ក្រសួងរៀបចំដែនដី និងអាជ្ញាធរខេត្តបន្ទាយមានជ័យកំពុងរួមគ្នាបើកការស៊ើបអង្កេតករណីប្រធានមន្ទីរដែនដីខេត្តនេះជុំវិញបណ្ដឹងពីមន្ត្រីក្រោមឱវាទថា បានប្រព្រឹត្តអំពើពុករលួយ តាមរយៈកេងបន្លំប្រាក់បុគ្គលិក និងទារប្រាក់បន្ថែមពីប្រជាពលរដ្ឋក្នុងការធ្វើឯកសារផ្សេងៗ។
អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ លោក លី សុវណ្ណារិទ្ធ មានប្រសាសន៍ថា បច្ចុប្បន្នមន្រ្តីនៃក្រសួងដែនដី បាននិងកំពុងចុះស្រាវជ្រាវជុំវិញភាពមិនប្រក្រតីក្រោមការដឹកនាំរបស់ លោក អាង ណារិទ្ធ ជាប្រធានមន្ទីរដែនដី តាមការចោទប្រកាន់ពីបុគ្គលិកថ្នាក់ក្រោម។
លោក បញ្ជាក់ថា៖ «ក្រសួងកំពុងចុះស្រាវជ្រាវហើយ។… [ក្រសួង] ទើបចុះមកជួបខេត្តកាលពីថ្ងៃ០៦វិច្ឆិកា»។
លោក បន្តថា វិធានការរបស់អាជ្ញាធរខេត្ត គឺជាកិច្ចសហការជាមួយក្រសួងក្នុងការចុះស៊ើបអង្កេតករណីនេះឱ្យបានល្អិតល្អន់។ ក្នុងរយៈពេល២ថ្ងៃនៃការស៊ើបអង្កេត អាជ្ញាធរមិនទាន់មានលទ្ធផលអ្វីនោះទេ។ ដោយឡែក សម្រាប់ពេលវេលានៃការស៊ើបអង្កេត លោក សុវណ្ណារិទ្ធ ប្រាប់អ្នកសារព័ត៌មានឱ្យសួរទៅកាន់មន្រ្តីក្រសួងដែនដីវិញ។
ពាក់ព័ន្ធនឹងបណ្ដឹងមន្រ្តីរាជការប្រឆាំងនឹងចៅហ្វាយនាយនេះ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ បានប្ដឹងទៅស្នងការនគរបាលរាជធានីភ្នំពេញ ដោយធ្វើការចោទប្រកាន់ អធិការរបស់ខ្លួនថា មានភាពមិនប្រក្រតីក្នុងការដឹកនាំ ដោយមានការជំរិតទារប្រាក់ពីពលរដ្ឋដែលជាប់សង្ស័យករណីផ្សេងៗ និងយកលុយពីមន្ត្រីក្រោមឱវាទចំពោះការធ្វើសវនកម្ម។
បើតាមខ្លឹមសារក្នុងពាក្យបណ្ដឹងរបស់មន្រ្តីធ្វើការនៅមន្ទីររៀបចំដែនដីខេត្តបន្ទាយមានជ័យ អះអាងថា ក្នុងរយៈពេល៤ឆ្នាំ កំឡុងពេល លោក អាង ណារិទ្ធ គ្រប់គ្រងមន្ទីរ លោកបានកេងបន្លំថវិកាបុគ្គលិក គំរាមកំហែង ប្រមាថមាក់ងាយមន្រ្តីថ្នាក់ក្រោម កាត់ប្រាក់លើកទឹកចិត្តចំពោះមន្រ្តីប្រឹងប្រែងធ្វើការ ថែមទាំងទារប្រាក់បន្ថែមពីប្រជាពលរដ្ឋចំពោះការធ្វើឯកសារផ្សេងៗ។ ក្នុងពាក្យបណ្ដឹងខាងលើ គេសង្កេតឃើញមានស្នាមេដៃមន្រ្តីនៃមន្ទីរដែនដីខេត្តបន្ទាយមានជ័យ បានផ្ដិតចំនួន៤០ ប៉ុន្តែស្នាមម្រាមដៃដែលមានឈ្មោះបញ្ជាក់ខាងក្រោមត្រឹម៣៥។
ពាក្យបណ្ដឹងចុះថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣នេះ និយាយថា៖ «ថវិកាដែលទទួលបានពីការចុះបញ្ជីដីរដ្ឋនៅដែនព្រៃលិចទឹក តំបន់៣ នៃទន្លេសាបក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ធ្វើការបែងចែងក្នុងឯកសារចុះហត្ថលេខាបើកថវិកា មន្រ្តីខ្លះត្រូវបានចំនួន៧លានរៀល ជាក់ស្ដែងកាត់នៅសល់ត្រឹម៣លានរៀល និងមន្រ្តីខ្លះទៀតជាក់ស្ដែងបានតែ២លានរៀល»។
ពាក្យបណ្ដឹង បន្ថែមថា៖ «តម្រូវឱ្យប្រជាពលរដ្ឋបង់លុយចំនួន៥០ដុល្លារ លើការចុះហត្ថលេខាបញ្ជាក់ថតចម្លងត្រឹមត្រូវលើទម្រង់បែបបទប្រមូលទិន្នន័យក្បាលដី ក្នុង១ក្បាលដី ដែលត្រូវយកទៅបង់ពន្ធប្រថាប់ត្រានៅសាខាពន្ធដារខេត្ត។ តម្រូវឱ្យប្រជាពលរដ្ឋបង់លុយចំនួន១០០ដុល្លារ លើការចុះហត្ថលេខាចេញដីកាអមលើកទី២ ជំនួសដីកាអមលើកទី១ ដែលអស់សុពលភាព»។
ក្នុងពាក្យបណ្ដឹង ក៏បានស្នើឱ្យរដ្ឋមន្រ្តីក្រសួងដែនដីថ្មីគឺ លោក សាយ សំអាល់ ដកតំណែង លោក អាង ណារិទ្ធ ចេញពីប្រធានមន្ទីរដែនដីខេត្តបន្ទាយមានជ័យទៀតផង។ ចំណែកប្រធានមន្ទីរដែនដី លោក អាង ណារិទ្ធ បានបដិសេធរាល់ការចោទប្រកាន់ដែលបានលើកឡើងក្នុងពាក្យបណ្ដឹង ហើយថា លោកកំពុងរងចាំការចុះស៊ើបអង្កេតពីក្រសួងផងដែរ។
លោក បញ្ជាក់ថា៖ «និយាយឱ្យខ្លីថា មិនពិតទេ»។ ទុកឱ្យក្រសួងគេចុះមកធ្វើការ […] ពូអត់ចង់បំភ្លឺអ្វីទាំងអស់»។
អនុប្រធានមន្ទីរដែនដីខេត្តបន្ទាយមានជ័យចំនួន៣រូបដែលមានឈ្មោះនិងស្នាមមេដៃក្នុងពាក្យបណ្ដឹងផងដែរ បានបដិសេធក្នុងការអត្ថាធិប្បាយបន្ថែមលើពាក្យបណ្ដឹងប្រឆាំងនឹងចៅហ្វាយនាយករបស់ខ្លួន។
អនុប្រធាន លោក ឡុង វុធ បានប្រាប់ថា៖ «អត់មានអីវែងឆ្ងាយទេ មើលខ្លឹមសារហ្នឹងប៉ុណ្ណឹងបានហើយ»។
ចំណែក លោកស្រី ជាធូ វឌ្ឍនា បញ្ជាក់ថា ៖ «ព័ត៌មានវាមានហើយនៅក្នុង[ពាក្យបណ្ដឹង]ហ្នឹង ចឹងចាំតាមហ្នឹងទៅ»។ បើតាមអនុប្រធានមន្ទីររូបនេះ លោកស្រី វឌ្ឍនា ឱ្យដឹងថា មានបុគ្គលិកចំនួន៤១នាក់កំពុងបម្រើការងារនៅមន្ទីរដែនដីខេត្តបន្ទាយមានជ័យ។
អនុប្រធានមួយរូបទៀតគឺ លោក អឿ សុភ័ណ ថា៖ «មើលអត្ថបទ[ពាក្យបណ្ដឹង]ហ្នឹងទៅ[…] គេមិនពេញចិត្តដោយសារបញ្ហាអស់ហ្នឹង […] ខ្ញុំមិនចង់បរិយាយទៀតទេ មើលក្នុងលិខិតហ្នឹងទៅ»។
អ្នកសារព័ត៌មានខេមបូចា ពុំអាចសូមការអត្ថាធិប្បាយពី អ្នកនាំពាក្យក្រសួងរៀបចំដែនដី លោក សេង ឡូត បានទេ ដោយខលចូលប៉ុន្តែគ្មានអ្នកទទួល និងផ្ញើសំណួរតាមប្រព័ន្ធតេឡេក្រាមលោកពុំទាន់ចូលមើល។ ប៉ុន្តែ កាលពីសប្ដាហ៍មុន លោក ប្រាប់ខេមបូចា ថា៖ «ក្រសួងនឹងចុះពិនិត្យករណីនេះ។ [ចុះថ្ងៃណា?]កំពុងសម្របសម្រួលពេលវេលា»។
អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ចាន់វិចិត្រ មានប្រសាសន៍ថា ស្ថាប័នប្រឆាំងអំពើពុករលួយ កំពុងប្រមូលព័ត៌មានទាក់ទិននឹងបណ្ដឹងនេះ ហើយស្ថាប័ននេះនឹងមានចំណាត់ការរាល់ករណីមានអំពើពុករលួយបើទោះបីជាមិនមានពាក្យបណ្ដឹងដាក់មកក៏ដោយ។
លោកបញ្ជាក់ថា៖ «យើងបានឃើញព័ត៌មាននេះលើបណ្តាញសង្គមដូចប្អូនដែរ មន្រ្តីអង្គភាពបាននឹងកំពុងប្រមូលព័ត៌មាននេះបន្ថែមទៀត។ […] អង្គភាពនឹងមានចំណាត់ការលើគ្រប់ពាក្យប្តឹងទាំងអស់ដែលពាក់ព័ន្ធអំពើពុករលួយ ព្រោះនេះជាសមត្ថកិច្ចរបស់ អបព»។
នាយកអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី អំពាវនាវឱ្យមានការស៊ើបអង្កេតដោយឯករាជ្យ ដើម្បីផ្ដល់យុត្តិធម៌ដល់អ្នកដាក់ពាក្យបណ្ដឹងនិងជនរងការចោទប្រកាន់។ បន្ថែមពីនេះ លោកយល់ថា អង្គភាពប្រឆាំងអំពើពុករលួយគួរអនុវត្តតាមច្បាប់ ប្រសិនបើរកឃើញភស្តុតាងបញ្ជាក់ថា ប្រធានមន្ទីរដែនដីនេះពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់មែននោះ ប្រសើរជាងត្រឹមការដាក់ពិន័យផ្ទៃក្នុងរបស់ក្រសួងសាមី។
លោក ពិសី ថ្លែងថា៖ «តាមយោបល់ខ្ញុំគឺការជំរុញឱ្យអនុវត្តច្បាប់គឺល្អជាងគេ»។
ជុំវិញករណីមន្រ្តីរាជការប្ដឹងចៅហ្វាយនាយរបស់ខ្លួនថា បានប្រព្រឹត្តអំពើពុករលួយ តាមរយៈការកិបកេងថវិកាមន្រ្តីថ្នាក់ក្រោម ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងប្រើសំដីអសុរោះ គំរាមកំហែង ប្រមាថមាក់ងាយអ្នកក្រោមឱវាទក៏ធ្លាប់កើតមានឡើងកាលពីដើមឆ្នាំ២០២៣នេះដែរ។
នៅដើមខែមករា ឆ្នាំ២០២៣ មន្ត្រីបម្រើការងារនៅមន្ទីរផែនការខេត្តរតនគិរី បាននាំគ្នាប្ដឹងទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ដោយចោទថា ប្រធានមន្ទីរផែនការ ថាបានប្រព្រឹត្តអំពើពុករលួយ ប៉ុន្តែប្រធានមន្ទីររូបនោះបានច្រានចោលការចោទប្រកាន់នេះ។
យោងតាមបណ្តឹងចុះថ្ងៃទី២ ខែមករា បានចោទលោក ខេង វុទ្ធីប្រធានមន្ទីរផែនការខេត្តរតនគិរី ពីបទកេងបន្លំប្រាក់បេសកកម្មបុគ្គលិក សម្ភារប្រើប្រាស់ក្នុងការិយាល័យ និងការជួសជុលអគារ ដោយបានយកប្រាក់ទាំងនោះមកទិញផ្ទះនៅរាជធានីភ្នំពេញ និងដីធ្លី នៅតាមបណ្តាខេត្តមួយចំនួន។
ទោះយ៉ាងណា លោក ខេង វុទ្ធី បានបដិសេធការចោទប្រកាន់នេះ ដោយលោកអះអាងថា មន្ត្រីមួយចំនួនបានបង្កាច់បង្ខូចរូបលោក ក្នុងគោលបំណងដើម្បីព្យាយាមដណ្តើមតំណែងរបស់លោក។ ជាង២០ថ្ងៃ ក្រោយរងការប្ដឹងចោទប្រកាន់ពីមន្រ្តីក្រោមឪវាទ នៅចុងខែមករា ក្រសួងផែនការ បានចេញសេចក្តីប្រកាសមួយដោយសម្រេចផ្ទេរលោក ខេង វុទ្ធី ប្រធានមន្ទីរផែនការខេត្តរតនគិរី ឱ្យមកបម្រើការងារនៅទីស្ដីការក្រសួងផែនការវិញ។
នៅដើមឆ្នាំ២០២៣នេះដែរ បុគ្គលិកសារមន្ទីរជាតិភ្នំពេញ បានដាក់ពាក្យបណ្តឹងជាផ្លូវការទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ដោយចោទប្រកាន់នាយកថ្មីរបស់សារមន្ទីរថា បានយកចំណូលពីសារមន្ទីររាប់សែនដុល្លារ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។
យោងតាមពាក្យបណ្ដឹងដាក់ជូនលោក តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ចុះថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣នេះ បានគូសបញ្ជាក់ថា លោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមន្ទីរ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រព្រឹត្តអំពើពុករលួយ និងគ្រប់គ្រងសារមន្ទីរមានភាពមិនប្រក្រតី ព្រមទាំងមានបក្ខពួកនិយម។
អង្គការតម្លាភាពកម្ពុជា បង្ហាញថា កម្ពុជានៅតែស្ថិតក្នុងប្រទេសដែលមានអំពើពុករលួយខ្លាំងប្រចាំអាស៊ីប៉ាស៊ីហ្វិក គឺនៅកម្រិតទាបជាងគេទីបី ដោយមានតែមីយ៉ាន់ម៉ា លេខរៀងទី១៥៧ និងកូរ៉េខាងជើងនៅលេខរៀងទី១៧១ នៅក្រោមកម្ពុជា។ កម្ពុជាឈរនៅលេខរៀងទី១៥០ លើប្រទេស និងដែនដីសរុប១៨០នៅទូទាំងពិភពលោកសម្រាប់ពិន្ទុសន្ទស្សន៍អំពើពុករលួយឆ្នាំ២០២២។
ពិន្ទុសន្ទស្សន៍អំពើពុករលួយនៅកម្ពុជាសម្រាប់ឆ្នាំ២០២២ បានល្អប្រសើរជាងឆ្នាំកន្លងទៅបន្តិច នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គការតម្លាភាពកម្ពុជា ប៉ុន្តែថាកម្ពុជានៅតែស្ថិតក្នុងប្រទេសដែលមានអំពើពុករលួយខ្លាំងក្នុងសកលលោកដដែល៕