អាជ្ញាធរកំពុងរឹតបន្តឹងវិធានការ និងការបង្ក្រាបក្រុមក្មេងទំនើងដែលបង្កភាពចលាចលក្នុងសង្គម ដែលចំណាត់ការនេះ ទទួលបានការគាំទ្រពីសាធារណជន។ ទោះជាយ៉ាងណាក៏ដោយ ក៏នៅតែមានមន្ទិល ចំពោះប្រសិទ្ធភាពនៃការអនុវត្ត ដូចដែលវាបានកើតឡើងតែ «មួយដង ក៏បាត់ទៅវិញ» ហើយហាក់បីដូចជា មិនចំគោលដៅ។
ចាប់ពីថ្ងៃទី២៣ ខែឧសភា ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នគរបាលជាតិនៃក្រសួងមហាផ្ទៃ បានបង្រ្កាបក្រុមក្មេងទំនើងចំនួន ២២៧ក្រុម និងចាប់ខ្លួនក្រុមយុវជនចំនួន ៨៨៥នាក់។ អាជ្ញាធរបានកសាងសំណុំរឿង ចំពោះករណីនៃការចាប់ខ្លួនភាគច្រើន ត្រូវបញ្ជូនទៅតុលាការ ហើយចំនួននេះ បានកើនឡើងជិតពីរដងពីប្រតិបត្តិការមុន។ នេះបើយោងតាមលោក ទូច សុឃៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ។
ការបង្ក្រាបនេះធ្វើឡើងតាមបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដល់អាជ្ញាធរពាក់ព័ន្ធ ព្រមទាំងអភិបាលខេត្តទាំងអស់ឲ្យបង្រ្កាប«ក្មេងទំនើង»។
លោក ហ៊ុន ម៉ាណែត បានថ្លែងនៅថ្ងៃទី២៣ ខែឧសភា ថា៖ «ខ្ញុំសូមអំពាវនាវឱ្យស្ថាប័នអយ្យការ និងស្ថាប័នតុលាការមានវិធានការអនុវត្តន៍ច្បាប់ឱ្យបានម៉ឺងម៉ាត់ក្នុងការចាត់ការលើសំណុំរឿងពាក់ព័ន្ធករណីក្មេងទំនើងនេះ ប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ដើម្បីលើកកម្ពស់ប្រសិទ្ធិភាពនៃការអនុវត្តច្បាប់របស់យើង»។
លោក ក៏បានជំរុញឲ្យឪពុកម្តាយគ្រប់រូបតាមដានកូនៗរបស់ពួកគេ និងអប់រំពួកគេផងដែរ ព្រោះ «ក្មេងទំនើងខ្លះមានអាយុត្រឹមតែ ១៤ ឬ ១៥ ឆ្នាំប៉ុណ្ណោះ»។
លោក ហ៊ុន ម៉ាណែត មានប្រសាន៍ថា៖ «ខ្ញុំសូមអំពាវនាវដល់ឪពុកម្តាយគ្រប់រូប ក៏ដូចជាអាណាព្យាបាល ត្រូវខិតខំអប់រំ តាមដាន និងប្រដៅកូនៗរបស់អ្នក។ ការងារនេះត្រូវតែអនុវត្តនៅក្នុងសាលារៀន និងនៅផ្ទះ»។
យោងតាមទំព័រ ហ្វេសប៊ុក របស់លោក ហ៊ុន ម៉ាណែត នៅថ្ងៃទី២៤ ខែឧសភា បង្ហាញថានគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការចាប់ខ្លួនយុវជន៨នាក់ នៃក្រុម «ចាក់ ស្លុយ» ដោយរឹបអូសដាវ កាំបិត និងថ្នាំញៀន នៅក្បែរផ្លូវរថភ្លើង ក្នុងខណ្ឌទួលគោក។
នគរបាលរាជធានីភ្នំពេញ ក៏បានកំណត់គោលដៅក្នុងខណ្ឌទាំង ១៤ ក្នុងរាជធានី និងបានប្តេជ្ញាចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីទប់ស្កាត់ និងបញ្ឈប់សកម្មភាពក្មេងទំនើងតាមវិធី «ធ្ងន់ធ្ងរបំផុត»។ ដោយពួគគេសង្ឃឹមថានឹងពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈស្របតាមគោលនយោបាយ «ភូមិឃុំមានសុវត្ថិភាព»។
ម្ចាស់ហាងម្នាក់ឈ្មោះ សិរីមុនី អាយុ ៤០ឆ្នាំ នៅផ្សារដើមគរ បាននិយាយថា ក្មេងទំនើងបង្កបញ្ហាច្រើនណាស់។ អ្នកស្រីតែងតែព្រួយបារម្ភអំពីសុវត្ថិភាពរបស់កូនស្រីគាត់ ដែលរៀនថ្នាក់ទី១០ ពេលដែលនាងត្រឡប់មកពីសាលារៀនវិញ។ ដោយអ្នកស្រី មានក្តីបារម្ភថា ក្រុមក្មេងទំនើងទាំងនោះអាចប្លន់ ឬធ្វើបាបនាង។
អ្នកស្រី សិរីមុនី លើកឡើងថា៖ «ខ្ញុំភ័យខ្លាចរាល់ថ្ងៃ។ ប្រសិនបើពួកគេប្លន់ […] វាមានគ្រោះថ្នាក់ខ្លាំងណាស់ [បើនាងអាចជួបរឿងនោះមែន] វាអាចដួល ឬបាក់ដៃ ឬជើងរបស់នាង»។ ដោយបន្ថែមថា៖ «ខ្ញុំសុំឱ្យអាជ្ញាធរជួយបញ្ឈប់ក្មេងដ៏ទៃទៀត ដែលឃើញនៅតាមប្រព័ន្ធផ្សព្វផ្សាយមានអាយុត្រឹមតែ ១២ ឬ ១៣ ឆ្នាំ [ក្នុងក្រុមក្មេងទំនើង] ពីការវាយតប់គ្នា»។
ឪពុកម្នាក់ មានវ័យ៦០ឆ្នាំ ដែលកំពុងរស់នៅក្នុងខណ្ឌទួលគោក សុំមិនបញ្ចេញឈ្មោះ បាននិយាយថា ការបង្រ្កាបក្រុមក្មេងទំនើងនេះ ជារឿងល្អ ព្រោះគាត់បារម្ភពីសុវត្ថិភាព ពេលធ្វើដំណើរតាមដងផ្លូវ។
លោកនិយាយថា៖ «ខ្ញុំខ្លាចថាពួកគេអាចនឹងវាយយើង ឱ្យធ្លាក់ពីលើម៉ូតូរបស់យើង។ ពេលខ្លះពួកគេព្យាយាមប្លន់យើង។ ពេលខ្លះពួកគេគ្រាន់តែវាយយើងដើម្បីសប្បាយ។ យើងមិនដឹងថាពួកគេមានកំហឹងមកពីណាទេ ហើយពេលខ្លះពួកគេគ្រាន់តែមកវាយប្រហារយើងប៉ុណ្ណោះ»។ លោកបានបន្ថែមថា ពលរដ្ឋកំពុងប្រឈមនឹងហានិភ័យ ដោយសមាជិកក្រុមក្មេងទំនើងទោះបីជាពួកគេមិនបានធ្វើអ្វីដើម្បីបង្ករឿង ជាមួយពួកក្មេងទំនើងទំាងនោះក៏ដោយ។
លោកថា អ្នកដែលប្រព្រឹត្តបទឧក្រិដ្ឋធ្ងន់ធ្ងរគួរតែត្រូវបញ្ជូនទៅតុលាការដោយគ្មានការលើកលែង។ លោកបានបន្ថែមថា៖ «ក្មេងទំនើងត្រូវតែត្រូវបានគ្រប់គ្រង […] ប្រសិនបើពួកគេមិនទៅសាលារៀនទេ យើងត្រូវអប់រំពួកគេ»។
លោកបានប្រាប់ ខេមបូចា ថា នៅតំបន់ក្បែរផ្ទះគាត់ នៅពេលដែលក្មេងទំនើងបង្កចលាចលក្នុងសង្គមដោយការផឹកស៊ី និងស្រែកឡូឡាទាំងកណ្តាលយប់នោះ អាជ្ញាធរមូលដ្ឋានមានការស្ទាក់ស្ទើរក្នុងការចាត់វិធានការ ព្រោះការចាប់ខ្លួនពួកគេពិបាកណាស់ ដោយត្រូវផ្តល់អាហារ ខណៈការចាប់ខ្លួននោះ ជាទង្វើដែលពួកគេនិយាយថា «គ្មានប្រយោជន៍»។
លោកបញ្ជាក់ថា៖ «ពួកគេ [អាជ្ញាធរមូលដ្ឋាន] បាននិយាយថា វាពិតជាពិបាកណាស់ក្នុងការចាប់ខ្លួន និងចម្អិនម្ហូបអាហារសម្រាប់ពួកក្មេងទំនើងទាំងនោះ។ វាជាការខ្ជះខ្ជាយពេលវេលា»។ ហើយលោកសង្កត់ធ្ងន់ថា បញ្ហានេះត្រូវតែដោះស្រាយដោយមន្ត្រីថ្នាក់លើ ព្រោះអាជ្ញាធរមូលដ្ឋានមិនអាចបង្ក្រាបពួកគេបានទេ។

ដោះស្រាយឫសគល់នៃបញ្ហា ដើម្បីលុបបំបាត់ក្រុមក្មេងទំនើង
អ្នកវិភាគនយោបាយ លោក មាស នី មានប្រសាសន៍ថា មានការយឺតយ៉ាវច្រើនក្នុងការដោះស្រាយរឿងក្មេងទំនើង ហើយថា «គ្រាន់តែចាប់ និងអប់រំក្មេងទាំងនោះធម្មតាៗ ដោយសារពួកគេមិនទាន់គ្រប់អាយុ មិនអាចទប់ស្កាត់សកម្មភាពប្រកបដោយប្រសិទ្ធភាពនោះទេ»។
លោកបានបន្ថែមថា ការចាត់វិធានការតឹងរ៉ឹងក្នុងការបង្ក្រាបក្រុមក្មេងទំនើង គឺជាមធ្យោបាយមួយ ប៉ុន្តែអាជ្ញាធរក៏ត្រូវតែលុបបំបាត់ឫសគល់នៃក្មេងទំនើងផងដែរ។
លោក មាស នី មានប្រសាសន៍ថា៖ «បើយើងបន្តចាប់ក្មេងទំនើងដាក់ពន្ធនាគារតែរកមិនឃើញ និងដោះស្រាយឫសគល់នៃបញ្ហានោះ ក្មេងៗនឹងគ្រាន់តែជាប់ពន្ធនាគារប៉ុណ្ណោះ។ វានឹងកាន់តែពិបាកសម្រាប់អ្នកដែលធ្វើការនៅក្នុងពន្ធនាគារ»។
ក្មេងទំនើងទាំងនេះភាគច្រើនជាប់ពាក់ព័ន្ធនឹងការសេពគ្រឿងស្រវឹង និងគ្រឿងញៀន ធ្វើឲ្យពួកគេ ឆាប់បោះបង់ការសិក្សាទាំងវ័យក្មេង។
លោក មាស នី មានប្រសាសន៍ថា៖ «ខ្ញុំគាំទ្រ [ប្រតិបត្តិការ] ប៉ុន្តែយើងត្រូវធានានូវយុត្តិធម៌ ហើយប្រព័ន្ធច្បាប់ មានភាពយុត្តិធម៌នៅពេលវិនិច្ឆ័យលើក្មេងៗ។ ពេលយើងចាប់ពួកគេ យើងមិនត្រូវធ្វើបាបក្មេងដែលមិនបានយល់ដឹងច្បាស់ [ពីអំពើក្មេងទំនើង] នោះទេ»។ លោកបន្ថែមថា៖ «សូមឲ្យអាជ្ញាធរពាក់ព័ន្ធពិនិត្យលើករណីនីមួយៗឲ្យបានច្បាស់លាស់ គឺមិនមែនត្រឹមតែចាប់ក្រុមទាំងមូល ហើយយកពួកគេដាក់ពន្ធនាគារនោះទេ»។
លោកថា ដើម្បីឱ្យមានប្រសិទ្ធភាព អាជ្ញាធរក៏ត្រូវពិនិត្យលើ «អំពើពុករលួយដែលតែងតែកើតឡើងជាមួយនឹងការចាប់ខ្លួន និងការដោះលែង»។
លោក មាស នី មានប្រសាសន៍ថា កម្ពុជាក៏ត្រូវមើលគំរូល្អក្នុងចំណោមអ្នកនយោបាយផងដែរ។ លោកថា៖ «បើអ្នកនយោបាយយើងរឹងរូស គេនឹងយកតម្រាប់តាម»។
អាចត្រឡប់ទៅផ្ទះវិញបាន ប្រសិនបើបទល្មើសមានកម្រិតស្រាល
ជាមួយគ្នានេះ លោក សុឃៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ការបង្រ្កាបក្រុមក្មេងទំនើង បានកំពុងធ្វើបន្តមួយរយៈមកហើយ ដោយបដិសេធថា មិនមែនជាប្រតិបត្តិការ «តែមួយលើក» ឬនៅពេលដែលនាយករដ្ឋមន្ត្រីណែនាំពួកគេនោះទេ។ អាជ្ញាធរបាននិងកំពុងអនុវត្តវិធានការដូចជាការអប់រំយុវជន យុទ្ធសាស្ត្រផ្នែករដ្ឋបាលដើម្បីពង្រឹង និងគ្រប់គ្រងគោលដៅ និងចាត់វិធានការតាមផ្លូវច្បាប់។
លោកបានជំរុញឲ្យប្រជាពលរដ្ឋ និងសង្គមស៊ីវិលតាមដានការបង្រ្កាបរបស់អាជ្ញាធរតាមរយៈការផ្សព្វផ្សាយជាប្រចាំរបស់ក្រសួងដែលបង្ហាញពីការបង្ក្រាបនៃសកម្មភាពឧក្រិដ្ឋកម្ម។
លោក សុឃៈ ពន្យល់ថា ប្រសិនបើក្រុមក្មេងទំនើងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌជាក់ស្តែង សមត្ថកិច្ចនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងបន្តនីតិវិធីរហូតដល់ការកាត់ក្តី។
លោកថា ទោះជាយ៉ាងនេះក្តី ក្រសួងនឹងអប់រំ ណែនាំ និងធ្វើកិច្ចសន្យាសម្រាប់អាណាព្យាបាល «ធានាថាក្មេងក្នុងបន្ទុក ឬកូនរបស់ខ្លួន មិនប្រព្រឹត្តបទឧក្រិដ្ឋ» និងអនុញ្ញាតឱ្យពួកគេត្រឡប់ទៅផ្ទះវិញ ប្រសិនបើសកម្មភាពនេះមានកម្រិតស្រាល មិនធ្ងន់ធ្ងរ ឬមិនមែនជាបទល្មើសព្រហ្មទណ្ឌ។
ផលប៉ះពាល់នៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង
លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព មានប្រសាសន៍ថា កត្តាជាច្រើននាំឱ្យកើតមានអំពើក្មេងទំនើង ប៉ុន្តែសំខាន់បំផុតគឺកត្តាសង្គមដែលជះឥទ្ធិពលអវិជ្ជមានដល់កុមារ។ វារួមបញ្ចូលទាំងការផ្សាយពាណិជ្ជកម្មជាសាធារណៈអំពីគ្រឿងស្រវឹងដែលប្រាប់កុមារអំពីការផឹកតាំងពីវ័យក្មេង។
លោក គឹមអេង លើកឡើងថា៖ «ពេលធ្វើដំណើរតាមដងផ្លូវ អ្នកឃើញតែផ្ទាំងប៉ាណូគ្រឿងស្រវឹង […] ពួកគេត្រូវបានបង្រៀនតាំងពីក្មេងនៅតាមផ្លូវ [ឲ្យចេះផឹកស្រា]»។ ហើយលោក បន្ថែមថាវាជាទំនួលខុសត្រូវរបស់រដ្ឋក្នុងការកាត់បន្ថយការផ្សព្វផ្សាយពីគ្រឿងស្រវឹង។
លោក ក៏បានយល់ឃើញថា ការចាប់កុមារដាក់ពន្ធនាគារ គឺជារឿងអាក្រក់ ព្រោះវាអាចធ្វើឱ្យខូចអនាគតរបស់ពួកគេ ធ្វើឱ្យពួកគេបាត់បង់ការសិក្សា និងធ្វើឱ្យពួកគេពិបាករកការងារធ្វើនៅពេលពួកគេត្រូវបានដោះលែងឱ្យមានសេរីភាពវិញ។
លោក គឹមអេង បន្ថែមថា៖ «ការជាប់ពន្ធនាគារមិនមែនជាជម្រើសល្អទេ។ […] ការអប់រំគឺគ្រប់គ្រាន់ […] ហើយការជាប់ពន្ធនាគារដោយគ្មានការអប់រំនឹងធ្វើឱ្យពួកគេកាន់តែអាក្រក់ទៅៗ» ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Civil Society Laud Crackdown On Gangs By Police But Question Effectiveness