បណ្តាញសហគមន៍ព្រៃឡង់ ខេត្តព្រះវិហារ បានចុះស៊ើបអង្កេតបទល្មើសព្រៃឈើនៅក្នុងតំបន់ព្រៃឡង់ បានប្រទះឃើញបទល្មើសជាច្រើនករណី ក្នុងនោះករណីរកាប់ទន្ទ្រានយកដីព្រៃធ្វើជាកម្មសិទ្ធិចំនួន៣ទីតាំងចំនួនជាង៣០ហិកតា ចាប់ពីថ្ងៃទី១ដល់៤ ខែតុលា ឆ្នាំ២០២៣ រយៈពេល៣យប់៤ថ្ងៃ។
យោងតាមបណ្តាញសង្គមហ្វេសប៊ុកផេកផ្លូវការរបស់បណ្តាញសហគមន៍ព្រៃឡង់ ចេញផ្សាយកាលពីថ្ងៃទី៤ ខែតុលានេះ បញ្ជាក់ថា បណ្តាញសហគមន៍ព្រៃឡង់បន្តរកឃើញបទល្មើសខុសច្បាប់នៃការទន្ទ្រានដីព្រៃធ្វើជាកម្មសិទ្ធិចំនួន៣ទីតាំង ដូចជានៅចំណុចអូរអាស្រង់ចំនួន១៥ហិកតា នៅចំណុចភ្នំចំបក់ក្អែកខាងជើងអូរគោលចំនួន៥ហិកតា និងចំណុចជ្រាប់ព្រាលចំនួន១៥ហិកតា។
ប្រភពដដែលបន្តរកឃើញថា ការបរបាញ់សត្វព្រៃចំនួន២ករណី ដែលមានអាវុធកែច្នៃចំនួន៥ដើម និងគោយន្តចំនួន២គ្រឿង និងជួបប្រទះឈើសុក្រំឃ្លុំចំនួន១២ដុំស្មើនឹង២ម៉ែត្រគូប។
សមាជិកបណ្តាញសហគមន៍ព្រៃឡង់ម្នាក់ លោក ឃុត សឿម លើកឡើងថា ពួកគេមិនប្រើប្រាស់គ្រឿងចក្រដើម្បីឈូសឆាយដីនោះទេ តែពួកគេប្រើរណាយន្តកាប់រំលំដើមឈើឱ្យរាបដល់ដី បន្ទាប់មកទុកឱ្យឈើទាំងអស់នោះក្រៀមស្ងួត ហើយក្រោយមកពួកគេដុតឈើនោះ។ លោកបន្តថា បក្សពួកដែលចូលទៅឈូសឆាយដី និងកាប់ដើមឈើនៅក្នុងព្រៃឡង់ មានប្រមាណជាង១០នាក់។ តែយ៉ាងណា លោកមិនទាន់ដឹងច្បាស់ថាបក្សពួកមនុស្សទាំងអស់នោះមកពីណា មានអ្នកមានអំណាចនៅពីក្រោយ ឬធ្វើនៅក្នុងក្រុមហ៊ុនណានៅឡើយទេ ព្រោះបណ្តាញសហគមន៍ព្រៃឡង់កំពុងស៊ើបអង្កេត។
លោកអះអាងថា៖ «ការកាប់ជាច្រើនហិកតានេះ វាមាន៣កន្លែងហើយក៏វាមានក្រុមប្រហែលជា៣ក្រុមដូចគ្នាដែរ។ ហើយបើតាមខ្ញុំសង្កេតមើលមួយក្រុម មួយកន្លែងនោះប្រហែលជាមានអ្នកដែលគេនៅពីក្រោយ ដើម្បីឱ្យជាសាហ៊ុយ ជាមធ្យោបាយក្នុងការទៅកាប់ ប្រហែលជាអាចគេនឹងរៀបចំថា អាចមានការលក់ ឬក៏អីពីអ្នកដែលមានលុយហ្នឹង»។
កន្លងមកខាងបណ្តាញសហគមន៍ព្រៃឡង់ បានស្នើឱ្យមន្ត្រីមូលដ្ឋានចូលរួមការពារដែរ ប៉ុន្តែខាងភូមិឃុំអះអាងថា មិនមែនជាតួនាទីរបស់ពួកគេទេ ដោយថាកិច្ចការនេះជាភារកិច្ចក្រសួងបរិស្ថាន ឬមន្ត្រីឧទ្យានុរក្ស។ ទន្ទឹងនឹងនេះ សហគមន៍ព្រៃឡង់ក៏បានសុំសហការ និងរាយការណ៍ជូនមន្ត្រីឧទ្យានុរក្សដែរ ប៉ុន្តែពួកគេមិនចុះទៅត្រួតពិនិត្យ និងមិនសហការជាមួយសហគមន៍ព្រៃឡង់ឡើយ ថែមទាំងមិនជឿថាមានករណីកាប់បំផ្លាញព្រៃឈើ និងឈូឆាយដីទៀត។ ជាមួយគ្នានេះ ពេលបណ្តាញសហគមន៍ព្រៃឡង់ចុះល្បាតម្តងៗមានគ្នាប្រមាណ៣៥នាក់។
លោកបន្តថា៖ «អាជ្ញាធរពាក់ព័ន្ធគេអត់មានបានចូលរួមជាមួយពួកយើងទេ ព្រោះជាច្រើនលើកច្រើនសារមក ដែលពួកយើងស្នើឱ្យកម្លាំងពួកគាត់ចូលរួមជាមួយបណ្តាញសហគមន៍យើង ប៉ុន្តែពួកគាត់ហ្នឹងថារវល់ថាអី ថាអត់មានពេល អត់មានកម្លាំងអីចឹងជាដើម ដូចជាមន្ត្រីបរិស្ថាននៅតាមច្រក»។
ជាមួយគ្នានេះ បណ្តាញសហគមន៍ព្រៃឡង់ពេលចុះទៅល្បាត ពួកគាត់ប្រឈមនឹងគ្រោះថ្នាក់ និងភ័យខ្លាចខ្លាំងណាស់ដែរ ប៉ុន្តែពួកគាត់ព្យាយាមជម្នះ ព្រោះបើមិនធ្វើចឹងទេ ព្រៃឡង់មិនអាចគង់វង្សនៅសល់ដូចសព្វថ្ងៃនេះបានទេ។
លោកបន្ថែមថា៖ «ចំពោះការគំរាមកំហែងវិញ គឺវាហានិភ័យខ្ពស់សម្រាប់បណ្តាញសគមន៍ព្រៃឡង់យើង ដោយសារជនល្មើសនៅក្នុងព្រៃឡង់ពោលពេញទៅដោយការប្រើប្រាស់អាវុធកែឆ្នៃខុសច្បាប់ហ្នឹងច្រើន ស្ទើតែថាក្នុងម្នាក់ហ្នឹងមានដើមហើយ ពេលខ្លះក៏មានគេប្រមាថគំហែងអាយុជីវិតពួកយើងដែរ»។
សមាជិកបណ្តាញសហគមន៍ព្រៃឡង់ម្នាក់ទៀត លោក ចាន់ សារិន យល់ឃើញថា ជនល្មើសដែលកំពុងកាប់បំផ្លាញព្រៃឈើ និងឈូសឆាយដីព្រៃខុសច្បាប់ មានអាវុធកែឆ្នៃច្រើនជាងមុន ត្រឹមរយៈពេល៤ថ្ងៃ ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣នេះ បណ្តាញសហគមន៍ចុះល្បាតចាប់បានអាវុធកែច្នៃចំនួន៥ដើម នឹងបានប្រគល់ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរួសរាន់ ស្រុករវៀង ខេត្ដព្រះវិហារ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ជាមួយគ្នានេះ លោកថា សកម្មភាពនៃការកាប់បំផ្លាញព្រៃឈើរយៈពេល២០ឆ្នាំមកនេះ បើប្រៀបធៀបនឹងបច្ចុប្បន្ន មានការកាប់បំផ្លាញខ្លាំង និងច្រើនជាងមុន។
លោកបញ្ជាក់ថា៖ «ការកាប់រានដីព្រៃនេះ បើតាមការសង្កេតឃើញរបស់ខ្ញុំ ខ្ញុំគិតថាកើនឡើងខ្លាំងមែនទែន ហើយយើងគិតថាកន្លងមក អស់រយៈពេល២០ឆ្នាំ និងបច្ចុប្បន្ននេះឃើញថាកំណើននៃការកាប់រានដី វាពិតជាកើនឡើងមែនទែន»។
ហើយឥទ្ធិពលនៃការកាប់បំផ្លាញព្រៃឈើនេះ បានផ្តល់ប៉ះពាល់ជាច្រើនដល់ប្រជាសហគមន៍ ដែលពួកគាត់មិនអាចអាស្រ័យអនុផលពីព្រៃឈើបានដូចមុន ដូចជាការរកផ្សិត បោចវល្ល័ជាដើម ដោយឡែកក៏បានបំផ្លាញដល់ជម្រកសត្វព្រៃ និងជីវជម្រុះផង។ ជាពិសេសនាំឱ្យមានគ្រោះរាងស្ងួត និងភ្លៀងខ្លាំង មិនប្រក្រតីដូចមុនៗទៀត។
លោកបន្ថែមទៀតថា៖ «ខ្ញុំសំណូមពរឱ្យមន្ត្រីបរិស្ថាន ជាពិសេសក្រសួងបរិស្ថានមេត្តាយកចិត្តទុកដាក់ ធ្វើលើរឿងនេះឱ្យហ្មត់ចត់មែនទែន បើសិននៅតែបណ្តែតបណ្តោយទេ ព្រៃឈើនៅតំបន់(ព្រៃឡង់)នោះ អាចនឹងមានការបាត់បង់ទ្រង់ទ្រាយធំ»។
លោក អូត ឡាទីន មន្រ្តីសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) យល់ឃើញថា ពីមួយឆ្នាំទៅមួយឆ្នាំព្រៃឡង់កាន់តែបាត់បង់ទៅៗ ខណៈពេលបណ្តាញសហគមន៍ព្រៃឡង់រកឃើញបទល្មើសកាប់ព្រៃឈើជាបន្តបន្ទាប់។ លោកបន្តថា ដើមហេតុចម្បងដោយសារមន្ត្រីឧទ្យានុរក្ស និងក្រសួងបរិស្ថានមិនយកចិត្តទុកដាក់ក្នុងការអនុវត្តច្បាប់ឱ្យបានតឹងរឹង ហើយបណ្តែតបណ្តោយឱ្យជនល្មើសប្រព្រឹត្តអំពើខុសច្បាប់ដោយសេរី។ ដោយឡែក មន្ត្រីឧទ្យានុរក្សយាមតាមច្រកនិមួយៗ មិនបានអនុវត្តតួនាទីរបស់ខ្លួន ឱ្យបានពេញលេញ និងមានប្រសិទ្ធភាពនោះឡើយ។ ជាមួយគ្នានេះ មានមន្ត្រីមួយចំនួនគប់គិតជាមួយជនល្មើស និងប្រព្រឹត្តអំពើពុករលួយនៅតាមច្រកយាមចូលព្រៃឡង់ ទោះបីក្រសួងបរិស្ថានបានបោះទីស្នាក់ការប្រចាំការតាមច្រកសំខាន់ៗទាំងនោះក៏ដោយ។
លោកបញ្ជាក់ថា៖ «ដែលខ្ញុំជួបក្រុមជនល្មើស គឺក្រុមជនល្មើស គឺគាត់បានឆ្លើយដោយមិនខ្លាចកាមេរ៉ាហ្នឹងទេ គាត់ថាគាត់ចូលទៅកាប់ឈើ ដោយសារតែគាត់បានបង់ថវិកាទៅដល់មន្ត្រីបរិស្ថានរួចហើយ គឺបង់តាមស្ថានភាពជាក់ស្តែង។ ហើយមានក្រុមជនល្មើសខ្លះទៀតអះអាងថា ក្រុមមេការរបស់គេបានរត់ការជាមួយនឹងមន្ត្រីរួចរាល់ហើយ ដូច្នេះទើបពួកគាត់ហ៊ានចូលទៅប្រព្រឹត្តបទល្មើសនៅក្នុងតំបន់ព្រៃឡង់ហ្នឹង»។
យ៉ាងណាមិញដើម្បីអាចទប់ស្កាត់ និងការពារព្រៃឡង់កុំឱ្យកាប់បំផ្លាញបន្តទៀតបាន លោក អូត ឡាទីន យល់ថា លុះត្រាតែក្រសួងបរិស្ថានផ្តល់សិទ្ធិអំណាចមួយចំនួនទៅឱ្យប្រជាសហគមន៍ និងបណ្តាញសហគមន៍ព្រៃឡង់ចូលរួមជួយការពារ និងផ្តល់ការគាំទ្រដល់ពួកគាត់តាមរយៈការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងហិរញ្ញវត្ថុ។ ជាមួយគ្នានេះត្រូវអនុវត្តច្បាប់ឱ្យបានតឹងរឹង និងសិក្សាស្រាវជ្រាវថានរណានៅពីក្រោយបទល្មើសទាំងអស់នេះ។
លោកបន្ថែមថា៖ «ខ្ញុំសំណូមពរដល់មន្ត្រីក្រសួងបរិស្ថានថ្មី ហើយនាយករដ្ឋមន្ត្រីថ្មី សូមឱ្យបើកជំហរដល់ប្រជាពលរដ្ឋគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យគាត់អាចចូលរួមចំណែកក្នុងកិច្ចការងារការពារបរិស្ថាន ការពារធនធានធម្មជាតិ ជាពិសេសប្រជាពលរដ្ឋនៅក្នុងតំបន់ព្រៃឡង់ និងតំបន់ព្រៃព្រះរការ។ សូមឱ្យពួកគាត់អាចចូលរួមការពារព្រៃក្នុងតំបន់ហ្នឹងបាន ដោយសន្តិវិធី និងគ្មានលក្ខខណ្ឌ»។
លោក វណ្ណៈ មន្ត្រីឧទ្យានុរក្សប្រចាំទីស្នាក់ការខាងភូមិស្រែវាល ទាក់ទងទៅជាច្រើនដងដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះ ប៉ុន្តែលោកមិនលើកទូរសព្ទ ហើយអ្នកសារព័ត៌មានខេមបូចា បានទាក់ទងតាមរយៈតេឡេក្រាមទៀត លោកឃើញហើយក៏មិនឆ្លើយតប។
លោក ស៊ុង ចន្ទសុជាតិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ សុំមិនធ្វើការអត្ថាធិប្បាយអំពីបញ្ហានេះទេ ដោយលោកឱ្យទៅសួរអ្នកនាំពាក្យខេត្តវិញ។
លោក ណុប វុទ្ធី អ្នកនាំពាក្យខេត្តព្រះវិហារ លើកឡើងថា កាលពីថ្មីៗនេះ មិនមានករណីណាមួយកើតឡើងនៅក្នុងតំបន់ព្រៃឡង់នោះទេ ជាមួយគ្នានេះ រដ្ឋាភិបាល ជាពិសេសមន្ត្រីបរិស្ថានបានអនុវត្តច្បាប់យ៉ាងតឹងរឹងចំពោះតំបន់ព្រៃឈើទាំងអស់ មិនត្រឹមតែព្រៃឡង់នោះទេ ហើយក៏មិនអនុញ្ញាតឱ្យជនល្មើសខិលខូចណាម្នាក់ទៅកាប់បំពានយកព្រៃឈើនោះដែរ។ លោកបន្តថា កន្លងមកមិនមានប្រជាសហគមន៍ ឬក៏សមាជិកបណ្តាញសហគមន៍ព្រៃឡង់ណាម្នាក់រាយការណ៍ និងជូនដំណឹងទៅខាងរដ្ឋបាលខេត្តទេ តែជូនដំណឹងទៅខាងអ្នកសារព័ត៌មានវិញ។ ដូច្នេះលោកសំណូមពរឱ្យប្រជាពលរដ្ឋ រាយការណ៍ជូនអាជ្ញាធរដែនដី ឬក្រសួងពាក់ព័ន្ធ នៅពេលមានបញ្ហាណាមួយ។
លោកបញ្ជាក់ថា៖ «អត់ទេ វាមិនមានរឿងទេ វាជារឿងចាស់ពីមុនមកទេ វាអត់មានឥឡូវ បច្ចប្បន្ននេះ។ ហើយបើសិនជាគាត់(បណ្តាញសហគមន៍ព្រៃឡង់) មានភស្តុតាងអីមានអី សុំឱ្យគាត់ដាក់មកខាងរដ្ឋបាលខេត្ត នឹងចាប់វិធានការតាមផ្លូវច្បាប់»។
លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លើកឡើងថា ក្រសួងកំពុងធ្វើការស្រាវជ្រាវ និងចាត់ការឱ្យមន្ត្រីទៅប្រមូលព័ត៌មាននៅក្នុងតំបន់ព្រៃឡង់សិន។
លោកបញ្ជាក់ថា៖ «បងកំពុងចាត់ការទៅមើលយកព័ត៌មាន ចឹងនៅពេលបានព័ត៌មានគ្រប់ បានខ្ញុំផ្ញើឆ្លើយជូន ឥឡូវខ្ញុំមិនទាន់អាចឆ្លើយបាន ព្រោះអត់មានព័ត៌មាននៅក្នុងដៃចឹង ខ្ញុំអត់ដឹងច្បាស់ មិនទាន់អាចនិយាយបាន»។
ព្រៃឡង់ត្រូវបានរដ្ឋាភិបាលដាក់បញ្ចូលជាតំបន់ដែនជម្រកសត្វព្រៃ «ព្រៃឡង់» កាលពីឆ្នាំ២០១៦ ដែលមានទំហំជាង៤៣ម៉ឺនហិកតារ។ ព្រៃអភិរក្សមួយនេះគ្របដណ្ដប់លើភូមិសាស្ត្រខេត្តចំនួន៤ រួមមានខេត្តព្រះវិហារ កំពង់ធំ ក្រចេះ និងខេត្តស្ទឹងត្រែង។
អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានចេញរបាយការណ៍មួយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ បានបង្ហាញថា ព្រៃឈើជាង៦ពាន់ហិកតាត្រូវបានកាប់បំផ្លាញនៅក្នុងដែនជម្រកសត្វព្រៃចំនួនពីរ ក្នុងនោះដែនជម្រកសត្វព្រៃព្រៃឡង់ និងដែនជម្រកសត្វព្រៃព្រះរការ ដោយការកាប់ឈើខុសច្បាប់យ៉ាងច្រើនសន្ធឹកសន្ធាប់កំពុងប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិ និងវប្បធម៌របស់ជនជាតិដើមភាគតិច៕