មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានចាត់ទុកថា អង្គការអន្តរជាតិផ្តល់ពានរង្វាន់ដល់ក្រុមយុវជនចលនាមាតាធម្មជាតិគឺជាការនៅពីក្រោយក្រុមជនល្មើសដែលបង្កអសន្តិសុខដល់សង្គមជាតិហើយចង់បំបែកបំបាក់រវាងរដ្ឋាភិបាល និងព្រះមហាក្សត្រ។
កាលពីថ្ងៃទី២៤ ខែវិច្ឆិកា កន្លងទៅនេះ អង្គការអន្តរជាតិ Frontline Defenders ប្រកាសពីជ័យលាភីពានរង្វាន់ប្រចាំឆ្នាំដល់ក្រុមយុវជនអង្គការចលនាមាតាធម្មជាតិ ចំពោះកិច្ចប្រឹងប្រែងរបស់ពួកគេនៅក្នុងការការពារធនធានធម្មជាតិ និងបរិស្ថាននៅក្នុងស្ថានភាពគ្រោះថ្នាក់។
អ្នកការពារសិទ្ធិមនុស្សមកពី៦ប្រទេស ក្នុងនោះមានកម្ពុជាផង ត្រូវបានអង្គការអន្តរជាតិ Frontline Defenders ប្រកាសពីជ័យលាភីពានរង្វាន់ប្រចាំឆ្នាំ២០២១ ថាជាអ្នកតស៊ូជួរមុខយ៉ាងស្វិតស្វាញ ក្នុងកិច្ចការការពារសិទ្ធិមនុស្ស និងបរិស្ថានជួរមុខ។
អ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភត្រ្តា បានឆ្លើយសំនួរប្រាប់សារព័ត៌មានខេមបូចា ដោយក្រើនរំឭកដល់អង្គការមួយនេះថា មិនគួរគាំទ្រឬនៅពីក្រោយក្រុមយុវជនដែលលោកចាត់ទុកថា ជាជនល្មើសធ្វើសកម្មភាពដោយមានការចាត់តាំងពីជនបរទេសនោះទេ។
លោក នេត្រ ភត្រ្តា មានប្រសាសន៍ថា៖ «គេពុំគួរព្យាយាមលើកតម្កើងក្រុមជនល្មើសឱ្យបន្តប្រព្រឹត្តល្មើសច្បាប់នោះទេ! »។
លោក ភត្រ្តា ចាត់ទុកការផ្តល់ពានរង្វាន់ដល់ក្រុមចលនាមាតាធម្មជាតិនេះគឺជាចេតនានយោបាយចង់បង្កអសន្តិសុខដល់សង្គម ព្រមទាំងចង់បំបែកបំបាក់រដ្ឋាភិបាល និងព្រះមហាក្សត្រ។
លោក ភត្រ្តា បានបន្តថា៖ «ផ្តល់ពានរង្វាន់ឱ្យជនល្មើស និងលើកតម្កើងជាវរជន ដែលនេះគឺបង្ហាញពីចេតនានយោបាយពិតប្រាកដនៅពីក្រោយជនល្មើស និងជំរុញលើកទឹកចិត្តគាំទ្រឱ្យជនល្មើសបន្តធ្វើសកម្មភាពដើម្បីបំផ្លិចបំផ្លាញសន្តិសុខជាតិ និងបំផ្លិចបំផ្លាញសណ្តាប់ធ្នាប់សាធារណៈរបស់ប្រទេស និងជាពិសេសការបំបែកបំបាក់ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល»។
ក្រុមយុវជនចលនាមាតាធម្មជាតិចំនួន៦នាក់ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ ដោយរងការចោទថា បានប្រើប្រាស់លុយ និងធ្វើតាមការណែនាំរបស់ជនបរទេសឈ្មោះអាឡិច ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) ក្នុងគោលបំណងញុះញង់ឱ្យមានចលាចលក្នុងសង្គមដើម្បីផ្តួលរំលំរដ្ឋាភិបាល។ យុវជនទាំងនេះត្រូវបានដោះលែងវិញនៅក្នុងខែវិច្ឆិកាឆ្នាំ២០២១នេះ ដោយខ្លះបានអនុវត្តទោសអស់ និងខ្លះទៀតនៅព្យួរទោស។
ទោះយ៉ាងណាក្រុមយុវជនចលនាមាតាធម្មជាតិទាំងនេះច្រានចោលការចោទប្រកាន់ប្រកាន់របស់រដ្ឋាភិបាលហើយថា សកម្មភាពរបស់ពួកគេដើម្បីការធនជាតិធម្មជាតិដើម្បីជាសម្បត្តិជាតិគួរតែត្រូវបានទទួលការគាំទ្រ មិនគួររងការចាប់ឃុំខ្លួនដោយអយុត្តិធម៌នោះទេ។

សមាជិកអង្គការចលនាមាតាធម្មជាតិម្នាក់គឺ កញ្ញា ឡុង គន្ធា ដែលទើបត្រូវបានដោះលែង ថ្លែងថាចំពោះកញ្ញា ក៏ដូចជាសមាជិករបស់ចលនាមាតាធម្មជាតិដទៃទៀតដែរ មានក្តីរីករាយជាខ្លាំងចំពោះពានរង្វាន់ ព្រោះនេះបង្ហាញថា ជាការមើលឃើញរបស់សហគមន៍អន្តរជាតិទៅលើសកម្មភាពរបស់ពួកគេថាជារឿងត្រឹមត្រូវ មិនដូចទៅនឹងអ្វីដែលរដ្ឋាភិបាលកម្ពុជាបានចោទប្រកាន់ពួកគេនោះទេ។
កញ្ញា ឡុង គន្ធា និយាយថា៖ «យើងក៏មានការអាក់អន់ចិត្តដែរ ដែលអន្តរជាតិគាត់បានផ្តល់ពានរង្វាន់ឱ្យយើង ខណៈពេលដែលរដ្ឋាភិបាលបែរជាចាប់យើងដាក់ពន្ធនាគារ ហើយចោទយើងថា យើងបានប្រព្រឹត្តនូវកំហុសដែលខុសនឹងច្បាប់ថាយើងហ្នឹងរួមគំនិតក្បត់ ថាយើងញុះញង់អីជាដើមអ៊ីចឹង»។
សមាជិកម្នាក់ទៀតរបស់អង្គការចលនាមាតាធម្មជាតិគឺ កញ្ញា ភួន កែវរស្មី បានចាត់ទុកពានរង្វាន់នេះថាជារបស់ដែលមានតម្លៃសម្រាប់រូបកញ្ញាផ្ទាល់ក៏ដូចជាក្រុមរបស់កញ្ញាដែរ ក្នុងការលើកទឹកចិត្តឱ្យប្រឹងប្រែងបន្តកិច្ចការងារការពារធនធានធម្មជាតិនេះបន្តទៅមុខទៀត។ អំពាវនាវឱ្យមានការចូលរួមពីសាធារណជនឱ្យបានកាន់តែច្រើនថែមទៀត ដើម្បីការពារបរិស្ថានក៏ដូចជាលើកកម្ពស់សិទ្ធិសេរីភាព។
កញ្ញា កែវរស្មី ឲ្យដឹងថា៖ «ដើម្បីជាតិយើង ដើម្បីអនាគតប្រទេសជាតិយើង ដើម្បីអនាគតកូនចៅយើងជំនាន់ក្រោយទៀត ទាំងយុវជន ទាំងប្រជាជនខ្មែរសាមញ្ញទូទៅធម្មតាហ្នឹង គួរតែចូលរួម ហើយនឹងឈ្មុះឈ្មុលទាំងអស់គ្នា មិនថាវាមានការរិតត្បឹតសេរីភាពប៉ុណ្ណា វាតូចចង្អៀតប៉ុណ្ណា បើសិនជាយើងទាំងអស់គ្នាចូលរួមជាមួយគ្នា ខ្ញុំជឿថា វានឹងមានលំហធំឡើងវិញ ប្រជាធិបតេយ្យនឹងរឹងមាំឡើងវិញ ហើយនិងការគោរពសិទ្ធិមនុស្សនឹងមានឡើងវិញ»។

មន្ត្រីជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក សឹង សែនករុណា លើកឡើងថា ករណីអង្គការអន្តរជាតិផ្តល់ពានរង្វាន់ដល់ក្រុមយុវជននេះគឺជារឿងត្រឹមត្រូវក្នុងការលើកទឹកចិត្តដល់អ្នកការពារបរិស្ថាននិងធនធានធម្មជាតិ។
លោក សឹង សែនករុណា៖ «ជារឿងមួយដែលអង្គការអន្តរជាតិគេយកចិត្តទុកដាក់ដល់សកម្មជនបរិស្ថាន ក្នុងប្រទេសកម្ពុជាក្នុងខណៈដែលប្រទេសកម្ពុជាយើង ឬ ក៏រដ្ឋាភិបាលកម្ពុជាយើងហ្នឹងអនុវត្តន៍ផ្ទុយពីនេះ»។
លោក សែនករុណា បញ្ជាក់ថា តាមដែលលោកតាមដានមើលគឺមិនឃើញថា ក្រុមយុវជនទាំងនោះធ្វើសកម្មភាពញុះញង់បង្កឱ្យមានភាពចលាចលនៅក្នុងសង្គមនោះទេ ផ្ទុយទៅវិញពួកគេលះបង់ខ្ពស់ដើម្បីការពារបរិស្ថាន។
នៅថ្ងៃដែលអង្គការ Frontline Defenders ផ្តល់ពានរង្វាន់ដល់ក្រុមយុវជនកាលពីថ្ងៃទី២៤ខែវិច្ឆិកានោះ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា លោក វីទីត ម៉ុនតាប៊ន (Vitit Muntarbhorn) ក៏បានចេញសារអបអរសាទរដែរ។
លោក វីទីត ម៉ុនតាប៊ន៖ «ការការពារបរិស្ថានគឺជាតម្រូវការដ៏ចាំបាច់បំផុតមួយនៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ ដូចដែលត្រូវបានទទួលស្គាល់កាលពីខែមុនតាមរយៈដំណោះស្រាយរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សលេខ ៤៨/១៣ ដែលទទួលស្គាល់បរិស្ថានដែលមានសុខភាពល្អជាមូលដ្ឋាននៃសិទ្ធិមនុស្ស។ នេះជាមូលហេតុដ៏គួរអោយរីករាយដែលឃើញក្រុមអ្នកការពារបរិស្ថានកម្ពុជា មាតាធម្មជាតិ ត្រូវបានជ្រើសរើសសម្រាប់ពានរង្វាន់ អ្នកការពារជួរមុខប្រចាំឆ្នាំ »។
អង្គការ Frontline Defenders គឺជាអង្គការអន្តរជាតិដែលបង្កើតឡើងកាលពីឆ្នាំ២០០១ ក្នុងគោលបំណងជួយការពារដល់សកម្មជនដែលប្រឈមគ្រោះថ្នាក់ខ្ពស់។ អង្គការនេះមានការិយាល័យកណ្តាលចំនួន២នៅអឺរ៉ុបគឺនៅប្រទេសអៀរឡង់ និងប្រទេសប៊ែលហ្សិក។ អង្គការនេះក៏បានបង្កើតការិយាល័យនៅតាមប្រទេស និងតំបន់ផ្សេងៗទៀតនៅលើពិភពលោក។
អង្គការមាតាធម្មជាតិបានចុះបញ្ជីកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១២ នៅក្រសួងមហាផ្ទៃ ហើយក្រសួងបានលុបឈ្មោះអង្គការនេះកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧។ បើទោះក្រសួងលុបឈ្មោះក៏ដោយក៏ក្រុមយុវជននៅក្នុងក្រុមនេះនៅតែបន្តសកម្មភាពការពារបរិស្ថាន និងធនធានធម្មជាតិដោយពួកគេអះអាងថា មានចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ផ្សេងៗទៀត៕










