សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

រដ្ឋាភិបាល​ប្រាប់​ពលរដ្ឋ​ឱ្យជឿ​ទុក​ចិត្ត​លើ​ដំណើរការ​បោះបង្គោល​ព្រំដែន

ពលរដ្ឋខ្មែរម្នាក់បង្ហាញផ្ទះរបស់គាត់នៅក្នុងភូមិព្រៃចាន់ ក្នុងខេត្តបន្ទាយមានជ័យ ជាកន្លែងដែលទាហានថៃបានបណ្តេញគ្រួសាររបស់គាត់ចេញ ហើយដាក់បន្លាលួសព័ទ្ធយក ក្នុងខែសីហា ឆ្នាំ២០២៥។ (ខេមបូចា/ យ៉ន សូវៀត)
ពលរដ្ឋខ្មែរម្នាក់បង្ហាញផ្ទះរបស់គាត់នៅក្នុងភូមិព្រៃចាន់ ក្នុងខេត្តបន្ទាយមានជ័យ ជាកន្លែងដែលទាហានថៃបានបណ្តេញគ្រួសាររបស់គាត់ចេញ ហើយដាក់បន្លាលួសព័ទ្ធយក ក្នុងខែសីហា ឆ្នាំ២០២៥។ (ខេមបូចា/ យ៉ន សូវៀត)

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បាន​ជូន​ដំណឹង​ដល់​ជន​រួម​ជាតិ ​និង​សាធារណជន ​ឱ្យ​ជឿ​ទុក​ចិត្ត​លើ​ដំណើរការ​របស់​រដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​ការ​បោះបង្គោល​ព្រំដែន​បណ្ដោះអាសន្ន​រវាង​កម្ពុជា​និង​ថៃ​នៅ​តំបន់​មាន​ជម្លោះ។

តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន កម្ពុជា និង​ថៃ បាន​បញ្ជូន​ក្រុម​ការងារចម្រុះនៃភាគីទាំងពីរ​ចុះ​សិក្សា​វាស់វែង ដើម្បី​ដោះស្រាយ​បញ្ហា​នៅ​ភូមិ​ជោគជ័យ និង​ភូមិ​ព្រៃ​ចាន់។

​រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បាន​លើកឡើង​ថា ​ការងារ​វាស់វែង និងស្វែងរុករកទីតាំងពិតប្រាកដនៃ​បង្គោល​ព្រំដែន​ដែលចន្លោះពីបង្គោលព្រំដែនលេខ​៤២​ដល់​លេខ​៤៧ ​ត្រូវ​បាន​អនុវត្ត«យ៉ាង​ហ្មត់ចត់»​និង​​«ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត»​ដោយ​ផ្អែក​លើ​ឯកសារ​អាណាព្យាបាល​បារាំង​ជា​ពិសេស​កំណត់ហេតុ​(Procès-Verbaux)​បោះបង្គោលនៃ​គណៈកម្មការ​ព្រំដែន​ឥណ្ឌូចិន-សៀម​ ឆ្នាំ​១៩០៨-១៩០៩​និង​ឆ្នាំ​១៩១៩-១៩២០។

ការ​បោះបង្គោល​ព្រំដែន​បណ្ដោះអាសន្ន​ធ្វើ​ឡើង ​បន្ទាប់​ពីមាន​កិច្ច​ប្រជុំ​ពិសេស​នៃគណៈកម្មការចម្រុះព្រំដែនគោក កម្ពុជា-ថៃ (JBC) កាល​ពី​ខែ​តុលា​ដែល​ភាគី​ទាំង​ពីរ​បាន​ព្រម​ព្រៀង​គ្នា​ក្នុង​ការ​បោះ​បង្គោល​ព្រំដែន​ដែល​ខូច​ឬ​បាត់​ចំនួន​១៥​ឡើង​វិញ​នៅ​ទីតាំង​ដើម​របស់​ពួកវា​និងនិង​ដាំ​បង្គោល​ដែល​លិច​ទឹក​ចំនួន​បីឡើងវិញ នៅពេល​ទីតាំង​ថ្មី​ត្រូវ​បាន​កំណត់។

លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនមិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ។ 

នៅ​ភូមិ​ជោគជ័យ និង​ភូមិ​ព្រៃ​ចាន់ របាំង​បន្លា​លួសបាន​កាត់​ផ្ដាច់​អ្នក​ភូមិ ដែល​ពួកគេភាគច្រើនបាន​រស់​នៅ​ទី​នោះ​អស់​ជា​យូរ​ឆ្នាំ ពី​ផ្ទះ​សម្បែង និង​ដី​ស្រែ​ចម្ការ​របស់​ពួក​គេ ដែលជាលទ្ធផល​បណ្ដាល​ឱ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ជាមួយ​ទាហាន​ថៃទៀតផង។ 

អ្នកស្រី ហ៊ុល ម៉ាលីស ជា​អ្នក​ភូមិ​ព្រៃ​ចាន់ ដែល​ផ្ទះ​របស់​គាត់​ត្រូវ​បាន​ទាហាន​ថៃ​ហ៊ុមព័ទ្ធ​ដោយ​របងបន្លាលួសបាន​និយាយ​ថា គាត់​បាន​ដឹង​អំពី​ការ​ចុះ​សិក្សា​វាស់វែង​រួម​គ្នានេះ ហើយសម្រាប់​ការ​បោះបង្គោល​ព្រំដែន​បណ្ដោះអាសន្ន មេ​ដឹក​នាំ​ប្រទេស​កំពុង​ចាត់​ចែង​រឿង​នេះ។

អ្នក​បាន​បន្ត​ថា៖ «ខ្ញុំ​មិន​ដឹង​ទេ។ វា​អាស្រ័យ​លើ​ថ្នាក់​ដឹក​នាំ​ក្នុង​ការ​ដោះស្រាយ​បញ្ហាហ្នឹង»

អ្នក​ភូមិ​ម្នាក់​ទៀត ឈ្មោះ រស់ សារ៉ូ មក​ពី​ភូមិ​ជោគ​ជ័យ បាន​និយាយ​ថា ក្រុម​ការងារ​ចម្រុះដែលចុះ​សិក្សា​វាស់វែង​មិន​ទាន់​បាន​ទៅ​ដល់​ភូមិ​របស់​គាត់​នៅ​ឡើយ​ទេ។ 

អ្នកស្រីបានប្រាប់ថា៖ «យើង​នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ ពី​ព្រោះ​ពួក​គេ [អាជ្ញាធរ​ថៃ] បាន​និយាយ​ថា យើង​នឹង​ត្រូវ​បណ្ដេញ​ចេញ ក្រោយ​ពី​ព្រំដែន​ត្រូវ​បាន​កំណត់​រួចរាល់»

សារ៉ូ បាន​បន្ថែម​ថា៖ «យើង​ក៏​បារម្ភ​អំពី​សកម្មភាព​យោធា​ដែរ ប៉ុន្តែ​យើង​មិន​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី​ទេ។ យើង​គ្រាន់​តែ​ត្រូវ​រង់ចាំ​មើល​ថា​តើ​មាន​អ្វី​កើត​ឡើង» ដោយ​បន្ថែម​ថា រឿង​ព្រំដែន​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល។

លោក សារ៉ូ បាន​រស់​នៅ​ទី​នោះ តាំង​ពី​តំបន់​នោះ​ត្រូវ​បាន​រំដោះ​ពីក្រុម​ខ្មែរ​ក្រហម។

លោក ប៉ែន រិទ្ធី មេ​ភូមិ​ជោគ​ជ័យ បាន​និយាយ​ថា គ្រួសារ​ខ្លះ​បាន​វិល​ត្រឡប់​មក​ពី​ជំរំវិញ​​បណ្ដើរៗហើយ ខណៈ​ដែល​ស្ថានការណ៍បាន​ស្ងប់ស្ងាត់វិញ។ លោក​បាន​បញ្ជាក់​ថា ក្រុម​ការងារ​ចុះ​សិក្សា​វាស់វែង​ចម្រុះនៃភាគីទាំងពីរ កំពុង​ធ្វើ​ការ​នៅ​ភូមិ​ព្រៃ​ចាន់ ប៉ុន្តែ​មិន​ទាន់​បាន​ទៅ​ដល់​ភូមិ​របស់​លោក​ទេ។

នៅ​ពេល​ទាក់ទង​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា បាន​និយាយបន្ទរបន្ថែមលើ​សេចក្ដី​​ថ្លែងការណ៍​របស់​រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ស្តី​ពី​ការ​បោះបង្គោល​ព្រំដែន​បណ្ដោះអាសន្ន ដោយ​ព្រមាន​ក្រុម​ជ្រុល​និយមឱ្យ​បញ្ឈប់​ការ​ញុះញង់​មហាជន​លើ​រឿង​ព្រំដែន​។

លោក​បាន​លើកឡើង​ថា៖ «បញ្ហា​ព្រំដែន កំពុង​ត្រូវ​បាន​ដោះស្រាយ តាម​រយៈ​នីតិវិធី​បច្ចេកទេស និង​ច្បាប់​អន្តរជាតិ។ នៅ​ពេល​ដែល​វា​ត្រូវ​បាន​ដោះស្រាយ​រួចរាល់ នឹង​លែង​មាន​ជម្លោះបន្ថែមទៀត​ហើយ […] សូម​ទុក​ពេល​ឱ្យរដ្ឋាភិបាល​ធ្វើ​ការងារ​របស់​គេផង»

អង្គការ​នយោបាយ​អន្តរជាតិ Centrist Democrat International (CDI-IDC) បាន​សម្ដែង​ការ​គាំទ្រ​យ៉ាង​ខ្លាំង ចំពោះ​ការ​ដោះស្រាយ​ដោយ​សន្តិវិធី រវាង​កម្ពុជា និង​ថៃ និង​ការ​គោរព​កិច្ច​ព្រម​ព្រៀង​បទ​ឈប់​បាញ់ ខណៈ​ពេល​ដែល​អំពាវនាវ​ឱ្យមាន​ការ​ដោះ​លែង​ទាហាន ១៨នាក់ដែល​ឃុំ​ខ្លួន​ដោយ​កងទ័ព​ថៃ​ជា​បន្ទាន់ និង​គ្មាន​លក្ខខណ្ឌ។

សេចក្ដី​ថ្លែងការណ៍​បាន​សរសេរ​ថា៖ «យើង​បាន​កត់​សម្គាល់​ថា បទ​ឈប់​បាញ់ និង​កិច្ច​ព្រម​ព្រៀង​សន្តិភាព នៅ​តែ​មាន​ភាព​ផុយ​ស្រួយ ដូច​ដែល​បាន​ឃើញ​តាមរយៈការ​វាយ​ប្រហារ​យ៉ាង​សាហាវ​ថ្មីៗ​នេះ ដោយ​ទាហាន​ថៃ ទៅ​លើ​ជន​ស៊ីវិល​ដែល​គ្មាន​អាវុធ»

អ្នក​នាំ​ពាក្យ​ខេត្ត​បន្ទាយមានជ័យ លោក ណង វុទ្ធី មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ៕

159 views
ព័ត៌មានថ្មី
អត្ថបទពេញនិយម