សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ជនជាតិវៀតណាមដែលជម្លៀសចេញពីភ្នំពេញបន្តរស់នៅព្រំដែននៃទឹកដីកម្ពុជា

ផ្ទះបណ្តែតទឹកជនជាតិវៀតណាមដែលបានបណ្តេញចេញពីទីក្រុងភ្នំពេញត្រូវបានរារាំងនៅតាមដងទន្លេមេគង្គ នៅស្រុកលើកដែក ខេត្តកណ្តាលជាប់ព្រំដែនកម្ពុជា-វៀតណាម។ រូបភាពថតនៅថ្ងៃទី ២៨ ខែមិថុនាឆ្នាំ ២០២១។ ខេមបូចា/ ព្រីង សំរាំង
ផ្ទះបណ្តែតទឹកជនជាតិវៀតណាមដែលបានបណ្តេញចេញពីទីក្រុងភ្នំពេញត្រូវបានរារាំងនៅតាមដងទន្លេមេគង្គ នៅស្រុកលើកដែក ខេត្តកណ្តាលជាប់ព្រំដែនកម្ពុជា-វៀតណាម។ រូបភាពថតនៅថ្ងៃទី ២៨ ខែមិថុនាឆ្នាំ ២០២១។ ខេមបូចា/ ព្រីង សំរាំង

ជនជាតិវៀតណាមប្រមាណ១០០គ្រួសារអះអាងថា ពេលនេះពួកគេកំពុងជួបការលំបាកខ្លាំងបន្ទាប់អាជ្ញាធររាជធានីភ្នំពេញជម្លៀសពួកគេចេញកាលពីខែមិថុនា ហើយពួកគេមានបំណងទៅរស់នៅក្នុងប្រទេសវៀតណាមតែរហូតដល់ចុងខែកញ្ញានេះ វៀតណាមមិនបើកព្រំដែនទទួលពួកគេនោះទេ​។​

ជនជាតិវៀតណាមដែលកំពុងរស់នៅលើទឹកស្ថិតនៅក្នុងឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល អះអាងថា ពួកគាត់បាត់បង់មុខរបរ បាត់បង់ប្រាក់ចំណូល ហើយមិនអាចស្វែងរកការងារធ្វើបានគឺខ្វះខាតទាំងលុយទិញអាហារ និងលុយសម្រាប់ព្យាបាលជំងឺ។​

ជនជាតិវៀតណាមទាំងនេះធ្លាប់មានមុខរបរជាអ្នកចិញ្ចឹមត្រីនៅផ្ទះបណ្តែតទឹកនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ភាគច្រើននៃពួកគេសុទ្ធតែអះអាងថា ឪពុកម្តាយ និងដូនតារបស់ពួកគេសុទ្ធតែកើតនៅលើទឹកដីកម្ពុជា ហើយពេលនេះកម្ពុជាមិនផ្តល់សញ្ជាតិ។ ចំណែករដ្ឋាភិបាលវៀតណាមវិញក៏មិនទទួលស្គាល់ដែលធ្វើឱ្យជីវិតពួកគេមិនមានគោលដៅច្បាស់លាស់។​

លោក វ វឿងវិញ អាយុ៣៩ឆ្នាំ​អះអាងថា លោកកើតនៅកម្ពុជា ហើយឪពុកម្តាយ និងដូនតាលោកក៏កើតនៅកម្ពុជាដែរ។ លោកថា ក្នុងពេលដែលជាប់គាំងនៅលើទឹកនៅចំណុចព្រំដែនប្រទេសទាំងពីរនេះលោកជួបការលំបាកច្រើន។

លោក វ វឿងវិញ និយាយថា៖ «មានការលំបាកច្រើនណាស់បងអើយ! ឥឡូវឡើងគោកក៏គេអត់ឱ្យទិញដី ហើយចុះទៅក្រោមក៏ទៅអត់បាន។ មានតែនៅបណ្តែតចឹងគេឱ្យនៅកន្លែងណានៅកន្លែងហ្នឹង រកស៊ីអត់បាន។ បងឯងគិតទៅ១ថ្ងៃៗទៅណាអត់បាន»។ ដោយលោកបន្ថែមថា៖ «ពេលឈឺអីអត់មានលុយទិញថ្នាំផងហ្នឹង ហើយអង្ករជិតអស់រហូតហ្នឹង ឥឡូវបងឯងគិតទៅអត់ធ្វើការទៅសុំអាណាគេបាន»។

លោក វ វឿងវិញ  បានបន្តថា លោកមិនមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរធ្វើឱ្យលោកមិនអាចទិញដីនៅកម្ពុជា និងមិនអាចរកការងារធ្វើបានទេ។ លោកថា កូនចៅសាច់ញាតិពួកគាត់សុទ្ធតែកើតនៅកម្ពុជា ហើយអ្នកខ្លះមិនដែលស្គាល់ប្រទេសវៀតណាមទេ។

​លោក វ វឿងវិញ និយាយថា៖«ពួកខ្ញុំជនជាតិវៀតណាមមែនមកពីពួកខ្ញុំរស់នៅកន្លែងនេះយូរហើយ។ និយាយទៅពួកខ្ញុំខ្លះមិនស្គាល់វៀតណាមយ៉ាងម៉េចផង។ ដល់ឥឡូវគេដេញ ពួកខ្ញុំជីដូនជីតាកើតនៅលើនេះ ដល់ឥឡូវដេញពួកខ្ញុំចេញទៅវៀតណាមពួកខ្ញុំដឹងតែទៅហើយ បងឯងឱ្យខ្ញុំប្រឆាំងម៉េចបាន? ទៅហើយមិនដឹងរកស៊ីយ៉ាងម៉េច?​ ចេះតែព្រមដោយបិទភ្នែកទៅ»។​

ច្បាប់ស្តីពីការផ្តល់សិទ្ធិលើចំណែកឯកជននៃអគារសហកម្មសិទ្ធិដល់ជនបរទេស មាត្រា ៥ និង ៦ បានចែងកំណត់ជាគោលការណ៍អំពីសិទ្ធិលើកម្មសិទ្ធិលើអគារសហកម្មសិទ្ធិរបស់ជនបរទេសយ៉ាងដូច្នេះថា ជនបរទេសដែលមានលក្ខណសម្បតិ្តគ្រប់គ្រាន់តាមផ្លូវច្បាប់មានសិទ្ធិកម្មសិទ្ធិលើចំណែកឯកជននៃអគារសហកម្មសិទ្ធិ និងសិទ្ធិប្រើប្រាស់ និងអាស្រ័យផលលើចំណែករួម និងមានកាតព្វកិច្ចគោរពតាមបញ្ញត្តិទាំងឡាយនៃច្បាប់នេះ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងទៀតជាធរមាន។ ជនបរទេសមានកម្មសិទ្ធិលើចំណែកឯកជននៃអគារសហកម្មសិទ្ធិ ចាប់ពីជាន់ទីមួយឡើងទៅ។ ជាន់ផ្ទាល់ដី និងជាន់ក្រោមដី មិនត្រូវបានអនុញ្ញាតឱ្យជនបរទេសមានសិទ្ធិកម្មសិទ្ធិឡើយ។

ផ្ទះបណ្តែតទឹកជនជាតិវៀតណាម នៅក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញក្រុងភ្នំពេញ។ រូបភាពថតនៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង
ផ្ទះបណ្តែតទឹកជនជាតិវៀតណាម នៅក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញក្រុងភ្នំពេញ។ រូបភាពថតនៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

លោក ឡេ ធីអ៊ុក អាយុ៣៦ឆ្នាំក៏អះអាងថា រូបលោក និងដូនតាកើតនៅកម្ពុជាដែរ។ លោកបន្តថា នៅពេលនេះ លោកមិនមានការសម្រេចចិត្តលើខ្លួនឯងទេគឺរង់ចាំតែការសម្រេចរបស់រដ្ឋាភិបាលកម្ពុជា និងវៀតណាម។​

លោក ឡេ ធីអ៊ុក និយាយថា៖«និយាយរួមរាល់ថ្ងៃតាមគេ គេឱ្យឡើងៗ គេឱ្យចុះៗ គេឱ្យនៅយើងនៅហ្នឹងសិនទៅ»

ប្រជាជនវៀតណាម​ដែលកំពុងជាប់គាំងនៅទឹកដីកម្ពុជាក្បែរព្រំដែនវៀតណាមសុទ្ធតែអះអាងថា ពួកគេកើតនៅកម្ពុជាមានប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍នៅកម្ពុជា។

អ្នកដែលកំពុងជាប់គាំងនៅឃុំក្អមសំណទាំងនេះភាគច្រើននៅមានបែចិញ្ចឹមត្រី។ លោក ឡេ ធីអ៊ុក មានបែតូចចំនួន២ដែលមានត្រីជាង២០.០០០ក្បាល ចំណែកលោក វ វឿវិញ មានបែធំ១មានត្រី៤០.០០០ក្បាល។  ពួកគាត់អះអាងថា ត្រីចិញ្ចឹមទាំងនេះមិនធំធាត់ល្អទេ ព្រោះម្ចាស់រវល់ចល័តផ្ទះបណ្តែតទឹកតាមការណែនាំរបស់អាជ្ញាធរ ហើយម្យ៉ាងមិនមានលុយទិញចំណីឱ្យត្រីបានគ្រប់គ្រាន់ទេ។​

ជុំវិញវិធានការរបស់សាលាធានីភ្នំពេញជម្លៀសអ្នករស់នៅលើទឹកចេញដោយហេតុផលបរិស្ថាន និងសណ្តាប់ធ្លាប់នេះ មានសារឆ្លើយឆ្លងគ្នាច្រើនរវាងអាជ្ញាធរនៅប្រទេសកម្ពុជា និងវៀតណាម។

នៅថ្ងៃទី២ខែមិថុនាឆ្នាំ២០២១ សាលារាជធានីភ្នំពេញ បានចេញលិខិតមួយដោយតម្រូវឱ្យអ្នករស់នៅលើទឹកជាង១០០០គ្រួសារភាគច្រើនជាជនជាតិវៀតណាមរើចេញក្នុងពេល១សប្តាហ៍។ នៅថ្ងៃទី៤ខែមិថុនា ​លោក Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា បានសរសេរសារលើហ្វេសប៊ុករបស់លោកថា វិធានការនេះលឿនពេកហើយអ្នករស់នៅលើទឹកជាប្រជាជនក្រីក្រមិនអាចរុះរើទាន់ពេលទេ។​

នៅក្នុងអត្ថបទវិភាគរបស់លោក គិត ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានចាត់ទុកថា សាររបស់ឯកអគ្គរដ្ឋទូតវៀតណាមជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។​

អត្ថបទវិភាគរបស់លោក គិន ភា បានសរសេរថា៖«វោហារសាស្ត្ររបស់លោកទូតវៀតណាមបានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាចោទជាសំនួរថា តើរដ្ឋបាលរាជធានីភ្នំពេញស្ថិតក្រោយរដ្ឋបាលក្រុងហាណូយឬរដ្ឋបាលក្រុងភ្នំពេញ? លោកទូតប្រតិកម្មបែបនេះ»។

លោក គិន ភាគ បញ្ជាក់ថា សាររបស់ឯកអគ្គរដ្ឋទូតវៀតណាមនេះបង្កប់ភាពពិសពុលធ្វើឱ្យបែកបាក់សង្គមខ្មែរ។​

អត្ថបទវិភាគរបស់លោក គិន ភា បានលើកឡើងថា៖«វោហារសាស្ត្ររបស់លោកទូតហាក់បង្កប់នូវភាពពិសពុល ដែលធ្វើឱ្យប្រជាជនកម្ពុជាបែកបាក់ បង្កើតគម្លាតនៃទំនុកចិត្តរវាងប្រជាពលរដ្ឋកម្ពុជា និងរដ្ឋាភិបាលរបស់ខ្លួន ក្នុងន័យបង្កប់មួយថា រាជរដ្ឋាភិបាលកម្ពុជាស្ថិតក្រោមបង្គាប់វៀតណាម ឬ អាយ៉ងវៀតណាមដែលធ្វើឱ្យប្រជាពលរដ្ឋស្អប់រាជរដ្ឋាភិបាលខ្លួនឯង»។​

កាលពីថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២១ លោក Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា មានជំនួបជាមួយលោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោសប្រវេសន៍។ ក្នុងជំនួបនោះ លោក គៀត ច័ន្ទថារិទ្ធ បានស្នើឱ្យភាគីវៀតណាមពន្លឿនបំពេញឯកសារទទួលប្រជាជនវៀតណាមខុសច្បាប់ពីកម្ពុជា។​

របាយការណ៍អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជាស្តីពីជំនួបភាគីទាំងពីរបានឲ្យដឹងថា៖«ចំពោះជនជាតិវៀតណាមដែលរស់នៅខុសច្បាប់នៅកម្ពុជា ឯកឧត្តមនាយកឧត្តមសេនីយ៍អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក៏បានស្នើឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម បន្តជំរុញកិច្ចសហប្រតិបត្តិការ ធ្វើយ៉ាងណាបំពេញបែបបទ ដើម្បីបញ្ជូនអ្នកទាំងនោះទៅប្រទេសវៀតណាមវិញ»។

បើទោះជាជំនួបរវាងភាគីទាំងពីរធ្វើឡើងក្នុងពេលដែលមានភាពតានតឹងលើការជម្លៀសជនជាតិវៀតណាមចេញពីផ្ទៃទឹកក្នុងរាជធានីភ្នំពេញនេះក៏ដោយ តែលោក គៀត ច័ន្ទថារិទ្ធិមិនបានផ្តោតលើអ្នកដែលត្រូវជម្លៀសចេញនេះទេ។​

អ្នកធ្វើដំណើរជិះកាត់មុខស្ថានទូតវៀតណាម នៅក្នុងទីក្រុងភ្នំពេញ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង
អ្នកធ្វើដំណើរជិះកាត់មុខស្ថានទូតវៀតណាម នៅក្នុងទីក្រុងភ្នំពេញ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជាលោក កែវ វណ្ណថន ថ្លែងប្រាប់ខេមបូចានៅពាក់កណ្តាលខែកញ្ញានេះថា អាជ្ញាធររាជធានីខេត្ត កំពុងដោះស្រាយបញ្ហានេះជម្លៀសអ្នករស់នៅលើទឹកក្នុងរាជធានី ហើយខាងស្ថាប័នលោកក៏កំពុងពិនិត្យលើភាពស្របច្បាប់របស់អ្នកទាំងនោះដែរ។

លោក កែវ វណ្ណថន មានប្រសាសន៍ថា៖«ចំពោះជនបរទេសដែលស្នាក់នៅខុសច្បាប់គ្មានលិខិតឆ្លងដែន ឬឯកសារមានតម្លៃស្មើ អគ្គនាយកដ្ឋានអន្តោប្រវេសន៍នឹងចាត់វិធានការតាមផ្លូវច្បាប់»។​

ចំពោះសំណួរថា តើរហូតដល់ពាក់កណ្តាលខែកញ្ញានេះរកឃើញជនអន្តោប្រវេសន៍វៀតណាមដែលជម្លៀសចេញពីផ្ទៃទឹកក្នុងរាជធានីប៉ុន្មាននាក់ខុសច្បាប់? ហើយករណីដែលពលរដ្ឋវៀតណាមជាង១០០គ្រួសារជាប់គាំងនៅព្រំដែននៃប្រទេសទាំងពីរត្រូវដោះស្រាយយ៉ាងណា? សំណួរទាំងនេះលោក កែវ វណ្ណថន មិនបានឆ្លើយតបនោះទេ។​

អ្នកវិភាគនយោបាយលោក សេង សារី ពន្យល់ថា ការដោះស្រាយបញ្ហាអន្តោប្រវេសន៍កម្ពុជាអាចប្រើ៣យន្តការគឺ យន្តការអង្គការសហប្រជាជាតិដែលធានាគោលការណ៍សិទ្ធិមនុស្សជាសកល យន្តការទ្វេភាគីរវាងកម្ពុជា និងវៀតណាម និងយន្តការកម្ពុជាប្រើគោលការណ៍ច្បាប់ខ្លួនឯង។​

លោក សេង សារី លើកឡើងទៀតថា ក្នុងផ្នត់គំនិតប្រជាជនកម្ពុជាជនអន្តោប្រវេសន៍វៀតណាមនៅកម្ពុជាត្រូវបានគេប្រើប្រាស់ក្នុងហេតុផលនយោបាយ ប៉ុន្តែលោកថា អ្នកសិក្សានានារកឃើញថា ជនអន្តោប្រវេសន៍ជាជនរងគ្រោះ។​

លោក សេង សារី មានប្រសាសន៍ថា៖«បើយើងមើលពីទស្សនៈរបស់ពលរដ្ឋខ្មែរ យើងមើលឃើញអន្តោប្រវេសន៍វៀតណាមហ្នឹងត្រូវបានប្រើជា គេហៅថា Political Tools ជាឧបករណ៍នយោបាយសម្រាប់ឈ្លានពានរបស់វៀតណាមលើកម្ពុជា។ ក៏ប៉ុន្តែការស្រាវជ្រាវគេរកឃើញច្រើន រហូតទៅដល់អ្នកស្រាវជ្រាវក្នុងវិស័យហ្នឹងគេសន្មត់ថា ជនអន្តោប្រវេសន៍ខុសច្បាប់ជាជនរងគ្រោះក្នុងពេលដែលមានការប្រែប្រួលនយោបាយ»។​

លោក សេង សារី ក្រើនរំឮកថា កម្ពុជាត្រូវប្រុងប្រយ័ត្នកុំឱ្យកម្ពុជាដែលរងគ្រោះដោយសារគោលនយោបាយជនអន្តោប្រវេសន៍វៀតណាមក្លាយជារងគ្រោះមួយដំណាក់ទៀតគឺត្រូវអន្តរជាតិមើលឃើញថា កម្ពុជាប្រើវិធានការអមនុស្សធម៌ជាមួយជនអន្តោប្រវេសន៍ជាតិវៀតណាម។

ខេមបូចា បានទាក់ទងទៅលោក គង់ សោភ័ណ្ឌអភិបាលខេត្តកណ្តាល និង លោក ចាប ច័ន្ធវិទ្យា អភិបាលស្រុកលើកដែក ដើម្បីសាកសួរជុំវិញស្ថានភាពជនជាតិវៀតណាមរស់នៅជាប់គាំងនៅតំបន់ព្រំដែននេះ ប៉ុន្តែមន្ត្រីទាំង២រូបមិនលើកទូរសព្ទហើយក៏មិនបានឆ្លើយតបសារតាមប្រព័ន្ធតេឡេក្រាមដែរ។​

រហូតដល់ចុងខែកញ្ញានេះទាំងរដ្ឋាភិបាលវៀតណាម និងកម្ពុជា មិនបានបង្ហាញពីផែនការបន្ទាប់ថា ត្រូវដោះស្រាយយ៉ាងណាចំពោះជនជាតិវៀតណាមដែលជាប់គាំងនៅលើទឹកដីកម្ពុជាក្បែរព្រំដែនវៀតណាមនេះទេ។​

ប៉ុន្តែលោក ស៊ឹម ជី ប្រធានសមាគមវៀតណាមប្រចាំកម្ពុជាអះអាងថា រដ្ឋាភិបាលវៀតណាមមិនព្រមទទួលប្រជាជនទាំងនោះដោយសារតែពួកគេកើតនៅកម្ពុជាហើយមិនមានឯកសារពាក់ព័ន្ធបញ្ជាក់ថា ពួកគេជាជនជាតិវៀតណាមនោះទេ។​

លោក ស៊ឹម ជី និយាយថា៖«ខាងវៀតណាមគេមិនឱ្យពួកគាត់ឆ្លងទៅទេដោយសារពួកគាត់ អត់មានឯកសារណាបញ្ជាក់ថា ពួកគាត់ជាវៀតណាម។ និយាយទៅបងប្អូនគាត់រស់នៅហ្នឹងច្រើនជំនាន់ហើយ បើនិយាយពីឯកសារបញ្ជាក់ថា ជាជនជាតិវៀតណាមពួកគាត់អត់មានទេ»

បើតាមលោក ស៊ឹម ជី ជនជាតិវៀតណាមប្រមាណ១០០០គ្រួសារដែលជម្លៀសចេញពីផ្ទៃទឹកក្នុងរាជធានីភ្នំពេញនោះគឺជាង១០០គ្រួសារជាប់គាំងនៅព្រំដែន ជាង៤០០គ្រួសារឡើងគោកជួលដី ផ្ទះស្នាក់នៅក្នុងរាជធានីភ្នំពេញ និងផ្សេងៗទៀតរស់នៅលើផ្ទៃទឹកក្នុងខេត្តកណ្តាលក្បែរព្រំប្រទល់រាជធានីភ្នំពេញ។

របាយការណ៍អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃបង្ហាញថា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២០ នៅកម្ពុជាមានជនបរទេសជាង១១ម៉ឺននាក់ក្នុងនោះជិត៧ម៉ឺននាក់ជាជនជាតិវៀតណាម៕

792 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម