សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អតីតអ្នកជាប់ឃុំត្អូញត្អែរករណីពន្ធនាគារណែនចង្អៀត ខណៈអាជ្ញាធរថាខ្លួនកំពុងកែលម្អលើបញ្ហានេះ

ច្រកចូលពន្ធនាគារខេត្តសៀមរាប ថតកាលពីខែសីហា ឆ្នាំ ២០២១។នង ម៉ៃចរីយា
ច្រកចូលពន្ធនាគារខេត្តសៀមរាប ថតកាលពីខែសីហា ឆ្នាំ ២០២១។នង ម៉ៃចរីយា

អតីតអ្នកជាប់ឃុំបានលើកឡើងថាពន្ធនាគារក្នុងប្រទេសកម្ពុជានៅតែណែនចង្អៀត ខណៈដែលសង្គមស៊ីវិលទទូចឲ្យរដ្ឋាភិបាលដោះស្រាយសំណុំរឿងដែលកកស្ទះឲ្យបានឆាប់រហ័ស ព្រមទាំងអនុញ្ញាតអ្នកដែលមានទោសស្រាល ឬជិតផុតទោសឲ្យអនុវត្តនៅក្រៅពន្ធនាគារ។

យុវជន គា សុគន្ធ ជាតារាចម្រៀងរ៉េប ដែលបានជាប់ពន្ធនាគារនៅខេត្តសៀមរាបរយៈពេល១ឆ្នាំ ហើយទើបដោះលែងកាលពីខែកញ្ញាបន្ទាប់ពីអនុវត្តទោសរួច បាននិយាយថាលោកមានការលំបាកនៅពេលដែលរស់នៅក្នុងបន្ទប់ពន្ធនាគារតូចចង្អៀត។ លោកថា នៅក្នុងបន្ទប់ឃុំឃាំងទំហំ៤ម៉ែត្រគុណ៤ម៉ែត្ររបស់លោកមានអ្នកទោសចន្លោះពី២០ ទៅ៣០នាក់។

លោក សុគន្ធ និយាយថា៖ «[យើង]ដេកតម្រៀបជួរ ដេកកៀកៗគ្នារហូត និយាយទៅវាចង្អៀតដែរ និយាយឲ្យត្រង់វាចង្អៀត [ ] វាពិបាកបន្តិចបន្តួចពេលខ្លះគេដេកជិតយើង គាត់កំពុងតែដេក យើងប្រែខ្លួនលក្ខណៈថ្នមៗ អត់ចង់ឲ្យខ្លាំងដូចយើងដេកសព្វដង(នៅផ្ទះ) និយាយទៅយល់ចិត្តគ្នាទៅវិញទៅមក»។

យុវជន សុគន្ធ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីខែកញ្ញាឆ្នាំ២០២០ ហើយតុលាការសម្រេចចោទពីបទ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍»  ដោយមានបណ្តឹងពីប្រសួងវប្បធម៌ និង​វិចិត្រសិល្បះពាក់ព័ន្ធចម្រៀងរ៉េបចំនួន៣បទគឺបទ ដីខ្មែរ បទសាសន៍កំសត់ និងបទទឹកភ្នែករាស្ត្រ  ។

សាលាដំបូងខេត្តសៀមរាបនៅថ្ងៃទី២២ខែធ្នូឆ្នាំ២០២០ បានសម្រេចផ្តន្ទាទោស សុគន្ធឱ្យជាប់ពន្ធនាគាររយៈពេល១៨ខែ  ដែលត្រូវអនុវត្តទោស១២ខែ និងព្យួររយៈពេល៦ខែ។​

សុគន្ធបានបន្តថា នៅពេលដែលលោកនៅក្នុងបន្ទប់ពន្ធនាគារតូចចង្អៀត កង្វះអនាម័យ និងកង្វះទឹកស្អាត បានធ្វើឲ្យលោកនិងអ្នកទោសផ្សេងទៀតកើតរមាស់។ លោកថានៅពេលដែលងូតទឹកម្តងៗ លោកត្រូវអង្គុយព្រោះខ្លាចសាចទឹកមក្រៅ។

សុគន្ធ បានបន្ថែមថា៖ «នៅពេលដែលរម៉ាស់គេងមិនបានគ្រប់គ្រាន់ទេ វាពិបាកនៅក្នុងខ្លួន [ ] អត់ដឹងដែរនិយាយទៅវាទាក់ទងនិងបញ្ហារឿងទឹក ឬកន្លែងរស់នៅលក្ខណៈថានៅជាមួយគ្នាច្រើន អញ្ចឹងវាមានជំងឺដូចមេរោគផ្សេងៗ»។

ស្ត្រីម្នាក់​រស់នៅខេត្ត​សៀមរាប សុំមិនបញ្ចេញ​ឈ្មោះដោយបារម្ភពីសុវត្ថិភាព ដែល​ប្តីអ្នកស្រីបានជាប់ឃុំ​កាលពីខែវិច្ឆិកា ឆ្នាំ២០២០ នៅ​ពន្ធនាគារ​​ខេត្ត​​សៀមរាប ហើយបានស្លាប់​ក្នុងពន្ធនាគារក្រោយ​ជាប់ពន្ធនាគារបាន៩ខែ បាន​ឲ្យ​ដឹងថា ប្តីអ្នក​ស្រី​ត្រូវបាន​​គេប្រាប់ថា​​ស្លាប់​ដោយសារ​​គាំងបេះដូង។ អ្នកស្រីបាននិយាយថា ប្តីអ្នកស្រីធ្លាប់ត្រូវបានគេវាយនៅពេលជាប់ពន្ធនាគារនៅពេលដែលគាត់បញ្ជូនទៅឃុំបានពីរ ទៅបីថ្ងៃ។

អ្នក​ស្រីថ្លែងថា៖ «ពេលនោះគាត់​ទើបតែចូលបាន២ថ្ងៃក៏វង្វេងមិនស្គាល់អ្វីទៅហើយ សូម្បី​ក្រដាសប្រាក់​ ៥០០[រៀល]ខ្មែរ ក៏​មិនស្គាល់ផង ខ្ញុំរន្ធត់ចិត្តណាស់​»។

លោក ភាន ឆវ័ន្ត ប្រធានពន្ធនាគារខេត្តសៀមរាប បានមានប្រសាសន៍ថាអ្នកទោសមួយចំនួនមានការប៉ះទង្គិចគ្នានៅក្នុងឃុំ ប៉ុន្តែមិនមានបញ្ហាអ្វីធ្ងន់ធ្ងរនោះទេ។ លោកថា មន្ត្រីពន្ធនាគារបានធ្វើការបណ្តុះបណ្តាលវិជ្ជាជីវៈដល់ទណ្ឌិតជាបន្តបន្ទាប់ ដើម្បីឲ្យពួកគេអាចកែប្រែខ្លួនឡើងវិញ ប៉ុន្តែបានផ្អាកមួយរយៈសិនដោយសារបញ្ហាកូវីដ១៩។

លោកថ្លែង​ថា៖ «ការរស់នៅរបស់អ្នកជាប់ឃុំ ជាទូទៅរឿងការប៉ះពាល់គ្នាជារឿងជៀសមិនផុតទេ ប៉ុន្តែគ្រាន់តែថា​មិនមាន​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរទេ »។

ទាក់ទិននឹងបញ្ហាកកស្ទះសំណុំរឿង និងករណីពន្ធនាគារណែនចង្អៀត លោ ឆវ័ន្ត បានលើកឡើងថា លោកនិងអាជ្ញាធរថ្នាក់ជាតិកំពុងដោះស្រាយបញ្ហានេះ។ លោកថា អ្នកទោស​នៅខេត្ត​សៀមរាបមួយចំនួន ត្រូវ​បាន​បញ្ជូនទៅឃុំទៅកន្លែងផ្សេងៗទៀត ដូចជាពោធិ៍សាត់ និង​ភ្នំពេញ ។

លោកមានប្រសាសន៍ថា ៖ «បន្ទាប់ពីមានការជួយដោះស្រាយការ​កកស្ទះ​សំណុំរឿង ​ពីថ្នាក់លើ​មក និងការបញ្ជូន​អ្នកទោស​ទៅទីកន្លែង​ផ្សេងៗ​ទៀត ពន្ធនាគារនៅខេត្តសៀមរាបបច្ចុប្បន្ន មិនមានបញ្ហាទេ»។

របាយការណ៍ក្រសួងយុត្តិធម៌ក្នុងខែមិថុនា ឆ្នាំ២០២១ ស្តីពីការបូកលទ្ធផលរយៈពេល ៣៩៥ថ្ងៃ គិតពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ដល់​ថ្ងៃទី១៧ ខែមិថុនា ​ឆ្នាំ២០២១ បង្ហាញថា​ សំណុំរឿងព្រហ្មទណ្ឌដែលកកស្ទះទូទាំងប្រទេស មានចំនួន ៣៧.៨៦០ ករណី​ត្រូវបាន​ដោះស្រាយ ដែល​​ស្មើនឹង ៩៦ភាគរយ​។ របាយការណ៍បង្ហាញថា​ សំណុំរឿងព្រហ្មទណ្ឌចូលថ្មី​ចំនួន ៦២.៥៣៧ ករណី ស្មើនឹង៧៨ភាគរយក៏ត្រូវបាន​ដោះស្រាយ​ផង​ដែរ។

លោក នុត សវនា អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ បានមានបានមានប្រសាសន៍ថា អ្នកទោសនៅពន្ធនាគារ សរុបជិត ៤០.០០០នាក់នៅ​ទូទាំងប្រទេស ហើយ​បញ្ហាខ្វះខាតមួយចំនួនតែងតែកើតមាន។

លោកថ្លែង​ថា ៖ «រឿងនេះទាមទារឲ្យ​មាន​គោលនយោបាយថ្នាក់ជាតិគ្របដណ្តប់លើវិស័យកែប្រែ ឲ្យ​ស៊ីជម្រៅជាងនេះ​ វាមិនមែនជារឿងងាយស្រួលទេ ហើយ​​ទាមទារឲ្យ​ស្ថាប័ន បណ្តុះបណ្តាលវិជ្ជាជីវៈ ដូចជាក្រសួងការងារ ក្រសួងអប់រំ ក្រសួងសង្គមកិច្ច ​​ចូលរួមកិច្ចការនេះ។ យើងធ្វើតែឯងមន្ត្រីខ្ញុំគ្មានលទ្ធភាពទេ»។

លោកបន្ថែមថា ខាងពន្ធនាគារ​បានសហការ​ជាមួយ​ក្រសួងយុត្តិធម៌​ ដើម្បីពន្លឿន​សំណុំរឿង​ដែលកកស្ទះ​ដើម្បីកាត់បន្ថយ​អ្នកជាប់ឃុំក្នុងពន្ធនាគារ ដោយអនុញ្ញាតអ្នកដែលមានទោសស្រាល ឬជិតផុតទោស ឲ្យអនុវត្តនៅក្រៅពន្ធនាគារ។

លោកថ្លែងថា​៖ «ឥឡូវនេះ យើងអនុវត្តការដាក់ទោសនៅក្រៅឃុំដែលមានលក្ខខណ្ឌ។ ​យើងពិនិត្យមើល​ទីតាំងណា​ដែលវា​ចង្អៀត​ណែន គឺយើងសិក្សាចំនួន ហើយ​សិក្សាសំណុំរឿងរបស់ជនជាប់ឃុំនីមួយៗ ហើយដាក់ជូនក្រសួងយុត្តិធម៌ ប៉ុន្តែ​យើង​ទាមទារ​ពេលវេលាព្រោះវាជារឿងថ្មី»។

សេចក្តីថ្លែងការណ៍រួម​រវាងអង្គការលើកលែងទោសអន្តរជាតិ និងអង្គការលីកាដូ ចេញកាលពីខែធ្នូ ឆ្នាំ២០២០ បានទទូច​ឲ្យរដ្ឋាភិបាលកម្ពុជា​ចាត់វិធានការឲ្យបានឆាប់រហ័ស ការពារសិទ្ធិ​ទទួលបាន​សេវាសុខភាពរបស់អ្នកជាប់ឃុំ និងការពិចារណា​ជាបន្ទាន់​លើការដោះលែង​អ្នកជាប់ឃុំ​ដែលប្រឈម​នឹងហានិភ័យខ្ពស់​ក្នុងការឆ្លងវីរុសកូវីដ១៩ ដូចជា មនុស្សចាស់ អ្នកដែលមានបញ្ហាសុខភាពធ្ងន់ធ្ងរ និងស្ត្រីមានផ្ទៃពោះ។

សេចក្តីថ្លែងការណ៍ក៏ស្នើឲ្យមានការ​ពិចារណាដោះលែងបណ្តោះអាសន្ន ឬមានលក្ខខណ្ឌចំពោះអ្នកជាប់ឃុំរង់ចាំសវនាការ អ្នកប្រពឹ្រត្ត​បទល្មើសស្រាល ឬអ្នកបានអនុវត្តទោសជិតចប់ ក៏ដូចជាស្តី្រជាប់ពន្ធនាគារដែលមានកូនតូចនៅជាមួយ និងអ្នកជាប់ឃុំ​ក្រោម១៨ឆ្នាំជាដើម។

នាយករង​ទទួល​បន្ទុក​ផ្នែកឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត បានមានប្រសាសន៍ថា ពន្ធនាគារនៅទូទាំងខេត្តក្រុងមានការចង្អៀតណែនលើសចំណុះ។

លោកថ្លែងថា៖ «ទណ្ឌិតមានការប៉ះពាល់ដល់ជំងឺថប់អារម្មណ៍ធ្វើឲ្យ​សម្ពាធឈាមឡើងខ្ពស់ និងប៉ះពាល់ដល់ចង្វាក់ដង្ហើមបេះដូង ហើយងាយឆ្លងជំងឺផ្សេងៗតគ្នា ដោយសារការចង្អៀតលើសលប់ បន្ទប់នីមួយៗមានការចង្អៀតណែន បង្កឲ្យ​កន្លែងខ្លះគឺអ្នកទោស​ត្រូវ​ផ្លាស់ប្តូរវេនគ្នា​សម្រាក »។

លោក​ ស៊ឹង សែនករុណា អ្នកនាំពាក្យ​​សមា​គម​​ការពារ​​សិទ្ធិ​​មនុស្ស​អាដហុក បាន​ឲ្យ​ដឹង​ថា ទោះបីមាន​ផ្តល់​អនុសាសន៍​ពីអង្គកា​រ​សហប្រជាជាតិ និងសង្គមស៊ីវិល ប៉ុន្តែការអនុវត្តនៅតែដដែលមិនមានការផ្លាស់ប្តូរទេ​ ក្រៅពីការពន្លឿន​របស់ក្រសួងយុត្តិធម៌​នៃសំណុំរឿងកកស្ទះ។

លោកថ្លែងថា៖ «ពន្ធនាគារមានការចង្អៀតណែន ធ្វើឲ្យ​បញ្ហាសុខភាព ដូច្នេះ​​បើបញ្ហាហ្នឹងនៅតែបន្តកើតមានឡើង គឺការធានា​លើសិទ្ធិរស់រានរបស់គាត់ ការ​ធានាលើសិទ្ធិមានសុខភាពល្អ ​ការទទួលទានអាហារ​គឺជាបញ្ហា»។ ដោយលោកទទូចឲ្យ​មាន​ការត្រួតពិនិត្យ​​​លើបញ្ហារស់នៅ ពង្រីកពន្ធនាគារ និងពិនិត្យលើការអនុវត្តទោសចំពោះ​អ្នកដែលបានកែប្រែខ្លួនល្អ ឬជិត​អនុវត្តទោស​រួចគួរតែមានអនុវត្តទោសក្រៅឃុំដោយ​រស់នៅតាមសហគមន៍៕

378 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម