សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ជនសង្ស័យ៣នាក់ជាមន្ត្រីប៉ូលិស និងប្រជាការពារកំពុងត្រូវបានសាកសួរនៅតុលាការពាក់ព័ន្ធនឹងបទ​«កំហែងយកប្រាក់»

ទីតាំងដែលជនសង្ស័យធ្វើសកម្មភាពគំរាមទាលុយពីយុវជននៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង ផ្លូវវេងស្រេង ខណ្ឌមានជ័យ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤។ (រូបភាព៖ ហ្វេសប៊ុកផេកស្នងការនគរបាលរាជធានីភ្នំពេញ)
ទីតាំងដែលជនសង្ស័យធ្វើសកម្មភាពគំរាមទាលុយពីយុវជននៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង ផ្លូវវេងស្រេង ខណ្ឌមានជ័យ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤។ (រូបភាព៖ ហ្វេសប៊ុកផេកស្នងការនគរបាលរាជធានីភ្នំពេញ)

ជនសង្ស័យ៣នាក់ជាមន្ត្រីប៉ូលិស និងប្រជាការពារកំពុងត្រូវបានសាកសួរ​នៅ​សាលាដំបូង​រាជធានីភ្នំពេញពី​បទ​«កំហែង​យកប្រាក់»​ក្រោយពីយុវជន៥នាក់ដែលរងគ្រោះ​ពីហេតុការណ៍​បានផ្ដល់បទសម្ភាសន៍ឱ្យ​សារព័ត៌មាន​អនឡាញកាលពីថ្ងៃទី២៥ ខែមករា ត្រង់ចំណុចស្ថានីយ៍​ប្រេង​ឥន្ធនៈ​មួយកន្លែង​ ​ផ្លូវវែងស្រេង ខណ្ឌមានជ័យ ខណៈសមត្ថកិច្ចថាកំពុង​បន្ដស្វែងរកជនសង្ស័យ​៣នាក់​ទៀត។

លោក ជួន ណារិន្ទ បានថ្លែងថា លោកបានឱ្យក្រុមការងារលោកកសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូងរួចហើយកាលពីថ្ងៃទី៣០ ខែមករា។ លោកបន្ដថា នៅសល់​ជនសង្ស័យ៣នាក់​សមត្ថកិច្ច​កំពុងតាមស្វែងរក ដើម្បីដាក់ទោសតាមផ្លូវច្បាប់។ លោកថា ករណីបែបនេះ ​លោក​ថាកំពុងបន្ដស្វែងរកបន្ថែមទៀត តែលោក​មិនបាន​បញ្ជាក់ថា​មាន​ប៉ុន្មាន​ករណីនោះ​ទេ​។

លោកបន្ដថា៖ «យើងបានបញ្ជូនទៅតុលាការអស់ហើយកាលព្រឹកមិញនេះ។ រឿងជំរិតយក​លុយ។ នៅសល់៣នាក់ទៀត​យើងកំពុង​តាមចាប់ខ្លួន ទាំងអស់៦នាក់។ យើងកំពុងបន្ដស្វែង​រក​ករណី​បែបហ្នឹង​បន្ដទៀត។ ខ្ញុំមិនអាចប្រាប់បានទេថាមានប៉ុន្មានករណី។ ខ្ញុំជាប់ប្រជុំ អរគុណ»

នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ ស្នងការដ្ឋាននគរបាលជាតិរាជធានីភ្នំពេញបាន​ចេញ​​បំភ្លឺថា ករណីយុវជន៥នាក់ដែលបាន​សម្ភាសន៍ជាមួយអ្នកសារព័ត៌មាន​នៅលើបណ្ដាញ​សង្គម កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ដោយបានចោទប្រកាន់ថាមានសមត្ថកិច្ចគាប​យកលុយនៅចំណុចប្រេងឥន្ធនៈតេលាលូប្រាំផ្លូវវែងស្រេង ភូមិដំណាក់ធំ៥ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

តាមបទបញ្ជារបស់លោក ជួន ណារិន្ទ អគ្គស្នងការរង និងស្នងការ​នគរបាល​​រាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌ​កម្រិតស្រាលសហការ​ជាមួយកម្លាំងអធិការដា្ឋន​នគរបាល​ខណ្ឌមានជ័យ បានធ្វើការស្រាវជ្រាវត្រួតពិនិត្យ​កន្លែង​កើតហេតុ និងប្រមូល​វត្ថុ​តាងតាមកាមេរ៉ាសុវត្ថិភាព និងការសាកសួរពីយុវជនរងគ្រោះ បានឈានដល់ការឃាត់ខ្លួន​មន្រ្ដីប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមាន៣នៃអធិការដ្ឋាននគរបាល​ខណ្ឌមានជ័យ១នាក់ និង​ប្រជាការពារ២នាក់ទៀត ពីបទ«កំហែងយកប្រាក់»

ជនសង្ស័យទាំង៣នាក់​រួម​មាន​​ឈ្មោះ ព្រុំ វណ្ណរឿន ភេទប្រុស តួនាទីជាអនុសេនីយ៍ឯក​ និង​ឈ្មោះ នាង វណ្ណី ហៅ ប៉ាន់ នី ភេទប្រុសមានតួនាទីជាប្រជាការពារ និងឈ្មោះគឹម សុខា ប្រុស តួនាទីជាប្រជាការពារ។ ជនសង្ស័យ​ទាំង៣នាក់​ត្រូវកម្លាំង​ជំនាញ​បាន​កសាង​សំណុំ​រឿង​បញ្ជូនទៅតុលាការដើម្បី​ចាត់​ការ​តាម​ផ្លូវច្បាប់។ ហើយ​​សមត្ថកិច្ច​កំពុង​ស្វែង​រក​ចាប់​ខ្លួន​ជនសង្ស័យ៣នាក់ទៀត។

ចំណែកលោក សួស វិទ្យារ៉ាន់ឌី អ្នកនាំពាក្យសាលាដំបូងបានឱ្យ ខេមបូចា ដឹងថា ខាង​តុលាការ​កំពុង​បន្ដនីតិវិធី ដោយលោកថា ចៅក្រមកំពុងសាកសួរដើម្បីដាក់បទចោទ។ យ៉ាងណាលោក​មិនបានលម្អិតឱ្យខេមបូចានោះទេ។

លោកបន្ដថា៖ «ចៅក្រមកំពុងសាកសួរដើម្បីដាក់បទចោទ។ ខ្ញុំអាចនិយាយបានតែ​ប៉ុណ្ណឹង​ទេ»

តាមមាត្រា៣៦៣នៃក្រមព្រហ្មទណ្ឌ អំពើកំហែងយក គឺជាអំពើដែលប្រព្រឹត្ត​ដោយការ​ប្រើ​ហិង្សា ការគំរាមកំហែង ថា នឹងប្រើហិង្សា ឬដោយការបង្ខិតបង្ខំ ដើម្បីទទួលបាននូវហត្ថលេខា ឬស្នាមម្រាមដៃ ការសន្យា ឬការបោះបង់ចោលអ្វីមួយ ការបង្ហាញអាថ៌កំបាំងណាមួយ ការ​ប្រគល់​មូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិអ្វីមួយ ។ អំពើកំហែងយក ត្រូវផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល។ អំពើនេះ អាច​ប្រឈម​ផ្តន្ទាទោស​ដាក់ពន្ធនាគារពី៥ទៅ១០ឆ្នាំ តាមស្ថានទម្ងន់ទោសទាក់ទងទៅនឹង​ជនរងគ្រោះ​ដែល​ជាបុគ្គលទន់ខ្សោយពិសេសនារីមានគភ៌ជាដើម។

ចំណែកឯ លោក អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ បានថ្លែងប្រាប់ខេមបូចា នៅព្រឹក​ថ្ងៃទី៣១ ខែមករា​ ថា ជុំវិញករណីនេះគឺមានគ្នា៦នាក់។ ហើយ៣នាក់ត្រូវបានចាប់ខ្លួន នៅ​សល់​៣នាក់ ​លោក​កំពុង​បន្ដស្រាវជ្រាវដើម្បីចាប់ខ្លួន។ យ៉ាងណាលោកសុំមិនអត្ថាធិប្បាយ បន្ថែមនោះទេ។

អធិការខណ្ឌរូបនេះបន្ដថា៖ «បាទ! ទាំងអស់៦នាក់ យើងចាប់បាន៣នៅសល់៣នាក់​យើង​កំពុង​បន្ដស្រាវជ្រាវ។ ខ្ញុំអាចជម្រាបជូនបងបានប៉ុណ្ណឹងលើសពីហ្នឹងខ្ញុំមិននិយាយបានទេ»។

ក្នុងមាត្រាដដែលថា ករណីមានការប្រើប្រាស់អាវុធ ឬដោយគំរាមកំហែងនឹងអាវុធ អ្នកប្រព្រឹត្ត​ប្រឈមជាប់ពន្ធនាគារពី៧ទៅ១៥ឆ្នាំ ក្នុងករណីហិង្សាដែលនាំឱ្យមានការកាត់អវយវៈ និង​ពិការភាព​ជាអចិន្ត្រៃយ៍ ត្រូវប្រឈមពី១០ទៅ២០ឆ្នាំ។ អំពើកំហែងយក ក៏មាន​ស្ថានទម្ងន់​ទោស​ពី១៥ទៅ៣០ឆ្នាំផងដែរ ប្រសិនបើមានការធ្វើទារុណកម្ម ឬអំពើឃោឃៅ ឬហិង្សា​ដែលបណ្តាលឱ្យជនរងគ្រោះស្លាប់ ដោយគ្មានចេតនា។

លោក ប៉ិច ពិសី នាយកប្រតិបត្ដិនៃអង្គការតម្លាភាពកម្ពុជា បានលើកឡើងថា ករណីនេះ​កន្លង​មកមានច្រើនណាស់ដែរ ការយកតួនាទីរបស់ខ្លួនទៅប្រព្រឹត្ដអំពើពុករលួយ​ដោយ​គំរាម​កំហែង​ពលរដ្ឋដើម្បីជំរឹតទារប្រាក់។ លោកបន្ដថា សកម្មភាពក្លែងបន្លំនេះបានបង្កភាពវឹកវរ​ដល់​ពលរដ្ឋ និងបានបង្កអសន្ដិសុខសង្គម ហើយវាជារឿងមិនគួរឱ្យកើតមាននោះទេ។ យ៉ាង​ណា​លោក​ថា ស្នងការនគរបាលជាតិគួរតែពង្រឹង និងបង្រ្កាបឱ្យទាន់ពេលវេលា ដើម្បីឱ្យពលរដ្ឋ​មានទំនុកចិត្ដ។

លោកបានបន្ថែមថា៖ «ខ្ញុំយល់ថាអាជ្ញាធរគួរតែពង្រឹងឱ្យបានរឹងមាំ ព្រោះកន្លងមកយើងបាន​ដឹងស្រាប់​ហើយថាការយកតួនាទីរបស់ខ្លួនទៅប្រព្រឹត្ដអំពើពុករលួយនេះ​ចេះតែកើតមាន។ កាលណាសកម្មភាពនេះកាន់តែមានពលរដ្ឋកាន់តែលែងមានទំនុកចិត្ដលើមន្រ្ដីសាធារណៈ»

2,084 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម