សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ពលរដ្ឋរងគ្រោះដោយសារបាក់ស្រុតចូលទន្លេក្នុងខេត្តកណ្តាលស្នើ​ឱ្យ​អាជ្ញាធរជួយពន្លឿនដំណោះស្រាយ

ផ្ទះបាក់ស្រុតចូលទន្លេបាសាក់ក្នុងឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។ រូបភាពថតនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ
ផ្ទះបាក់ស្រុតចូលទន្លេបាសាក់ក្នុងឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។ រូបភាពថតនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

ប្រជាពលរដ្ឋសំណូមពរដល់​អាជ្ញាធរជួយពន្លឿនការដោះស្រាយ ខណៈពេល​ដែលពលរដ្ឋ​កំពុង​ជួបផលប៉ះពាល់ជីវភាព​ប្រចាំថ្ងៃក្រោយ​ពីផ្ទះពួកគាត់បានខូចខាតដោយសារ​បាក់​ស្រុត​ចូលទន្លេកាលពីចុងខែមេសា ហើយពួកគាត់មិនទាន់ទទួលបាន​ដំណោះ​ស្រាយ​នៅ​ឡើយ។

របាយការណ៍​របស់​លេខាធិការដ្ឋាន​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ខេត្ត​កណ្ដាល​បង្ហាញ​ថា​​ប្រជា​ពល​រដ្ឋ​២១​គ្រួសារ និង​ផ្ទះ​ចំនួន​៤០​ខ្នង​បាន​រង​ផល​ប៉ះ​ពាល់ ដោយ​មាន​ផ្ទះ​ពីរ​ខ្នង​បាន​បាក់​ចូល​ទន្លេ ២៨​ខ្នង​ផ្សេង​ទៀត​រង​ការ​ខូច​ខាត​ធ្ងន់​ធ្ងរ និង​១០​ខ្នង​ផ្ទះ​ទៀត​រក​​ការ​ខូច​ខាត​តិច​តួច​។​

របាយការណ៍​អះអាង​ថា​ការ​បាក់​ស្រុត​ផ្ទះ​ប្រជា​ពល​រដ្ឋ​គឺ​ដោយ​សារ​ទឹក​បាន​ស្រក​ចុះ ហើយ​ដី​ក៏​បាន​បាក់​ដោយសារ​ប្រជា​ពល​រដ្ឋ​បាន​សង់​ផ្ទះ​ជិត​មាត់​ទន្លេ​ពេក ដែល​នាំ​ឲ្យ​មាន​ទម្ងន់​ខ្លាំង​លើ​ច្រាំង​ទន្លេ។ ក្នុង​របាយការណ៍​មិន​បាន​បញ្ជាក់​ថា​ការ​បូម​ខ្សាច់​ជា​មូ​លហេតុ​នោះទេ​។ ប្រ​ជា​ពល​រដ្ឋ​នៅ​ទី​នោះ​ជា​ច្រើន​បាន​ប្រាប់​ខេមបូចា ថា ពួក​គេ​ជឿ​ថា​ការ​បូម​ខ្សាច់​គឺ​ជា​មូល​ហេតុ​នាំ​ឱ្យ​មាន​​​​ការ​បាក់​រលំផ្ទះ​បែប​នេះ​។​

លោក វ៉ា​ ស្រ៊ុន និងប្រពន្ធ មានមុខរបរជាអ្នកដូរលុយដែលជាអ្នករងគ្រោះដោយផ្ទះ​របស់គាត់​ខូចខាតធ្ងន់ធ្ងរ បានលើកឡើងថា មក​ដល់​ពេលនេះមិនទាន់ទទួលបាន​ដំណោះស្រាយ​នៅ​ឡើយទេ ហើយលោកសំណូមពរ​ឱ្យអាជ្ញាធរេជួយផ្តល់ដំណោះស្រាយឱ្យបានឆាប់។

លោកបន្តថា គាត់បានទៅលក់ដូរកន្លែងដើមវិញបាន១០ថ្ងែ​ហើយនៅក្បែរផ្សារ​ដោយពេល​ថ្ងៃ​លក់ដូរធម្មតាហើយពេលយប់ត្រូវទៅសម្រាកនៅផ្ទះបងប្អូន។

លោក ស៊្រុន បញ្ជាក់ថា៖ «គេមិនទាន់ដោះស្រាយឱ្យទេដឹងជាម៉េចៗទេនេះតាំងពី​ពេល​បាក់​មក​ដល់ឥឡូវគឺនៅទ្រឹង គេឱ្យយើងនៅចាំអ្នកជំនាញមកពិនិត្យសិន ហើយគេអត់កំណត់​ទេថា​ពេលណាទេ សង្ឃឹមថាពួកគាត់នឹងដោះស្រាយឱ្យបានឆាប់មកចុះ ព្រោះបើឱ្យ​ចាំយូ​រទៀត​វាកាន់តែប៉ះពាល់ដល់របរលក់ដូររកស៊ីរបស់ពួកយើងទៀតហើយ»

ប្រពន្ធរបស់របស់លោក ស៊្រុន គឺអ្នកស្រី គឹម ម៉ាណែត ក៍បានឱ្យដឹងថា អ្នកស្រីក៏បារម្ភពី​សុវត្ថិភាពក្នុងការប្រកបរបរប្រចាំថ្ងៃនេះដែរ បើទោះតូបលក់នៅជិតថ្នល់ក៏ដោយ។

អ្នកស្រីបន្ថែមថា៖ «ធ្វើយ៉ាងម៉េចទេខ្លាចក៏ខ្លាចដែរ​ពីពេលនោះមកខ្ញុំ​បាក់ស្បាត​ហើយ​តែ​ក៏​ត្រូវ​លក់ដូរបន្តព្រោះខ្ញុំមានតែពីរនាក់យាយតាហ្នឹង ទោះមិនសូវមានម៉ូយ​ដូចមុនក៏គ្រាន់​បានរួចថ្លៃ​ថ្នាំប្តីមួយខែៗដែរ ណាមួយទៅនៅផ្ទះបងប្អូនជាបណ្តោះអាសន្នក៏ពិតមែនតែក៏ខ្លាចចិត្តគេដែរ យើងមិនអាចចេះតែនៅរហូតបានទេ»

ផ្ទះ​បាក់​ស្រុត​ចូល​ទន្លេបាសាក់​ក្នុង​ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្ត​កណ្ដាល។ រូបភាព​ថត​នៅ​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០២៣។ ខេមបូចា/ សុវណ្ណ ស្រី​ពេជ្រ

លោក ឡោ ស៊ុយសែ អាជីវករលក់មាសនិងជាពលរដ្ឋរងគ្រោះក្នុងចំណោមពលរដ្ឋផ្សេងទៀត មកដល់ពេលនេះគាត់មិនទាន់ទទួលបានដំណោះស្រាយនៅឡើយទេ។ គាត់សំណូមពរ​ឱ្យ​អាជ្ញាធរ​ជួយដោះស្រាយឱ្យបានឆាប់ដើម្បីកាត់បន្ថយការប៉ះពាល់របស់ពលរដ្ឋរងគ្រោះ។

លោកបន្តថា៖ «ពេលនេះកំពុងតែប៉ះពាល់ការរកស៊ីខាតលក់ដូរ ជាធម្មតារើទៅលក់កន្លែងថ្មី​បាត់​ម៉ូយលក់មិនដាច់ដូចកន្លែងពីមុនទេ។ ខ្ញុំសំណូមពរឱ្យរដ្ឋជួយទប់ស្កាត់ច្រាំងបាក់​នៅ​ពេល​ទឹកឡើងហើយសុំធ្វើឡើងវិញទៅតាមជាក់ស្តែងនិងជួយដោះស្រាយឱ្យបានឆាប់ៗ»

លោកបន្តថា​ ក្រោយពេលបាក់ស្រុតនេះហើយ លោកឃើញមានអាជីវកម្មបូមខ្សាច់​ក្នុង​តំបន់​នេះ​នៅតែបន្តបូមនិងដឹកតាមទន្លេក្រោយផ្ទះគាត់រាល់ថ្ងៃ។

លោក ឈាង តាង មេឃុំព្រែកគយ ​ថ្លែងថា ខាងអាជា្ញធរកំពុងតែធ្វើការជាមួយអ្នកជំនាញ​និង​ពន្លឿនការដោះស្រាយជូនពលរដ្ឋឱ្យបាន​លឿន។

លោកលើកឡើងថា៖ ​«អាជ្ញាធរនិងមន្ត្រីជំនាញពាក់ពន្ធ័កំពុងតែសិក្សាស្រាវជ្រាវ​លើករណីនេះ​រាល់ថ្ងៃនេះក្នុងការដោះស្រាយឱ្យបានឆាប់ ហើយសម្រាប់ពេលវេលាជាក់លាក់​មិនទាន់អាច​កំណត់បាននៅឡើយទេ»

អ្នកសារព័ត៌មានខេមបូចា មិនអាចសុំការឆ្លើយតបពីអភិបាលខេត្តកណ្តាល លោក គង់ សោភណ្ឌ័ បាននោះទេកាលពីថ្ងៃទី១១ខែឧសភា ខណៈលោក នូវប៉េង ច័ន្ទតារា អភិបាលរង និងអ្នកនាំពាក្យខេត្តកណ្តាល គ្រាន់តែថ្លែងថា អាជ្ញាធរ​កំពុងតែ​ដោះស្រាយ​ហើយ តែ​សម្រាប់​ពេលវេលាជាក់លាក់លោកថាមិនទាន់​អាចកំណត់​និងដឹងច្បាស់នៅឡើយទេ។

ស្រ្តី​ម្នាក់​កំពុង​អង្គុយ​ក្នុង​ផ្ទះ​បន្ទាប់​ពី​ផ្ទះ​ជា​ច្រើន​ខ្នង​បាន​បាក់​ចូល​ក្នុង​ទន្លេបាសាក់ ក្នុង​ឃុំ​ព្រែកគយ ស្រុក​ស្អាង ខេត្ត​កណ្ដាល។ រូបភាពថតនៅថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២៣។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

លោក ស៊ឹង​ សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក មានប្រសាសន៍​ថា កាលណាមានផលប៉ះពាល់ដោយសារ​គ្រោះបាក់ដីកើតឡើង​ពលរដ្ឋតែងតែមានផល​ប៉ះ​ពាល់​តិច រឺច្រើនទៅតាមស្ថានភាពជាក់ស្តែង ប៉ុន្តែអាជ្ញាធរមូលដ្ឋានគួរតែដោះស្រាយ​ពិនិត្យ​មើល​ឱ្យបាន​ឆាប់រហ័ស។

ប្រសិនបើបាត់បង់ទីលំនៅរស់នៅស្របច្បាប់របស់ពលរដ្ឋ គឺវាប៉ះពាល់ទៅដល់សិទ្ធិសេរីភាព​ដូចជាមានលំនៅដ្ឋានសមរម្យ ហើយបញ្ហានេះជាការទទួលខុសត្រូវ​របស់អាជ្ញាធរ​ត្រូវធ្វើ​យ៉ាង​ណាដើម្បីទប់ស្កាត់បញ្ហាហ្នឹង តើជាការកើតឡើងដោយសារអ្វី? វាមិនអីទេបើសិន​ជា​បង្ក​ឡើង​ពីធម្មជាតិតែបើមកពីកត្តាមនុស្សបូមខ្សាច់បូមដីនៅតំបន់ហ្នឹង អាជ្ញាធរគួរតែមានវិធានការ។

លោក សែនករុណា លើកឡើងថា៖ «គួរតែមានវិធានការឱ្យបានច្បាស់លាស់មុននឹងអនុញ្ញាត​ឱ្យបូមខ្សាច់នៅតំបន់នេះកុំឱ្យប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋនិងបរិស្ថាន។ អាជ្ញាធរ​គួរ​តែ​​ពិនិត្យមើលឡើងវិញ មិនគួរបណ្តែតបណ្តោយនោះទេបញ្ហាហ្នឹងកើតឡើងនាំឱ្យ​មានការ​បាត់បង់ដីធ្លីប៉ះពាល់ដល់ផ្ទះសម្បែង ការរកស៊ីលក់ដូរ សុខភាពសាធារណៈ អនាម័យ សុវត្ថិភាព និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ»

លោកបន្ថែមថា ក្នុងករណីនេះបើសិនជានៅបន្តអូសបន្លាយ​មិនទាន់មានការដោះស្រាយ​ដល់​ពលរដ្ឋ អាចនឹងប៉ះពាល់ដល់​តួនាទីនិងការទទួលខុសត្រូវ​របស់អាជ្ញាធរ​និងអភិបាលកិច្ច​ល្អ​របស់​ខ្លួនមិនបានត្រឹមត្រូវ ហើយអាចបន្ត​​​​​​​​​​​ឱ្យខូចបរិស្ថាននៅទំបន់នោះ៕

190 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម