ការប៉ះទង្គិចព្រំដែនកម្ពុជាថៃបានបញ្ចប់ហើយ ប៉ុន្តែផលប៉ះពាល់ដែលបន្សល់ទុកបានផ្តល់នូវក្តីបារម្ភសម្រាប់កម្ពុជា។ បញ្ហាទាំងនេះបង្កឱ្យរដ្ឋាភិបាលចាប់ផ្តើមគិតគូរពីដំណោះស្រាយជាបណ្តើរៗ ប៉ុន្តែគេមិនទាន់ឃើញមានដំណោះស្រាយជាក់លាក់នៅឡើយទេ។
ជម្លោះព្រំដែនកម្ពុជា-ថៃត្រូវបានបញ្ចប់ ប៉ុន្តែគេសង្កេតឃើញថា បញ្ហាជាច្រើនកំពុងតែរង់ចាំដំណោះស្រាយ ដោយជម្លោះក្នុងខែធ្នូ យោធាថៃមិនត្រឹមតែវាយលុកនៅតំបន់យោធាទេ ប៉ុន្តែថៃពង្រីកចូលកាន់តែជ្រៅក្នុងដែនដីកម្ពុជា តាមរយៈសព្វាវុធទំនើបៗរបស់ពួកគេ។
មន្ទីរពេទ្យ សាលារៀន អគារពាណិជ្ជកម្ម លំនៅឋាន វត្តអារាម និងសូម្បីតែតំបន់បេតិកភណ្ឌពិភពលោក ដូចជា ប្រាសាទព្រះវិហារ ត្រូវបានគេរាប់បញ្ចូលថា បានខូចខាតជាដំណំ។ ពលរដ្ឋកម្ពុជាកន្លះលាននាក់ជាងត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែង។
ផលប៉ះពាល់ទាំងនេះហើយ ដែលជំរុញឱ្យមានចម្ងល់ជុំវិញទៅនឹងការឆ្លើយតបដែលគេទន្ទឹងរង់ចាំថាតើអ្វីទៅជាអាទិភាពនៃដំណោះស្រាយរបស់ភាគីពាក់ព័ន្ធ ជាពិសេសរាជរដ្ឋាភិបាលទៅលើបញ្ហានេះ?
ទោះបីជាមិនទាន់មានការវាយតម្លៃការខូតខាតជាក់លាក់ណាមួយក្តី ក៏គេសង្កេតឃើញថា រដ្ឋាភិបាលហាក់ដូចជាមានសកម្មភាពគិតគូរជាបណ្តើរៗ។ ជាក់ស្តែងថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជា បានបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីគ្រប់គ្រង និងដឹកនាំការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ដែលរងផលប៉ះពាល់។
ក្រុមការងារនេះ មានភារកិច្ចសិក្សា វាយតម្លៃការខូចខាតជាក់ស្តែង កំណត់អាទិភាពនៃការស្តារឡើងវិញ និងសម្របសម្រួលជាមួយក្រសួង ស្ថាប័ន អាជ្ញាធរមូលដ្ឋាន និងដៃគូអភិវឌ្ឍន៍។
ការស្តារឡើងវិញ រួមមានលំនៅឋាន សាលារៀន មណ្ឌលសុខភាព ផ្លូវថ្នល់ ស្ពាន ប្រព័ន្ធទឹកស្អាត និងបណ្តាញអគ្គិសនី ដោយផ្អែកលើកម្រិតខូចខាត និងតម្រូវការបន្ទាន់របស់សហគមន៍។
ប៉ុន្តែសំណួរមួយនៅតែជាមន្ទិលសង្ស័យសម្រាប់សាធារណជន តើអ្នកណានឹងចំណាយសម្រាប់ការបំផ្លិចបំផ្លាញនេះ ហើយតើការស្តារឡើងវិញ កម្ពុជានឹងត្រូវចំណាយពេលប៉ុន្មានសម្រាប់សហគមន៍ ដែលរស់នៅជាមួយនឹងផលវិបាកនៃជម្លោះនេះ?










