មេដឹកនាំសហជីព លោក រ៉ុង ឈុន និងប្រធានបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ ព្រមទាំងសកម្មជនបរិស្ថាន និងអ្នកគាំទ្របក្សប្រឆាំងជាច្រើននាក់ត្រូវតុលាការសម្រេចដោះលែងព្រមៗគ្នានៅថ្ងៃទី១២វិច្ឆកានេះ។
ក្នុងចំណោមអ្នកដែលត្រូវបានដោះលែង មានអ្នកខ្លះបានអនុវត្តទោសចប់ និងភាគច្រើនផ្សេងទៀតត្រូវតុលាការប្រើវិធីកាត់តម្រឹមទោស ដោយភ្ជាប់លក្ខខណ្ឌហាមមិនឱ្យធ្វើដំណើរទៅក្រៅប្រទេសនិងត្រូវស្ថិតក្រោមការឃ្លាំមើលពីអាជ្ញាធរ ។
អ្នកដែលត្រូវបានដោះលែងបានបង្ហាញក្ដីសប្បាយរីករាយ ដោយរត់ឱបសាច់ញាតិ ខ្លះទៀតស្ទុះពរកូនតូច ខ្លះទៀតស្រែកយំខ្លាំងដោយក្ដីរំភើប និងនឹករលឹកឪពុកម្ដាយបងប្អូន។ ទោះយ៉ាងណាអ្នកដែលបានផ្ដល់បទសម្ភាសន៍ឱ្យអ្នកសារព័ត៌មាន សុទ្ធតែអះអាងថាពួកគេទទួលរងនូវភាពអយុត្តិធម៌។
ស្លៀកខោខ្លីពាក់អាវយឺត ស្បែកជើងផ្ទាត់ ក្បាលចងខ្សែរូបទង់ជាតិខ្មែរផងនោះ លោក រ៉ុង ឈុន ដើរចេញពីពន្ធនាគារព្រៃសជាមួយ លោក សួង សុភណ្ឌ ក្រោមសំឡេងស្វាគមន៍ពីអ្នកគាំទ្ររាប់សិបនាក់។
លោក រ៉ុង ឈុន ស្រែកថា៖ «តុលាការគ្រាន់តែជាឧបករណ៍នយោបាយរបស់អ្នកកាន់អំណាចប៉ុណ្ណោះ អារម្មណ៍ខ្ញុំនៅតែរងសម្ពាធ ព្រោះការរស់នៅរបស់ខ្ញុំនៅក្រោមរង្វង់ដែលគេគូសឱ្យដើរ។ ខ្ញុំជាប់គុក១៥ខែ១១ថ្ងៃដោយអយុត្តិធម៌!»។
អ្នកដែលត្រូវបានដោះលែងចេញពីពន្ធនាគារនៅថ្ងៃសុក្រនេះ រួមមាន លោក រ៉ុង ឈុន ប្រធានសភាពសហជីពកម្ពុជា និងអតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក សួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ យុវជនខ្មែរថាវរៈមាន លោក ហ៊ុន វណ្ណៈ កញ្ញា ឈឿន ដារ៉ាវី លោក តុន និមល និងកញ្ញា ស កន្និកា។ ចំណែកក្រុមចលនាមាតាធម្មជាតិចំនួន៦នាក់រួមមាន លោក ថុន រដ្ឋា លោក យឹម លាងហ៊ី កញ្ញាឡុង គន្ធា កញ្ញាស៊ុន រដ្ឋា កញ្ញាភួន កែវរស្មី និងយុវជន លី ចាន់ដារ៉ាវុធ។ ក្រុមស្ត្រីតវ៉ាចំនួន៦នាក់ដែលតវ៉ានៅមុខស្ថានទូតចិនកាលពីថ្ងៃទី២៣ខែតុលាឆ្នាំ២០២០ និងក្រុមអ្នកគាំទ្របក្សប្រឆាំងដែលចូលរួមតវ៉ាឱ្យដោះលែងលោក រ៉ុងឈុន ក៏ត្រូវបានដោះលែងផងដែរ។
នៅព្រឹកថ្ងៃសុក្រ សាលាឧទ្ធរណ៍បានកាត់ទោស លោក រ៉ុង ឈុន ឱ្យជាប់ពន្ធនាគារ២ឆ្នាំ តែអនុវត្តត្រឹម១៥ខែ ១១ថ្ងៃ ហើយទោសនៅសល់៨ខែ១៩ថ្ងៃទៀត ត្រូវបានព្យួរ ពីបទញុះញង់ដោយសារតែការអះ អាងរបស់លោកថា សហគមន៍មួយនៅតាមបណ្តោយព្រំដែនវៀតណាមបានបាត់បង់ដីអំឡុង ពេលបោះបង្គោលព្រំដែន។លោកក៏ត្រូវតុលាការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាម ផ្លូវតុលាការរយៈពេល៣ឆ្នាំ ដោយអំឡុងពេល៣ឆ្នាំនេះ បើសិនជាលោកត្រូវផ្លាស់ប្ដូរទីលំនៅ ចេញទៅក្រៅប្រទេស ត្រូវជូនដំណឹងដោយមានការឯកភាពពីតុលាការ។
ប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ មានប្រសាសន៍ថា លោកមិនបានប្រព្រឹត្តិខុសច្បាប់ឡើយ។ លោកថា លោកនៅតែបន្តឆន្ទៈបម្រើសង្គមនិងលើកស្ទួយសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ព្រមទាំងធ្វើនយោបាយដើម្បីលើកស្ទួយលទ្ធិប្រជាធិបតេយ្យ។
លោក សួង សុភ័ណ្ឌ និយាយថា៖ «ខ្ញុំធ្វើការងារដើម្បីប្រយោជន៍សង្គមជាតិតែអ្នកកាន់អំណាចគេមិនសប្បាយគេចាប់ខ្ញុំដាក់គុក។ ខ្ញុំរងនូវអយុត្តិធម៌រួចហើយ ដូច្នេះទៅថ្ងៃមុខខ្ញុំត្រូវតែបន្តឆន្ទៈការពារ យុត្តិធម៌ជូនជនស្លូតត្រង់នឹងតស៊ូដើម្បីបុព្វហេតុសង្គមជាតិតទៅទៀត»។
កំណត់ត្រាពីមន្ត្រីអង្គការសង្គមស៊ីវិលឱ្យដឹងថា នៅថ្ងៃទី១២ខែវិច្ឆកានេះ តុលាការកាន់សំណុំរឿងផ្សេងៗ ហើយបានសម្រេចដោះលែងអ្នកមាននិន្នាការជំទាស់រដ្ឋាភិបាល ចំនួន១៨នាក់ ដោយភ្ជាប់លក្ខខណ្ឌផ្សេងៗគ្នា។
កញ្ញាឡុង គន្ធា ជាសមាជិកចលនាមាតាធម្មជាតិដែលត្រូវចាប់ខ្លួនព្រោះមានគម្រោងធ្វើដំណើរម្នាក់ឯងទៅផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីបង្ហាញក្តីកង្វង់ពីការលុបបឹងតាមោក។ កញ្ញាក៏ត្រូវបានដោះលែងពីពន្ធនាគារនៅព្រលប់ថ្ងៃទី១២វិច្ឆកាដែរ។
គន្ធា លើកឡើងថា ៖ «ខ្ញុំនៅតែចង់បានយុត្តិធម៌ ព្រោះពួកខ្ញុំអត់មានបានធ្វើខុសដូចការចោទប្រកាន់របស់តុលាការទេ ខ្ញុំនៅតែទទូចស្នើសុំឱ្យតុលាការលើកលែងការចោទប្រកាន់ចំពោះពួកខ្ញុំ»។
ដំណើការដោះលែងអ្នកជំទាស់ពីពន្ធនាគារនេះមានការឃ្លាំមើលពីមហាជនរាប់រយនាក់ ដោយរាប់តាំងពីមន្ត្រីអង្គការសង្គមស៊ីវិល ប្រជាពលរដ្ឋ អ្នកសារព័ត៌មាន អ្នកនយោបាយនិងអាជ្ញាធរដ្ឋាភិបាលផង។កម្លាំងនគរបាលរាប់សិបនាក់ក៏បានដាក់ពង្រាយនៅជិតពន្ធនាគារ។
អតីតសមាជិកព្រឹទ្ធសភាមកពីបក្សប្រឆាំងនិងជាសមាជិកជាន់ខ្ពស់គណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ស្នើឱ្យគណបក្សកាន់អំណាចបន្ធូរបន្ថយស្ថានការណ៍នយោបាយដើម្បីបង្កលក្ខណៈងាយស្រួលដល់បរិយាកាសបោះឆ្នោតឃុំសង្កាត់នៅឆ្នាំ២០២២ខាងមុខ។
លោក ថាច់ សេដ្ឋា មានប្រសាសន៍៖«ខ្ញុំយល់ឃើញថា ការដោះលែងលោក រ៉ុង ឈុន និងអ្នកដ៏ទៃទៀតដោយមានភ្ជាប់កល្ខខណ្ឌនេះ ប្រៀបដូចជាការដោះលែងពួកគាត់ពីគុកមានជញ្ជាំងមកគុកឥតជញ្ចាំងដូច្នេះដែរ។ហេតុនេះរដ្ឋាភិបាលគួរណាស់តែពីចារណាឡើងវិញ ធានាឱ្យមានសេរីភាពក្នុងការធ្វើនយោបាយបាយឡើងវិញ»។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា លោកស្វាគមន៍ចំពោះការដោះលែងអ្នកមាននិន្នាការជំទាស់នេះ។ ទោះយ៉ាងណា លោកនៅតែទទូចឱ្យមានការអនុវត្តច្បាប់ដោយឈរលើគោលការណ៍គោរពសិទ្ធិមនុស្ស។
លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា៖ «សំណុំរឿងទាំងអស់នេះ ជាសំណុំរឿងនយោបាយ ដូច្នេះបើរដ្ឋាភិបាលចង់បន្ធូរស្ថានការណ៍នយោបាយនោះ ផ្លូវច្បាប់ក៏ធូរស្រាលតាមនោះដែរ។យើងជាសង្គមស៊ីវិលមិនចង់ឃើញបែបនេះទេ យើងចង់ឱ្យមានការគោរពសិទ្ធិមនុស្សនិងឈរលើមូលដ្ឋានច្បាប់ជាធរមាន»។
ខេមបូចា មិនអាចទាក់ទងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ដ បានទេនៅថ្ងៃសុក្រនេះ។
លោក រ៉ុង ឈុន ប្ដេជ្ញាចិត្តថា គាត់នឹងមិននៅស្ងៀមឡើយ បើទោះបីជាមានការរឹតត្បិតពី សំណាក់អាជ្ញាធររដ្ឋាភិបាលក៏ដោយចុះ។ លោក រ៉ុង ឈុន មានប្រសាសន៍បន្ថែមថា៖ «ខ្ញុំនឹងប្រើជីវភាពនៅក្រៅគុករបស់ខ្ញុំដើម្បីបុព្វហេតុការពារសិទ្ធិមនុស្ស សិទ្ធិកម្មករ និងសិទ្ធិគ្រូបង្រៀននៅកម្ពុជា»៕