គ្រួសារមួយចំនួនដែលរងផលប៉ះពាល់ដោយសារគម្រោងព្រលានយន្តហោះថ្មីនៅស្រុកកណ្តាលស្ទឹងនៅតែបដិសេធមិនព្រមទទួលយកសំណងដែលស្នើដោយរដ្ឋចំពោះដីធ្លីរបស់ពួកគាត់ ផ្ទុយទៅវិញពួកគាត់សង្ឃឹមថាការបោះឆ្នោតឃុំសង្កាត់ខាងមុខនេះ នឹងនាំមកនូវដំណោះស្រាយល្អប្រសើរជាងនេះដល់ពួកគាត់។ ទោះបីយ៉ាងនេះក្តីក៏មានពលរដ្ឋមួយចំនួនបានសម្រេចចិត្តទទួលយកសំណងនេះ ដោយសារតែមានការព្រួយបារម្ភថា សំណុំរឿងតុលាការ ដែលកំពុងបន្តលើអ្នកភូមិ៩នាក់នោះ កំពុងដាក់សម្ពាធលើសហគមន៍។
ប្រជាពលរដ្ឋចំនួន១១គ្រួសារក្នុងចំណោមអ្នកភូមិដែលរងផលប៉ះពាល់ដោយសារគម្រោងនេះជាង ៣០០គ្រួសារ មានដីប៉ះពាល់ផ្ទាល់ដោយគម្រោងផ្លូវយន្តហោះរត់ និងផ្លូវតាក់ស៊ីរបស់អាកាសយានដ្ឋាន។ ទីតាំងនោះមកដល់ពេលនេះត្រូវ បានគេឈូសឆាយ និងមិនអនុញ្ញាតឲ្យសាធារណជនចូលទេ។
អ្នកស្រី ឡុញ វណ្ណា ដែលប្អូនស្រីរបស់គាត់ស្ថិតក្នុងចំណោមអ្នកភូមិចំនួន៩ នាក់ដែលត្រូវបានចោទប្រកាន់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសបន្ទាប់ពីការតវ៉ាប្រឆាំងនឹងការឈូសឆាយដីធ្លី កាលពីថ្ងៃទី១២ ខែកញ្ញាបាននិយាយថា ដំបូងឡើយ គ្រួសាររបស់អ្នកស្រីប្រកាន់ជំហរម៉ឺងម៉ាត់មិនទទួលយកសំណងទេ ដោយរង់ចាំតម្លៃប្រសើរជាងនេះ ប៉ុន្តែចាប់តាំងពីមានការចោទប្រកាន់លើសមាជិកគ្រួសារអ្នកស្រីមក អ្នកស្រីក៏បានផ្លាស់ប្តូរចិត្តវិញ។
អ្នកស្រីបាននិយាយថា៖ «ប្តីរបស់ខ្ញុំព្រួយបារម្ភអំពីសុវត្ថិភាពរបស់ខ្ញុំ។ គាត់ព្រួយបារម្ភថា ប្រសិនបើយើងមិនទទួលយកទេ ខ្ញុំនឹងត្រូវគេចាប់ខ្លួននៅថ្ងៃណាមួយ ព្រោះខ្ញុំតំណាងពលរដ្ឋដែលគេឃ្លាំមើល ដូច្នេះគាត់សម្រេចចិត្តទទួលយកការដោះដូរដីធ្លី ដើម្បីបញ្ចប់បញ្ហានេះ»។
ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ជាង១០០នាក់បានធ្វើការតវ៉ាកាលពីថ្ងៃទី១២ ខែកញ្ញា បន្ទាប់ពីអាជ្ញាធរមូលដ្ឋានបានបិទផ្លូវឆ្ពោះទៅដីស្រែរបស់ពួកគាត់ហើយបានអនុញ្ញាតឲ្យក្រុមហ៊ុន Overseas Cambodia Investment Corp (OCIC) ដែលជាកម្មសិទ្ធិ របស់លោកឧកញ៉ា ពុង ឃាវសែ ដែលមានខ្នងក្រាស់ធ្វើការឈូសឆាយដីស្រែរបស់ពួកគាត់។
ប្រជាពលរដ្ឋ៩នាក់ត្រូវបានចោទប្រកាន់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បទរារាំងមន្ត្រីសាធារណៈ ដែលមានស្ថានទម្ងន់ទោសនិង បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍តាមមាត្រា៤៩៤និង៤៩៥នៃក្រមព្រហ្មទណ្ឌ។ អ្នកដែលត្រូវចាប់ខ្លួនទាំងនោះ អាចត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់៥ឆ្នាំ។
អ្នកស្រី វណ្ណា បាននិយាយថា៖ «ខ្ញុំមិនសប្បាយចិត្តនឹងការដោះដូរដីនេះទេ។ ខ្ញុំទទួល យកវាទាំងបង្ខំចិត្ត ព្រោះខ្ញុំគ្មានជម្រើស។ ពួកគេនៅតែបញ្ចុះបញ្ចូលម្តាយខ្ញុំឲ្យលក់ដី ប៉ុន្តែគាត់ចង់ឲ្យអាជ្ញាធរទម្លាក់ការចោទប្រកាន់លើប្អូនស្រីខ្ញុំសិនទើបគាត់យល់ព្រម»។
អ្នកស្រី វណ្ណា បានយល់ព្រមទទួលយកដីមួយកន្លែងផ្សេងទៀតស្ថិតនៅភាគខាងជើងព្រលានយន្តហោះ ដែលមានចម្ងាយប្រហែល១០គីឡូម៉ែត្រពីភូមិ។
អ្នកស្រីបានបន្ថែមថា៖ «ខ្ញុំនៅតែមិនជ្រះស្រឡះក្នុងចិត្តថា តើខ្ញុំអាចកាន់កាប់ដីនោះ ដោយស្របច្បាប់ឬអត់ទេ មិដឹងថាទៅថ្ងៃមុខទៅគេនឹងយកដីនេះវិញឬអត់ទេ ខ្ញុំនៅតែគិតអំពីរឿងនេះ»។
លោក សុត ស្រ៊ុន អាយុ៤០ឆ្នាំ មានដីស្រែជាងកន្លះហិកតា ដែលរងផលប៉ះពាល់ដោយផ្លូវរត់នោះ បាននិយាយថា គ្រួសាររបស់គាត់បានបង្ខំចិត្តទទួលយកការដោះដូរដី ព្រោះលោកគ្មានសង្ឃឹមថា នឹងមានដំណោះស្រាយប្រសើរជាងនេះទេ។
លោកបាននិយាយថា៖ «វាពិបាកខ្លាំងណាស់ ព្រោះយើងមិនអាចចូលទៅកាន់ដីស្រែ របស់យើងទៀតទេ។ ពួកគេមិនអនុញ្ញាតឲ្យយើងទៅមើលដីនោះទេ។ ដូច្នេះខ្ញុំសម្រេចចិត្តទទួលយកការដោះដូរដីទៅកន្លែងផ្សេង»។
បើតាមលោក ស្រ៊ុន ក្រុមហ៊ុនបានផ្តល់ជម្រើសដល់ប្រជាជនទាំង១១គ្រួសារ នូវជម្រើសពីរ គឺការដោះដូរដីទៅកន្លែងផ្សេង និងការទូទាត់ជាសាច់ប្រាក់ក្នុងតម្លៃ ៨ដុល្លារក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែសម្រាប់អ្នកប៉ះពាល់ក្រៅពីគម្រោងផ្លូវយន្តហោះរត់ ក្រុមហ៊ុនផ្តល់សំណងជាលុយតែប៉ុណ្ណោះ។
អ្នកភូមិម្នាក់ដែលត្រូវបានតុលាការចោទប្រកាន់និងសុំមិនបញ្ចេញឈ្មោះដោយបារម្ភពីសុវត្ថិភាព បានប្រាប់ខេមបូចាថា គ្រួសាររបស់អ្នកស្រីនៅតែបដិសេធមិនទទួលយកសំណងនេះ។
អ្នកស្រីបាននិយាយថា៖ «ប្រជាពលរដ្ឋខ្លះអស់សង្ឃឹមហើយយល់ព្រមទទួលយកសំណង ប៉ុន្តែសម្រាប់ខ្ញុំ វាគឺជាទ្រព្យសម្បត្តិរបស់ខ្ញុំ ។ខ្ញុំមិនទទួលយកទាំងតម្លៃលក់ឬការដោះដូរដីនោះទេ»។ ដោយអ្នកស្រីបន្ថែមថា៖ «ខ្ញុំនៅតែសង្ឃឹមថានឹងទទួលបានដំណោះស្រាយល្អប្រសើរជាងនេះ។ ខ្ញុំសង្ឃឹមថានៅពេលការបោះឆ្នោត [ឃុំសង្កាត់] មកដល់ សម្តេច [ ហ៊ុន សែន ] នឹងអាណិតដល់យើងហើយគាត់អាចជួយបាន»។
អ្នកស្រីនិយាយថា អ្នកស្រីក៏មានការព្រួយបារម្ភផងដែរ ចាប់តាំងពីអ្នកស្រីមានឈ្មោះ ក្នុងសំណុំរឿងតុលាការ។
អ្នកស្រីបាននិយាយទៀតថា៖ «ពួកគេបានស្នើឲ្យខ្ញុំទទួលយកការដោះដូរដីនៅកន្លែងផ្សេង ប៉ុន្តែខ្ញុំបានបដិសេធ បើជ្រុលតែវេទនាហើយឲ្យវាវេទនាទៅចុះ។ ខ្ញុំក៏មានការព្រួយបារម្ភដែរ ប៉ុន្តែខ្ញុំមិនដឹងថាត្រូវធ្វើយ៉ាងម៉េចទេ ហើយពួកគេចង់ធ្វើអីក៏ធ្វើទៅ»។
អ្នកភូមិម្នាក់ទៀតឈ្មោះ សុវណ្ណ ម៉ានិត ក៏បានយល់ព្រមទទួលយកការដោះដូរដីនេះ ដែរជាជាងទទួលយកប្រាក់ ២៤ ០០០ដុល្លារសម្រាប់ដីទំហំ០.៣០ ហិកតារបស់អ្នកស្រី។
អ្នកស្រីបាននិយាយថា៖ «ខ្ញុំគិតថា បើទោះបីជាយើងបន្តទាមទារក៏ដោយក៏ទីបំផុត យើងនឹងចាញ់ដដែល។ ប្រសិនបើយើងបន្តតវ៉ា យើងនៅតែគ្មានសង្ឃឹមឈ្នះគេទេ ។យើងគ្មានជម្រើសទេ»។ ដោយបន្ថែមថា៖ «នៅមានអ្នកបន្តទាមទារ ព្រោះពួកគាត់សង្ឃឹម ថាពួកគាត់ នឹងឈ្នះ ប៉ុន្តែសម្រាប់ខ្ញុំ សុំចុះចាញ់ហើយ»។
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានមានប្រសាសន៍ថា លោកមិនដឹងថា មានគ្រួសារប៉ុន្មានក្នុងចំណោម១១គ្រួសារ ដែលទទួលយកសំណងនោះទេ ដោយលោកអះអាងថា វាជាការសម្រេចរបស់ប្រជាពលរដ្ឋ។
លោកថ្លែងថា៖ «អ្វីដែលពួកគាត់កំពុងនិយាយថា ពួកគាត់ទទួលយកវាដោយសារតែសម្ពាធ គឺមិនត្រឹមត្រូវទាល់តែសោះ ពីព្រោះពួកគាត់យល់ព្រមទទួលយកហើយ ។ សំណងនេះ មិនទាក់ទងទៅនឹងសំណុំរឿងរបស់តុលាការទេ។ វាគឺជារឿងពីរផ្សេងគ្នា មួយជារឿងសំណង និងមួយទៀតជារឿងព្រហ្មទណ្ឌ»។
លោក សឹង សែនករុណា អ្នកស៊ើបអង្កេតជាន់ខ្ពស់នៅសមាគមការពារសិទ្ធិមនុស្សអាដហុកបានឲ្យដឹងថាប្រជាពលរដ្ឋបានរក្សាភាពស្ងប់ស្ងាត់តាំងពីសមាជិក សហគមន៍ទាំង៩នាក់ត្រូវបានចោទប្រកាន់។
លោកថ្លែងថា៖ «ឥឡូវនេះ ពួកគេភ័យខ្លាចមិនហ៊ានសម្តែងសិទ្ធិរបស់ពួកគាត់ ដើម្បីទាមទារនូវអ្វីដែលពួកគាត់ចង់បានទេ ហើយមានអ្នកយល់ព្រម ព្រោះពួកគាត់គិតថា វាគ្មានសង្ឃឹម ខណៈអ្នកខ្លះនៅតែជឿជាក់ថា ពួកគាត់អាចទទួលបានដំណោះស្រាយប្រសើរជាងនេះ»។
លោក សែនករុណា បន្តថាអង្គការសង្គមស៊ីវិលចង់ឃើញដំណោះស្រាយ ដែលអាចទទួលយកបានសម្រាប់ភាគីពាក់ព័ន្ធទាំងអស់ជាជាងឲ្យប្រជាពលរដ្ឋទទួលយកសំណងដោយសារតែការភ័យខ្លាច៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Kandal villagers report feeling pressured into accepting land compensation