រោងចក្រកាត់ដេរចំនួនពីរនៅរាជធានីភ្នំពេញប្រឈមនឹងការផាកពិន័យ និងចំណាត់ការផ្សេងៗទៀត បន្ទាប់ពីក្រសួងបរិស្ថានអះអាងថា ការត្រួតពិនិត្យបានរកឃើញថា រោងចក្រទាំងនោះបានយកកម្ទេចក្រណាត់មកដុតក្នុងឡចំហាយ និងបានបញ្ចេញផ្សែងលើសកម្រិតស្តង់ដារគុណភាពដែលច្បាប់អនុញ្ញាត។
ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថានរបស់ក្រសួងបរិស្ថាន និងមន្ទីរបរិស្ថានរាជធានីភ្នំពេញ បានចុះពិនិត្យរោងចក្រទាំងពីរកាលពីថ្ងៃអង្គារ បន្ទាប់ពីទទួលបានបណ្ដឹងពាក់ព័ន្ធនឹង ការបំពុលបរិស្ថាន។
រោងចក្រទាំងពីរ គឺក្រុមហ៊ុន XSLJ (Cambodia) Garment Co. Ltd. និង Yun Jian Garment Co. Ltd. ដែលជាកម្មសិទ្ធិរបស់ជនជាតិចិន ស្ថិតនៅក្នុងខណ្ឌមានជ័យ។
ក្រសួងបរិស្ថានបានឱ្យដឹងថា ក្រុមហ៊ុន Yun Jian Garment បានដុតកម្ទេចក្រណាត់ប្រមាណ ១០គីឡូក្រាមក្នុងមួយថ្ងៃនៅក្នុងឡចំហាយ ដែលមិនមានប្រព័ន្ធគ្រប់គ្រងការបំពុលខ្យល់នោះទេ។ ក្រសួងក៏បាន ចោទថា ក្រុមហ៊ុននេះពុំបានរៀបចំកិច្ចសន្យាការពារបរិស្ថាន និងពុំមានលិខិតអនុញ្ញាតបញ្ចេញសំណល់តាមការកំណត់នោះទេ។
លោក Yongjian Cai ប្រធានក្រុមហ៊ុន Yun Jian Garment បានច្រានចោលការរកឃើញនេះ។
លោកបានប្រាប់តាមរយៈអ្នកបកប្រែថា៖ «ពួកគេបានពិនិត្យឡចំហាយរបស់យើងហើយមិនបានរកឃើញអ្វីដែលបង្កគ្រោះថ្នាក់នោះទេ។ យើងមិនបានដុតកម្ទេចក្រណាត់ទេ។ យើងប្រើអុសដុតទេ ហើយឧបករណ៍របស់យើងត្រូវបានដំឡើងត្រឹមត្រូវ»។ លោកបានបន្ថែមថា មន្ត្រីត្រួតពិនិត្យក៏មិនបានរកឃើញការបំពុលណាមួយដែលប៉ះពាល់ដល់ប្រជាពលរដ្ឋនៅជិតខាង ឬបរិស្ថាននោះដែរ។
ក្រសួងបានឱ្យដឹងថា ចំណែកក្រុមហ៊ុន XSLJ Garment បានដុតកម្ទេចក្រណាត់ប្រមាណ ៣ ០០០គីឡូក្រាមក្នុងមួយថ្ងៃ។ ឡចំហាយមួយទៀតបានប្រើប្រាស់អុសចន្លោះពី១០ ទៅ១៥ម៉ែត្រគូបក្នុងមួយថ្ងៃ ហើយក៏ប្រើប្រេងម៉ាស៊ូតដុតដែរ។
ទោះបីរោងចក្របានបំពាក់ប្រព័ន្ធចម្រោះសម្រាប់សម្អាតផ្សែងរួចហើយក៏ដោយ ការត្រួតពិនិត្យគុណភាពខ្យល់ចេញពីបំពង់ផ្សែងឡចំហាយជាបឋម បានរកឃើញថា កម្រិតនៃការបញ្ចេញផ្សែងនៅតែលើសស្តង់ដារដែលច្បាប់កម្ពុជាកំណត់។ ក្រសួងក៏បានបញ្ជាក់ថា ក្រុមហ៊ុនបានរៀបចំកិច្ចសន្យាការពារបរិស្ថានរួចហើយ ប៉ុន្តែមិនទាន់ទទួលបានលិខិតអនុញ្ញាតបញ្ចេញសំណល់នៅឡើយទេ។
តំណាងក្រុមហ៊ុន XSLJ Garment មិនបានឆ្លើយតបនឹងសំណើសុំការបំភ្លឺដែលបានផ្ញើទៅលេខទូរសព្ទដែលបានចុះបញ្ជីក្នុងប្រព័ន្ធទិន្នន័យបញ្ជីពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្មនោះទេ។ រីឯលោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរ វាយនភណ្ឌ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) ក៏មិនអាចទាក់ទងសុំការបំភ្លឺបានដែរ។
ការដុតកម្ទេចក្រណាត់ និងសំណល់ផ្សេងៗពីដំណើរការផលិតក្នុងរោងចក្រ បានបង្កឱ្យមានការព្រួយបារម្ភផ្នែកបរិស្ថានជាយូរមកហើយនៅក្នុងឧស្សាហកម្មកាត់ដេររបស់កម្ពុជា។ ក្រុមអ្នកស្រាវជ្រាវ និងអង្គការការពារសិទ្ធិមនុស្ស បានកត់ត្រាករណីដែលរោងចក្រ និងសិប្បកម្មផលិតឥដ្ឋមួយចំនួនប្រើប្រាស់កម្ទេចក្រណាត់ជាប្រភពឥន្ធនៈដែលមានតម្លៃទាប ដោយភ្ជាប់ការអនុវត្តនេះទៅនឹងការបំពុលខ្យល់ដែលបង្កផលប៉ះពាល់ និងក្នុងករណីខ្លះ ពាក់ព័ន្ធនឹងខ្សែច្រវាក់ផ្គត់ផ្គង់សម្លៀកបំពាក់សកល ដែលផ្គត់ផ្គង់ឱ្យម៉ាកសម្លៀកបំពាក់អន្តរជាតិធំៗទៀតផង។
ការប្រើប្រាស់អុសជំនួសប្រេងឥន្ធនៈសម្រាប់ឡចំហាយឧស្សាហកម្ម ក៏ទទួលបានការតាមឃ្លាំមើលផងដែរ ដោយសារក្តីបារម្ភថា តម្រូវការអុសអាចរួមចំណែកដល់ការកាប់ឈើខុសច្បាប់ និងការកាប់បំផ្លាញព្រៃឈើផងដែរ។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានឱ្យដឹងថានៅឆ្នាំនេះ ក្រសួងបានស៊ើបអង្កេតករណីបំពុលបរិស្ថានចំនួន២៩ នៅទូទាំងប្រទេស និងក្នុងវិស័យជាច្រើន រួមទាំងការរំលោភបំពានពាក់ព័ន្ធនឹងការបំពាក់ប្រព័ន្ធគ្រប់គ្រងការបញ្ចេញផ្សែងមិនបានគ្រប់គ្រាន់ និងការបញ្ចេញទឹកសំណល់មិនស្របតាមបទប្បញ្ញត្តិ។
លោក ខ្វៃ អាទិត្យា បានបញ្ជាក់ថា ការដុតកម្ទេចក្រណាត់ដោយគ្មានប្រព័ន្ធសម្អាតផ្សែងសមស្រប គឺត្រូវបានហាមឃាត់ក្រោមបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងបរិស្ថានរបស់កម្ពុជា៕










