចាកចេញពីរាជធានីភ្នំពេញ ហើយត្រូវជាប់គាំងនៅក្នុងខេត្តកណ្តាលជាប់ព្រំដែនវៀតណាមនេះគឺលោកជួបការលំបាកខ្លាំងព្រោះមិនអាចប្រកបរបររកចំណូលអ្វីបាន ហើយម្យ៉ាងទៀតមួយរយៈចុងក្រោយនេះខ្យល់ខ្លាំងបោកបក់ផ្ទះទឹកធ្វើឱ្យពួកគាត់កាន់តែវេទនា។
លោក យ៉ាងកៃ ថ្លែងថា លោកទន្ទឹងរង់ចាំរដ្ឋាភិបាលវៀតណាមទទួលលោកឱ្យទៅរស់នៅក្នុងប្រទេសជាទឹកដីដូនតារបស់លោកវិញ ប៉ុន្តែនៅមិនទាន់មានការឆ្លើយតបនោះទេ។
លោក យ៉ាងកៃ៖ «ខ្ញុំសុំទៅវៀតណាមតែម្តង។ វៀតណាមគេមិនទាន់ឱ្យទៅ គេថា ចាំគិតមើល ហើយចាំប្រាប់ឱ្យយើងដឹង នៅដល់៦ខែហើយមិនទាន់ឮដំណឹងអីទេឥឡូវ»។
ពលរដ្ឋវៀតណាមម្នាក់ទៀតដែលកំពុងរស់នៅលើផ្ទះទឹកនៅក្អមសំណលោក វ៉ វឹងវិន និយាយថា បច្ចុប្បន្នដោយសារតែទឹកហូរខ្លាំង និងមានខ្យល់ផង បូករួមទាំងមិនអាចរកចំណូលបានកាន់តែវេទនា។
លោកវឹងវិន៖ «រកស៊ីអត់បានទៀត បងឯងគិតទៅ ហើយអត់មានលុយទិញអីវ៉ាន់ ទិញម្ហូបហូបផងរាល់ថ្ងៃនេះ។ អត់មានធ្វើការអីចូលលុយទេបងអើយបង វេទនាខ្លាំងណាស់បងអើយ»។
ពលរដ្ឋវៀតណាមទាំងនេះ ដែលនិយាយភាសាខ្មែរមិនសូវច្បាស់បែបប៉ៃឡាំៗថ្លែងថា ពួកគាត់បច្ចុប្បន្នទទួលបានការឧត្ថម្ភអង្ករពីសមាគមវៀតណាមខ្លះៗបន្តរស់ទាំងលំបាករង់ចាំដំណោះស្រាយពីខាងភាគីកម្ពុជា និងវៀតណាម។
រហូតដល់មកដល់ចុងឆ្នាំ២០២១នេះ ទាំងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាមមិនទាន់បង្ហាញជំហរណាមួយក្នុងការដោះស្រាយករណីជនជាតិវៀតណាមទាំងនេះនៅឡើយទេ។
អភិបាលស្រុកលើកដែក លោក ចាប ច័ន្ទវិទ្យា ទទួលស្គាល់ថា ស្ថានភាពពលរដ្ឋវៀតណាម ដែលកំពុងជាប់នៅក្នុងឃុំក្អមសំណនេះពិតជាមានការលំបាកដូចការលើកឡើងរបស់អ្នកទាំងនោះមែន។ លោកឱ្យដឹងថា ចំពោះត្រីដែលពលរដ្ឋវៀតណាមទាំងនោះចិញ្ចឹមក៏លក់មិនសូវ ដាច់ ហើយមិនសូវបានថ្លៃដែរព្រោះនៅទីនោះជាតំបន់សំបូរត្រីមិនដូចកាលនៅភ្នំពេញនោះទេ។
លោក ច័ន្ទវិទ្យា ថ្លែងបន្តថា ពលរដ្ឋវៀតណាមទាំងនោះក៏តែងតែស្នើឱ្យលោកជួយអន្តរាគមន៍ដើម្បីពន្លឿនឱ្យឆាប់បានទៅវៀតណាមដែរ ប៉ុន្តែលោកថា ការស្នើនេះហួសពីសមត្ថភាពរបស់លោកជាភិបាលស្រុក។
លោក ច័ន្ទវិទ្យា មានប្រសាសន៍ថា៖ «យើងអត់មានសិទ្ធិអំណាចណាត្រូវអន្តរាគមន៍កើតទេ សំខាន់ខាងភាគីវៀតណាមទេ។ ក្នុងនាមអាជ្ញាធររបស់យើងគ្រាន់តែ រក្សាសន្តិសុខឱ្យគាត់ ហើយចាក់វ៉ាក់សាំងឱ្យគាត់ ដែលបានចាក់ដល់ដូសទី៣ទាំងអស់គ្នាហើយ»។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក កុយ គួង មិនឆ្លើយសំនួរលើបញ្ហាជនជាតិវៀតណាមទាំងនេះទេ ព្រោះថាមិនមែនជាភារកិច្ចរបស់ក្រសួងការបរទេស ដោយលោកបង្វែរឱ្យសួរទៅខាងក្រសួងមហាផ្ទៃវិញ។
ខេមបូចាមិនអាចសុំការឆ្លើយតបតាមទូរស័ព្ទពីអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃលោក កែវ វណ្ណថន បានទេ ដោយលោកទូរស័ព្ទហើយប្រាប់ថាជាប់រវល់។ ប៉ុន្តែលោកបានឆ្លើយសំណួរតាមតេឡេក្រាម នៅពេលក្រុមការងារខេមបូចាផ្ញើទៅ។ តែយ៉ាងណាក៏ដោយ លោកមិនបានឆ្លើយនូវសំណួរពាក់ព័ន្ធនឹងស្ថានភាពពលរដ្ឋវៀតណាមដែលជម្លៀសចេញពីភ្នំពេញនោះទេ គឺគ្រាន់តែប្រាប់ពីដំណើរការនីតិវិធីច្បាប់លើជនអន្តោប្រវេសន៍នៅកម្ពុជាប៉ុណ្ណោះ។
លោក កែវ វណ្ណថន មានប្រសាសន៍ថា៖ «កន្លងមក អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើជំរឿន និងបានធ្វើការដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីពីជនបរទេស»។
ខេមបូចា ព្យាយាមសាកសួរទៅស្ថានទូតវៀតណាមប្រចាំកម្ពុជាទាំងតាមទូរស័ព្ទ តាមអ៊ីម៉ែល និងតាមផេកហ្វេសប៊ុកប៉ុន្តែមិនមានការឆ្លើយតបនោះទេ។
ប្រធានសមាគមវៀតណាមប្រចាំកម្ពុជា លោក ស៊ឹម ជី មានប្រសាសន៍ថា ពលរដ្ឋវៀតណាមដែលកំពុងជាប់គាំងនៅចំណុចក្អមសំណនោះ មិនមានឯកសារបញ្ជាក់ថា ជាពលរដ្ឋវៀតណាមនោះទេ។
លោក ស៊ឹម ជី មានប្រសាសន៍ថា៖ «អត់ចាប់បញ្ជូនគាត់ទៅវៀតណាមទេ បើគាត់អត់មានឯកសារអីបញ្ជាក់ជាជនជាតិវៀតណាមផងហ្នឹង។ គាត់រស់នៅកម្ពុជាច្រើនជំនាន់ហើយ»។
នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ សាលារាជធានីភ្នំពេញ បានចេញលិខិតមួយដោយតម្រូវឱ្យអ្នករស់នៅលើទឹកជាង១ ០០០គ្រួសារភាគច្រើនជាជនជាតិវៀតណាមរើចេញក្នុងពេល១សប្តាហ៍។
បើតាមលោក ស៊ឹម ជី ជនជាតិវៀតណាមប្រមាណ១ ០០០គ្រួសារដែលជម្លៀសចេញពីផ្ទៃទឹកក្នុងរាជធានីភ្នំពេញនោះគឺ១០០គ្រួសារជាប់គាំងនៅព្រំដែន ជាង៤០០គ្រួសារឡើងគោកជួលដី ជួលផ្ទះស្នាក់នៅក្នុងរាជធានីភ្នំពេញ និងផ្សេងៗទៀតរស់នៅលើផ្ទៃទឹកក្នុងខេត្តកណ្តាល ក្បែរព្រំប្រទល់រាជធានីភ្នំពេញ។
កាលពីខែមិថុនា ឆ្នាំ២០២១ ក្រោយពេលអាជ្ញាធររាជធានីភ្នំពេញប្រកាសវិធានតម្រូវឱ្យអ្នករស់នៅលើទឹកចាកចេញដើម្បីរៀបចំសណ្តាប់ធ្នាប់ និងបរិស្ថាននោះ លោក Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា បានធ្វើដំណើរតាមទូកដើម្បីសាកសួរសុខទុក្ខពលរដ្ឋវៀតណាមដែលត្រូវជម្លៀសចេញ។ លោកបានសរសេរសារលើហ្វេសប៊ុកផ្ទាល់ខ្លួនរិះគន់ចំពោះចំណាត់ការសាលារាជធានីភ្នំពេញថា ធ្វើលឿនពេកនាំឱ្យប៉ះពាល់ដល់អ្នករស់នៅលើទឹក។
ជាការកត់សម្គាល់ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីវៀតណាមលោក Nguyen Xuan Phuc នៅកម្ពុជានៅថ្ងៃទី២០ និង២១ខែធ្នូនេះ មិនបានផ្តាំផ្ញើឱ្យកម្ពុជាយកចិត្តទុកដាក់លើពលរដ្ឋវៀតណាមដូចមុនៗទេ។ ប៉ុន្តែតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម vnexpress គឺនៅក្នុងកិច្ចប្រជុំមួយនៅក្នុងស្ថានទូតវៀតណាមក្នុងរាជធានីភ្នំពេញគឺលោក Nguyen Xuan Phuc បានប្តេជ្ញាសម្របសម្រួលឱ្យពលរដ្ឋវៀតណាមដែលជម្លៀសចេញពីផ្ទៃទឹកទាំងនោះក្លាយជាពលរដ្ឋរស់នៅកម្ពុជាស្របច្បាប់។
នៅក្នុងកិច្ចប្រជុំដែលមានតំណាងស្ថានទូតវៀតណាម អ្នកជំនួញ និងសមាគមន៍វៀតណាមប្រចាំកម្ពុជានេះ លោក Nguyen Xuan Phuc លើកឡើងថា នៅកម្ពុជាគ្មានសហគមន៍ណាដែលលំបាកវេទនាជាងសហគមន៍វៀតណាមនោះទេ។ លោកលើកឡើងបែបនេះដោយសំអាងថា ពលរដ្ឋវៀតណាមដែលកើតនៅកម្ពុជាមិនមានឯកសារសម្គាល់ផ្លូវច្បាប់អ្វីច្បាស់លាស់ទេ។
លោក Nguyen Xuan Phuc មានប្រសាសន៍ថា ៖ «មិនមានឯកសារផ្លូវច្បាប់ច្បាស់លាស់។ ពួកគេភាគច្រើនមិនមានឯកសារបញ្ជាក់អត្តសញ្ញាណដូចជាអត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែននោះទេ»។
របាយការណ៍អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃបង្ហាញថា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២០ នៅកម្ពុជាមានជនបរទេសជាង១១ម៉ឺននាក់ក្នុងនោះជិត៧ម៉ឺននាក់ជាជនជាតិវៀតណាម។
លោក សឹង សែនករុណា មន្ត្រីជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក យល់ឃើញ ថា ចំណាត់ការកន្លងទៅទាំងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម ហាក់ដូចជាមាន ភាពខ្វះចន្លោះក្នុងការគិតដល់សិទ្ធិពលរដ្ឋវៀតណាមទាំងនេះ។ លោកបន្តថា ក្នុងដំណាក់ការនេះ ពេលដែលពលរដ្ឋទៅដល់ព្រំដែនហើយរដ្ឋាភិបាលវៀតណាមត្រូវចេញមុខដោះស្រាយមិនត្រូវទម្លាក់បន្ទុកនេះឱ្យរដ្ឋាភិបាលកម្ពុជាទៀតទេ។
ទោះយ៉ាងណាលោក សែនករុណា នៅតែជំរុញឱ្យភាគីកម្ពុជានិងវៀតណាម សហការគ្នាដោះស្រាយបញ្ហានេះឱ្យបានឆាប់។
លោក សែនករុណា បន្ថែមថា៖ «គម្បីមានការពិនិត្យ និងជជែកគ្នាឡើងវិញរវាងរដ្ឋាភិបាលទាំង២ ដើម្បីរកដំណោះស្រាយជូនពួកគាត់ មិនគួរណាឱ្យគាត់នៅមានភាពតែលតោលអត់មានភាពប្រាកដប្រជាចំពោះវាសនារបស់ពួកគាត់ចឹងទេ»៕