សៀមរាម៖ អស់រយៈពេល៩ឆ្នាំមកហើយដែល អ្នកស្រី ហែម ហាន់ វ័យ៣៦ឆ្នាំ និងស្វាមី បានចាកចេញពីស្រុកកំណើតទៅធ្វើជាពលករនៅប្រទេសថៃ ដោយរំពឹងថាការងារក្រៅប្រទេសនឹងជួយជីវភាពគ្រួសារឲ្យកាន់តែប្រសើរឡើង។ នៅក្នុងរយៈពេល ៤ឆ្នាំចុងក្រោយនេះ អ្នកស្រីបានធ្វើជាអ្នករើសបង្កងនៅពេលយប់ ហើយស្វាមីជាកម្មករសំណង់នៅទីក្រុងបាងកក។ អ្នកស្រីរកចំណូលបានក្នុង១ថ្ងៃ ៥០០ទៅ៧០០បាត ស្មើនឹង ៦ម៉ឺន៣ពាន់រៀល រីឯស្វាមីរកបាន៦០០បាត ស្មើនឹង ៧ម៉ឺន៥ពាន់រៀល។
មួយឆ្នាំម្តងនៅរដូវចូលឆ្នាំខ្មែរក្នុងខែមេសា អ្នកស្រីត្រឡប់មកលេងផ្ទះនៅភូមិគោកត្លាត ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប ដើម្បីជួបជុំគ្រួសារ និងសាច់ញាតិ។ តែឆ្នាំនេះ អ្នកស្រី និងបងប្អូនទាំង ៥នាក់ត្រូវបង្ខំចិត្តត្រឡប់មកស្រុកកំណើតខណះដែលជំងឺកូវីដកំពុងរាតត្បាតខ្លាំង ដោយសារតែម្តាយដែលមានជំងឺជាទម្ងន់។ ពួកគាត់បានមកដល់ព្រំដែន នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ហើយត្រូវបានតម្រូវឱ្យធ្វើចត្តាឡីស័ក្ក ១៤ថ្ងៃ។
បន្ទាប់ពីត្រូវបានតេស្តអវិជ្ជមានកូវីដ១៩ នៅព្រំដែនថៃ អ្នកស្រី និងបងប្អូនត្រូវបានបញ្ជូនមកស្នាក់នៅសាលាសម្តេចឪ ក្នុងក្រុងសៀមរាបចំនួន១២ថ្ងៃទៀត ដោយរស់នៅក្នុងបន្ទប់១ មានគ្នា៦នាក់ ជាមួយសាច់ញាតិ។ ទោះបីបន្ទប់មានកង្ហាជាប់ពិដាន អ្នកស្រីត្រូវមូសខាំរាល់ថ្ងៃ ចំណែកបន្ទប់ទឹកក៏ត្រូវប្រើប្រាស់រួមគ្នាផងដែរ។
និយាយដោយទឹកភ្នែកហូររលីងរលោង អ្នកស្រី ហាន់ ថាអ្នកស្រីនិងបងប្អូនត្រូវបានមន្ត្រីនៅទីនោះស្តីបន្ទោស ដោយសារស្នើសុំចេញមុនកំណត់ដើម្បីជួបម្តាយដែលកំពុងឈឺនៅឯផ្ទះ។
អ្នកស្រី ហាន់ និយាយថា៖ «ពួកបងប្អូនខ្ញុំសុំគេ ហើយគេស្តីឱ្យពួកខ្ញុំថា បើដឹងតែអញ្ចឹងទៅធ្វើអី[ប្រទេសថៃ] ម៉េចមិននៅមើលម៉ែហ្នឹងហើយ ថាឱ្យពួកបងប្អូនប្រុសៗខ្ញុំ ហើយគាត់អង្គុយយំ ម៉ែខ្ញុំគាត់សខ្លាំង(ស្លេក)គេស្តីឱ្យពួកបងប្អូនខ្ញុំ»។
បន្ទាប់ពីធ្វើចត្តាឡីស័ករួច អ្នកស្រី និងបងប្អូនត្រូវបានបញ្ជូនមកស្រុកកំណើតវិញ។ ប៉ុន្តែជាអកុសល ម្តាយអ្នកស្រីក៏ទទួលមរណភាព ក្រោយបានជួបមុខ១០ថ្ងៃ។ អ្នកស្រីមានការសោកស្តាយយ៉ាងខ្លាំង ដែលពុំបានមើលថែម្តាយឈឺ ខណះដែលអ្នកស្រីនឹងបងប្អូនផ្សេងទៀតធ្វើចំណាកស្រុកទៅក្រៅប្រទេស។
បន្ទាប់ធ្វើបុណ្យជូនម្តាយរួចរាល់ហើយ អ្នកស្រីចង់ត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញ ដោយសារនៅក្នុងស្រុករបស់អ្នកស្រីពិបាករការងារធ្វើ ហើយមានកម្រៃទាប។ អ្នកស្រីត្រូវចិញ្ចឹមកូនតូចៗពីរនាក់ និងជាពិសេសត្រូវបង់ធនាគារទាំងដើម និងការប្រាក់ចំនួន ៥០ម៉ឺនរៀលក្នុង១ខែ។ កាលពីឆ្នាំមុនអ្នកស្រីបានខ្ចីលុយពីធនាគារចំនួន១២លានរៀល ដើម្បីទិញដីស្រែមួយកន្លែង។
អ្នកស្រី ហាន់ និយាយថា៖ «ពេលណាខ្ញុំអត់មាន ខ្ញុំខ្ចីប្អូនចាយខ្លះទៅ ជួនកាលប្តីទំលាក់មកឱ្យបួនប្រាំពាន់(បាត)ទៅ [ ] ពេលកូវីដអញ្ចេះរកអត់សូវបាន(ការងារ) ជួនកាលខែខ្លះក៏អត់ ខ្លះជួនកាលការងារក៏មានពេញ១ខែ»។
ចំណែក អ្នកស្រី ហ៊ឹម អ៊ិច រស់នៅក្នុងភូមិនោះដែរ វ័យជាងម្លៃឆ្នាំ មានកូនតូចពីរនាក់ និងរស់នៅជាមួយគ្រួសារក្នុងផ្ទះតែមួយ ដែលមានសមាជិកជាង១០នាក់ ហើយភាគច្រើនកំពុងធ្វើការនៅប្រទេសថៃ។ ប្តីអ្នកស្រីបានទៅរកការងារធ្វើជាជាងសំណង់ នៅខេត្តច័ន្ទបុរី ប្រទេសថៃ ដោយរត់ការឯកសារផ្សេងៗជាចំណាយរបស់ថៅកែ ហើយកាត់យកវិញជាថ្លៃឈ្មួលពេលធ្វើការ។ ថៃកែបានដកទុកលិខិតឆ្លងដែនរបស់ស្វាមីអ្នកស្រី ហើយកាត់ប្រាក់ខែជារៀងរាល់ខែ។
រាល់បួនខែម្តង ស្វាមីអ្នកស្រីបានផ្ញើប្រាក់មកផ្ទះ សរុបប្រហែលបាន ៩ពាន់បាត ស្មើនឹង១លាន៣សែនរៀល ។ ដោយសារការផ្ទុះជំងឺកូវីដ១៩ខ្លាំងនៅប្រទេសថៃ ប្តីអ្នកស្រីមិនមានការងារជារៀងរាល់ថ្ងៃ និងថៅកែកាត់ប្រាក់ឈ្មួលជាប្រចាំ។ ចុងក្រោយអ្នកស្រីសម្រេចខ្ចីប្រាក់គេចំនួន២ម៉ឺនបាតបន្ថែមទៀត ដើម្បីបង់សងឱ្យទៅថៅកែនិងថ្លៃធ្វើដំណើរត្រឡប់មកវិញ។ សរុបមក អ្នកស្រីជាប់បំណុល៧ពាន់ដុល្លារ ហើយក្នុង១ខែ អ្នកស្រីត្រូវបង់១៩១ដុល្លារ និងបង់លុយរាប់ជំពាក់ផ្សេងទៀត។
អ្នកស្រី អ៊ិច និយាយថា៖ «ពេលណាបង់គេបានទាន់ ពេលណាពិបាកដែរ ថ្ងៃណាទៅគេដើរមកស្តីឱ្យ គេមកថាឱ្យយើង ហើយយើងមិនមានលុយបង់គេស្រួល។ បើប្តីខ្ញុំបានការងារជាប់បានលុយសងគេ បានខ្លះទិញអង្ករទិញអីហូប បង់ទឹកបង់ភ្លើង។ ដោយបន្ថែមថា៖ «ពេលគាត់ទៅថៃ គាត់អត់អីហូប ហូបតែមី ត្រីខ នៅតែម្នាក់ឯង ពេលបើកលុយមកគេកាត់អស់ៗ គាត់អត់ដែលសល់ទិញសាច់អីហូបទេ ខ្លាចអត់មានលុយទំលាក់ឱ្យប្រពន្ធ»។
ស្វាមីអ្នកស្រីបានត្រឡប់មកដល់ផ្ទះវិញនៅថ្ងៃ១៤ ខែកក្កដា ឆ្នាំ២០២១ បន្ទាប់ពីបានធ្វើចត្តាឡីស័កជិត១ខែ ដោយសារជាប់ពាក់ព័ន្ធជាមួយអ្នកកើតជំងឺកូវីដ។ បច្ចុប្បន្នស្វាមីអ្នកស្រីទើបរកបានការងារ ជាជាងសំណង់បានជាង១០ថ្ងៃ ដោយមិនទាន់អាចបើកប្រាក់បាននៅឡើយ។
តាមរយៈរបាយការណ៍របស់អង្គការសហប្រជាជាតិបានផ្សាយ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ចាប់តាំងពីមានវិបត្តិជំងឺកូវីដ១៩ ពលករខ្មែរចំណាកស្រុក បានត្រឡប់មកស្រុកកំណើតវិញ ពីប្រទេសជិតខាង មានចំនួនជាង២សែននាក់ ក្នុងនោះ ៤៣ភាគរយជាស្ត្រី ។
យោងតាមរយៈការណ៍ការវាយតម្លៃបឋម ផលប៉ះពាល់ផ្នែកសង្គម និងសុខភាពនៃជំងឺកូវីដ១៩ ក្នុងចំណោមពលករចំណាកស្រុកក្នុងប្រទេសកម្ពុជា ចេញផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០របស់អង្គការ UNFPA បានបង្ហាញឱ្យឃើញថា ជិត៣០ភាគរយនៃពលករខ្មែដែលត្រឡប់មកវិញគ្មានចំណូល និងជាង៥០ភាគរយជាប់បំណុល ។
របាយការណ៍ដដែលនេះ ដែលមាន៨៤ទំព័រ ក៏បានលើកឡើងថា មានតែ២៥ភាគរយនៃពលករចំណាកស្រុកប៉ុណ្ណោះដែលមានបណ្ណក្រីក្រ ហើយជាង៤៩ភាគរយ ប្រឈមបញ្ហាសុខភាពដោយខ្វះថវិកាក្នុងការព្យាបាល។
ពលករចំណាកស្រុកម្នាក់ទៀត អ្នកស្រី គង់ រាយ ដែលរស់នៅភូមិគោកត្លាតនោះដែរបានរៀបរាប់កាលពីចុងខែសីហា ២០២១នេះថា ស្វាមីនិងអ្នកស្រីបានទៅធ្វើការនៅប្រទេសថៃប្រហែល១ឆ្នាំ ហើយបានត្រឡប់មកដល់ព្រំដែនខ្មែនៅថ្ងៃទី៨កក្តដា ២០២១ ធ្វើតេស្តអវិជ្ចមានកូវីដ១៩ និងបានធ្វើចត្តាឡីស័ក២១ថ្ងៃ នៅស្រុកម៉ាលៃ ខេត្តបន្ទាយមានជ័យ។ នៅកំឡុងពេលនោះ អ្នកស្រីនិងស្វាមីបានចំណាយថវិកាផ្ទាល់ខ្លួនដើម្បីទិញ ម៉ាស់ អាកុល និងសំភារផ្សេងទៀត ហើយនិងថ្លៃធ្វើដំណើរត្រឡប់មកលំនៅដ្ឋាន សរុបអស់បីពាន់បាត និងបានខ្ចីប្រាក់ពីសាច់ញាតិលើការចំណាយនោះ ហើយមិនបានទទួលប្រាក់ឧបត្ថម្ភអ្វីឡើយ។
អ្នកស្រី រាយ និយាយថា៖ «មកខុសៗគ្នាដូចថា គេអ្នកផ្សេងឃុំ កន្លែងផ្សេងមិនដឹងគេយ៉ាប់ដូចកន្លែងពួកខ្ញុំអត់ មិនដឹងគេចែកអីខ្លះ ខ្ញុំមិនដឹងដែរ »។
ធ្វើការជាជាងសំណង់ទាំងពីរនាក់ប្តីប្រពន្ធនៅប្រទេសថៃ ស្វាមីអ្នកស្រីអាចរកបាន៤២០បាត ស្មើនឹង៥ម៉ឺនរៀលក្នុង១ថ្ងៃ។ រីឯអ្នកស្រីវិញអាចរកបាន៣៣០បាត ស្មើនឹង៤ម៉ឺនរៀលក្នុងមួយថ្ងៃ ដោយលីដែកនិងកាត់ដែក។ បើមានការងាររាល់ថ្ងៃ ពួកគាត់អាចរកបានច្រើន តែពេលខ្លះ១អាទិត្យមានការងារតែ៣ថ្ងៃ។ អ្នកស្រីជាប់បំណុលពីរពាន់ដុល្លារ។ នៅពេលដែលធ្វើការនៅប្រទេសថៃ អ្នកស្រីផ្ញើថវិកាមកផ្ទះជាប្រចាំដើម្បីរំលស់សងម្ចាស់បំណុល និងឧបត្ថម្ភគ្រួសារ។ ប៉ុន្តែនៅពេលត្រឡប់មកស្រុកកំណើតវិញ ពួកគាត់ពុំមានការងារធ្វើ និងពុំមានប្រាក់សងបំណុលប្រចាំខែដូចពេលមុននោះទេ។
ជំនួយការរដ្ឋបាល ឃុំសសរស្តម្ភ ក្នុងស្រុកពួក ខេត្តសៀមរាប លោក ថេត ម៉ាញ បានមានប្រសាសន៍ថា នៅក្នុងឃុំមាន១៤ភូមិ ដែលមាន ២,៦០៤គ្រួសារ អ្នកដែលមានបណ្ណក្រីក្រមានចំនួន ៤៦៨គ្រួសារ និង៩០ភាគរយ ប្រកបរបកសិកម្ម និងធ្វើជាកម្មករ។
លោក ថេត ម៉ាញបានប្រាប់ខេមបូចា ឱ្យដឹងថា ពលរដ្ឋចំណាកស្រុកភាគច្រើនទៅធ្វើការនៅប្រទេសថៃ ដោយទៅតាមសាច់ញាតិនិងអ្នកស្គាល់ ធ្វើជាជាងសំណង់ និងអ្នកថែសួន។ លោកថា អ្នកចំណាកស្រុកមានចំនួន ៤៤៤នាក់ ដែលជាង៩០ភាគរយទៅធ្វើការនៅប្រទេសថៃ។ លោកបានបន្ថែមទៀតថា អ្នកដែលវិលត្រឡប់ក្នុងកំឡុងកូវីដមានចន្លោះពី៥ទៅ១០នាក់ក្នុង១ខែ។
ចំពោះការជួយឧបត្ថម្ភពលរដ្ឋចំណាកស្រុក លោកបានឱ្យដឹងថា ឃុំមិនមានថវិកានោះទេ។ បច្ចុប្បន្នអាជ្ញាធរកំពុងមមាញឹកក្នុងការចាក់វ៉ាក់សុំាងកូវីដ។
លោក ម៉ាញ មានប្រសាសន៍ថា៖ «ឪឡូវនេះគាត់(ឃុំ)អត់មានយន្តការអីផ្សេងៗទាក់ទងហ្នឹងនេះទេ ប៉ុន្តែគាត់ចាប់ផ្តើមពង្រឹងឱ្យប្រជាពលរដ្ឋចាក់វ៉ាក់សាំងសិន ផ្តោតសំខាន់ទៅលើការចាក់វ៉ាក់ស៊ាំងឱ្យគ្រប់ក្រុមគ្រួសារ។ ការចាក់វ៉ាក់សាំងនៅឃុំសសរស្តម្ភចាក់ជាលើកទី២ ចាក់ជុំទី២ ជុំទី១ចាក់២ដូស ចាក់រួចហើយ នេះចាក់អ្នកមិនដែលចាក់សោះ ហើយចំពោះកុមារយើងចាក់ស្ទើរតែបាន១០០ភាគរយហើយ»។
លោក ឌី ថេហូយ៉ា មន្ត្រីអង្គការសង់ត្រាល់ (Central) ទទួលបន្ទុកសិទ្ធិការងារ បានមានប្រសាសន៍ថា ពលរដ្ឋខ្មែរដែលទៅធ្វើកានៅប្រទេសថៃ ប្រមាណ២លាននាក់ ភាគច្រើនធ្វើការលើវិស័យសំណង់ ឧស្សាហកម្ម រោងចក្រ និងកសិកម្ម។ លោកថា ពលករខ្មែរបានឆ្លងកូវីដនៅប្រទេសថៃ មានប្រមាណជាង១ម៉ឺននាក់។ ចាប់តាំងពីផ្ទុះកូវីដនៅប្រទេសថៃ មានពលករប្រមាណ៣០ម៉ឺននាក់ បានត្រឡប់មកស្រុកកំណើតវិញតាមតាមច្រកធំៗ២នៅតាមព្រំដែរគឺ អូរស្មាច់ និងអូរ៣ជាន់ និងមួយចំនួនកំពុងអនុវត្តនីតិវិធីធ្វើចត្តាឡីស័ក ហើយនឹងមួយចំនួនបានបញ្ជូនមកសហគមន៍វិញ។
លោកបញ្ជាក់ថា ស្ថានភាពបច្ចុប្បន្នពលករខ្មែរដែលធ្វើមាតុភូមិនិវត្តពីប្រទេសថៃវិញ ប្រឈមនឹងបញ្ហាគ្មានប្រាក់ចំណូល អត់ការងារធ្វើ ដាច់ស្បៀង និងត្រូវដោះបំណុល និងជាទូទៅមិនមានការឧបត្ថម្ភពីភាគីណាមួយនៅឡើយទេ។ លោកអំពាវនាវ ឱ្យរដ្ឋាភិបាលត្រូវផ្តល់នូវកិច្ចគាំពារសង្គម បណ្ណក្រីក្រ ផ្តល់ជំនាញនិងស្វែងរកទីផ្សារការងារក្នុងស្រុក ទីផ្សារកសិផល និងពង្រឹងសេវាសាធារណ:។
លោក ថេហូយ៉ា មានប្រសាសន៍៖ «អញ្ចឹងមនុស្សរាប់លាននាក់ដែលត្រូវការការងារ គឺមានតែក្នុងវិស័យកសិកម្ម។ ក្នុងវិស័យកសិកម្មរបស់យើង តើយើងមានទីផ្សារឲ្យពួកគាត់អត់?» ដោយបន្ថែមថា៖ «យើងមានប្រព័ន្ធធារាសាស្រ្តគ្រប់គ្រាន់អត់? យើងបានផ្តល់បច្ចេកទេសក្នុងការដាំដុះដល់ពួកគាត់គ្រប់គ្រាន់ឬអត់? ហើយរដ្ឋមានទុនក្នុងការជួយជំរុញផលិតកម្ម ក៏ដូចផលិតផលក៏ដូចជាកសិផលក្នុងស្រុកមានគុណភាពមានទីផ្សារមានតំលៃដែរឬអត់ »។
អ្នកនាង មាស សាអ៊ីម អនុប្រធានផ្នែកស្ត្រី និងកុមារ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក បានមានប្រសាសន៍ថា ពលរដ្ឋធ្វើការចំណាកស្រុកមានការលំបាកនិងប្រឈមច្រើន នៅពេលសម្រេចចិត្តទៅធ្វើការនៅបរទេសទាំងប្រថុយដោយកង្វះព័ត៌មានផ្សេង។ អ្នកនាងថាពលករមួយចំនួនធ្វើចំណាកស្រុកទៅប្រទេសថៃ មិនមានឯកសាគ្រប់គ្រាន់ និងអ្នកខ្លះចាញ់បោកមេខ្យល់។ នៅពេលដែលអាជ្ញាធរថៃចាប់បញ្ជូនពួកគេមកវិញ ពួកគេអត់មានការងារធ្វើ ហើយប្រឈមនឹងជំពាក់បំណុលកាន់តែច្រើន។
អ្នកនាង សាអ៊ីម អំពាវនាវឱ្យ ក្រសួង អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធឲ្យចូលរួមចំណែកធ្វើការសហការនិងតាមដានឱ្យពេញលេញ ហើយនិងបន្តពង្រឹងការអនុវត្តច្បាប់ការពារជនរងគ្រោះ ព្រមទាំងធ្វើការសិក្សាពីតម្រូវការជាក់លាក់របស់ពួកគេ។
អ្នកនាង សាអ៊ីម ថ្លែងថា៖ «គ្មាននរណាចង់ធ្វើការចំណាកស្រុក ទាំងប្រថុយប្រថាន ឆ្ងាយពីអ្នកជាទីស្រឡាញ់របស់គាត់នោះទេ ។ បើសិនសិក្សាថាគាត់ជាជនរងគ្រោះហើយ អាចថាមានដី បង្រៀនពីចំណេះជំនាញឱ្យពួកគាត់ឱ្យបានជាក់លាក់ មិនមែនតែគាត់ទេ ទាំងគ្រួសារ ព្រោះតែគាត់ចេះតែឯងក៏មិនអាចជួយគ្រួសារមួយទាំងមូលដែរ បានន័យថាបំពេញតម្រូវការមួយគ្រួសារនិងសហគមន៍គាត់តែម្តង»។
តាមទំព័រហ្វេសប៊ុករបស់អង្គការសង់ត្រាល់នៅថ្ងៃ១៨ ខែកក្តដា ឆ្នាំ២០២១ បានឲ្យដឹងថា ដោយសារជំងឺកូវីដ១៩ រីករាលដាលនៅប្រទេសថៃធ្ងន់ធ្ងរ បានអនុវត្តបិទខ្ចប់តាំងពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១មក។ នៅតំបន់ការដ្ឋានមិនមានថៅកែក្រុមហ៊ុនសំណង់ ឬភាគីរដ្ឋណាមួយជួយជ្រោមជ្រែង ពលករខ្មែររាប់សែននាក់ដែលបានរងគ្រោះ។ ពួកគាត់មិនបានទទួលការជួយផ្តល់កញ្ចប់ស្បៀងអាហារ និងជំនួយសង្គមផ្សេងៗឡើយ។ ពលករខ្មែរភាគច្រើន ប្រឈមការខ្វះស្បៀង រងការបណ្តេញចេញពីការងារ ការរើសអើង និងផុតកំណត់ទិដ្ឋការជាដើម។
លោក ហេងសួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា មានប្រសាសន៍ថា រដ្ឋាភិបាលថៃបានដាក់ចេញគោលការណ៍ក្នុងអំឡុងពេលការរីករាលជំងឺកូវីដ-១៩ ជួយពលករបរទេស ផ្ដល់ប្រាក់ជួយសង្គ្រោះ ៥០% នៃប្រាក់ឈ្នួល ដល់ពលករស្របច្បាប់ដែលស្ថិតក្នុងប្រព័ន្ធធានារ៉ាប់រងសង្គម និងសុំការសហការពីនិយោជកឱ្យចេញប្រាក់ចំណែក ៥០% នៃថ្លៃឈ្នួលជូនពលករមិនមានឯកសារគ្រប់គ្រាន់ និងរៀបចំអាចចុះបញ្ជីចូលប្រព័ន្ធធានារ៉ាប់រង។
លោក ហេង សួរ មានប្រសាសន៍៖ «រដ្ឋាភិបាលបានយកចិត្តទុកដាក់តាមដាន នូវការវិវត្តស្ថានភាពនៃការរីករាលដាលជំងឺកូវីដ–១៩ ដើម្បីដោះស្រាយជូនពលករ»។
ក្រសួងការងារកម្ពុជាក៏បានផ្ញើលិខិតទៅទៅរដ្ឋមន្រ្តីក្រសួងការងារថៃ រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍សង្គម និងសន្តិសុខថៃ និងបានផ្ញើលិខិតទៅអង្គការពលកម្មពិភពលោក (ILO) និងអង្គការអន្តរាជាតិតអន្តោប្រវេសន៍ (IOM) នៅទីក្រុងបាងកក ដើម្បីស្នើសុំការជួយឧបត្តម្ភ និងសមភាគីនៃអនុសារណៈរវាងប្រទេសទាំង២ និងស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃ ដើម្បីផ្តល់ការគាំពារ ជួយសង្គ្រោះព្យាបាលអ្នកជំងឺកូវីដ-១៩ និងអ្នកជាប់ចត្តាឡីស័ក មុនត្រឡប់មកប្រទេសកំណើត និងអនុញាតិឱ្យបន្តស្នាក់នៅ និងធ្វើការបណ្តោះអាសន្នរហូតដល់ខែកក្កដា ឆ្នាំ២០២២។
លោក ថេហូយ៉ា បានឲ្យដឹងថា តាមរយៈការទទួលព័ត៌មានពីបណ្តាញពលករនៅក្នុងប្រទេសថៃ គិតមកទល់ថ្ងៃទី៦ខែ កញ្ញា ២០២១ លោកនៅមិនទាន់ទទួលព័ត៌មានពីការជួយឧបត្ថម្ភពីសំណាក់និយោជកដល់ពលករខ្មែរដែលមិនមានការងារធ្វើ និងរៀបចំឱ្យមានចុះបញ្ជីចូលប្រព័ន្ធធានារ៉ាប់រងនៅឡើយនោះទេ។លោកមានការសាទរចំពោះគោលនយោយជារឿងដែលល្អ និងជំរុញឲ្យមានការតាមដានបង្កើនការអនុវត្តឱ្យបានឆាប់រហ័ស។
លោក ថេហូយ៉ា មានប្រសាសន៍ថា៖ «ថៃត្រូវតែអនុវត្តទៅតាមច្បាប់ស្តីពីការងាររបស់ថៃ នៅពេលដែលផ្អាកផលិតកម្ម ផ្អាកនៃការងារគឺនយោជក រដ្ឋាភិបាលមានកាតព្វកិច្ចក្នុងការគាំពារ ៧៥ភាគរយនៃប្រាក់ឈ្នួលរបស់គាត់ អាហ្នឹងទី១ក្នុងកំឡុងពេលដែលគាត់អត់មានការងារធ្វើ។ ទី២សូមឲ្យរដ្ឋាភិបាលថៃពន្លឿននូវការចុះបញ្ជីដើម្បីឱ្យគាត់ទទួលបាននៅធានារ៉ាប់រង។ ទីបីសូមឲ្យគោរពនូវការអនុវត្តឱ្យមានប្រសិទ្ធភាព កុំឱ្យមានតែក្នុងគោលនយោបាយតែការអនុវត្ត អត់មានប្រសិទ្ធភាពក៏គ្មានបានប្រយោជន៍អ្វីដែរ»។
ទាក់ទិនទៅនឹងការជួយឧបត្ថម្ភដល់អ្នកក្រីក្រ លោក តូច ចាន់នី អគ្គនាយកបច្ចេកទេស និងជាអ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានប្រសាសន៍ថា ប្រជាពលរដ្ឋក្រីក្រនៅតែអាចសុំទទួលជំនួយពីរដ្ឋាភិបាលនិងបណ្ណក្រីក្រ តែត្រូវមានការវាយតម្លៃពីភាពក្រីក្រពីភូមិឃុំ ដោយការទៅសុំសម្ភាសធ្វើបណ្ណក្រីក្រ ។
លោក ចាន់នី៖ « បើគាត់ក្រមែនក្នុងមូលដ្ឋានគាត់អាចសុំទៅចុះឈ្មោះនៅមេភូមិនៅមេឃុំ ហើយប្រាប់គេថា គាត់សុំសម្ភាសសុំបណ្ណក្រីក្រ ហើយចុះឈ្មោះទៅ មេឃុំមានក្រុមការងារគាត់ចុះវាយតម្លៃ សម្ភាសតាមកម្រងសំនួរដែលក្រសួងផែនការដាក់ឱ្យ»។ ដោយលោកបន្ថែមថា៖ «បើគាត់ជាប់អាចទទួលបាន ជួនកាលបានទទួលរបបពីរដ្ឋាភិបាលហើយ អញ្ចឹងងគាត់មិនទាន់បិទច្រកទេ(នៅអាចសុំធ្វើបណ្ណក្រីក្រ) មិនដឹងធ្វើម៉េចទេ ត្រូវតែធ្វើអញ្ជឹង »។
ត្រឡប់មកគ្រួសារអ្នកស្រី អ៊ិច វិញ។ អ្នកស្រីមិនចង់ទៅធ្វើការនៅប្រទេសថៃវិញទៀតនោះទេ ព្រោះឆ្លងកាត់តាមបទពិសោធអាក្រក់កន្លងមកបានធ្វើឲ្យគ្រួសារអ្នកស្រីមានបំណុលច្រើនជាងមុន។ អ្នកស្រីនឹងធ្វើស្រែលើដីជាង១ហិកតាដែលជាកេររបស់ឪពុកម្តាយ។ ទោះជាយ៉ាងណា អ្នកស្រីថាទិន្នផលពីស្រែនេះនឹងមិនអាចជួយជីវភាពគ្រួសារអ្នកស្រីបានប្រសើរនោះទេ។ អ្នកស្រីស្នើឲ្យរដ្ឋាភិបាលជួយបង្កើតការងារឲ្យបានច្រើន និងជួយឧបត្ថម្ភគ្រួសារអ្នកស្រី ក៏គ្រួសារពលករផ្សេងទៀត។
អ្នកស្រីបានបន្ថែមថា៖ «ជួយដោះស្រាយបញ្ហាជីវភាពគ្រួសារក្រីក្រ បានតែមួយហូបៗ[ ] ចង់ជួយរកការងារឱ្យខ្ញុំបានធ្វើបានលុយជួយដោះស្រាយក្នុងគ្រួសារខ្លះៗ មានស្រែធ្វើក៏ធ្វើ មិននេះទៀតងាប់អស់ អត់មានភ្លៀងអី ធ្វើស្រែ១ហត្ថ (ហិកតា) វាអត់មានភ្លៀងងាប់ស្រូវអស់»៕