សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សកម្មជនការពារបរិស្ថាននៅខេត្តរតនគិរីត្រូវបានឃុំខ្លួននៅពន្ធនាគារពីបទឈូសឆាយដីព្រៃ

លោក ឆន ផល្លា ជាសកម្មជនការពារបរិស្ថានដែលត្រូវបានឃុំខ្លួនបណ្តោះអាសន្នកាលពីថ្ងៃចន្ទ។ លោកថ្លែងនៅក្នុងសន្និសីទសារព័ត៌មានអំពីបណ្តឹងនិងបញ្ហាប្រឈមរបស់លោក នៅរាជធានីភ្នំពេញកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០។ ខេមបូចា/ បញ្ញា ឆព័ណ្ណ
លោក ឆន ផល្លា ជាសកម្មជនការពារបរិស្ថានដែលត្រូវបានឃុំខ្លួនបណ្តោះអាសន្នកាលពីថ្ងៃចន្ទ។ លោកថ្លែងនៅក្នុងសន្និសីទសារព័ត៌មានអំពីបណ្តឹងនិងបញ្ហាប្រឈមរបស់លោក នៅរាជធានីភ្នំពេញកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

សកម្មជនការពារបរិស្ថាន លោក ឆន ផល្លា ត្រូវបានចាប់ខ្លួននិងឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តរតនគិរីកាលពីថ្ងៃចន្ទ ក្រោមការចោទប្រកាន់ពីបទឈូសឆាយដីព្រៃរបស់រដ្ឋតាំងពីឆ្នាំ២០២០។ លោក ផល្លា បានវិលត្រឡប់មកខេត្តវិញកាលពីខែកុម្ភៈ បន្ទាប់ពីតាមចោទប្រកាន់ថា លោករងការវាយប្រហារនិងវាយដំនៅឯវេទិកាសាធារណៈមួយកាលពីខែកក្កដាឆ្នាំមុន។

លោក កែវ ពិសិដ្ឋ អ្នកនាំពាក្យសាលាដំបូងខេត្តរតនគិរីបានបញ្ជាក់ថា ចៅក្រមស៊ើបសួរ ឈុន ច័ន្ទសីហា បានបង្គាប់ឲ្យបញ្ជូនលោក ផល្លា ទៅឃុំខ្លួនបណ្តោះអាសន្ន។

លោកបានមានប្រសាសន៍ថា៖ «ឥឡូវនេះ គាត់ត្រូវបានបញ្ជូនទៅពន្ធនាគារក្រោមការចោទប្រកាន់ពីបទទន្ទ្រានយកដីព្រៃរបស់រដ្ឋដោយខុសច្បាប់»។

លោក ញ៉ែម សំអឿន អភិបាលរងខេត្តនិងជាអ្នកនាំពាក្យខេត្តរនគិរី បានមានប្រសាសន៍ថា ការចាប់ខ្លួនសកម្មជនរូបនេះ ធ្វើឡើងតាមដីកាចាប់ខ្លួនដែលពាក់ព័ន្ធនឹងការរានដីព្រៃរបស់រដ្ឋនៅក្នុងស្រុកលំផាត់ក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០។ លោកបានប្រាប់ខេមបូចាថា ពាក្យបណ្តឹងនេះត្រូវបានប្តឹងដោយអ្នកភូមិនិងមន្ត្រីបរិស្ថាន។

សកម្មជនការពារបរិស្ថានអាយុ៤២ឆ្នាំរូបនេះបានចាកចេញពីភូមិសមុទ្រក្រោមក្នុងឃុំសេដាជាមួយគ្រួសាររបស់លោកកាលពីខែកក្កដាឆ្នាំមុន បន្ទាប់ពីតាមចោទថា លោកត្រូវបានគេវាយដំនៅក្នុងវេទិកាសាធារណៈ បន្ទាប់ពីលោកចោទប្រកាន់អាជ្ញាធរមូលដ្ឋានថា បានឃុបឃិតគ្នារានដីនិងលក់ដីព្រៃសហគមន៍កាលពីឆ្នាំ២០១៧ ។ លោក ផល្លា និងគ្រួសាររបស់លោកបានវិលត្រឡប់មកភូមិវិញកាលពីខែកុម្ភៈឆ្នាំនេះ បន្ទាប់ពីស្នាក់នៅទីក្រុងភ្នំពេញអស់រយៈពេល៧ខែ។

អ្នកស្រី ខាំ សាឡុង អាយុ៣៧ឆ្នាំជាភរិយារបស់លោក ផល្លា និងជាជនជាតិដើមភាគតិចទំពួនបានប្រាប់ខេមបូចាកាលពីថ្ងៃចន្ទថា ប្តីរបស់អ្នកស្រីគ្មានកំហុសដូចការ ចោទប្រកាន់ឡើយ។

អ្នកស្រីបាននិយាយថា៖ «គាត់មិនបានធ្វើអ្វីខុសទាក់ទងនឹងការទន្ទ្រានលើដីរដ្ឋនោះទេ»។ អ្នកស្រីបានបន្ថែមថា ទាំងអ្នកស្រីនិងស្វាមីបាននិងដាំដុះលើដីប្រហែល៩ហិកតា ដែលពួកគាត់បានទទួលពីឱពុកម្តាយ។

អ្នកស្រី សាឡុង បានបន្តថា សន្តិសុខម្នាក់ប្រាប់លោក ផល្លា ឲ្យទៅប៉ុស្តិ៍នគរបាលឃុំ ដើម្បីកែអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់គាត់សម្រាប់ការបោះឆ្នោតឃុំសង្កាត់នាពេលខាងមុខនេះ។ ពេលទៅដល់ គាត់ត្រូវបាននាំទៅអធិការដ្ឋាននគរបាលស្រុកនៅម៉ោងប្រហែល១០ព្រឹក។

អ្នកស្រីបាននិយាយថា៖ «វាអយុត្តិធម៌ ពីព្រោះពួកគេមកចាប់ខ្លួនគាត់ដោយមិនបង្ហាញដីកាចាប់ខ្លួន»។

លោក ឡាំ អេង ជាបងថ្លៃដែលរួមដំណើរជាមួយលោក ផល្លា មកកាន់ប៉ុស្តិ៍នគរបាលឃុំបាននិយាយថា មន្រ្តី៣នាក់បានមកចាប់ខ្លួនសកម្មជនរូបនេះនៅពេលទៅដល់ហើយបានបើកឡាននាំគាត់ចេញទៅ។

លោក ឡាំ អេង បាននិយាយថា៖ «ខ្ញុំត្រូវបានបណ្តេញចេញពីប៉ុស្តិ៍នគរបាលហើយឲ្យត្រឡប់ទៅផ្ទះវិញ»។

លោក ឌិន ខន្នី អ្នកសម្របសម្រួលនៅសមាគមការពារសិទ្ធិមនុស្សអាដហុក ដែលកំពុងឃ្លាំមើលករណីនេះបានមានប្រសាសន៍ថា លោកមានការខកចិត្តដែលសកម្មជនរូបនេះត្រូវបានចាប់ខ្លួនដោយមិនបានបង្ហាញដីកាឬប្រាប់ពីមូលហេតុដែលគាត់ត្រូវបានឃុំខ្លួន។

លោកបានមានប្រសាសន៍ថា៖ «ការចាប់ខ្លួននេះហាក់ដូចជារំលោភលើនីតិវិធីដោយមិនបង្ហាញដីកាចាប់ខ្លួន»។

ថ្លែងប្រាប់ខេមបូចានៅខែឧសភានេះ លោក ផល្លា បាននិយាយថា លោកនិងក្រុមគ្រួសារបានវិលត្រឡប់ទៅភូមិសមុទ្រក្រោមវិញកាលពីខែកុម្ភៈ បន្ទាប់ពីមានការធានាសុវត្ថិភាពពីនាយកដ្ឋានអង្គរក្សរបស់រដ្ឋាភិបាល។

លោកបាននិយាយថា៖ «ខ្ញុំបានជួបជាមួយមន្រ្តីពាក់ព័ន្ធ ដើម្បីជូនដំណឹងដល់ពួកគាត់អំពីវត្តមានរបស់ខ្ញុំនិងធានាសុវត្ថិភាពរបស់ខ្ញុំ»។ លោកថា ចាប់តាំងពីលោកបានត្រឡប់ទៅភូមិវិញ លោកមិនរងការយាយីអ្វីពីអ្នកភូមិក្នុងមូលដ្ឋានដែលធ្លាប់វាយប្រហារលើលោកកាលពីមុននោះទេ។

បន្ទាប់ពីមានអំពើហិង្សាក្នុងវេទិកាសហគមន៍ដែលបានធ្វើឡើងនៅថ្ងៃទី៨ ខែកក្កដានៅឃុំសេដាក្នុងស្រុកលំផាត់កាលពីឆ្នាំមុន សកម្មជនរូបនេះបានដាក់ពាក្យបណ្តឹងប្រឆាំងមន្រ្តីមូលដ្ឋានចំនួន៦នាក់និងអ្នកភូមិ១០នាក់ពីបទប្រព្រឹត្តអំពើហិង្សានិងគំរាមកំហែងអាយុជីវិតរបស់លោក ដោយគំរាមលោកឲ្យដកពាក្យបណ្តឹង។

យោងតាមច្បាប់ចម្លងនៃពាក្យបណ្តឹងដែលទទួលបាននៅថ្ងៃទី២១ ខែកក្កដា ពាក្យបណ្តឹងនេះប្តឹងអ្នកភូមិ១០នាក់ ដែលលោក ផល្លា ចោទថា បានចូលរួមក្នុងការកាប់ឈើខុសច្បាប់ព្រមទាំងមន្រ្តីមូលដ្ឋានចំនួន៦នាក់រួមទាំងមេឃុំ មន្រ្តីនគរបាល ប្រជាការពារភូមិនិងមេសហគមន៍ម្នាក់។

លោក នី សុខា ប្រធានសមាគមអាដហុកមានប្រសាសន៍ថា លោកជឿជាក់ថា ការចាប់ខ្លួនលោក ផល្លា គឺដើម្បីបំបិទសំឡេងសកម្មជនបរិស្ថានដែលកំពុងធ្វើការ ដើម្បីការពារព្រៃឈើនិងធនធានធម្មជាតិរបស់កម្ពុជា។

លោកបានមានប្រសាសន៍ថា៖ «ខ្ញុំគិតថា វាមិនសមហេតុផលទេ ក្នុងការចាប់ខ្លួនគាត់ក្រោមបទចោទថា បានឈូសឆាយដីព្រៃ។ អ្នកការពារធនធានធម្មជាតិក្លាយជាជនសង្ស័យ វាមិនត្រឹមត្រូវទេ»។

លោក នី សុខា អះអាងថា លោកជឿជាក់ថា លោក ផល្លា មិនដែលទន្ទ្រានយកដីព្រៃរបស់រដ្ឋឡើយ ផ្ទុយទៅវិញលោកបានតវ៉ាយ៉ាងសកម្មចំពោះការបំផ្លាញទ្រព្យសម្បត្តិរដ្ឋ ដោយប្តឹងមន្រ្តីដែលបានបំផ្លាញធនធានព្រៃធម្មជាតិ។

កាលពីឆ្នាំ២០១៧ អ្នកភូមិចំនួន៩នាក់រួមទាំងលោក ផល្លា បានដាក់ពាក្យបណ្តឹងទៅតុលាការខេត្តប្រឆាំងនឹងមន្ត្រីអាជ្ញាធរមូលដ្ឋានមួយក្រុមរួមមានអភិបាលស្រុក អធិការស្រុកនិងនាយប៉ុស្តិ៍ឃុំ មេឃុំនិងមេភូមិនិងប្រធានមន្ទីរបរិស្ថានខេត្ត ដោយចោទពួកគេថាមិនបានដាក់ពាក្យបណ្តឹង បន្ទាប់ពីបានឃើញការកាប់ឈើខុសច្បាប់៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ R’kiri environmental activist imprisoned for allegedly clearing forest land

379 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម