អង្គការ សមាគម និងសហជីពចំនួន ២៥ បានសំដែងការខកចិត្តចំពោះកាស៊ីណូណាហ្គាវើលដ៍ នូវអ្វីដែលក្រុមសង្គមស៊ីវិលទាំងនេះបានចាត់ទុកថាមានចេតនារំលាយរចនាសម្ព័ន្ធថ្នាក់ដឹកនាំសហជីព ដោយថា ការធ្វើបែបនេះមិនសមហេតុផល និងមិនអាចទទួលយកបានកអំឡុងវិបត្តិកូវីដ-១៩។
ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ បានឲ្យដឹងថា ណាហ្គាវើលដ៍មានគម្រោងបញ្ឈប់បុគ្គលិក ១ ៣២៩នាក់ ក្នុងចំណោមបុគ្គលិកសរុបជាង ៨ ០០០នាក់ ដោយសារតែវិបត្តិកូវីដ-១៩។ ក្នុងចំនួននេះ កញ្ញា ស៊ីថរ ថា ៨២ភាគរយជាសកម្មជនសហជីព និងមន្ត្រីសហជីព ខណៈបុគ្គលិកចំនួន ៣៧៣នាក់មិនទាន់បានទទួលសំណងដែលត្រូវផ្ដល់ឲ្យនៅឡើយ។
ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ រួមមានសហជីពប្រចាំណាហ្គាវើលដ៍ អង្គការសង់ត្រាល់ អាដហុក លីកាដូ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អង្គការបណ្ដាញយុវជនកម្ពុជា និងអង្គការសង្គមស៊ីវិលមួយចំនួនទៀត បានចេញសេចក្ដីថ្លែងការណ៍រួមមួយកាលពីថ្ងៃពុធ ដោយបានចោទថាការបញ្ឈប់បុគ្គលិកនេះជាការបំពានសិទ្ធិការងារ និងសេរីភាពជាមូលដ្ឋានរបស់កម្មករសហជីពនៅកាស៊ីណូណាហ្គាវើលដ៍យ៉ាងធ្ងន់ធ្ងរ។ សេចក្ដីជូនដំណឹងបានចោទប្រកាន់ថា ការជូនដំណឹងបញ្ឈប់ថ្នាក់ដឹកនាំសហជីព និងសកម្មជនសហជីព បង្ហាញពីចេតនារបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ក្នុងការបំពានសិទ្ធិជាមូលដ្ឋានរបស់បុគ្គលិកដែលចង់ចងក្រងសហជីពសម្រាប់លក្ខខណ្ឌការងារប្រសើរឡើង។
សេចក្ដីថ្លែងការណ៍បន្ថែមថា៖ «ទុក្ខវេទនា និងការរងអំពើអយុត្តិធម៌របស់កម្មករនិយោជិតនៅក្នុងក្រុមហ៊ុនណាហ្គាវើលដ៍ គឺជាការឆ្លុះបញ្ចាំងការអនុវត្តច្បាប់ក្នុងប្រទេសកម្ពុជា ហើយវាក៏ជាគំរូអាក្រក់ទៅដល់និយោជកផ្សេងទៀតអនុវត្តតាមបទពិសោធន៍របស់ក្រុមហ៊ុនណាហ្គាវើលដ៍ដូចគ្នា»។ បើតាមសេចក្ដីថ្លែងការណ៍ដដែលបន្ថែមថា៖ «ការព្រងើយកន្តើយ មិនអើពើអនុវត្តច្បាប់របស់ក្រុមហ៊ុនខ្នាតយក្សមួយនេះនឹងជាគំរូអាក្រក់ដល់អ្នកវិនិយោគទុនផ្សេងៗទៀតយកតម្រាប់តាម ធ្វើឲ្យកម្មករនិយោជិតរងអំពើអយុត្តិធម៌កាន់តែច្រើន ព្រមទាំងធ្វើឲ្យប៉ះពាល់មុខមាត់រាជរដ្ឋាភិបាលកម្ពុជាលើឆាកអន្តរជាតិទៀតផង»។
សេចក្ដីថ្លែងការណ៍នេះ ក៏បានដកស្រង់មាត្រា១ នៃអនុសញ្ញាស្ដីពីសេរីភាពខាងសមាគម និងសិទ្ធិក្នុងការបង្កើតអង្គការវិជ្ជាជីវៈ ដែលមានចែងថា៖ «កម្មករនិយោជិត ត្រូវទទួលបានការការពារយ៉ាងពេញទំហឹងទល់នឹងសកម្មភាពនៃការរើសអើងប្រឆាំងនឹងសមាគមក្នុងមុខរបររបស់ខ្លួន»។
កញ្ញា ស៊ីថរ ប្រាប់ខេមបូចាថា សេចក្ដីថ្លែងការណ៍នេះមានបំណងបង្ហាញពីការសោកស្ដាយចំពោះការបំពានសិទ្ធិការងាររបស់កាស៊ីណូណាហ្គាវើលដ៍ប្រឆាំងនឹងសមាជិកសហជីព។
កញ្ញា ស៊ីថរ បន្តថា៖ «ទោះបីជាណាហ្គាវើលដ៍បានផ្អាកដំណើរការពីបីដងដោយសារតែវិបត្តិកូវីដ-១៩ ខណៈឥលូវកូវីដ-១៩ បានថយចុះ និងណាហ្គា៣ នឹងត្រូវការបុគ្គលិក ១០ ០០០នាក់ ហេតុអ្វីពួកគេមិនទទួលយើងឲ្យធ្វើការ?»។ ស៊ីថរ ឲ្យដឹងទៀតថា៖ «ពីរខែដំបូងក្នុងឆ្នាំ២០២១ ក្រុមហ៊ុនបានទទួលប្រាក់ចំណេញសុទ្ធជាង ១៧២លានដុល្លារ។ [ប៉ុន្តែ] ក្រុមហ៊ុននៅតែមានចេតនាចង់រំលាយ និងបំបាត់សំឡេងសហជីព»។
កញ្ញា បានអំពាវនាវឲ្យក្រសួងការងារ ពន្យល់ពីការបំពានសិទ្ធិការងារប្រឆាំងនឹងសមាជិកសហជីពនេះ។
កញ្ញា ស៊ីថរ បន្តថា៖ «ក្រសួងហាក់ស្ងប់ស្ងាត់ក្នុងការពន្យល់ និងបកស្រាយពីការបំពានសិទ្ធិការងារពីសំណាក់ក្រុមហ៊ុនណាហ្គាវើលដ៍»។ ស៊ីថរ បន្ថែមទៀតថា៖ «ទោះបីជាសំណងមិនស្របតាមច្បាប់ស្ដីពីការងារ ក្រសួងបានបរាជ័យក្នុងការផ្ដល់យុត្តិធម៌សម្រាប់ពួកយើង ហើយក្រុមប្រឹក្សាអាជ្ញាកណ្ដាល ក៏បានច្រានចោលការទាមទាររបស់សហជីពផងដែរ»។
កញ្ញា ស៊ីថរ ឲ្យដឹងថា ខ្លួន និងបុគ្គលិកផ្សេងទៀតនឹងធ្វើកូដកម្មទាមទារដំណោះស្រាយនៅថ្ងៃទី១៨ ខែធ្នូ និងថាពួកខ្លួននឹងតវ៉ាដោយអនុវត្តតាមវិធានការក្រសួងសុខាភិបាល កាត់បន្ថយការប្រឈមនឹងការឆ្លងជំងឺកូវីដ-១៩។
កញ្ញា ស៊ីថរ ឲ្យដឹងថា៖ «យើងមិនអាចទទួលយកបានទេ បើសិនជាគេមិនអនុញ្ញាតឲ្យយើងធ្វើការតវ៉ា លើកលែងតែពួកគេផ្ដល់ហេតុផលសមរម្យ និងដំណោះស្រាយអាចទទួលយកបាន ពីព្រោះយើងបានអត់ធ្មត់ដល់កម្រិតហើយក្នុងការស្វែងរកដំណោះស្រាយ ប៉ុន្តែវាមិនអាចទៅរួច»។
អ្នកស្រី ឃ្លាំង សុបិន វ័យ ៤២ឆ្នាំ ជាសមាជិកសហជីពនៅណាហ្គាវើលដ៍ បានឲ្យដឹងថា អ្នកស្រីត្រូវក្រុមហ៊ុនបញ្ឈប់ពីការងារកាលពីខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីត្រូវបានគេប្រាប់ថា ក្រុមហ៊ុនរៀបចំរចនាសម្ព័ន្ធថ្មី។ អ្នកស្រីលើកឡើងថាខ្លួនបានខិតខំធ្វើការយ៉ាងខ្លាំងសម្រាប់ក្រុមហ៊ុនក្នុងរយៈពេល ១៨ឆ្នាំកន្លងមកនេះ។
អ្នកស្រីនិយាយថា៖ «យើងបានធ្វើការយូរមកហើយ»។ អ្នកស្រីបន្តថា៖ «ក្រុមហ៊ុនគួរតែគិតគូរពីសំណងឲ្យបានត្រឹមត្រូវ…យើងមិនអាចទទួលយកអំពើអយុត្តិធម៌នេះទេ ហើយយើងជាមនុស្សចាស់ពិបាករកការងារធ្វើណាស់ យើងអាចត្រឹមតែបន្តទាមទារការងារមកវិញ»។
សម្រាប់រយៈពេលប្រាំមួយខែចុងក្រោយនេះ អ្នកស្រី ថាខ្លួនបានជួបការខ្វះខាតម្ហូបអាហារប្រចាំថ្ងៃ និងមានបញ្ហាក្នុងបង់ថ្លៃស្នាក់នៅផងដែរ។ អ្នកស្រី ប្រាប់ខេមបូចា ទៀតថា អ្នកស្រីសង្ឈឹមថាអាជ្ញាធរពាក់ព័ន្ធនឹងផ្ដល់ដំណោះស្រាយឆាប់ៗដល់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ដែលត្រូវបញ្ឈប់។

អ្នកស្រី លាង ម៉ៅ ម៉ាណែត វ័យ ៥២ឆ្នាំ ជាសមាជិកសហជីពនៅណាហ្គាវើលដ៍ម្នាក់ទៀត បានលើកឡើងថា អ្នកស្រីត្រូវបញ្ឈប់ពីការងារកាលពីខែមេសា ឆ្នាំ២០២១ ដោយមិនមានការប្រាប់មូលហេតុអ្វីនោះទេ។ អ្នកស្រីឲ្យដឹងថាខ្លួនបានធ្វើការនៅក្រុមហ៊ុននេះអស់រយៈពេល ២៦ឆ្នាំ។
អ្នកស្រី ម៉ាណែត បន្តថា បន្ទាប់ពីក្រុមហ៊ុនផ្អាកដំណើរការក្នុងវិបត្តិកូវីដ-១៩ ជីវភាពគ្រួសារអ្នកស្រីជួបការលំបាកជាខ្លាំង។ អ្នកស្រីថា ខ្លួនធ្លាប់តែមានប្រាក់ខែសមរម្យ ប៉ុន្តែពេលនេះកំពុងជួបការលំបាកលើការចំណាយផ្សេងៗ រួមទាំងការសិក្សាកូន និងម្ហូបអាហារ។
អ្នកស្រីឲ្យដឹងថា៖ «ជំហររបស់ខ្ញុំគឺថា ចង់ឲ្យក្រុមហ៊ុនទទួលពួកយើងចូលធ្វើការវិញ ពីព្រោះខ្ញុំចាស់ហើយ និងមិនអាចរកការងារឯណាផ្សេងបានទេ ខ្ញុំគ្មានជំនាញអ្វីផ្សេងទេ»។
អ្នកស្រី សំ សុផា វ័យ ៤៨ឆ្នាំ ជាបុគ្គលិករបស់ក្រុមហ៊ុនណាហ្គាម្នាក់ទៀត បានឲ្យដឹងថាខ្លួនបានទទួលសារតាមប្រព័ន្ធអនឡាញកាលពីខែឧសភា ឆ្នាំ២០២១ ពីខាងកាស៊ីណូ ដោយបានបញ្ជាក់ថាអ្នកស្រីត្រូវព្យួរការងារ ដោយសារតែកិច្ចសន្យាការងារបានបញ្ចប់។ អ្នកស្រី អះអាងថា តាំងពីធ្វើការជាមួយកាស៊ីណូណាហ្គាវើលដ៍ ២៦ឆ្នាំ កន្លងមកនេះ អ្នកស្រីមិនដែលទទួលបានកិច្ចសន្យាការងារម្ដងណានោះទេ។
ក្រោយពីក្រុមហ៊ុនបានផ្អាកប្រតិបត្តិការកាលពីប្រាំពីរខែមុន អ្នកស្រីបានទៅធ្វើការនៅការដ្ឋានសំណង់មួយកន្លែង។
អ្នកស្រីបន្តថា៖ «ខ្ញុំបានបន្តតស៊ូមតិ ដើម្បីបានចូលធ្វើការវិញ ហើយថាសំណងត្រូវតែសមរម្យ ពីព្រោះក្នុងអតីតកាល ក្រុមហ៊ុនគួរតែពិចារណាអំពីសំណងរបស់ខ្ញុំសម្រាប់ ២៦ឆ្នាំមកនេះ ខ្ញុំបានទទួលតិចតួចណាស់»។
លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារ របស់អង្គការសង់ត្រាល់ មានប្រសាសន៍ថា លោកមានអារម្មណ៍សោកស្ដាយដែលឃើញថាទាំងក្រុមហ៊ុន និងក្រសួងមិនបានផ្ដល់ដំណោះស្រាយដែលអាចទទួលយកបាន។
លោកថារ៉ូ បន្ថែមថា៖ «វាគឺជាការរើសអើសពីសំណាក់ក្រុមហ៊ុន ដែលរំលាយសហជីព ខណៈសហជីពដើរតួនាទីយ៉ាងសកម្មក្នុងការការពារសិទ្ធិការងារ និងផលប្រយោជន៍បុគ្គលិក។ បើសិនជាក្រុមហ៊ុនយក្សមួយនេះអាចបំពាន[សិទ្ធិទាំងនេះ] បានជោគជ័យ នោះវាជាគំរូអាក្រក់មួយសម្រាប់អ្នកផ្សេងទៀត»។
លោកបានលើកឡើងថា មន្ត្រីសហជីពមិនអាចបានចូលរួមជាមួយក្រុមអធិការកិច្ចក្រសួងការងារក្នុងដំណើរការស្នើឲ្យមានការបញ្ឈប់បុគ្គលិកនេះទេ។
លោកបន្ថែមថា៖ «ក្រសួង និងមន្ត្រីអធិការកិច្ចមិនបានបំពេញតួនាទីរបស់ខ្លួនឲ្យបានត្រឹមត្រូវ ដើម្បីដោះស្រាយសំណើរបស់សហជីព និងមានភាពមិនប្រក្រតីជាច្រើនក្នុងអំឡុងពេលធ្វើអធិការកិច្ច ពីព្រោះខ្វះការចូលរួមពីខាងសហជីព ដើម្បីស្វែងរកកំហុសរបស់ពួកគេ ដែលឈានដល់ការរំលាយនេះ»។ ថារ៉ូឲ្យដឹងទៀតថា៖ «វាបានបង្ហាញថា សហជីពមិនបានទទួលការការពារទៅតាមច្បាប់»។
លោក Hein Dames ប្រធានផ្នែកធនធានមនុស្សរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ និងបុគ្គលិកផ្នែកធនធានមនុស្សផ្សេងទៀតមានលោក ឌី សីហា និង រស់ ប៊ុនឡេង មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។
អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ មានប្រសាសន៍ថា ក្រសួង និងក្រុមប្រឹក្សាអាជ្ញាកណ្ដាល បានបំពេញតួនាទីយ៉ាងត្រឹមត្រូវ និងស្របច្បាប់។
លោកមានប្រសាសន៍ថា៖ «បើសិនជាសេចក្ដីថ្លែងការណ៍ដែលចេញនោះអាចផ្លាស់ប្ដូរលទ្ធផលដែលបានដោះស្រាយតាមច្បាប់ហើយនោះ យើងមិនចាំបាច់ត្រូវការឯកសារច្បាប់ និងនីតិវិធីច្បាប់នោះទេ»។
លោកបន្តថា៖ «ក្នុងអំឡុងវិបត្តិកូវីដ-១៩ ឬវិបត្តិសេដ្ឋកិច្ច ការបញ្ឈប់បុគ្គលិកជារឿងចៀសមិនរួច»។ លោកសួរបន្តទៀតថា៖ «ក្នុងពិភពលោកនេះ គ្មានច្បាប់ណាហាមឃាត់ក្រុមហ៊ុនពីការបញ្ឈប់បុគ្គលិកក្នុងវិបត្តិកូវីដ-១៩ នោះទេ បើមានបង្ហាញខ្ញុំមក»។
លោក អ៊ុក ចន្ធូ ប្រធាននាយកដ្ឋានអធិការកិច្ចក្រសួងការងារមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Civil society organizations and unions express disappointment with NagaWorld layoffs