សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

នាយកវិទ្យាល័យ​ឈូកវ៉ា​ពីររូប​ត្រូវបានព្យួរតួនាទី ដោយរង់ចាំការស៊ើបអង្កេតករណី​កិបកេងបន្ទាប់ពី​ផ្ទុះការ​តវ៉ា

តំណាងមន្ទីរអប់រំរាជធានីភ្នំពេញបើកកិច្ចប្រជុំមួយជាមួយលោកគ្រូអ្នកគ្រូដើម្បីពិភាក្សារកដំណោះស្រាយ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ ។ (រូបថតផ្ដល់ឱ្យដោយប្រភព)
តំណាងមន្ទីរអប់រំរាជធានីភ្នំពេញបើកកិច្ចប្រជុំមួយជាមួយលោកគ្រូអ្នកគ្រូដើម្បីពិភាក្សារកដំណោះស្រាយ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ ។ (រូបថតផ្ដល់ឱ្យដោយប្រភព)

ក្រសួងអប់រំ និង​មន្ទីរអប់រំ​រាជធានីភ្នំពេញ​ បានសម្រេចបង្កើត​គណៈកម្មាធិការមួយ​ និងចាត់តាំងមន្ត្រីបីរូបដើម្បីគ្រប់គ្រងបណ្តោះអាសន្ន និង​ស៊ើបអង្កេត​ករណីចោទប្រកាន់ពីការកិបកេងថវិកា និង​អំពើពុករលួយ ពាក់ព័ន្ធនឹងនាយកនិងនាយករងនៃវិទ្យាល័យ ជា ស៊ីម ឈូកវ៉ា ។

ចំណាត់ការនេះធ្វើឡើង​បន្ទាប់ពីមានការតវ៉ាអស់រយៈពេល​៣ខែ​ពីសំណាក់គ្រូបង្រៀន ៦៧នាក់ ដែល​បាន​ស្នើ​ឱ្យ​ក្រសួងអប់រំ​ពន្លឿន​ការស៊ើបអង្កេត​និង​ដកតំណែង​នាយកនិងនាយករង​សាលាទាំងពីររូប​ចេញ ។ លោកគ្រូអ្នកគ្រូ​បាន​ធ្វើពហិកា​មិន​បង្រៀនបីដងដើម្បី​តវ៉ា​ដោយ​មានអម​ទាំង​បដាទៀត​ផង ។

អ្នកគ្រូ ចាំង ចាន់ហួត បង្រៀននៅវិទ្យាល័យ​ ឈូកវ៉ា បាន​និយាយថា លោកគ្រូអ្នក​គ្រូ​ពហិកា​​មិន​បង្រៀនសិស្សដើម្បីដាក់សម្ពាធ​ទៅលើថ្នាក់លើ​ឱ្យធ្វើអន្តរាគមន៍ឱ្យបានឆាប់រហ័ស ។ ប៉ុន្តែ ការបដិសេធ​មិនព្រមបង្រៀនសិស្សទាំងបីដងនេះ​បាននាំឱ្យ​មានកិច្ចអន្តរាគមន៍ពី​មន្ទីរអប់រំរាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែមិថុនា ហើយបន្ទាប់ពីកិច្ចអន្តរាគមន៍នេះ លោកគ្រូអ្នកគ្រូ​ក៏បាន​វិលត្រឡប់​មក​បង្រៀន​វិញតាម​ធម្មតា ដោយដាក់មន្រ្តីមកដាក់នាំជំនួសបណ្តោះអាសន្ន ។

អ្នកគ្រូ ចាន់ហួត បាននិយាយថា៖ «យើងពិបាកណាស់​នៅពេលដែលតំណាងមន្ទីរអប់រំ​មកដោះស្រាយ​​បញ្ហា ប៉ុន្តែ នៅតែមិនទាន់មានដំណោះស្រាយដែលអាចទទួលយកបាន ។ ពួកគេ​និយាយតែពី​ច្បាប់​ និងមិនអនុញ្ញាត​ឱ្យ​យើង​ចែករំលែក​ហេតុផល​របស់ពួកយើង​ទេ ។ អ្វីដែល​យើង​ចង់បាន គឺសុំ​ឱ្យ​ដក​នាយក​និងនាយករង​ចេញ»។

ប៉ុន្តែ អ្នកគ្រូ​ជឿជាក់ថា មន្ទីរនឹងចាត់វិធានការ​និងដោះស្រាយ​បញ្ហា​អំពើពុករលួយ​នៅក្នុង​ប្រព័ន្ធ​អប់រំ​ឱ្យ​បានឆាប់រហ័ស​និងមាន​តម្លាភាព ពីព្រោះប្រសិនបើ​មិន​ផ្លាស់ប្ដូរនាយក​ទេ សាលានឹងមិនរីកចម្រើន​ឡើយ ហើយនឹង​គ្មាន​សាមគ្គីភាពទេ ។ ទៅអនាគត លោកគ្រូអ្នកគ្រូ​អាចនឹងចាកចេញ ហើយ​សិស្ស​នឹង​ផ្លាស់ទៅរៀននៅសាលាផ្សេង ។

អ្នកគ្រូ ចាន់ហួត បានរៀបរាប់​រំឭកឡើងវិញថា នាយកសាលា លោក ប៊ុន មុនី កាលពីមុន បានប្រាប់​លោកគ្រូអ្នកគ្រូ​ឱ្យ​រៃអង្គាស​មូលនិធិ​ពី​អាណាព្យាបាល​និងសិស្សានុសិស្ស​ជាចំណូលបន្ថែម​សម្រាប់​សាលា ប៉ុន្តែ អ្នកគ្រូ​មិនយល់ស្រប​នឹង​គំនិត​នេះ​ទេ ។

អ្នកគ្រូ ចាន់ហួត បាននិយាយថា៖ «គាត់[ប៊ុន មុនី] បាននិយាយថា លោកគ្រូអ្នកគ្រូ​គួរតែដឹងពីរបៀប​រកស៊ី​និងធ្វើទីផ្សារ​ដើម្បី​រក​លុយ​ឱ្យ​សាលា ប៉ុន្តែ យើងមិន​ព្រមធ្វើសកម្មភាពខុស​ច្បាប់​បែបនោះ​ទេ ។ទស្សនៈរបស់ខ្ញុំ គឺថា គ្រូបង្រៀនមិនមែនជាអ្នករៃអង្គាស​ប្រាក់ទេ»។

អ្នកគ្រូ​បាននិយាយថា ប្រសិនបើ​បញ្ហាដោះស្រាយមិនបានត្រឹមត្រូវទេ វាអាចប៉ះពាល់ដល់​ក្រសួង​ ព្រមទាំង​បង្កើត​ជាគំរូ​មិនល្អ​ដល់សាលាផ្សេងទៀត និងជះឥទ្ធិពល​អវិជ្ជមានដល់​ការអប់រំរបស់​ក្មេងៗ ។

អ្នកគ្រូ ចាន់ហួត បាននិយាយថា៖«ខ្ញុំត្រូវការយុត្តិធម៌ ។ បើ​យើង​ឃើញ​អំពើ​ពុករលួយ ហើយ​បង្រៀន​ក្មេងៗឱ្យធ្វើ[ពុករលួយដែរ] សង្គមយើង​នឹងមិនរីកចម្រើនទេ ។ ដូច្នេះ ខ្ញុំស្នើសុំ​ក្រសួង​ពន្លឿន​នីតិវិធី​ដោយ​ដក​តំណែង​នាយកសាលាចេញ»។

មិនមែនជាបញ្ហាតូចទេ

គ្រូបង្រៀនមួយរូបទៀត អ្នកស្រី សឹង សុវណ្ណ អាយុ ៤៥ឆ្នាំ បាននិយាយថា បន្ទាប់ពីលោកគ្រូ​អ្នកគ្រូ​បានតវ៉ា​ពីរដង និង​មិនបង្រៀនសិស្សបីពេល មន្ទីរអប់រំ​បានចុះ​មកសម្រុះសម្រួល​ជាមួយ​លោកគ្រូ​អ្នកគ្រូឱ្យ​បង្រៀនសិស្សជាបន្ត ។

កន្លងមក មានតែសមាជិកគណៈកម្មាធិការមួយរូបទេ​ដែលបានមកសាលា ហើយគ្មានការចេញលិខិត​ផ្លូវការ​ណាមួយ​ដើម្បី​ព្យួរការងារនាយក ឬ​ការសម្រេចណាមួយ​ថា​តើ​នាយកសាលានឹងត្រូវដកចេញ ឬយ៉ាងណានោះទេ ។

អ្នកគ្រូ សុវណ្ណ បាននិយាយថា៖ «ក្នុងពេល​បីខែខាងមុខ ពួកគេ​នឹងរក​ឃើញ​ពីទង្វើ​មិនត្រឹមត្រូវ​របស់​នាយកសាលាដែលស្របគ្នានឹងបណ្ដឹងរបស់ពួកយើង។ នៅពេលកិច្ច​ប្រជុំ​របស់​មន្ទីរអប់រំ​រកឃើញថា ការគ្រប់គ្រងរបស់​ ប៊ុន មុនី ពុំមានតម្លាភាព គេនឹង​អនុវត្ត​នីតិវិធី​ដើម្បីមានចំណាត់ការទៅតាមច្បាប់»។

គ្រូបង្រៀនលើកបដា​តវ៉ាប្រឆាំងនឹង​នាយកសាលានិងនាយករង​ពីបទចោទប្រកាន់​កិបកេងប្រាក់ កាលពីថ្ងៃ៧ ខែមិថុនា ឆ្នាំ២០២៤ ។ (រូបថត​ផ្ដល់​ឱ្យ​)

អ្នកស្រី សុវណ្ណ មិនគិតថា​បញ្ហានេះ​ជា​បញ្ហាតូចតាចនោះទេ និងបានទទូចថា មន្ទីរអប់រំ​ត្រូវ​ដោះស្រាយ«ភាពមិនប្រក្រតី»នេះឱ្យមានតម្លាភាព ។ ប្រសិនបើ​អ្នកគ្រូលោកគ្រូ​មិនអាចទទួលយក​ចំណាត់ការ​ដែលគេអនុវត្តបានទេនោះ ពួកគេនឹងបន្តធ្វើពហិកា ។ សិស្សានុសិស្ស​ក៏អាចនឹងផ្ទេរចេញទៅសាលាផ្សេង ដោយសារ​អាណាព្យាបាលជាច្រើន​មិន​ពេញចិត្តនឹង​ការដឹកនាំរបស់​នាយកសាលា ។

អ្នកគ្រូ សុវណ្ណ បាននិយាយថា៖«[អ្វីដែលខ្ញុំចង់បាន] គឺដក​នាយកទាំងពីរនាក់ចេញ ពីព្រោះពួកគេ​បានរកឃើញកំហុសជាច្រើនរួចមកហើយ ។ ប្រសិនបើ​មន្ទីរមិនចាត់វិធានការទេ មានន័យថា មន្ទីរកាន់ជើងជន​ដែលពុករលួយ​ហើយ ហើយ​យើង​នឹង​ធ្វើពហិកា​មិន​បង្រៀន​ជាបន្ត»។

គ្មានភស្តុតាងពីអំពើពុករលួយ

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ​រាជធានីភ្នំពេញ​ បានប្រាប់​ ខេមបូចា ថា ក្រសួងបានចេញ​លិខិត​ទៅសាលារាជធានីភ្នំពេញ​ដើម្បីរៀបចំ​យន្តការមួយចំនួន ។ អ្វីៗកំពុងដោះស្រាយស្របទៅតាម​នីតិវិធីរបស់​មន្ទីរអប់រំ ។

មន្ទីរបានបង្កើត​គណៈកម្មាធិការមួយដែលបានចាត់តាំងសមាជិក​បីរូប ដើម្បីតាមដាន​ការគ្រប់គ្រង​របស់សាលា ដោយ​ក្នុងនោះ តួនាទីនិងសិទ្ធិ​សម្រេចចិត្ត​របស់​ក្រុមប្រឹក្សាភិបាលត្រូវបានព្យួរបណ្ដោះអាសន្ន ។

លោក ស៊ីណារ៉េត បាននិយាយថា៖ «ខ្ញុំបានប្រាប់​លោកគ្រូអ្នកគ្រូ​ឱ្យ​បើកទូលាយចិត្ត និង​កុំ​ធ្វើ​ហួស​អ្វីដែល​ត្រូវបានហាមឃាត់ ដែលនឹងធ្វើ​ឱ្យខូចដល់​វិធានការដែលគណៈកម្មាធិការកំពុងអនុវត្ត ។ ដូច្នេះ នៅពេល​ដែលគេបង្កើត​គណៈកម្មាធិការរួចហើយ ហើយ​បើការរំលោភបំពាននៅតែមានជាបន្តទៀត នោះលោកគ្រូអ្នកគ្រូអាចធ្វើការតវ៉ា​ជាថ្មីបាន ។ គ្មានអ្នកណាម្នាក់អាច​បង្ខំ​ពួកគេ​ក្នុងការអនុវត្ត​សិទ្ធិរបស់​ពួកគេ​បានឡើយ»។

ប៉ុន្តែ លោកបារម្ភថា លោកគ្រូអ្នកគ្រូអាចនឹង​លាយឡំគ្នារវាង​បញ្ហាផ្ទាល់ខ្លួន​ និងការចោទប្រកាន់ទៅលើ​នាយកសាលា ។ លោកបានបញ្ជាក់ថា ភស្តុតាងនៃអំពើពុករលួយដូចដែលលោកគ្រូអ្នកគ្រូ​បានអះអាង គឺ«គ្មានមូលដ្ឋាន»ឡើយ ។ លោកបាននិយាយថា «វាមិនមែនជា​អំពើ​ពុករលួយទេ» ។

លោក ស៊ីណារ៉េត​ បាននិយាយថា៖«លោកគ្រូអ្នកគ្រូ​បានចោទប្រកាន់​នាយកសាលាពីអំពើពុករលួយ ប៉ុន្តែ យើងមិន​ឃើញ​ដូច្នោះទេ»។ លោកបានបន្ថែមថា៖ «នាយកសាលាបានចំណាយថវិកា​ដើម្បីធ្វើអ្វីមួយ ប៉ុន្តែ អត់មានវិក្កយបត្រ ហើយ​យើង​ក៏បានធ្វើការណែនាំពួកគាត់»។

លោកបានសង្កត់ធ្ងន់ថា លោកប្រកាន់ខ្ជាប់នូវវិធាននានា ដោយមិនកាន់ជើងភាគីខាងណាទេ ប៉ុន្តែ លោក​បាន​បញ្ចេញទស្សនៈថា ការតវ៉ា​និង​បដាទាមទារឱ្យផ្លាស់ប្ដូរ​នាយកសាលាបានធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធគ្រប់គ្រង​ ។ លោកបាននិយាយថា៖​ «ជាទូទៅ យើងបានស្នើសុំ​ទៅ​ក្រសួង និង​សាលារាជធានីភ្នំពេញ​ដើម្បី​ចាត់វិធានការបន្ត» ។ លោកបានបន្តថា៖ «ពួកគេមិនទាន់ឈានដល់កម្រិតនៃការដក​នាយកនៅឡើយទេ»។

យើងមិនអាចធ្វើការសម្រេចចិត្តបានទេ

លោក យ៉ើ លាង នាយករង​វិទ្យាល័យ​ ឈូកវ៉ា ដែល​ត្រូវបានចោទប្រកាន់ជាមួយ​នឹង​លោក ប៊ុន មុនី ដែរ បាន​ច្រានចោល​ការចោទប្រកាន់ ដោយនិយាយថា ពួកគាត់​មិន​បាន​ធ្វើអំពើពុករលួយទេ ។ លោក​បាននិយាយថា លោក​បាន​បន្ត​ធ្វើការនៅក្នុង​សាលាដូចសព្វមួយដង ។

ប៉ុន្តែ នៅពេល​គណៈកម្មាធិការ​បានចុះមក​ស៊ើបអង្កេត លោក​និង​ក្រុមប្រឹក្សាភិបាលដទៃទៀត​នឹងក្លាយ​ជា​សមាជិក​នៃគណៈកម្មាធិការនោះ ប៉ុន្តែលោកពុំមានសិទ្ធិ​សម្រេចចិត្ត​លើ​កិច្ចការសាលាទេ ។

លោកបានបដិសេធ​មិន​ផ្ដល់អត្ថាធិប្បាយ​ជុំវិញ​ការចោទប្រកាន់របស់​លោកគ្រូអ្នកគ្រូ​មក​លើ​រូបលោក​ទេ ដោយ​កត់សម្គាល់ថា អាជ្ញាធរពាក់ព័ន្ធកំពុងធ្វើការងារលើ​បញ្ហានេះ​ហើយ ។

លោក លាង បាននិយាយថា៖ «ក្រសួង​អប់រំនិងមន្ទីរអប់រំ​បាន​ប្រជុំគ្នា​កាលពីសប្ដាហ៍មុន ។ គេនឹងរៀបចំ​បង្កើត​គណៈកម្មាធិការរួមមួយ​ដើម្បី​គ្រប់គ្រង​កិច្ចការសាលាជំនួសពួកយើង ។ មនុស្សប្រាំនាក់​ក្នុងនោះមានខ្ញុំដែរ នឹងធ្វើត្រឹមតែជាសមាជិកប៉ុណ្ណោះ ។ យើងមិនអាច​ធ្វើការសម្រេចចិត្តអ្វីបានទេ យើងនឹងធ្វើត្រឹមតែជាសមាជិកប៉ុណ្ណោះ»។

លោក ប៉ា ច័ន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា បានប្រាប់ ខេមបូចា ថា អំពើ​ពុករលួយ​នៅក្នុង​វិស័យអប់រំ​ ជាពិសេស ការកិបកេង​មូលនិធិ​ មិនគួរកើតមានទេ ។ នេះដោយសារតែ​ស្ថាប័ន​អប់រំ​រដ្ឋ​គឺជាកន្លែង​អភិវឌ្ឍន៍ធនធានមនុស្ស តម្លាភាព និងសុចរិតភាពនៅក្នុងសង្គម ។

លោកយល់ឃើញថា ក្រសួង ឬមន្ទីរពាក់ព័ន្ធគួរចាត់វិធានការតឹងរ៉ឹងស្របទៅតាមច្បាប់​ និង​បង្កើត​ជាគណៈកម្មាធិការមួយ​ដើម្បីស៊ើបអង្កេត​បញ្ហានេះ ។

លោក ច័ន្ទរឿន បាននិយាយថា៖«ក្រសួងគួរបង្កើតគណៈកម្មាធិការរួមមួយ​ដើម្បីស៊ើបអង្កេត​និង​ធានា​យុត្តិធម៌ បើមិនដូច្នេះ​ទេ វានឹងប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះរបស់ក្រសួង»។

កាលពីខែកុម្ភៈ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីថ្លែងការណ៍មួយ​ថា ការរៃអង្គាស​ថវិកា​ដើម្បីទ្រទ្រង់​ប្រតិបត្តិការ​សាលារៀនរបស់រដ្ឋ​ត្រូវបានហាមឃាត់ដាច់ខាត ។ យោងតាមក្រសួង សាលារដ្ឋ​បានទទួលថវិកាជាមធ្យម ១៦លានរៀល​ក្នុងមួយឆ្នាំៗសម្រាប់​បម្រើ​ដល់​កិច្ច​ប្រតិបត្តិការរបស់សាលា រដ្ឋបាល និង​ការបង្រៀន ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Two Chhouk Va High School Directors Suspended, Pending Investigation of Embezzlement Following Protests

951 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម