នាយករដ្ឋបាលសាលាស្រុកសង្កែខេត្តបាត់ដំបងបានដាក់លិខិតលាឈប់ពីតួនាទីដោយបញ្ជាក់ថា លោកមិនពេញចិត្ត អាជ្ញាធរថ្នាក់ខេត្តតែងតាំងមន្ត្រីថ្នាក់ខេត្តដូចគ្នាឱ្យមកកាន់តួនាទីជាអភិបាលរងស្រុកខុសនីតិវិធី។
លោក គង់ សុគុណ្ណា នាយករដ្ឋបាលសាលាស្រុកសង្កែបានដាក់លិខិតលាលែងពីតួនាទីកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយបញ្ជាក់ថា លោកមានបញ្ហាផ្លូវចិត្តពីការទទួលរងភាពអយុត្តិធម៌ក្នុងការតែងតាំងអភិបាលរងស្រុកមានភាពមិនប្រក្រតី។
លោក សុគុណ្ណា ថ្លែងប្រាប់ខេមបូចា នៅថ្ងៃទី២៤ ខែវិច្ឆិកា បន្ថែមលើលិខិតថា តាមនីតិវិធីលោកជានាយករដ្ឋបាលត្រូវទទួលបានការតែងតាំងជាអភិបាលរងថ្មី ប៉ុន្តែអភិបាលខេត្តបែរជាតែងតាំងមន្ត្រីថ្នាក់ខេត្តឱ្យមកកាន់តួនាទីនេះវិញ។
លោក សុគុណ្ណា ថ្លែងថា៖ «ករណីនេះ អភិបាលរងមួយរូបលោក ជា សំអ៊ុន គាត់ជាអតីតប្រធានច្រកចេញចូលតែមួយសាលាខេត្ត។ ដល់ពេលឯកឧត្តម សុខ លូ គាត់ដក ជា សំអ៊ុន ហ្នឹងចេញពីប្រធានការិយាល័យច្រកចេញចូលតែមួយហ្នឹងទៅ ក៏រកកន្លែងកៅអីសម្រាប់ជំនួសឱ្យគាត់វិញ ក្លាយជាអភិបាលរងស្រុកសង្កែហ្នឹងទៅ»។
លោក គង់ សុគុណ្ណា ឱ្យដឹងថា លិខិតរបស់លោកដាក់ទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃតាមរយៈអភិបាលខេត្តបាត់ដំបងកាលពីថ្ងៃទី២១ ខែវិច្ឆិកា នោះ នៅមិនទាន់មានការឆ្លើយតបនៅឡើយទេ។
អភិបាលស្រុកសង្កែលោក នាង ច័ន្ទថារ៉ា ថ្លែងថា ការតែងតាំងនេះ លោកមិនបានដឹងទេ ព្រោះថ្នាក់ខេត្តរៀបចំមករយៈពេល៤ខែមកហើយ ចំណែករូបលោកទើបកាន់តំណែងនេះបាន២ខែប៉ុណ្ណោះ។ នៅពេលសួរថា តើត្រូវសម្រេចយ៉ាងណា ចំពោះការស្នើសុំលាឈប់ពីតួនាទីរបស់នាយករដ្ឋបាលនេះ? លោកថា រង់ចាំការសម្រេចពីថ្នាក់លើសិន។
លោក ច័ន្ទថារ៉ា បញ្ជាក់ថា៖ «ចាំមើលខ្ញុំឆ្លងយោបល់ទៅថ្នាក់ដឹកនាំសិនថា តើគាត់ឯកភាពតាមសំណូមពរនេះឬអត់?។ បើគាត់ឯកភាពមានតែរៀបចំជូនតាមសំណូមពរគាត់»។
អភិបាលខេត្តបាត់ដំបង លោក សុខ លូ មិនបកស្រាយច្រើនទេ លើករណីនេះ ដោយបញ្ជាក់ថា ការតែងតាំងអភិបាលរងស្រុកសង្កែនោះមិនមានអ្វីមិនប្រក្រតីនោះទេ។ ឆ្លើយបែបនេះហើយលោកក៏ចុចបិទទូរសព្ទទៅមិនស្តាប់សំនួរបន្តទេ។
លោក សុខ លូ មានប្រសាសន៍យ៉ាងខ្លីថា៖«ខ្ញុំដូចមិនយល់ថា មានភាពមិនប្រក្រតី ឬ ភាពអយុត្តិធម៌យ៉ាងម៉េចទេ ខ្ញុំមិនដឹងដែរ ទាល់តែសួរទៅគាត់ផ្ទាល់»។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ ថ្លែងថា លោកបានដឹងករណីនាយករដ្ឋបាលស្រុកសង្កែសុំលាលែងពីតំណែងនេះតាមសារព័ត៌មាន ប៉ុន្តែលោកមិនទាន់ទទួលបានលិខិតជាផ្លូវការនៅឡើយ។ ទោះយ៉ាងណាលោកថា បើម្ចាស់ខ្លួនសុំលាឈប់ហើយថ្នាក់លើមានតែយល់ស្របមិនអាចបង្ខំឱ្យធ្វើការទៀតបានទេ។
លោក ខៀវ សុភ័គ ថ្លែងថា៖ «បើគាត់សុំលាឈប់ហើយ យើងត្រូវតែអនុញ្ញាតហើយ ព្រោះតាមចិត្តគាត់។ បើគាត់សុំឈប់ហើយយើងមិនឱ្យគាត់ឈប់ វាហាក់ដូចជាយើងបង្ខំឱ្យគាត់ធ្វើការទាំងបង្ខំ»។
ករណីនេះ លោក យិន ម៉េងលី មន្ត្រីសមាគមអាដហុកប្រចាំខេត្តបាត់ដំបង ជំរុញឱ្យស្ថាប័នពាក់ព័ន្ធត្រូវស៊ើបអង្កេតករណីនេះ ដើម្បីកុំឱ្យមានការតែងតាំងមន្ត្រីដោយមានការប្រកាន់បក្ខពួក ឬពុករលួយដែលប៉ះពាល់ទាំងមន្ត្រីដែលខិតខំធ្វើការងារ និងប៉ះពាល់ដល់សង្គមទាំងមូល។
លោក ម៉េងលី លើកឡើងថា៖ «ខ្ញុំស្នើឱ្យមានការអង្កេតឡើងវិញ ធ្វើអធិការកិច្ចពីក្រសួងមហាផ្ទៃ លើបញ្ហានេះថា តើវាមានភាពមិនប្រក្រតី ឬ វាមានភាពប្រក្រតី»។
លោក ម៉េងលី ជំរុញភាគីពាក់ព័ន្ធដោះស្រាយឱ្យបានទាន់ពេលវេលា ដើម្បីកុំឱ្យរឿងនេះក្លាយជាបញ្ហារ៉ាំរៃក្នុងសង្គម។
លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា យល់ឃើញថា បច្ចុប្បន្នមន្ត្រីនៅថ្នាក់មូលដ្ឋានមានសមត្ថភាពច្រើនដូច្នេះគួរដំឡើងតួនាទីអ្នកមូលដ្ឋានដែលពួកគេដឹងបញ្ហានៅទីនោះស្រាប់។
លោក ប៉ិច ពិសី ថ្លែងថា៖ «អ្នកពីក្រៅក៏មិនមានបញ្ហាទាស់ខុសអីដែរ ប៉ុន្តែជួនកាលគាត់អត់យល់បរិបទនៅក្នុងតំបន់ហ្នឹងទេ ហើយមកដល់ពេលនេះខ្ញុំយល់ថា អ្នកនៅមូលដ្ឋាននីមួយៗមានសមត្ថភាពមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការទទួលបានតំណែងក្នុងការដឹកនាំមូលដ្ឋានរបស់គាត់»។
ទោះយ៉ាងណា លោក ប៉ិច ពិសី លើកទឹកចិត្តឱ្យនាយករដ្ឋបាលស្រុកសង្កែលើកយកបញ្ហាដែលយល់ថា ការតែងតាំងខុសប្រក្រតី ឬមានបញ្ហាអ្វីផ្សេងៗនៅពីក្រោយនោះទៅជជែកជាមួយស្ថាប័នថ្នាក់ដឹកនាំខាងលើទៀតដើម្បីដោះស្រាយ។ បើតាមលោក គង់ សុគុណ្ណា បានបន្ថែមថា សាលាស្រុកសង្កែតែងតាំងអភិបាលរងថ្មី២រូបគឺ១រូបនេះមន្ត្រីនៅសាលាស្រុក និង១រូបទៀតចាត់តាំងមន្ត្រីមកពីសាលាខេត្ត ហើយអ្នកទាំង២ត្រូវប្រកាសឱ្យចូលកាន់តួនាទីនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។ លោកបន្តថា ចំពោះការផ្សព្វផ្សាយព័ត៌មានពីភាពមិនប្រក្រតី និងការលាលែងចេញពីតួនាទីនេះលោកមិនបារម្ភពីសុវត្ថិភាពទេ ព្រោះជាការសុខចិត្តបាត់បង់ផលប្រយោជន៍ ឬតួនាទីផ្ទាល់ខ្លួនដើម្បីយុត្តិធម៌៕