សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ជនភៀសខ្លួនខ្មែរ៧នាក់ត្រូវបានឃាត់ខ្លួន​ និងរង់ចាំអន្តរាគមន៍ពីUNHCRនៅទីក្រុងបាងកក

សកម្មភាពអាជ្ញាធរថៃចុះមកសួរនាំ និងពិនិត្យឯកសារចំពោះអ្នកចូលរួមសិក្សាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស៍២៣តុលា នៅក្នុងទីក្រុងបាងកក កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣។ (រូបភាពផ្តល់ឱ្យ)
សកម្មភាពអាជ្ញាធរថៃចុះមកសួរនាំ និងពិនិត្យឯកសារចំពោះអ្នកចូលរួមសិក្សាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស៍២៣តុលា នៅក្នុងទីក្រុងបាងកក កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣។ (រូបភាពផ្តល់ឱ្យ)

ជនភៀសខ្លួនខ្មែរ៧នាក់ក្នុងចំណោម១០នាក់ត្រូវបានឃាត់ខ្លួន និងរងចាំអន្តរាគមន៍ពីឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន(UNHCR) បន្ទាប់ពី​ពួកគេចូល​រួមវគ្គសិក្សា​កិច្ច​ព្រមព្រៀងសន្តិភាពទីក្រុងបារីស៍​២៣តុលា នៅ​ទីក្រុង​បាងកក កាល​ពី​ថ្ងៃទី​២៩ ខែ​ធ្នូ​។ បន្ទាប់ពី​នគរបាល​ថៃបាន​សួរនាំ និង​ពិនិត្យ​ឯកសាររួច មនុស្ស៣នាក់ក្នុងចំណោម១០នាក់​នោះត្រូវ​បាន​ដោះ​លែងមកវិញ កាលពីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣។​

ជនភៀសខ្លួន​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ឃាត់​ខ្លួន​ទាំង៧នាក់​នោះ រួម​មានកញ្ញា អេង ម៉ាឡៃ ហៅសូ មេត្តា ជាសមាជិកនៃសមាគមសម្ព័ន្ធនិស្សិតបញ្ញាវន្តខ្មែរ  និងសាច់ញាតិបង្កើតរបស់កញ្ញា ចំនួន២នាក់ផ្សេង​ទៀត។ លោកស្រី សំ សុខា អ្នកធ្លាប់យកស្បែកជើងគប់ស្លាកគណបក្សប្រជាជនដែលមានរូបលោក ហ៊ុន សែន។ លោក ថុន ចន្ថា លោក លី ឈួន និងលោកស្រី គឹម ធីឡើយ សកម្មជនសង្គម។​

កញ្ញា សូ មេត្តា​ ជា​សមាជិក​នៃ​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញាវន្ត​ខ្មែរ ​ជាមនុស្សម្នាក់ក្នុងចំណោម៧នាក់​ដែល​ត្រូវ​បាន​អាជ្ញាធរថៃសម្រេច​ឃុំខ្លួនបណ្តោះអាសន្ននៅ​មណ្ឌល​​ជន​អន្តោ​ប្រវេសន៍ បានប្រាប់សារព័ត៌មានខេមបូចា កាល​ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ថារូបកញ្ញា និងជនភៀសខ្លួនខ្មែរ៦​នាក់​ទៀត កំពុងជាប់​ឃុំរយៈពេល៣យប់៣ថ្ងៃមកហើយ។

កញ្ញាបញ្ជាក់ថា៖ «បងត្រូវអាជ្ញាធរថៃគាត់ចាប់ខ្លួនបងហើយ គេយកពួកបងមកឃុំអស់រយៈពេល៣យប់​៣ថ្ងៃ​ហើយ។ ហើយពួកបងមានគ្នា ដំបូងចាប់១០នាក់ ដល់ក្រោយមកគេ(អាជ្ញាធរថៃ)លែង៣នាក់ ឥឡូវនៅ​៧នាក់ នៅប្រុស២ ស្រី៥»។ កញ្ញាបន្ថែមថា៖ «អាជ្ញាធរគេឱ្យទូរសព្ទពួកបងនិយាយបានមួយម៉ោងក្នុងមួយថ្ងៃ ម៉ោង៧ ដល់ម៉ោង៨»

តែយ៉ាងណា លោក ​ខឹម មុន្នីកុសល ​មន្រ្តី​គណបក្ស​ភ្លើងទៀន​ដែល​ភៀស​ខ្លួន​ទៅ​រស់​នៅ​ប្រទេស​ថៃ ​និង​ជា​គណៈ​កម្មការ​សម្រប​សម្រួល​ជន​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ បញ្ជាក់ថា រឿងរ៉ាវនៅពីក្រោយនៃចាប់ការខ្លួន​មនុស្ស​ទាំងនេះ គឺដើម្បីស្វែងរកសកម្មជននយោបាយសំខាន់ៗ៤ទៅ៥នាក់ ដោយប៉ូលិសថៃសួររកឈ្មោះ​លោក លី ម៉េង ជាសកម្មជនគណបក្សភ្លើងទៀន លោក ​ខឹម មុន្នីកុសល ​ លោក លឹម សុខា ជាសកម្មជន​គណបក្ស​សង្រ្គោះជាតិ ព្រះអង្គហេង គីមឡាយ សកម្មជនសង្គម និងលោក ផន ផាត់ណា ជាអតីត​យុវជន គណបក្ស​​ភ្លើងទៀនប្រចាំប្រទេសជប៉ុន។ បុគ្គលទាំងប៉ុន្មានរូបនេះ ដែលរដ្ឋាភិបាលកម្ពុជាចាត់ទុកថា ជា​មេ​ខ្លោងរបស់គណបក្សប្រឆាំង និងបានសហការជាមួយ​គណបក្ស​កាវក្លៃ ដើម្បីយកទឹកដីថៃធ្វើជាកន្លែង​ជុំ​ជួប​ប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែលោកថា នេះជាការឆ្លៀត​ឱកាសរបស់រដ្ឋាភិបាលកម្ពុជា ស្រប​ពេល​គណបក្ស​ក្នុងប្រទេសថៃកំពុងប្រកួតប្រជែងគ្នា ដែលជាលេស​ដើម្បី​ធ្វើទុកបុកម្នេញ និងតាមចាប់​សកម្មជន​ដែលប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា។

លោកអះអាងថា៖ «គណបក្សកាវក្លៃបានសហការជាមួយគណបក្សប្រឆាំងនៅប្រទេសថៃ ដែល​មាន​ពួកខ្ញុំ​ហ្នឹង​​ជាមេខ្លោង ហើយបានរៀបចំវគ្គបណ្តុះបណ្តាលមួយ កាលពីថ្ងៃទី២ ខែធ្នូយើងនេះ ប៉ុន្តែវគ្គសិក្ខាសាលា​ពេលនោះយើងធ្វើតែគ្នាយើងទេ ធ្វើតែសកម្មជនគណបក្សភ្លើងទៀន ហើយនឹងកូនៗរបស់សកម្មជន​ដែល​ជាយុវជន។​ ហើយនឹងមានការចូលរួមជាវាគ្មិនមកពី ទី១ ខាងយុវជនមកពីសហរដ្ឋអាមេរិក ទី២ មកពីកូរ៉េ​ខាងត្បូង ទី៣ មកពីប្រទេសជប៉ុន ប៉ុន្តែកិច្ចការនេះមិនពាក់ព័ន្ធជាបក្សកាវខ្លៃទេ»។

លោក ​ខឹម មុន្នីកុសល​ បញ្ជាក់​ថា ​ការ​ចាប់​ខ្លួន​សកម្ម​ជន​នា​ពេល​នេះ ​មាន​ពាក់​ព័ន្ធ​នឹង​ការ​ស្នើ​របស់​រដ្ឋាភិបាល​កម្ពុជា។

លោក​បន្តថា៖ ​«ពេល​ដែល​ពួកខ្ញុំ​ទៅ​ដល់​មន្ទីរ​ឃុំ​ឃាំង ​ទៅ​សួរ​សុខទុក្ខ​ដំបូង​ហ្នឹង​ គឺ​ប៉ូលិស​ថៃ​ប្រាប់​ច្បាស់​ហើយ​ថា​ រដ្ឋាភិបាល​កម្ពុជា ជា​អ្នក​ប្តឹង​តែ​ម្តង​ ឱ្យ​ចាប់​បញ្ជូន​អ្នក​ទាំង​អស់​ហ្នឹង​យក​ទៅ​វិញ»។

ទោះយ៉ាងណាក្តី លោកថារហូត​មក​ដល់​ថ្ងៃ​​អង្គារ ទី២ ខែមករា ឆ្នាំ២០២៤នេះ ​សកម្ម​ជន​ចំនួន​៧នាក់ ​ក្នុង​ចំណោម​​១០នាក់​នោះ​ ត្រូវ​បាន​អាជ្ញាធរ​ថៃ​ឃាត់ខ្លួន និងឃុំខ្លួនបណ្តោះអាសន្ននៅ​មណ្ឌល​​ជន​អន្តោ​ប្រវេសន៍ នៅបាងកកឡើយ ​ដើម្បី​រង់​ចាំ​ការ​ដោះ​ស្រាយ​ពី​ឧត្តមស្នងការអង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន(UNHCR) ​នៅ​ប្រទេស​ថៃ​ ដែល​បាន​ផ្តល់​បណ្ណ​ស្នាក់​នៅ​ជា​បណ្តោះ​អាសន្ន​ដល់​ពួក​គេ ​ក្នុង​នាម​ជា​ជន​ភៀស​ខ្លួន។​

លោកបញ្ជាក់បន្ថែមថា៖ «មកដល់ម៉ោងនេះពួកគាត់ចំនួន៧នាក់ បានកំពុងជាប់ឃុំនៅក្នុងមន្ទីរឃុំឃាំង​សម្រាប់​ជនអន្តោប្រវេសន៍របស់ថៃក្នុងទីក្រុងបាងកក។ ពួកគាត់មានសុវត្ថិភាពទេ គ្រាន់តែថាជាប់នៅ​ក្នុង​មន្ទីរឃុំឃាំងហ្នឹង ក៏ប៉ុន្តែមកដល់ពេលនេះមិនទាន់ឃើញថាអាជ្ញាធរថៃ​បញ្ជូនពួកគាត់ត្រឡប់​ទៅ​ប្រទេស​កម្ពុជាវិញទេ តាមការស្នើសុំរបស់រដ្ឋាភិបាលកម្ពុជាហ្នឹង»

លោក Morgane Roussel-Hemery តំណាងឧត្តម​ស្នងការអង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​ថៃ ​(UNHCR) បញ្ជាក់តាមរយៈអ៊ីមែល(Gmail)ថា មិនទាន់អាចឆ្លើយ​នឹងសំណួរព័ត៌មាន​ខេមបូចា​បាន​​ទេ ដោយសារកំពុងរស់កិច្ចការនៅខាងក្រៅ។

លោកតបថា៖ «បច្ចុប្បន្ន​ខ្ញុំ​នៅ​ឆ្ងាយ ហើយ​នឹង​ត្រឡប់​មក​ការិយាល័យ​វិញ​នៅ​ថ្ងៃ​ចន្ទ ៨ មករា។ ខ្ញុំនឹងឆ្លើយ​តប​នៅពេលខ្ញុំ​ត្រឡប់ទៅការិយាល័យវិញ»។

កាល​ពី​រសៀល​ថ្ងៃ​ទី​៣១​ធ្នូ​មាន​ជន​មិន​ស្គាល់​មុខ​មាន​គ្នា​៣​នាក់​បាន​ព្រួត​វាយ​លោក ស្រ៊ុន ស្រ៊ន និង​កញ្ញា​ភឹង សោភា​ ​បណ្ដាល​ឱ្យ​លោក ស្រ៊ុន ស៊្រន របួស​ហូរ​ឈាម​ប៉ែក​ខាង​ក្រោយ​  ​ក្រោយ​ពេល​ពួកគេ​​បង្រៀន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​២៣​ តុលា ​ឆ្នាំ១៩៩១​ ​ដល់​ពលករ​ខ្មែរ​នៅ​ខេត្ត​សមុទ្រ​ប្រាកាន (Samut Prakan) ជាប់​ទីក្រុង​បាងកក​ (Bangkok)។ ​

​ពេល​នោះ​ពួកគេ​កំពុង​​រៀបចំ​ផ្សព្វផ្សាយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​(Facebook)​ ក៏​ស្រាប់​តែ​​ក្រុម​ជន​មិន​ស្គាល់​មុខ​​ទាំង​នោះ​បាន​យក​ដំបង​ដែក​វាយ​ក្បាល​ផ្នែក​ខាង​ក្រោយ​លោក​ ​ស្រ៊ុន ស្រ៊ន​ ​បណ្ដាល​ឱ្យ​របួស​ធ្ងន់។ ​ក្រុម​ជន​មិន​ស្គាល់​មុខ​ ​ថែម​ទាំង​បាន​ដក​កាំភ្លើង​ខ្លី​គំរាម​បាញ់​ ​លោក​ ​ស្រ៊ុន ស្រ៊ន​ ​ទៀត​ផង​ ​ក៏ប៉ុន្តែ​ដោយសារ​មាន​ក្រុម​ពលករ​ខ្មែរ​ដែល​បាន​ចូលរួម​នៅ​ទី​នោះ​ស្រែក​ឆោឡោ​ ​ទើប​ជន​បង្ក​បាន​រត់គេច​ខ្លួន។

លោកអះអាងថា៖ «បើ​ក្នុង​ចិត្ត​របស់​ពួក​ខ្ញុំ​គិត​ថា​អត់​ដែល​មាន​សត្រូវ​ពី​ណា​ទេ អីចឹង​ខ្ញុំ​មិន​ដឹង​ថា តើ​អ្នក​ដែល​គាត់​មាន​បំណង​សម្លុត​ទឹក​ចិត្ត​​ជា​ជាង​សម្លុត​លើ​រូប​រាង​កាយ​។ ព្រោះ​បើ​តាម​ទំហំ​កាល​ពី​ម្សិល​បើ​គាត់​ចង់​សម្លាប់​ គាត់​អាច​សម្លាប់​បាន​​ហើយ​ ព្រោះ​ពួក​ខ្ញុំ​ឈរ​នៅ​ទី​សាធារណៈ​»។

ដោយឡែកវគ្គសិក្សាពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស៍២៣តុលា ដែលរៀបចំកាលព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ និងបង្រៀនដោយលោក ស្រ៊ុន ស្រ៊ន និង កញ្ញា ​ភឹង សោភា នៅផ្ទះមួយកន្លែងក្នុង​ទីក្រុង​បាងកក ដែលមានអ្នកចូលរួមសិក្សាប្រមាណជិត​៤០នាក់​។ អ្នកចូលរួម រួមមានពលករខ្មែរធ្វើការនៅប្រទេសថៃ សកម្មជន​គណបក្សសង្គ្រោះជាតិ សកម្មជនគណបក្សភ្លើងទៀន យុវជនធ្វើការងារសង្គម និងជនភៀសខ្លួន​ខ្មែរក្រោមផងដែរ។

រហូតដល់ម៉ោងជិត១១ព្រឹក ក៏មាននគរបាល​មូលដ្ឋាន​ថៃមួយក្រុមចុះមកសួរនាំ និងត្រួតពិនិត្យមើលឯកសារ​ផ្សេងៗ ដូចជាលិខិតឆ្លង​ដែន និងមេរៀនបង្រៀនជាដើម។ បន្ទាប់មកនគរបាល​​ថៃក៏បានចាប់នាំខ្លួន​មនុស្ស​១០នាក់  ដែល​មាន​កត់​សម្គាល់​ខ្លួន​ដែល​ផ្ដល់​ឱ្យ​ដោយ​ឧត្តមស្នងការអង្គការសហ​ប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន(UNHCR)។ រួមមានជនភៀសខ្លួនខ្មែរនៃសកម្មជន​គណបក្ស​សង្គ្រោះជាតិ សកម្មជន​គណបក្ស​ភ្លើងទៀន យុវជន​ធ្វើ​ការងារ​សង្គម និង​ជនភៀសខ្លួន​ខ្មែរក្រោម​ផង​ដែរ។

លោក ស្រ៊ុន ស្រ៊ន ជា​សកម្ម​ជនដែល​ផ្សព្វ​ផ្សាយ​អំពី​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ទី​ក្រុង​ប៉ារីស៍ បានលើកឡើងថា វគ្គសិក្សាដែលក្រុមលោកមកបង្រៀនដល់ពលករខ្មែរ និងជនភៀសខ្លួនកំពុងរស់នៅទីនេះ គឺមិនខុសច្បាប់​ប្រទេស​ថៃនោះទេ ហើយអាជ្ញាធរថៃចាប់ឃាត់មនុស្សទាំង១០នាក់នោះ ក៏មិនមែនដោយសារពួកគេ​មក​ចូល​រួម​រៀនកិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ទី​ក្រុង​ប៉ារីស៍ដែរ។ ប៉ុន្តែអាជ្ញាធរថៃចោទមនុស្សទាំង១០នាក់នោះពីបទ «បង្កើតចលនានៅក្រៅស្រុកដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា» និង «កាន់លិខិតឆ្លងដែនខុសច្បាប់»

ដោយឡែករូបលោក និងអ្នកចូលរួមជាមួយលោកមិនមាននរណាម្នាក់ត្រូវបានឃាត់ខ្លួននោះទេ ហើយ​ពួកយើង​នៅតែមានសិទ្ធិសេរីភាព និងអាចបន្តផ្សព្វផ្សាយមេរៀនកិច្ចព្រមព្រៀងសន្តិភាព​ទីក្រុងប៉ារីស៍​ទៅដល់ពលករខ្មែរផ្សេងទៀតនៅក្នុងប្រទេសថៃ។ លោកបន្តថា ក្នុងចំណោមមនុស្សទាំង១០នាក់នោះ មាន៣នាក់ត្រូវបានដោះលែងមកវិញ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ព្រោះអាជ្ញាធរថៃរកមិនឃើញ​មានបទល្មើស ឬភាពខុសច្បាប់ណាមួយនោះទេ។

លោកបញ្ជាក់ថា៖ «ក្នុងចំណោម៣នាក់ដែលត្រូវដោះលែងនេះ ២នាក់គឺដោយសារតែកូនមានអាយុ១៤ឆ្នាំ  ហើយនឹងម្តាយត្រូវគេ(អាជ្ញាធរថៃ)ដោះលែងមកវិញ ឯប្អូនម្នាក់ទៀតគឺដោយសារតែគាត់មានលិខិតឆ្លងដែន​ជា​ខ្មែរ (Passport) អ៊ីចឹងគាត់អាចមកវិញបានដែរ។ ហើយ៧នាក់ទៀត គឺគាត់មានតែកាត​UN​(អង្គការ​សហ​ប្រជាជាតិ)​ទេ គាត់អត់មានឯកសារលិខិតឆ្លងដែនទេ ចឹងគេ​(អាជ្ញាធរថៃ)​មិនដោះលែងទេ ហើយគេដាក់ទៅ​គុកធំ​នៅបាងកក»។

អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានបដិសេធមិនផ្តល់ការអត្ថាធិប្បាយ។

ស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកក មិនបានឆ្លើយតបនឹងសំណួរ ខេមបូចា តាមអ៊ីម៉ែលទេ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មិនអាចទាក់ទងសុំការបំភ្លឺបានទេ។

កាល​ពី​ពេល​ថ្មីៗ​នេះ​ គណបក្ស​នយោបាយ​ចំនួន​៩ ​ដែល​ជា​សម្ព័ន្ធ​ភាព​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ស្នើ​ឱ្យ​នាយក​រដ្ឋមន្ត្រី​ថៃ​ ពិនិត្យ ​និង​ឃ្លាំ​មើល​លើ​សកម្ម​ភាព​របស់​គណបក្ស​កាវក្លៃ​ (Move Forward)​ ដោយ​ពួក​គេ​ថា​បាន​គាំទ្រ ​និង​ហ្វឹកហ្វឺន​សកម្ម​ជន​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​ ហើយ​កំពុង​ជ្រក​កោន​នៅ​ប្រទេស​ថៃ។​

លោក ឡឹង សុផុន មន្ត្រីទទួលបន្ទុកពលករទេសន្តរប្រវេសន៍ នៃអង្គការសង់ត្រាល់​ប្រចាំ​ប្រទេសថៃ យល់​ឃើញ​ថា បើពួកគាត់មក​បើក​សិក្ខាសាលាបង្រៀនអំពីសិទ្ធិ ច្បាប់ ឬសន្ធិសញ្ញាកិច្ចព្រមព្រៀងសន្តិភាព​ទីក្រុង​ប៉ារីស៍ គឺជារឿងត្រឹមត្រូវ មិនមានខុសឆ្គងអ្វីទៅ​លើ​ច្បាប់ប្រទេសថៃនោះទេ។  ប៉ុន្តែលោកសុផុនក៏មិនដឹង​ច្បាស់ថា យ៉ាងណាដែរ តែលោកសង្ស័យទៅលើកន្លែងប្រជុំរបស់ពួកគេ ព្រោះកន្លែងនោះកំពុងសាងសង់ វាអាចបង្កបញ្ហាណាមួយ ឬក៏រំខានទៅដល់ពលរដ្ឋថៃជាដើម។ លោកបន្តថា កន្លងមកមានកិច្ចប្រជុំជាច្រើន ដែលគេធ្វើនៅតាមសណ្ឋាគារ ឬក៏ទីតាំងផ្សេងៗ អត់មានអាជ្ញាធរថៃមកហាមឃាត់នោះទេ។

លោកបញ្ជាក់ថា៖ «យើងធ្វើអីក៏មានការប្រុងប្រយ័ត្ន ពីព្រោះមិនថាថៃ ឬខ្មែរយើងទេ រឿងការជួបជុំក្តី រឿង​ស្រទាប់នយោបាយ យើងមើលទៅហាក់ដូចជាវារសើបណាស់ កន្លែងខ្លះយើងជុំជួបគ្នាមិនសុំ​អនុញ្ញាត​ពីម្ចាស់ទីកន្លែង ឬក៏យើងសុំហើយ ប៉ុន្តែសុំកន្លែងខុសអ៊ីចឹង វាមិនសាកសមនឹងយើងធ្វើក៏ថាបាន»។

តែយ៉ាងណាលោក សុផុន មិនទាន់ដឹងច្បាស់ដែរ ថាហេតុផលអ្វី ឬករណីបទល្មើសអ្វីដែលអាជ្ញាធរថៃ​ចុះទៅចាប់ពលរដ្ឋខ្មែរទាំងនោះ ព្រោះលោកកំពុងតាមដាន និងប្រមូលព័ត៌មាននេះដែរ។

លោកបន្ថែមថា៖ «ខ្ញុំមិនទាន់ទទួលព័ត៌មានច្បាស់ទេ គ្រាន់ថាបូលិសទៅពិនិត្យមើលឯកសារ ទៅថា​នាំពួកគាត់ទៅឃុំ។ ហើយឥឡូវហ្នឹង ឮថាថ្ងៃហ្នឹងដែលគេ(អាជ្ញាធរថៃ)បញ្ជូនមកគុកស៊ុនភ្លូ»

ដោយឡែកកន្លង​ទៅ ​អតីត​នាយក​រដ្ឋមន្ត្រី​កម្ពុជា ​លោក ​ហ៊ុន សែន ​ក៏​ធ្លាប់​ថ្លែង​ថា ​មិន​ញញើត​ដៃ​ក្នុង​ការ​ចាប់​អ្នក​ណា​ម្នាក់​នោះ​ទេ ​ទោះ​​នៅ​ក្នុង​ទឹកដី​ថៃ​ក៏​ដោយ។ ​លោក​បន្ត​ថា ​ រដ្ឋាភិបាល​កម្ពុជា​បាន​លើក​ឡើង​អំពី​ការ​ចុះ​អនុស្សារណៈ​យោយល់​គ្នា​ជា​មួយ​ប្រទេស​ថៃ ​ក្នុង​ការ​បញ្ជូន​អ្នក​ទោស​រវាង​ប្រទេស​ទាំង​ពីរ ​ហើយ​កន្លង​មក​ ក៏​ឃើញ​អាជ្ញាធរ​ថៃ​បញ្ជូន​អ្នក​ភៀស​ខ្លួន​ផ្នែក​នយោបាយ​មួយ​ចំនួន​មក​កម្ពុជា​ផង​ដែរ។​

គួរ​បញ្ជាក់​ថា ចាប់​តាំង​ពី​ការ​រំលាយ​គណបក្ស​ប្រឆាំង​កាល​ពី​ឆ្នាំ​២០១៧មក​ មាន​សកម្ម​ជន​នយោបាយ​ជា​ច្រើន​​របស់​គណបក្ស​ប្រឆាំង​បាន​បន្ត​ភៀស​ខ្លួន​ទៅ​កាន់​ប្រទេស​ថៃ ​ដោយ​សារ​តែ​ការ​រឹតត្បិត​ផ្នែក​នយោបាយ​ និង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ពី​អាជ្ញាធរ​កម្ពុជា៕​

421 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម