យ៉ាងហោចណាស់ មានពលករខ្មែរមួយរូប ឈ្មោះ មាស សាវ៉ាង ភេទប្រុស អាយុ២៣ឆ្នាំ ដែលមានទីលំនៅក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ត្រូវបានបញ្ជាក់ថា ទទួលមរណភាពដោយសារគ្រោះរញ្ជួយដីនៅប្រទេសថៃ បើគិតត្រឹមម៉ោង៣និង៣០នាទី រសៀលថ្ងៃទី៣១ ខែមីនានេះ។ យោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងការងារ។
ក្រសួងការងារ ពិតជាមានក្តីក្តុកក្តួលរន្ធត់ចិតឥតឧបមាក្រោយទទួលដំណឹងនេះ។ សេចក្តីប្រកាសព័ត៌មានបន្តថា នារសៀលថ្ងៃទី៣១ ខែមីនា លោក ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានទៅដល់មន្ទីរពេទ្យតម្កល់សពដោយផ្ទាល់ ដើម្បីរួមជាមួយសាច់ញាតិនៃសព និមន្តព្រះសង្ឃស្វាធ្យាយតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា មុននឹងដឹកសពចេញដំណើរឆ្ពោះមកស្រុកកំណើតវិញ។
ការរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១ ៧០០នាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងនៅទីក្រុងបាងកក ប្រទេសថៃ យ៉ាងហោចណាស់ ១៨នាក់បានស្លាប់ និងកម្មករជាង ៧០នាក់ កំពុងបាត់ខ្លួននៅការដ្ឋានអគារដែលបាក់រលំ ខណៈកំពុងសាងសង់។ យោងតាម Bangkok Post ចុះផ្សាយថ្ងៃទី៣១ ខែមីនា។
លោក លឹង សុផុន មន្ត្រីគម្រោងផ្នែកការពារសិទ្ធិពលករប្រចាំប្រទេសថៃនៃអង្គការសង់ត្រាល់បានថ្លែងថា យោងតាមការទទួលព័ត៌មានពីសាច់ញាតិដែលបាត់ខ្លួនក្នុងអគារបាក់រលំនោះចាប់តំាងពីថ្ងៃទី២៩ដល់ថ្ងៃទី៣១ ខែមីនានេះថា មានពលករខ្មែរប្រហែលជាង១០នាក់ដែលបានបាត់ខ្លួនក្នុងអគារបាក់រលំ ខណៈអ្នកកំពុងបាត់ខ្លួនសរុបក្នុងអគារបាក់រលំដោយសារគ្រោះរញ្ជួយដីមានជាង៧០នាក់។
លោក សុផុន ឱ្យដឹងថា៖ «តាមព័ត៌មានដែលគេបានបញ្ជាក់ថា អ្នកដែលកំពុងបាត់ខ្លួនមានរហូតដល់៧៦នាក់ ដែលគេមិនដឹងថាពួកគាត់នៅក្នុងគំនរអគារហ្នឹងនៅមានជីវិត ឬក៏គាត់បាត់បង់ជីវិតនោះ យើងមិនទាន់ដឹងច្បាស់នៅឡើយ»។
លោក សុផុន បានបញ្ជាក់ថា សាកសពដែលគេរកឃើញ មិនទាន់ដឹងច្បាស់ថាមានខ្មែរ ឬជនជាតិណាប៉ុន្មាននាក់នៅឡើយ ប៉ុន្តែមានបងប្អូនខ្មែរកំពុងរង់ចាំមើលសមាជិក និងសាច់ញាតិរបស់ពួកគេដែលបានបាត់ខ្លួន ហើយសាកសពដែលរកឃើញមាន១៧នាក់ហើយនៅព្រឹកថ្ងៃទី៣១ ខែមីនា ក្នុងនោះសាកសពដែលស្លាប់នៅទីតាំងអគារដែលបាក់រលំមានតែ១១នាក់ទេ ក្រៅពីនោះ ពួកគាត់ស្លាប់នៅទីតាំងផ្សេងទៀត។
លោក សុផុន បានបន្តថា នៅក្នុងទីក្រុងបាងកក មានអគារជាច្រើនប្រេះស្រាំ បែកបាក់ និងទ្រេត ដែលធ្វើឱ្យប្រជាពលរដ្ឋថៃ និងពលករបរទេសមានការភ័យខ្លាចយ៉ាងខ្លាំង។ លោកបានលើកឡើងទៀតថា នៅរសៀលថ្ងៃទី៣១ ខែមីនា ក៏មានការរញ្ជួយដីនៅទីក្រុងបាងកក ម្តងទៀត ដែលធ្វើឱ្យអគាររដ្ឋបាលប្រេះផងដែរ។
លោកបានបន្ថែមថា៖ «រហូតមកដល់ថ្ងៃទី៣១នេះ អ្នករុករកនៅបន្តធ្វើការរុករក ហើយគេបានប្រើប្រដាប់ផ្តល់សញ្ញាចាប់យកថាមានជីវិត គឺនៅតែបង្ហាញថាអ្នកនៅក្នុងគំនរអគារហ្នឹង នៅមានជីវិតមួយចំនួន ហើយគេប្រើសត្វសុនខជួយរកក៏បង្ហាញថានៅមានជីវិតមួយចំនួនដែរ»។
នៅក្នុងប្រទេសមីយ៉ាន់ម៉ា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា យ៉ាងហោចណាស់មនុស្ស ១ ៧០០នាក់ ត្រូវបានបញ្ជាក់ថាបានស្លាប់។ កាសែត Wall Street Journal បានរាយការណ៍ថាចំនួនអ្នកស្លាប់បានកើនឡើងដល់ ២ ០២៨នាក់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ យោងតាម The Nation ចុះផ្សាយថ្ងៃទី៣១ ខែមីនា។
អ្នកស្រី សឿន សំណាង មកពីខេត្តកំពង់ធំ បានឱ្យដឹងថា អ្នកស្រីជាកម្មករសំណង់ម្នាក់នៅទីតាំងអគារមួយកន្លែង ក្នុងទីក្រុងបាងកក ប្រទេសថៃ ដែលស្ថិតក្នុងគ្រោះរញ្ជួយដីនោះ អ្នកស្រីបានរងរបួសបាក់ជើងខាងឆ្វេង ខណៈពេលដែលអ្នកស្រីរត់ចុះពីជាន់ទី១៦នៃអគារមួយកន្លែងដែលអ្នកស្រីកំពុងធ្វើការ ព្រោះអ្នកស្រី និងកម្មករផ្សេងទៀតបានលឺសូរសំឡេងមុននឹងបាក់ ហើយអ្នកស្រីបានបញ្ជាក់ទៀតថា អគារដែលអ្នកស្រីធ្វើការនោះបាក់រលំតែពាក់កណ្តាលទេ។
អ្នកស្រីបន្តថា អ្នកស្រីបានរងរបួសបាក់ជើងដោយសារអ្នកស្រីបានរត់ចុះពីជាន់ទី១៦នៃអគារនោះយ៉ាងប៉ផាប់ពភីង ហើយអ្នកស្រីបានលោតតោងប្អូនប្រុសរបស់អ្នកស្រីដែលរត់ចុះពីលើអគារនោះជាមួយគ្នា។
អ្នកស្រី សំណាង បានលើកឡើងថា៖ «ខ្ញុំមក(ខ្មែរ) វិញដោយសារតែជើងឈឺហើយមិនមានលុយ។ ខ្ញុំចូលពេទ្យរួចមិនដឹងថាបានលុយមកពីណាចេញថ្លៃពេទ្យ ក៏ដោយសារបងប្អូនរ៉ៃលុយគ្នាពីនេះ(ខ្មែរ)ទៅ និងចងការប្រាក់គេ ដើម្បីយកលុយផ្ញើរឱ្យខ្ញុំ បានខ្ញុំចេញពីពេទ្យរួច»។
លោកស្រីបានឱ្យដឹងថា ដោយសារជីវភាពគ្រួសារអ្នកស្រីខ្វះខាត ហើយអ្នកស្រីជំពាក់លុយគេ មិនដឹងថារកអីបង់គេ ក៏គិតថាទៅថៃដើម្បីអាចដោះស្រាយជីវភាពបាន។ តែនរណាទៅដឹងថាទៅមិនទាន់បានប៉ុន្មានថ្ងៃផង ក៏មានគ្រោះថ្នាក់។
អ្នកស្រីបន្ថែមថា៖ «ពេលទៅក៏រកលុយគេ ពេលមកវិញក៏រកលុយគេ ចូលពេទ្យក៏រកលុយគេ»។

លោក អឿង ចន្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងថា បន្ទាប់ពីមានបញ្ហាគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា និងប្រទេសថៃមក រដ្ឋមន្ត្រីក្រសួងធនធានទឹក បានដឹកនាំអ្នកជំនាញរបស់ក្រសួងដើម្បីទៅពិនិត្យមើលលទ្ធភាពតើយើងអាចដាក់សញ្ញាឬមួយតាមដានការរញ្ជួយកម្រិតណាមួយ ក្រសួងកំពុងសិក្សានិងពិភាក្សា។
លោក ចន្ថា បន្តថា ទាក់ទងនឹងគ្រោះរញ្ជួយដីនេះ ៥០ឆ្នាំចុងក្រោយ ប្រទេសកម្ពុជាមិនមានបញ្ហាអីទេ ហើយសណ្ឋានដីរបស់ប្រទេសកម្ពុជាក៏មិនងាយរងគ្រោះដោយសារការរញ្ជួយដីដែរ និងកន្លងមកទោះបីទទួលឥទ្ធិពលពីប្រទេសជិតខាងក៏ដោយ យ៉ងច្រើនប្រទេសកម្ពុជាទទួលរងតិចតួចប៉ុណ្ណោះ។
លោក ចន្ថា លើកឡើងថា៖ «បច្ចុប្បន្នហ្នឹង យើមិនទាន់មានប្រព័ន្ធប្រកាសឱ្យដឹងមុនទេ អ៊ីចឹងកន្លែងនេះហើយ ដែលឯកឧត្តមរដ្ឋមន្ត្រីបានឱ្យក្រុមការងារបច្ចេកទេសសិក្សា ក៏ដូចជារៀបយន្តការដើម្បីតាមដានទៅពេលអនាគត»។
លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្ដល់នូវថវិកា ចំនួន១០ម៉ឺនដុល្លារអាមេរិក ដល់កាកបាទក្រហមមីយ៉ាន់ម៉ា ដើម្បីជួយសង្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយការរញ្ជួយដី។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានបរិច្ចាគនូវថវិកាចំនួន ១០ម៉ឺនដុល្លារអាមេរិកផងដែរ ដល់ប្រទេសមីយ៉ាន់ម៉ា ក្នុងនោះក៏បញ្ជូនមន្រ្តីពីររូបរបស់កម្ពុជា ដើម្បីចូលរួមក្នុងបេសកកម្មអន្តរាគមន៍សង្រ្គោះគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា៕